ខណ្ឌពោធិ៍សែនជ័យ៖ ប្រជាពលរដ្ឋរាយការណ៍អំពីទីតាំងល្បែងស៊ីសងមាន់ជល់ Online និង ឡូតូ ខុសច្បាប់មួយកន្លែងជ្រកក្រោមតារាងបាល់ទះជិតផ្សារអូរដឹម អាជ្ញាធរមូលដ្ឋាន ហាក់ដូចជាធ្វើព្រងើយកន្តើយក្នុងការបង្ក្រាប
ចេញផ្សាយថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២៥
រាជធានីភ្នំពេញ ៖ ប្រជាពលរដ្ឋជាច្រើននៅក្នុង និងក្រៅតំបន់ ខាងក្រោយការ៉ាសសាំងតូរតាល់ ជិតផ្សារអូរដឹម ក្នុងក្រុមទី ៦ ភូមិអូដឹម សង្កាត់ចោមចៅទី ៣ ខណ្ឌពោធិ៍សែនជ័យ បានឲ្យដឹងថា បច្ចុប្បន្នមាន ទីតាំងល្បែងស៊ីសងប្រភេទ “មាន់ជល់ Online”និងឡូតូ មួយកន្លែង កំពុងដំណើរការយ៉ាងសកម្ម បើកទទួលភ្ញៀវគ្រប់វ័យ ទាំងក្មេងចាស់ ដោយគ្មានការបង្ក្រាប ឬទប់ស្កាត់ពីសមត្ថកិច្ចមូលដ្ឋានឡើយ។
ប្រភពព័ត៌មានពីប្រជាពលរដ្ឋមួយរូប (ស្នើរក្សាភាពសម្ងាត់មិនបញ្ចេញឈ្មោះ) បានបញ្ជាក់ថា៖
“ទីតាំងល្បែងនេះដំណើរការជារៀងរាល់ថ្ងៃ ជាពិសេសនៅពេលថ្ងៃត្រង់។ មានមនុស្សច្រើនលេងយ៉ាងគគ្រឹកគគ្រេង មានអ្នកញៀនល្បែងចូលចេញមិនដាច់ ដល់ថ្នាក់បង្កភាពរញ្ជួយខ្លាចដល់ប្រជាពលរដ្ឋនៅជុំវិញ។”
ប្រជាពលរដ្ឋម្នាក់ទៀតបន្ថែមថា៖
“យើងខ្លាចណាស់ ព្រោះនៅកន្លែងណាមានល្បែងស៊ីសង គឺជាទីកន្លែងដែលអាចនាំឲ្យមានអំពើហឹង្សា ការលួច ឆក់ ប្លន់ និងអំពើល្មើសផ្សេងៗទៀត។ យើងសូមអាជ្ញាធរចុះត្រួតពិនិត្យបង្ក្រាបឲ្យអស់ទៅ ដើម្បីសន្តិសុខសាធារណៈ។”
ក្នុងនាមជាប្រជាពលរដ្ឋសហគមន៍ តំណាងមួយចំនួនបានស្នើសុំឲ្យ លោក សក់ ចន្ទ័កញ្ញារិទ្ធ អភិបាលខណ្ឌពោធិ៍សែនជ័យ និង លោក ម៉ន វុទ្ធី អធិការ នគរបាលខណ្ឌ ចាត់វិធានការចុះស៊ើបអង្កេត និងបង្ក្រាបទីតាំងល្បែងស៊ីសងខុសច្បាប់នេះផង។
បើយោងតាម មាត្រា ៣៥១ /៣៥២ /៣៥៣ និង ៣៥៤ នៃក្រមព្រហ្មទណ្ឌនៃព្រះរាជាណាចក្រកម្ពុជា បានកំណត់ថា
“នរណាបើរៀបចំ ឬដឹកនាំការលេងស៊ីសង ដែលមិនមានការអនុញ្ញាតពីអាជ្ញាធរគ្រប់គ្រង ស្ថិតក្រោមទោសទណ្ឌាឃាតឬពិន័យធ្ងន់សមស្រប។
”
⚖️ មាត្រា ៣៥១ –
នរណា រៀបចំ ឬដឹកនាំល្បែងស៊ីសង ដែលមិនទទួលបានការអនុញ្ញាតពីអាជ្ញាធរមានសមត្ថកិច្ច ត្រូវទទួលទោស ទណ្ឌិតចាប់ឃុំពី ១ឆ្នាំ ដល់ ៥ឆ្នាំ និងពិន័យ ពី ៥លានរៀល ដល់ ២០លានរៀល។
មាត្រានេះនិយាយអំពីអ្នកជាម្ចាស់ ឬអ្នករៀបចំការលេងស៊ីសង ដូចជា បើកកន្លែងល្បែង មាន់ជល់ បៀ ល្បែងអនឡាញ ឬការលេងណាដែលមានការដាក់ប្រាក់ស៊ីសង។ ប្រសិនបើមិនមានអាជ្ញាបណ្ណពីរដ្ឋ នោះគេចាត់ទុកថា “ខុសច្បាប់”។
⚖️ មាត្រា ៣៥២ – ការចូលរួមលេងល្បែងស៊ីសងខុសច្បាប់
នរណាដែលចូលរួមលេងល្បែងស៊ីសង ដែលមិនមានការអនុញ្ញាត ត្រូវទទួលទោស ទណ្ឌិតចាប់ឃុំពី ១ខែ ដល់ ១ឆ្នាំ និងពិន័យ ពី ១០ម៉ឺនរៀល ដល់ ២លានរៀល។
អ្នកដែលទៅលេង ឬចូលរួមស៊ីសងនៅកន្លែងខុសច្បាប់ (បើកដោយគ្មានអាជ្ញាបណ្ណ) ក៏ជាបទល្មើសដូចគ្នា បើទោះបីមិនមែនជាម្ចាស់ក៏ដោយ។
⚖️ មាត្រា ៣៥៣ – ការចូលរួមជួយឬគាំទ្រល្បែងស៊ីសង
នរណាដែលជួយ ឬផ្តល់សម្ភារៈ ឬអនុញ្ញាតឲ្យប្រើប្រាស់ទីតាំងដើម្បីរៀបចំល្បែងស៊ីសងខុសច្បាប់ ត្រូវទទួលទោសដូចជាមាត្រា ៣៥១ ដែរ
។សូម្បីតែម្ចាស់ដី ឬម្ចាស់ផ្ទះដែលអនុញ្ញាតឲ្យប្រើកន្លែងខ្លួនធ្វើល្បែងស៊ីសងក៏អាចជាប់ទោសដូចអ្នករៀបចំផងដែរ។
⚖️ មាត្រា ៣៥៤ – ការល្បែងស៊ីសងដែលមានការអនុញ្ញាត
ល្បែងស៊ីសងណាដែលមានអាជ្ញាបណ្ណពីរដ្ឋាភិបាល ឬក្រសួងដែលទទួលបន្ទុក អាចដំណើរការបាន តែត្រូវគោរពលក្ខខណ្ឌដែលចែងក្នុងអាជ្ញាបណ្ណនោះ។
ប្រសិនបើល្មើសលើលក្ខខណ្ឌនោះ ក៏អាចជាប់ទោសដូចគ្នា។
ឧទាហរណា៖ កាស៊ីណូ ឬសាលាកីឡាបាល់ដែលមានអាជ្ញាបណ្ណត្រឹមត្រូវ តែបើប្រើប្រាស់ខុសគោលការណ៍ (ឧ. អនុញ្ញាតក្មេងអាយុក្រោម ១៨ឆ្នាំ) ក៏អាចជាបទល្មើសបានដែរ។
ច្បាប់កម្ពុជាចាត់ទុកល្បែងស៊ីសងជាបទល្មើសព្រហ្មទណ្ឌ ដោយសារវាជាមូលហេតុនៃអំពើខុសច្បាប់ជាច្រើនផ្សេងទៀត ដូចជា អំពើហឹង្សា ការលួច ឆក់ ប្លន់ និងបំណុល។
ដូច្នេះ ទាំងអ្នករៀបចំ អ្នកលេង និងអ្នកគាំទ្រផង ក៏អាចជាប់ទោសតាមច្បាប់បានដូចគ្នា។
ក្រៅពីនេះ ក្រសួងមហាផ្ទៃក៏បានរៀបចំយុទ្ធសាស្ត្រប្រឆាំងនឹងល្បែងស៊ីសងគ្រប់ប្រភេទ ដោយទាមទារឲ្យសមត្ថកិច្ចគ្រប់កម្រិតអនុវត្តយ៉ាងតឹងរឹង និងស្របតាម យុទ្ធសាស្ត្រចតុកោណរបស់ប្រមុខរាជរដ្ឋាភិបាល ដែលផ្ដោតលើសន្តិសុខសង្គម សណ្តាប់ធ្នាប់ និងសុខុមាលភាពប្រជាពលរដ្ឋ។
ប្រជាពលរដ្ឋសង្ឃឹមថា អាជ្ញាធរមានសមត្ថកិច្ចនឹងចូលរួមសកម្មក្នុងការចាប់អារម្មណ៍លើករណីនេះ និងអនុវត្តច្បាប់ឲ្យតឹងរឹង ដើម្បីបញ្ចប់អំពើល្បែងស៊ីសងខុសច្បាប់ឲ្យអស់សព្វគ្រប់ក្នុងតំបន់៕








