អង្គភាពសារព័ត៌មាន រស្មីញូស៍ (Raksmey News) បានរៀបចំពិធីកាលពីនៅថ្ងៃទី ២៨ ខែមីនា ឆ្នាំ ២០២៦ ដើម្បីបង្កើនសាមគ្គីភាព និងលើកទឹកចិត្តដល់សមាជិកសមាជិកាទាំងអស់ក្នុងអង្គភាព
នៅវេលាម៉ោង ៨:៣០ នាទីព្រឹក បានប្រារព្ធពិធីសូត្រមន្តលើករាសី សុំសេចក្តីសុខ សុភមង្គល និងសេចក្តីចម្រុងចម្រើន ជូនដល់សមាជិកសមាជិកាទាំងអស់ ដើម្បីចាប់ផ្តើមការងារថ្មីដោយមានភាពជោគជ័យ និងរីកចម្រើន។
បន្ទាប់មក នៅវេលាម៉ោង ២:៣០ នាទីរសៀល អង្គភាពបានបន្តរៀបចំកិច្ចប្រជុំបូកសរុបលទ្ធផលការងារឆ្នាំ ២០២៥ និងដាក់ចេញទិសដៅអនុវត្តសម្រាប់ឆ្នាំ ២០២៦ ដោយផ្តោតសំខាន់លើការកែលម្អគុណភាពការងារ និងការពង្រឹងសមត្ថភាពបុគ្គលិកឲ្យកាន់តែប្រសើរឡើង។
ក្នុងកិច្ចប្រជុំ នេះ លោក មឿង រស្មី ចាងហ្វាងគេហទំព័រ រស្មីញូស៍ បានលើកឡើងថា អ្នកសារព័ត៌មានគឺជា «កញ្ចក់ឆ្លុះសង្គម» ហើយបានសង្កត់ធ្ងន់ឱ្យអ្នកយកព័ត៌មានគោរពច្បាប់ និងក្រមសីលធម៌វិជ្ជាជីវៈយ៉ាងតឹងរឹង។ លោកបានបញ្ជាក់ថា សិទ្ធិសេរីភាពក្នុងការបញ្ចេញមតិ ត្រូវអនុវត្តស្របតាមរដ្ឋធម្មនុញ្ញ ប៉ុន្តែត្រូវភ្ជាប់ជាមួយការទទួលខុសត្រូវ មិនប៉ះពាល់ដល់សិទ្ធិអ្នកដទៃ និងសន្តិសុខជាតិឡើយ។
ជាមួយគ្នានេះ អង្គភាពក៏បានផ្តោតលើការពង្រឹងសមត្ថភាពសមាជិក ដោយលើកកម្ពស់ជំនាញសរសេរអត្ថបទ ការថតរូប និងការយល់ដឹងអំពីច្បាប់ពាក់ព័ន្ធ ព្រមទាំងជំរុញសាមគ្គីភាព និងកិច្ចសហការជាមួយអាជ្ញាធរដែនដី ដើម្បីធានាការចុះយកព័ត៌មានបានរហ័ស និងមានសុវត្ថិភាព។
នៅចុងបញ្ចប់ កម្មវិធីបានរៀបចំអាហារសាមគ្គី ពិសារួមគ្នាក្នុងបរិយាកាសកក់ក្តៅ ស្និទ្ធស្នាល និងសប្បាយរីករាយ ដែលបានបង្ហាញពីភាពរួបរួម និងការយកចិត្តទុកដាក់គ្នាទៅវិញទៅមករវាងថ្នាក់ដឹកនាំ និងបុគ្គលិកទាំងអស់។
កម្មវិធីនេះត្រូវបានវាយតម្លៃថា ជាឱកាសសំខាន់មួយក្នុងការពង្រឹងទំនាក់ទំនងល្អ បង្កើតកម្លាំងចិត្ត និងជំរុញឱ្យមានការសហការកាន់តែមានប្រសិទ្ធភាព សម្រាប់ការអនុវត្តភារកិច្ចរបស់អង្គភាពនាពេលខាងមុខ។


























