លោក Li Qiang នាយករដ្ឋមន្ត្រីចិនអញ្ជើញចូលរួមពិធីបើកពិព័រណ៍នាំចេញនាំចូលចិនលើកទី ១៤០ និងថ្លែងសុន្ទរកថាគន្លឹះ

 លោក Li Qiang នាយករដ្ឋមន្ត្រីចិនអញ្ជើញចូលរួមពិធីបើកពិព័រណ៍នាំចេញនាំចូលចិនលើកទី ១៤០ និងថ្លែងសុន្ទរកថាគន្លឹះ

នៅរសៀលថ្ងៃទី ១៤ ខែតុលា លោក Li Qiang នាយករដ្ឋមន្ត្រីចិនបានអញ្ជើញចូលរួមពិធីបើកពិព័រណ៍នាំចេញនាំចូលចិនលើកទី ១៤០ និងថ្លែងសុន្ទរកថាគន្លឹះនៅក្រុងក្វាងចូវ ខេត្តក្វាងតុង ប្រទេសចិន។

លោក Li Qiang បានលើកឡើងថា ពិព័រណ៍នាំចេញនាំចូលចិនបានឆ្លងកាត់ការសាកល្បងនៃការប្រែប្រួលនៃស្ថានការណ៍អន្តរជាតិ តែបាន​បញ្ចេញនូវភាពរស់រវើកថ្មីជាបន្តបន្ទាប់ ដែលបានបង្ហាញពីខ្លឹមសារដ៏សាមញ្ញ ប៉ុន្តែស៊ីជម្រៅ ពោលគឺ ទី១ ការតភ្ជាប់ទីផ្សារមិនមែនជាឧបករណ៍សម្រាប់ការប្រកួតប្រជែងទេ ប៉ុន្តែជាវិធានការដ៏មានប្រសិទ្ធភាពដើម្បីបង្កើតកំណើន ។ ទី ២  ពាណិជ្ជកម្មអន្តរជាតិមិនមែនគ្រាន់តែជាតួលេខប៉ុណ្ណោះទេ ប៉ុន្តែជាជម្រើសដោយម្ចាស់ការដើម្បីបង្កើនសុខុមាលភាព។ ទី ៣ ការផ្តល់ផលប្រយោជន៍ទៅវិញទៅមក និងឈ្នះ-ឈ្នះ មិនមែនជាការធ្វើសម្បទានដោយឯកតោភាគីទេ ប៉ុន្តែជាការផ្តល់ផលប្រយោជន៍ទៅវិញទៅមក។ ប្រទេសចិន​ជាមិត្តល្អដែលគួរឱ្យទុកចិត្តបាន និងអាចពឹងផ្អែកបានរបស់ប្រទេសកំពុងអភិវឌ្ឍន៍ជានិច្ច ចិនមានឆន្ទៈក្នុងការពួតដៃគ្នាជាមួយប្រទេសកំពុងអភិវឌ្ឍន៍ដើម្បីដើរលើផ្លូវ​ឆ្ពោះទៅរកការធ្វើទំនើបកម្ម។
លោក Li Qiang បានគូសបញ្ជាក់ថា ប្រទេសចិននឹងបន្តជំរុញការអភិវឌ្ឍប្រកបដោយគុណភាពខ្ពស់ និងពង្រីកការបើកចំហកម្រិតខ្ពស់ ព្រមទាំងបំពេញបន្ថែមកម្លាំងចលករសម្រាប់ជំរុញសេដ្ឋកិច្ចពិភពលោកតាមរយៈប្រតិបត្តិការយ៉ាងសកម្មនិងជាក់ស្តែង៕

ឡើងអត្ថបទនៅ | 10/16/2026 07:31:00 AM | ប្រភេទ:

#CCFR Comment#បទវិភាគ៖ទិន្នន័យពាណិជ្ជកម្មអន្តរជាតិលើសពីការប៉ាន់ប្រមាណទុកជាមុន ធ្វើដំណើរជាមួយប្រទេសចិនគឺធ្វើដំណើរជាមួយកាលានុវត្តភាព

 #CCFR Comment#បទវិភាគ៖ទិន្នន័យពាណិជ្ជកម្មអន្តរជាតិលើសពីការប៉ាន់ប្រមាណទុកជាមុន ធ្វើដំណើរជាមួយប្រទេសចិនគឺធ្វើដំណើរជាមួយកាលានុវត្តភាព

“លើសពីការប៉ាន់ប្រមាណទុកជាមុន” “ទប់ទល់នឹងកម្លាំងសម្ពាធ ” “រក្សាបាននូវភាពខ្លាំងក្លា” ។ល។ នៅថ្ងៃទី ១៤ ខែតុលា រដ្ឋាភិបាលចិនបានប្រកាសទិន្នន័យនៃពាណិជ្ជកម្មនាំចេញនាំចូល ពីត្រីមាសទី១ ដល់ទី៣ ក្នុងឆ្នាំនេះ  ប្រព័ន្ធសារព័ត៌មានអន្តរជាតិ ដូចជាទីភ្នាក់ងារសារព័ត៌មានរ៉យទ័រជាដើម បាននាំគ្នាវាយតម្លៃដូចការលើកឡើងខាងលើ ។ ទិន្នន័យបានបង្ហាញថា ក្នុងបីត្រីមាសដើមឆ្នាំនេះ ពាណិជ្ជកម្មនាំចេញនាំចូលទំនិញរបស់ចិនមានទំហំ ៣៩,៩៤ ទ្រីលានយាន់បា្រក់ចិន  បានកើនឡើង ១៨,៨% បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន ក្នុងនោះ ពាណិជ្ជកម្មនាំចេញបានកើនឡើង១៦,៤ភាគរយ ពាណិជ្ជកម្មនាំចូលបានកើនឡើង២២,៣ភាគរយ ។ នៅខែកញ្ញា ពាណិជ្ជកម្មនាំចេញនាំចូលទំនិញមានទំហំ ៥,១៦ ទ្រីលានយាន់បា្រក់ចិន បានបំបែកចំនួន៥ទ្រីលានយាន់ប្រាក់ចិនជាលើកដំបូង ដែលបានកើនឡើង២៧,៥ភាគរយ បើប្រៀបធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន ។ បើនិយាយពីបរិបទទូទៅ បរិមាណ និងគុណភាពនៃពាណិជ្ជកម្មនាំចេញនាំចូលបានលើកកម្ពស់ស្របពេលជាមួយគ្នា ដែលបានរក្សាបាននូវនិន្នាការកើនឡើងដ៏ល្អប្រសើរ ។
        ក្នុងនាមជាប្រទេសធំជាងគេលើវិស័យឧស្សាហកម្មកម្មន្តសាល និងទីផ្សារប្រើប្រាស់ធំទីពីរនៅលើពិភពលោក ពាណិជ្ជកម្មអន្តរជាតិរបស់ចិន ពាក់ព័ន្ធដល់ស្ថិរភាពនៃខ្សែសង្វាក់ឧស្សាហកម្ម និងខ្សែសង្វាក់ផ្គត់ផ្គង់សកល និងការអភិវឌ្ឍរបស់សហគ្រាសនៃបណ្តាប្រទេសនានា ។ ក្នុងឆ្នាំដែលប្រទេសចិនចាប់ផ្តើមអនុវត្តផែនការអភិវឌ្ឍន៍ជាតិ៥ឆ្នាំទី១៥ ពាណិជ្ជកម្មនាំចេញនាំចូលរបស់ចិនក្នុងបីត្រីមាសដើមឆ្នាំនេះ សម្រេចបាននូវ “ភាពលឿន ភាពថ្មី មានគុណភាពនិងល្អប្រសើរ ” តើនេះអាចនាំមកនូវអ្វីដល់ពិភពលោក ?
        បើនិយាយពីការនាំចេញអាចឃើញថា ដោយសារប្រទេសចិនមានប្រព័ន្ធឧស្សាហកម្មពេញលេញ និងបានខិតខំប្រឹងប្រែងធ្វើឱ្យឧស្សហកម្មកម្មន្តសាលជឿនលឿនមានភាពកាន់តែខ្លាំងឡើងៗ ដូច្នេះ ប្រទេសចិនអាចឆ្លើយតបនឹងតម្រូវការលើវិស័យផលិតកម្ម និងការប្រើប្រាស់នៅលើពិភពលោកដោយចំគោលដៅ ឆាប់រហ័ស និងមានប្រសិទ្ធភាព ព្រមទាំងអាចផ្តល់ការផ្គត់ផ្គង់ប្រកបដោយគុណភាព និងស្ថិរភាព ។ ទាំងនាវា មនុស្សយន្តឧស្សាហកម្ម ម៉ូឌុលទូរគមនាគមន៍អុបទិកល្បឿនលឿន និងរ៉ាក់ម៉ាស៊ីនមេកុំព្យូធីង AI  ប្រទេសចិនបានបន្តដើរតួនាទីជា “យុថ្កា”សម្រាប់ស្ថិរភាពខ្សែសង្វាក់ឧស្សាហកម្ម និងខ្សែសង្វាក់ផ្គត់ផ្គង់សកល ដោយបង្កើនលើកកម្ពស់សមត្ថភាពអភិវឌ្ឍន៍ឧស្សាហកម្មរបស់ប្រទេសពាក់ព័ន្ធនានា ។
        ក្នុងនាមជា“អ្នកលក់កំពូលផុតលេខ”និង“អ្នកទិញកំពូលផុតលេខ” ប្រទេសចិនបាននាំមកនូវ “ផលប្រយោជន៍ដល់អ្នកជិតខាង” និង “វិបុលភាពដល់អ្នកជិតខាង”កាន់តែច្រើន ។ បច្ចុប្បន្ននេះ ប្រទេសចិនបានក្លាយជាទីផ្សារនាំចូលធំទីពីរនៅលើពិភពលោកក្នុងរយៈពេល ១៧ឆ្នាំជាប់ៗគ្នា ។ ផែនការអភិវឌ្ឍ៥ឆ្នាំ ទី១៥ បានលើកឡើងយ៉ាងច្បាស់ថា នឹងជំរុញឱ្យការនាំចេញនិងការនាំចូលទទួលបានការអភិវឌ្ឍប្រកបដោយតុល្យភាព ។ ក្នុងបីត្រីមាសដើមឆ្នាំនេះ តាមរយៈឧស្សាហកម្មកម្មន្តសាលដ៏ជឿនលឿនទទួលបានការរីកចម្រើនជាបន្តបន្ទាប់ ការនាំចូលគ្រឿងបន្លាស់ផ្ទុករបស់ចិនបានកើនឡើង១,៥ដង  ការនាំចូលសៀគ្វីរួមបញ្ចូលគ្នាបានកើនឡើង៥៦,៦ភាគរយ  ការនាំចូលគ្រឿងបន្លាស់យន្តហោះបានកើនឡើង១៧,៦ភាគរយ ។
        ទន្ទឹមនឹងនេះ យោងតាមការប្រើប្រាស់របស់ប្រជាជនចិនបានលើកកម្ពស់ថ្នាក់ ទើបក្នុងបីត្រីមាសដើមឆ្នាំនេះ ការនាំចូលផ្លែធូរេនស្រស់ពីប្រទេសម៉ាឡេស៊ីបានកើនឡើង ៣,៣ ដង ការនាំចូលត្រីសាម៉ុងពីកោះហ្វារ៉ូបានកើនឡើង ៤១,៤ភាគរយ ។ល។  “ទំនិញល្អនៅទូទាំងពិភពលោក” កាន់តែច្រើនឡើងៗបាននាំចូលដល់ប្រទេសចិន មិនត្រឹមតែបានបំពេញតម្រូវការផ្នែកផលិតកម្ម និងជីវភាពរស់នៅរបស់ប្រទេសចិនប៉ុណ្ណោះទេ ថែមទាំងក៏បាននាំមកនូវការបញ្ជាទិញ និងឱកាសអភិវឌ្ឍន៍កាន់ច្រើនដល់សហគ្រាសនៃបណ្តាប្រទេសនានាទៀតផងដែរ ។
         ពាណិជ្ជកម្មអន្តរជាតិ ជាបង្អួចដ៏សំខាន់មួយសម្រាប់ពិនិត្យអង្កេតភាពរស់រវើកនៃសេដ្ឋកិច្ចចិន ។ ការដែលកម្លាំងចលករ និងភាពរស់រវើកនៃការអភិវឌ្ឍពាណិជ្ជកម្មអន្តរជាតិក្នុងបីត្រីមាសដើមឆ្នាំនេះ មានភាពកាន់តែខ្លាំងឡើងៗ បានបង្ហាញថា និន្នាការជាទូទៅនៃសេដ្ឋកិច្ចចិនដែលមានភាពល្អប្រសើរក្នុងរយៈពេលយូរមិនអាចកែប្រែទេ  ប្រទេសចិនមានជំនឿចិត្ត និងមានសមត្ថភាពក្នុងការសម្រេចបាននូវគោលដៅនៃការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គមក្នុងពេញមួយឆ្នាំ ។
ពិព័រណ៍នាំចេញនាំចូលចិនលើកទី១៤០បានប្រារព្ធធ្វើឡើងនៅថ្ងៃទី ១៤ ខែតុលា  ។ នៅខែវិច្ឆកា ពិព័រណ៍នាំចូលចិនអន្តរជាតិលើទី៩ និងសនិ្នសីទក្រៅផ្លូវការលើកទី៣៣  នៃថ្នាក់ដឹកនាំអង្គការសហប្រតិបតិ្តការសេដ្ឋកិច្ចអាស៊ី-ប៉ាស៊ីហ្វិកក៏នឹងរៀបចំឡើងជាបន្តបន្ទាប់ ។ ទ្វារបើកទូលាយរបស់ចិននឹងបើកចំហកាន់តែធំឡើងៗ  ពិភពលោកអាចមើលឃើញកាន់តែច្បាស់ថា ធ្វើដំណើរជាមួយប្រទេសចិនគឺធ្វើដំណើរជាមួយកាលានុវត្តភាព ៕

ឡើងអត្ថបទនៅ | 10/16/2026 07:26:00 AM | ប្រភេទ:

ទស្សនាវដ្តី Qiushi ចុះផ្សាយអត្ថបទសំខាន់របស់លោក Xi Jinping អគ្គលេខាធិការមជ្ឈិមបក្សកុម្មុយនីស្តចិនដែលមានចំណងជើងថា«ជំរុញអភិបាលកិច្ចបក្សដោយតឹងរ៉ឹងគ្រប់ជ្រុងជ្រោយតាមរយៈស្តង់ដារកាន់តែខ្ពស់ និងវិធានការកាន់តែជាក់ស្តែង»

 ទស្សនាវដ្តី Qiushi ចុះផ្សាយអត្ថបទសំខាន់របស់លោក Xi Jinping  អគ្គលេខាធិការមជ្ឈិមបក្សកុម្មុយនីស្តចិនដែលមានចំណងជើងថា«ជំរុញអភិបាលកិច្ចបក្សដោយតឹងរ៉ឹងគ្រប់ជ្រុងជ្រោយតាមរយៈស្តង់ដារកាន់តែខ្ពស់ និងវិធានការកាន់តែជាក់ស្តែង»

ទស្សនាវដ្តី Qiushi ដែលចេញនៅថ្ងៃទី ១៦ ខែតុលា នឹងចុះផ្សាយអត្ថបទសំខាន់របស់លោក Xi Jinping អគ្គលេខាធិការនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិន ប្រធានរដ្ឋចិន និងជាប្រធានគណៈកម្មាធិការយោធាមជ្ឈិមចិនដែលមានចំណងជើងថា«ជំរុញអភិបាលកិច្ចបក្សដោយតឹងរ៉ឹងគ្រប់ជ្រុងជ្រោយតាមរយៈស្តង់ដារកាន់តែខ្ពស់ និងវិធានការកាន់តែជាក់ស្តែង»។
អត្ថបទនេះបានលើកឡើងថា ក្នុងអំឡុងពេលអនុវត្ត«ផែនការប្រាំឆ្នាំទី១៥» គឺជារយៈពេលដ៏សំខាន់សម្រាប់កសាងមូលដ្ឋានគ្រឹះដ៏រឹងមាំ និងធ្វើកិច្ចខិតខំប្រឹងពេញទំហឹង ដើម្បីសម្រេចបានជាមូលដ្ឋាននូវការធ្វើទំនើបកម្មសង្គមនិយម ។ដើម្បីប្រែក្លាយផែនការមេដែលដាក់ចេញដោយកិច្ចប្រជុំពេញអង្គលើកទី៤ នៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិនអាណត្តិទី២០ ឱ្យទៅជាការពិត ចាំបាច់ត្រូវប្រកាន់ខ្ជាប់និងពង្រឹងការដឹកនាំដោយគ្រប់ជ្រុងជ្រោយរបស់បក្ស និងជំរុញអភិបាលកិច្ចបក្សដោយតឹងរ៉ឹងគ្រប់ជ្រុងជ្រោយឥតឈប់ឈរ ។
អត្ថបទសង្កត់ធ្ងន់ថា ត្រូវអនុវត្តការសម្រេចចិត្តនិងការរៀបចំចាត់ចែងសំខាន់ៗរបស់គណៈកម្មាធិការមជ្ឈិមបក្សឲ្យបានមុតមាំ និងខ្លាំងក្លាជាងមុន ដែលជាតម្រូវការជាមូលដ្ឋានសម្រាប់គាំពារកិត្យានុភាពនិងការដឹកនាំដោយឯកភាពរបស់មជ្ឈិមបក្ស  ចាំបាច់ត្រូវដាក់អំណាចក្រោមការគ្រប់គ្រងដោយច្បាប់តាមបែបវិទ្យាសាស្ត្រ និងមានប្រសិទ្ធភាព ដែលជាភារកិច្ចសំខាន់មួយនៃអភិបាលកិច្ចបក្សដោយតឹងរ៉ឹងគ្រប់ជ្រុងជ្រោយនៅក្នុងយុគសម័យថ្មី។ ចាំបាច់ត្រូវជំរុញការតស៊ូប្រឆាំងនឹងអំពើពុករលួយឲ្យកាន់តែមុតមាំ និងកែលម្អយន្តការការងារប្រឆាំងអំពើពុករលួយបន្ថែមទៀត៕

ឡើងអត្ថបទនៅ | 10/16/2026 07:15:00 AM | ប្រភេទ:

រដ្ឋបាលខេត្តស្ទឹងត្រែង ប្រារព្ធព្រះរាជពិធីថ្វាយមហាព្រះរាជកុសល និងគោរពព្រះវិញ្ញាណក្ខន្ធ «ព្រះបរមរតនកោដ្ឋ» គម្រប់ខួប១៤ឆ្នាំ នៃការយាងសោយព្រះទីវង្គត

 

រដ្ឋបាលខេត្តស្ទឹងត្រែង ប្រារព្ធព្រះរាជពិធីថ្វាយមហាព្រះរាជកុសល និងគោរពព្រះវិញ្ញាណក្ខន្ធ «ព្រះបរមរតនកោដ្ឋ» គម្រប់ខួប១៤ឆ្នាំ នៃការយាងសោយព្រះទីវង្គត
ខេត្តស្ទឹងត្រែង៖ រដ្ឋបាលខេត្តស្ទឹងត្រែង បានប្រារព្ធព្រះរាជពិធីថ្វាយមហាព្រះរាជកុសល និងគោរពព្រះវិញ្ញាណក្ខន្ធ «ព្រះបរមរតនកោដ្ឋ» នៃកម្ពុជា ក្នុងឱកាសគម្រប់ខួប១៤ឆ្នាំ នៃការយាងសោយព្រះទីវង្គតរបស់ព្រះករុណា ព្រះបាទសម្តេចព្រះ នរោត្តម សីហនុ ព្រះមហាវីរក្សត្រ ព្រះបរមរតនកោដ្ឋ នាថ្ងៃទី១៥ ខែតុលា ឆ្នាំ២០១២ ដល់ថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២៦។

ព្រះរាជពិធីនេះបានប្រារព្ធឡើងនៅថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២៦ នៅបរិវេណព្រះមណ្ឌលព្រះរាជសកម្មភាព ស្ថិតក្នុងស្រុកបុរីអូរស្វាយសែនជ័យ ខេត្តស្ទឹងត្រែង ក្រោមអធិបតីភាពឯកឧត្តម សរ សុពុត្រា អភិបាលខេត្តស្ទឹងត្រែង ដោយមានការចូលរួមពីថ្នាក់ដឹកនាំ មន្ត្រីរាជការ ព្រះសង្ឃ និងប្រជាពលរដ្ឋក្នុងមូលដ្ឋាន ដើម្បីសម្តែងនូវកតញ្ញូតាធម៌ និងការដឹងគុណដ៏ជ្រាលជ្រៅចំពោះព្រះរាជបូជនីយកិច្ច និងព្រះរាជស្នាព្រះហស្តដ៏ឧត្តុង្គឧត្តមរបស់ព្រះអង្គ។ក្នុងឱកាសនោះ ឯកឧត្តម សរ សុពុត្រា បានមានប្រសាសន៍ថា កូនចៅ ចៅទួតខ្មែរគ្រប់រូប មិនអាចបំភ្លេចព្រះរាជស្នាព្រះហស្តរបស់ព្រះបរមរតនកោដ្ឋបានឡើយ។ ថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ ព្រះសង្ឃ និងប្រជាពលរដ្ឋទូទាំងប្រទេស នៅតែចងចាំជានិច្ចនូវព្រះរាជគុណូបការៈដ៏ថ្លៃថ្លារបស់ព្រះអង្គ និងគោរពដឹងគុណចំពោះព្រះរាជបូជនីយកិច្ចក្នុងការបម្រើជាតិ សាសនា និងប្រជារាស្ត្រខ្មែរ។

ឯកឧត្តមអភិបាលខេត្តបានបន្តថា ទឹកដីស្រុកបុរីអូរស្វាយសែនជ័យ ខេត្តស្ទឹងត្រែង គឺជាទីតាំងប្រវត្តិសាស្ត្រមួយដែលព្រះបរមរតនកោដ្ឋ ព្រះមហាវីរក្សត្រ ព្រះបរមរតនកោដ្ឋ ព្រះរាជបិតាឯករាជ្យជាតិ បូរណភាពទឹកដី និងឯកភាពជាតិខ្មែរ បានយកព្រះទ័យទុកដាក់ក្នុងការកសាងសមិទ្ធផលនានា រួមមានស្តូបព្រះឆាយាល័ក្ខណ៍ និងបង្គោលប្រវត្តិសាស្ត្រនៃការអភិវឌ្ឍតាមផែនការប្រាំឆ្នាំ។ សមិទ្ធផលទាំងនេះបានបន្សល់ទុកជាមរតកប្រវត្តិសាស្ត្រដ៏មានតម្លៃសម្រាប់កូនចៅជំនាន់ក្រោយ ហើយត្រូវបានរាជរដ្ឋាភិបាលបន្តយកចិត្តទុកដាក់ថែរក្សារហូតមកដល់បច្ចុប្បន្ន។

ជាមួយគ្នានេះ លោក ផាន់ យុត អភិបាលស្រុកបុរីអូរស្វាយសែនជ័យ បានបញ្ជាក់ថា ប្រជាពលរដ្ឋក្នុងមូលដ្ឋាននៅតែបន្តចូលរួមអភិរក្ស និងថែរក្សាសមិទ្ធផលព្រះរាជស្នាព្រះហស្ត ព្រមទាំងទីតាំងប្រវត្តិសាស្ត្រដែលបានកកើតឡើងនៅតំបន់និគមជនអូរស្វាយ ដើម្បីរក្សាទុកជាមរតកសម្រាប់កូនចៅជំនាន់ក្រោយ។

លោកអភិបាលស្រុកបានបន្ថែមថា នៅក្នុងមូលដ្ឋាននេះ នៅមានចាស់ព្រឹទ្ធាចារ្យមួយចំនួនដែលធ្លាប់បានឆ្លងកាត់ព្រឹត្តិការណ៍ក្នុងសម័យនោះ និងអាចចែករំលែករឿងរ៉ាវប្រវត្តិសាស្ត្រដល់កូនចៅជំនាន់ក្រោយបាន។ ការចងក្រង និងបន្តផ្សព្វផ្សាយរឿងរ៉ាវទាំងនេះ គឺជាការរួមចំណែកដ៏សំខាន់ក្នុងការថែរក្សាការចងចាំអំពីប្រវត្តិសាស្ត្ររបស់សហគមន៍។

សូមជម្រាបថា តំបន់និគមជនអូរស្វាយត្រូវបានបង្កើតឡើងនៅឆ្នាំ១៩៦២ ដោយមានប្រជាពលរដ្ឋចំនួន៦៨គ្រួសារបានមកតាំងទីលំនៅនៅទីនោះ។ បច្ចុប្បន្ន ទីតាំងដែលបន្សល់ទុកនូវព្រះរាជស្នាព្រះហស្ត និងស្នាដៃប្រវត្តិសាស្ត្ររបស់ព្រះបរមរតនកោដ្ឋ ត្រូវបានយកចិត្តទុកដាក់រៀបចំ និងថែរក្សាឱ្យបានល្អ ដើម្បីរក្សាតម្លៃប្រវត្តិសាស្ត្រ និងជំរុញការទាក់ទាញភ្ញៀវទេសចរឱ្យមកទស្សនាតំបន់នេះកាន់តែច្រើនថែមទៀត។

ព្រះរាជពិធីនេះ គឺជាការរំលឹកដល់ព្រះរាជគុណូបការៈ និងព្រះរាជស្នាព្រះហស្តដ៏ថ្លៃថ្លារបស់ព្រះបរមរតនកោដ្ឋ ព្រមទាំងជាការជំរុញឱ្យកូនចៅខ្មែរគ្រប់ជំនាន់បន្តស្រឡាញ់ ថែរក្សា និងអភិរក្សមរតកប្រវត្តិសាស្ត្រជាតិឱ្យបានគង់វង្ស។

ដោយ៖ កុល សារ័ត្ន សហការីរស្មីញូស៍ប្រចាំខេត្តស្ទឹងត្រែង












ឡើងអត្ថបទនៅ | 10/15/2026 06:27:00 PM | ប្រភេទ:

លោក Xi Jinping ប្រធានរដ្ឋចិនជួបពិភាក្សាជាមួយលោក Faure Essozimna Gnassingbéប្រធានក្រុមប្រឹក្សារដ្ឋមន្រ្តីនៃតូហ្គោ

 លោក Xi Jinping ប្រធានរដ្ឋចិនជួបពិភាក្សាជាមួយលោក Faure Essozimna Gnassingbéប្រធានក្រុមប្រឹក្សារដ្ឋមន្រ្តីនៃតូហ្គោ

នៅថ្ងៃទី១៣ ខែតុលា លោក Xi Jinping ប្រធានរដ្ឋចិនបានជួបពិភាក្សាជាមួយលោក Faure Essozimna Gnassingbéប្រធានក្រុមប្រឹក្សារដ្ឋមន្រ្តីនៃតូហ្គោ។ មេដឹកនាំទាំងពីររូបបានប្រកាសដំឡើងទំនាក់ទំនងទ្វេភាគី​ទៅជាសហគមន៍ជោគវាសនារួមចិន-តូហ្គោក្នុងយុគសម័យថ្មី។

លោក Xi Jinping បានលើកឡើងថា មិត្តភាពប្រពៃណីរវាងចិន និងតូហ្គោ ដែលត្រូវបានបង្កើតឡើងដោយមេដឹកនាំជំនាន់ចាស់នៃប្រទេសទាំងពីរ មានមូលដ្ឋានគ្រឹះដ៏រឹងមាំ និងមានភាព​ស៊ីជម្រៅ។ គោលគំនិតនៃកិច្ចសហប្រតិបត្តិការមិត្តភាពរវាងចិន និងតូហ្គោ មានភាពស៊ីសង្វាក់គ្នា និងមានវិសាលភាពទូលំទូលាយ។
លោក Xi Jinping បានលើកឡើងគោលការណ៍ចំនួនបួនសម្រាប់ការចូលរួមប្រកបដោយលក្ខណៈស្ថាបនារបស់គ្រប់ភាគីទាំងអស់ក្នុងការដោះស្រាយបញ្ហាក្តៅគគុកនៅអាហ្វ្រិក ពោលគឺ៖ ទី ១ ប្រកាន់ខ្ជាប់ការ​ដឹកនាំដោយអាហ្វ្រិក។ ប្រជាជនអាហ្វ្រិកគឺជាម្ចាស់ពិតប្រាកដនៃទ្វីបអាហ្វ្រិក ហើយគួរតែដើរតួនាទីយ៉ាងសំខាន់ក្នុងកិច្ចការតំបន់។ ទី ២ គាំពារ យុត្តិធម៌ និងសច្ចធម៌។ ទី ៣ ជំរុញឱ្យសម្រេចបាននូវបទឈប់បាញ់និងសន្តិភាព។ ទី ៤ អនុវត្តវិធីសាស្រ្តគ្រប់ជ្រុងជ្រោយ ដោយផ្តោតលើសន្តិសុខនាពេលបច្ចុប្បន្ន និងការអភិវឌ្ឍរយៈពេលវែង។


ជាការឆ្លើយតប លោក Faure បានថ្លែងថា  ភាគីតូហ្គោមានឆន្ទៈក្នុងការធ្វើការជាមួយប្រទេសចិន ដើម្បីបង្កើនទំនុកចិត្តគ្នា ពង្រឹងការសន្ទនា និងការប្រាស្រ័យទាក់ទង និងធ្វើឱ្យកិច្ចសហប្រតិបត្តិការដែលផ្តល់ផលប្រយោជន៍ទៅវិញទៅមកមានភាពកាន់តែស្អិតល្មួតនិងយូរអង្វែង ក្នុងន័យរួមគ្នាកសាងសហគមន៍ជោគវាសនារួមតូហ្គោ-ចិនក្នុងយុគសម័យថ្មី
និងផ្តល់ផលប្រយោជន៍កាន់តែច្រើនដល់ប្រជាជននៃប្រទេសទាំងពីរ។ ភាគីតូហ្គោឯកភាពទាំងស្រុងចំពោះគោលការណ៍សំខាន់ៗដែល​លើកឡើងដោយលោកប្រធានរដ្ឋចិន Xi Jinping សម្រាប់ការចូលរួមប្រកបដោយលក្ខណៈស្ថាបនារបស់គ្រប់ភាគីទាំងអស់ក្នុងការដោះស្រាយបញ្ហាក្តៅគគុកនៅអាហ្វ្រិក៕
ឡើងអត្ថបទនៅ | 10/15/2026 09:16:00 AM | ប្រភេទ:

លោក Xi Jinping ប្រធានរដ្ឋចិនជួបពិភាក្សាជាមួយលោក Duma Boko ប្រធានាធិបតីបុតស្វាណា

 លោក Xi Jinping ប្រធានរដ្ឋចិនជួបពិភាក្សាជាមួយលោក Duma Boko ប្រធានាធិបតីបុតស្វាណា

ថ្ងៃទី ១៣ ខែតុលា លោក Xi Jinping ប្រធានរដ្ឋចិនបានជួបពិភាក្សាជាមួយលោក Duma Boko ប្រធានាធិបតីបុតស្វាណា ដែលកំពុងបំពេញទស្សនកិច្ចផ្លូវរដ្ឋនៅប្រទេសចិននៅទីក្រុងប៉េកាំង។ ប្រមុខរដ្ឋនៃប្រទេសទាំងពីរបានប្រកាសពីការដំឡើងទំនាក់ទំនងទ្វេភាគីទៅជាទំនាក់ទំនងភាពជាដៃគូសហប្រតិបត្តិការជាយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ។
លោក Xi Jinping បានលើកឡើងថា ប្រទេសចិន និងបុតស្វាណា គួរតែចងចាំពីផ្លូវអតីតកាលដែលបានគាំទ្រគ្នា និងជួយយកអាសាគ្នាទៅវិញទៅមក ហើយបន្តដំណើរទៅមុខលើផ្លូវឆ្ពោះទៅរកអនាគតកាលដ៏ភ្លឺស្វាងសម្រាប់ការអភិវឌ្ឍទំនាក់ទំនងចិន-បុតស្វាណាក្នុងយុគសម័យថ្មី ដើម្បីរួមចំណែកដល់ការអភិវឌ្ឍ និងវឌ្ឍនភាពរបស់សកលលោក។
លោក Xi Jinping បានលើកឡើងសំណើចំនួនបួនសម្រាប់ជំរុញកិច្ចសហប្រតិបត្តិការរ៉ែរវាងចិននិងបុតស្វាណា និងចិន-អាហ្វ្រិក ពោលគឺ៖ ទី ១ ប្រកាន់ខ្ជាប់នូវគោលការណ៍ស្តីពីធនធានអាហ្វ្រិកគឺជាកម្មសិទ្ធិរបស់អាហ្វ្រិកជាបុរេលក្ខខណ្ឌសម្រាប់កិច្ចសហប្រតិបត្តិការ។ ទី២ ប្រកាន់ខ្ជាប់នូវគោលគំនិតសហប្រតិបត្តិការដែលគិតពិចារណាទាំងសច្ចភាព និងផលប្រយោជន៍ និងផ្តល់ផលប្រយោជន៍ទៅវិញទៅមក។ ទី ៣ ប្រកាន់ខ្ជាប់នូវទិសដៅសម្រាប់កិច្ចសហប្រតិបត្តិការ ដែលមានការអភិវឌ្ឍប្រកបដោយគុណភាពខ្ពស់។ ទី ៤ ប្រកាន់ខ្ជាប់នូវបរិយាកាសសហប្រតិបត្តិការដ៏យុត្តិធម៌ និងបើកចំហ។
ជាការឆ្លើយតប លោក Duma Boko បានថ្លែងថា ក្រោមការដឹកនាំដ៏មុតមាំរបស់លោកប្រធានរដ្ឋចិន Xi Jinping ប្រទេសចិនសម្រេចបាននូវសមិទ្ធផលអភិវឌ្ឍន៍គួរឱ្យកត់សម្គាល់។
ភាគីបុតស្វាណាយកចិត្តទុកដាក់ខ្ពស់ចំពោះទំនាក់ទំនងជាមួយប្រទេសចិន ហើយនឹងប្រកាន់ខ្ជាប់យ៉ាងមុតមាំនូវគោលការណ៍ចិនមួយ។ បុតស្វាណាមានឆន្ទៈធ្វើកិច្ចសម្របសម្រួល និងសហការជាមួយប្រទេសចិនយ៉ាងជិតស្និទ្ធ ប្រកាន់ខ្ជាប់នូវពហុភាគីនិយម ពង្រឹងសាមគ្គីភាពក្នុងចំណោមប្រទេសកំពុងអភិវឌ្ឍន៍ និងធ្វើឱ្យប្រព័ន្ធអភិបាលកិច្ចសកល​កាន់តែមានបរិយាបន្ន និងមានភាពជាតំណាង៕
ឡើងអត្ថបទនៅ | 10/15/2026 09:12:00 AM | ប្រភេទ:

លោក Xi Jinping ប្រធានរដ្ឋចិនផ្ញើលិខិតអបអរសាទរចំពោះការបើកពិព័រណ៍នាំចេញនាំចូល​ចិនលើកទី ១៤០

 លោក Xi Jinping ប្រធានរដ្ឋចិនផ្ញើលិខិតអបអរសាទរចំពោះការបើកពិព័រណ៍នាំចេញនាំចូល​ចិនលើកទី ១៤០


នៅថ្ងៃទី ១៤ ខែតុលា លោក Xi Jinping ប្រធានរដ្ឋចិនបានផ្ញើលិខិតអបអរសាទរចំពោះការបើកពិព័រណ៍នាំចេញនាំចូលចិនលើកទី ១៤០។
លោក Xi Jinping បានលើកឡើងថា ក្នុងរយៈពេល ៧០ ឆ្នាំកន្លងមកនេះ ពិព័រណ៍នាំចេញនាំចូលចិនបានដើរតួនាទីយ៉ាងសំខាន់ក្នុងការជំរុញពាណិជ្ជកម្មរវាងចិន និងបរទេស ហើយបានក្លាយជាវេទិកាដ៏មានប្រសិទ្ធភាពសម្រាប់ប្រទេសចិនធ្វើការពង្រីកការបើកចំហកម្រិតខ្ពស់ និងជំរុញការកសាងសេដ្ឋកិច្ចពិភពលោកបែបបើកចំហ។ ក្នុងបរិបទថ្មី ប្រទេសចិនមានឆន្ទៈក្នុងការចូលរួមជាមួយប្រទេសទាំងអស់នៅលើពិភពលោក ដើម្បីរួមគ្នាគាំពារប្រព័ន្ធពាណិជ្ជកម្មពហុភាគី ធានាស្ថិរភាព និងភាពរលូននៃខ្សែសង្វាក់ឧស្សាហកម្ម និងខ្សែសង្វាក់ផ្គត់ផ្គង់សកល ពង្រីកលំហសម្រាប់កិច្ចសហប្រតិបត្តិការផ្នែកសេដ្ឋកិច្ច និងពាណិជ្ជកម្មអន្តរជាតិដែលផ្តល់ផលប្រយោជន៍ទៅវិញទៅមក ជំរុញការធ្វើសកលភាវូបនីយកម្មសេដ្ឋកិច្ចដែលផ្តល់ផលប្រយោជន៍ជាទូទៅនិងមានភាពបរិយាបន្ន ដើម្បីបំពេញបន្ថែមកម្លាំងចលករថ្មីជាបន្តបន្ទាប់សម្រាប់ការអភិវឌ្ឍ និងវិបុលភាពពិភពលោក។
សូមបញ្ជាក់ថា ពិព័រណ៍នាំចេញនាំចូលចិនលើកទី ១៤០ បានបើកធ្វើនៅថ្ងៃដដែលនៅទីក្រុងក្វាងចូវ ខេត្តក្វាងទុង ប្រទេសចិន ដែល​សហការរៀបចំដោយក្រសួងពាណិជ្ជកម្មចិន និងរដ្ឋបាលប្រជាជនខេត្តក្វាងទុង៕
ឡើងអត្ថបទនៅ | 10/15/2026 09:07:00 AM | ប្រភេទ:

ខួប៩០ ឆ្នាំ៖ ស្មារតីមហាដំណើរបំភ្លឺមាគ៌ាទំនើបកម្មតាមបែបផែនចិនក្នុងយុគសម័យថ្មី

 ខួប៩០ ឆ្នាំ៖ ស្មារតីមហាដំណើរបំភ្លឺមាគ៌ាទំនើបកម្មតាមបែបផែនចិនក្នុងយុគសម័យថ្មី

កាលពីជាង៩០ ឆ្នាំមុន កងទ័ពក្រហម(កងកម្លាំងប្រជាជនដែលដឹកនាំដោយបក្សកុម្មុយនីស្តចិន) បានធ្វើបដិវត្តន៍ដោយធ្វើដំណើរឆ្លងកាត់១៤ ខេត្ត កាត់ទឹកឆ្លងភ្នំ កាត់ព្រៃកាត់វាលរហោឋាន រហូតចម្ងាយប្រហែលជាង១ ម៉ឺនគីឡូម៉ែត្រទើបទទួលបានជោគជ័យនៅទីបំផុត ដែលត្រូវគេចាត់ទុកថាជាអច្ឆរិយដ៏អស្ចារ្យមួយក្នុងប្រវត្តិសាស្ត្រនៃមនុស្សជាតិ ហើយត្រូវបានហៅថា«មហាដំណើរ»ឬ«មហាដំណើរថ្មើរជើង»(The Long March)។
ឆ្នាំនេះជាខួបលើកទី៩០ នៃថ្ងៃជ័យជម្នះរបស់មហាដំណើរនៃកងទ័ពក្រហមចិន។ មហាដំណើរជារបត់ដ៏អស្ចារ្យមួយដែលបុព្វហេតុបដិវត្តន៍របស់បក្សកុម្មុយនីស្តចិននិងប្រទេសចិនផ្លាស់ប្តូរពីភាពបរាជ័យទៅរកភាពជោគជ័យ និងក្លាយជានិមិត្តរូបនៃស្មារតីតស៊ូព្យាយាម និងខិតខំពុះពារឧបសគ្គដោយឥតរួញរារបស់ប្រជាជាតិចិន។ លោក ស៊ី ជីនភីង ប្រធានរដ្ឋចិនបានថ្លែងថា «មនុស្សមួយជំនាន់មានផ្លូវមហាដំណើររបស់មនុស្សមួយជំនាន់» ដែលជាការឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្តរបស់បក្សកុម្មុយនីស្តចិនក្នុងការប្រកាន់ខ្ជាប់និងផ្សព្វផ្សាយស្មារតីមហាដំណើរពីមួយជំនាន់ទៅមួយជំនាន់។
តាំងពីដើមមក គោលនយោបាយជាអាទិភាពរបស់បក្សកុម្មុយនីស្តចិនដែល«តម្កល់ទុកប្រជាជនជាចម្បង»,«ផ្តោតសំខាន់លើផលប្រយោជន៍មូលដ្ឋានរបស់ប្រជាជនលើសពីអ្វីៗគ្រប់យ៉ាង» គឺមិនដែលប្រែប្រួលឡើយ ហើយទស្សនៈកាន់អំណាចបែបនេះក៏បានក្លាយជា«លេខសម្ងាត់»ដែលនាំឱ្យអភិបាលកិច្ចជាតិរបស់បក្សកុម្មុយនីស្តចិនទទួលបានភាពជោគជ័យដ៏ត្រចះត្រចង់ផងដែរ។
ពិតណាស់ បច្ចុប្បន្ននេះ ពាក្យថា«មហាដំណើរ»មិនមែនសំដៅតែលើការធ្វើដំណើរដោយថ្មើរជើងជាងមួយម៉ឺនគីឡូម៉ែត្ររបស់អតីតកងទ័ពបក្សកុម្មុយនីស្តចិនទៀតទេ តែវាបានក្លាយជាស្មារតីមួយបែបដែលដក់ជាប់នៅក្នុងហ្សែនរបស់បក្សកុម្មុយនីស្តចិន និងបានជំរុញឱ្យប្រជាជនចិនដើរឆ្ពោះទៅមុខតាមផ្លូវអភិវឌ្ឍន៍របស់ខ្លួនដែលទទួលបានការទទួលស្គាល់និងការកោតសរសើរជាទូទៅពីសំណាក់សហគមន៍អន្តរជាតិ។  
ប្រទេសចិនបានក្លាយជាអង្គភាពសេដ្ឋកិច្ចធំទី២ លើពិភពលោក និងបានរួមចំណែកចំពោះអត្រាកំណើននៃសេដ្ឋកិច្ចពិភពលោកក្នុងចន្លោះ៣០% ជាច្រើនឆ្នាំជាប់ៗគ្នា វាមិនមែនជារឿងចៃដន្យនោះទេ តែជាលទ្ធផលដែលកើតចេញពីការប្រកាន់ខ្ជាប់នូវការអនុវត្តគោលនយោបាយកំណែទម្រង់និងបើកចំហដោយមិនងាករេ ពោលគឺមិនត្រឹមតែមានផែនការជាតិ សម្រាប់ការអភិវឌ្ឍនៃប្រទេសខ្លួនប៉ុណ្ណោះទេ ប៉ុន្តែក៏បានបើកចំហសម្រាប់ការធ្វើការជាមួយបណ្តាប្រទេសនានាដើម្បីសម្រេចគោលដៅឈ្នះ-ឈ្នះផងដែរ ដែលនេះជាស្មារតីប្រកាន់ខ្ជាប់ដល់ទីបំផុតនៃមហាដំណើររបស់កងទ័ពបដិវត្តន៍បក្សកុម្មុយនីស្តចិន។
ប្រទេសចិនបានលុបបំបាត់ភាពក្រីក្រនៅទូទាំងប្រទេសដែលជារឿងអច្ឆរិយមួយក្នុងប្រវត្តិសាស្ត្ររបស់មនុស្សជាតិ។ លោក ស៊ី ជីនភីង បានគូសបញ្ជាក់ជាច្រើនលើកថា «ក្នុងដំណើរការកសាងសង្គមដែលប្រជាជនមានជីវភាពធូរធារបង្គួរដោយគ្រប់ជ្រុងជ្រោយ នឹងមិនបោះបង់ចោលជនជាតិណាមួយឡើយ» ដែលស្របទៅនឹងស្មារតីមហាដំណើរ ពោលគឺទោះមានការលំបាកយ៉ាងណាក៏ដោយ ក៏មិនបោះបង់ចោលយុទ្ធមិត្តណាម្នាក់ឡើយ ហើយត្រូវរួមចិត្តរួមកម្លាំងទាំងកងទ័ពនិងប្រជាជន ដើម្បីទទួលបានជ័យជម្នះនៅទីបំផុត។
ប្រទេសចិនសម្រេចបាននូវការបញ្ជូនអវកាសយានិកទៅកាន់ទីអវកាស ការកសាងស្ថានីយអវកាស ការរុករកនៅភពព្រះចន្ទនិងភពអង្គារជាដើមដែលបានបង្កើតកំណត់ត្រាថ្មីៗជាច្រើន ហើយក៏បានចុះរុករកនៅបាតសមុទ្រក្នុងជម្រៅ១០៩០៩ ម៉ែត្រ ដែលជាការមុជចូលបានជម្រៅជ្រៅទី២ លើពិភពលោក។ ការសិក្សាស្រាវជ្រាវខាងវិទ្យាសាស្ត្រទាំងលំហអវកាសនិងបាតសមុទ្ររបស់ប្រទេសចិនបាននាំមកនូវរបកគំហើញថ្មីៗជាច្រើនសម្រាប់ពិភពលោក ដែលនេះក៏ជាស្មារតីមហាដំណើរដែលធ្វើការរុករកឥតឈប់ឈរ។
ស្មារតីមហាដំណើរដែលប្រកបដោយភាពឯករាជ្យម្ចាស់ការក៏ត្រូវបានឆ្លុះបញ្ចាំងក្នុងការអភិវឌ្ឍនៃវិស័យផ្សេងៗរបស់ចិនផងដែរ ជាពិសេសគឺនវានុវត្តន៍ផ្នែកបច្ចេកវិទ្យានិងវិទ្យាសាស្ត្រ។ របកគំហើញថ្មីៗដោយឯករាជ្យម្ចាស់ការរបស់ចិនក្នុងយុគសម័យឌីជីថលនិងបញ្ញាសិប្បនិម្មិត បានក្លាយជាផលិតផលវៃឆ្លាតដែលរួមចំណែកដល់ការលើកកម្ពស់ទាំងគុណភាព និងកម្រិតនៃជីវភាពរស់នៅរបស់ប្រជាជន ក៏ដូចជាការធ្វើភាពវៃឆ្លាតភាវូបនីយកម្មក្នុងវិស័យផ្សេងៗ ដូចជាធុរកិច្ចឆ្លងដែន សុខាភិបាល ឧស្សាហកម្មនិងកសិកម្មជាដើម។ ការអភិវឌ្ឍនៃ«ឧស្សាហកម្មនាពេលអនាគត»របស់ចិនបាននិងកំពុងកែប្រែទម្លាប់រស់នៅរបស់មនុស្សយើងនិងរួមចំណែកសំខាន់ចំពោះការធ្វើទំនើបកម្មរបស់ប្រទេសនានា។
បច្ចុប្បន្ន ប្រទេសចិនបានឈានចូលដំណាក់កាលធ្វើទំនើបកម្មតាមបែបផែនចិន និងឆ្ពោះទៅរកគោលដៅស្តារភាពរុងរឿងដ៏អស្ចារ្យរបស់ប្រជាជាតិចិនឡើងវិញដែលជាមហាដំណើរ​ថ្មី។ ឯគោលដៅចុងក្រោយនៃការធ្វើទំនើបកម្មតាមបែបផែនចិនមិនមែនការធ្វើឱ្យមនុស្សមួយចំនួនមានបាននោះទេ តែគឺធ្វើឱ្យប្រជាជាតិចិនទាំងមូលមានវិបុលភាពរួម ដូច្នេះវាមិនមែនជារឿងដែលសម្រេចបានដោយងាយៗនោះទេ។ គេអាចនិយាយបានថា មហាដំណើរនៃការធ្វើទំនើបកម្មនេះវាមិនខុសពីមហាដំណើរជំនាន់មុននោះទេ ពោលគឺតម្រូវឱ្យប្រកាន់ខ្ជាប់ជំនឿចិត្តដែលរឹងមាំមិនអាចបំបែកបាន និងស្មារតីក្លាហានមោះមុតដែលហ៊ានតស៊ូពុះពារឧបសគ្គដោយឥតងាករេ។ យ៉ាងណាមិញ ស្មារតីនៃមហាដំណើរជំនាន់មុនដែលបានបន្តវេនមកគ្រប់ជំនាន់ វាប្រាកដជានឹងជំរុញឱ្យប្រជាជនចិនទទួលបានជ័យជម្នះក្នុងមហាដំណើរថ្មីជាមិនខាន៕
អត្ថបទដោយ៖ លោក តាំង ស៊ីឡេង, បុគ្គលិកនៃវិទ្យុមិត្តភាពកម្ពុជា-ចិន
ឡើងអត្ថបទនៅ | 10/14/2026 11:53:00 PM | ប្រភេទ:

កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលត្រពាំងក្រសាំង សម្របសម្រួលបញ្ចប់រឿងករណីអ្នកបើករថយន្តទះកំផ្លៀងអ្នកជិះម៉ូតូ ដោយភាគីទាំងសងខាងយល់ព្រមមិនប្តឹងផ្តល់គ្នា

 កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលត្រពាំងក្រសាំង សម្របសម្រួលបញ្ចប់រឿងករណីអ្នកបើករថយន្តទះកំផ្លៀងអ្នកជិះម៉ូតូ ដោយភាគីទាំងសងខាងយល់ព្រមមិនប្តឹងផ្តល់គ្នា

ភ្នំពេញ ៖ ករណីហិង្សាមួយរវាងអ្នកបើកបររថយន្ត និងអ្នកជិះម៉ូតូ ដែលផ្តើមចេញពីការជិះម៉ូតូវ៉ារថយន្ត ហើយទឹកបានខ្ទាតទៅលើរថយន្ត បណ្តាលឱ្យមានការប៉ះទង្គិចពាក្យសម្តី និងឈានដល់ការប្រើអំពើហិង្សា ត្រូវបានកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលត្រពាំងក្រសាំង សម្របសម្រួលដោះស្រាយបញ្ចប់រួចរាល់ហើយ ដោយភាគីទាំងសងខាងយល់ព្រមមិនបន្តប្តឹងផ្តល់គ្នា។

ការសម្របសម្រួលនេះ បានធ្វើឡើងដោយមានការយកចិត្តទុកដាក់ពីឯកឧត្តម ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ ព្រមទាំងមានការណែនាំពីលោកវរសេនីយ៍ឯក ម៉ន វុធី អធិការនៃអធិការដ្ឋាននគរបាលខណ្ឌពោធិ៍សែនជ័យ ដោយប្រគល់ភារកិច្ចជូនលោកវរសេនីយ៍ត្រី នាង ឧត្តម នាយប៉ុស្តិ៍នគរបាលរដ្ឋបាលត្រពាំងក្រសាំង ដឹកនាំការសម្របសម្រួលរហូតដល់បញ្ចប់រឿង នៅល្ងាចថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២៦ វេលាម៉ោង ១៩:២០នាទី។
យោងតាមព័ត៌មានពីសមត្ថកិច្ច បានឱ្យដឹងថា ហេតុការណ៍នេះបានកើតឡើងនៅថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២៦ វេលាម៉ោង ១៨:១០នាទី នៅចំណុចផ្លូវបេតុង ក្នុងភូមិវាល សង្កាត់ត្រពាំងក្រសាំង ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។
មុនពេលកើតហេតុ ជនរងគ្រោះបានជិះម៉ូតូចេញពីធ្វើការ ហើយនៅពេលធ្វើដំណើរមកដល់ចំណុចខាងលើ ក៏បានជិះម៉ូតូវ៉ារថយន្តមួយគ្រឿង ដោយទឹកបានខ្ទាតទៅលើរថយន្ត។ ភ្លាមនោះ អ្នកបើកបររថយន្តបានស្រែកជេរប្រមាថ ខណៈអ្នកជិះម៉ូតូបានឈប់ម៉ូតូ ដើម្បីសួរនាំ។
ប្រភពដដែលបន្តថា បន្ទាប់មក អ្នកបើកបររថយន្តបានបើកមកកាក់ពីមុខម៉ូតូរបស់ជនរងគ្រោះ រួចចុះពីរថយន្ត និងបានទះកំផ្លៀងជនរងគ្រោះចំនួនមួយដៃចំមុខ មុនពេលបើករថយន្តចេញពីកន្លែងកើតហេតុ។
ក្រោយទទួលបានពាក្យបណ្តឹងពីជនរងគ្រោះ នៅព្រឹកថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២៦ កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលត្រពាំងក្រសាំង បានអញ្ជើញភាគីទាំងសងខាងមកកាន់ប៉ុស្តិ៍ ដើម្បីសាកសួរ និងដោះស្រាយតាមនីតិវិធី។
ក្រោយពីបានសាកសួរ និងស្តាប់ការបំភ្លឺពីភាគីទាំងសងខាងរួចមក ភាគីទាំងពីរបានស្នើសុំឱ្យសមត្ថកិច្ចជួយសម្របសម្រួល ដើម្បីបញ្ចប់វិវាទនេះ។
ជាលទ្ធផល ភាគីទាំងសងខាងបានយល់ព្រមបញ្ចប់រឿង និងមិនបន្តប្តឹងផ្តល់គ្នានោះទេ។
ជាមួយគ្នានេះ ភាគីទាំងសងខាងក៏បានថ្លែងអំណរគុណដល់កម្លាំងសមត្ថកិច្ចពាក់ព័ន្ធ ដែលបានយកចិត្តទុកដាក់ជួយសម្របសម្រួលដោះស្រាយបញ្ហា រហូតឈានដល់ការបញ្ចប់វិវាទដោយសន្តិវិធី។
ករណីនេះក៏ជាការរំលឹកដល់អ្នកប្រើប្រាស់ផ្លូវទាំងអស់ ឱ្យបង្កើនការអត់ធ្មត់ គោរពគ្នាទៅវិញទៅមក និងប្រកាន់ខ្ជាប់នូវសុជីវធម៌ក្នុងការធ្វើដំណើរ ដើម្បីជៀសវាងការប៉ះទង្គិចពាក្យសម្តីដែលអាចឈានទៅដល់អំពើហិង្សា និងបង្កផលវិបាកដល់ខ្លួនឯង និងអ្នកដទៃ។




ឡើងអត្ថបទនៅ | 10/14/2026 10:15:00 PM | ប្រភេទ:

រដ្ឋបាលរាជធានីភ្នំពេញ រៀបចំវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សារាជធានីភ្នំពេញ អាណត្តិទី៤ ឆ្នាំ២០២៦ នៅខណ្ឌដូនពេញ

 

រដ្ឋបាលរាជធានីភ្នំពេញ រៀបចំវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សារាជធានីភ្នំពេញ អាណត្តិទី៤ ឆ្នាំ២០២៦ នៅខណ្ឌដូនពេញ

រាជធានីភ្នំពេញ៖ នាព្រឹកថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២៦ រដ្ឋបាលរាជធានីភ្នំពេញ បានរៀបចំវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សារាជធានីភ្នំពេញ អាណត្តិទី៤ ឆ្នាំ២០២៦ នៅខណ្ឌដូនពេញ ក្រោមអធិបតីភាពឯកឧត្តម ជួប ខុន តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម ម៉ប់ សារិន ប្រធានក្រុមប្រឹក្សារាជធានីភ្នំពេញ ឯកឧត្តម គឹម សេតារា រដ្ឋលេខាធិការនៃទីស្តីការគណៈរដ្ឋមន្ត្រី និងជាអនុប្រធានក្រុមការងារថ្នាក់ជាតិចុះមូលដ្ឋានខណ្ឌដូនពេញ តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តមសន្តិបណ្ឌិត ឆៃ ស៊ីណារិទ្ធ ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេស និងជាប្រធានក្រុមការងារថ្នាក់ជាតិចុះមូលដ្ឋានខណ្ឌដូនពេញ ព្រមទាំងឯកឧត្តម សុខ ពេញវុធ អភិបាលរងនៃគណៈអភិបាលរាជធានីភ្នំពេញ តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម ឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ។ វេទិកានេះប្រព្រឹត្តទៅនៅវិទ្យាស្ថានជាតិអប់រំ។

វេទិកានេះមានការអញ្ជើញចូលរួមពីឯកឧត្តម លោកជំទាវ សមាជិកក្រុមប្រឹក្សារាជធានីភ្នំពេញ លោក លោកស្រី ជាប្រធាន និងអនុប្រធានមន្ទីរ-អង្គភាពនានាជុំវិញរាជធានី សមាជិកក្រុមប្រឹក្សាខណ្ឌ គណៈអភិបាលខណ្ឌ គណៈនាយករដ្ឋបាលខណ្ឌ កងកម្លាំងប្រដាប់អាវុធទាំងបីប្រភេទ ប្រធាន និងអនុប្រធានការិយាល័យទាំង១១ ចៅសង្កាត់ទាំង១១ នាយនគរបាលប៉ុស្តិ៍ទាំង១១ ប្រធានទីរួមផ្សារទាំង៣ ព្រមទាំងប្រជាពលរដ្ឋយ៉ាងច្រើនកុះករ។


វេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់នេះ មានគោលបំណងផ្តល់ឱកាសដល់ប្រជាពលរដ្ឋ និងអ្នកពាក់ព័ន្ធទាំងអស់ បានស្វែងយល់អំពីស្ថានភាពទូទៅនៃការអភិវឌ្ឍនៅរាជធានីភ្នំពេញ ខណ្ឌ និងសង្កាត់ ព្រមទាំងបញ្ហាប្រឈមនានាដែលបានកើតឡើងក្នុងមូលដ្ឋានកន្លងមក។

ជាមួយគ្នានេះ វេទិកាក៏ជាយន្តការដ៏សំខាន់មួយសម្រាប់ប្រជាពលរដ្ឋក្នុងការបញ្ចេញមតិ លើកឡើងពីក្តីកង្វល់ សំណូមពរ និងតម្រូវការជាក់ស្តែងនៅក្នុងមូលដ្ឋានរបស់ខ្លួន ដើម្បីឱ្យអាជ្ញាធរ និងមន្ទីរ-អង្គភាពពាក់ព័ន្ធបានទទួលព័ត៌មានដោយផ្ទាល់ ពិនិត្យពិចារណា និងចាត់វិធានការដោះស្រាយឱ្យបានសមស្រប និងទាន់ពេលវេលា។


ការរៀបចំវេទិកានេះបានបង្ហាញពីសារៈសំខាន់នៃការចូលរួមរបស់ប្រជាពលរដ្ឋក្នុងដំណើរការអភិវឌ្ឍមូលដ្ឋាន និងការលើកកម្ពស់ការទំនាក់ទំនងរវាងអាជ្ញាធរមូលដ្ឋាន និងប្រជាពលរដ្ឋ ដើម្បីឆ្លើយតបឱ្យកាន់តែមានប្រសិទ្ធភាពចំពោះតម្រូវការជាក់ស្តែង សំដៅរួមចំណែកធ្វើឱ្យការគ្រប់គ្រង និងការអភិវឌ្ឍនៅមូលដ្ឋានកាន់តែប្រសើរឡើង។






















ឡើងអត្ថបទនៅ | 10/14/2026 11:52:00 AM | ប្រភេទ: