ប្រជាពលរដ្ឋស្នើក្រសួងធម្មការ និងសាសនា ចុះស្រាវជ្រាវករណីចោទប្រកាន់ព្រះសង្ឃមួយអង្គនៅវត្តសុមនគីរីវន័ធម្មរាជស្ថាន (មហាឥសី) ស្រុកគិរីវង់ ខេត្តតាកែវ
ខេត្តតាកែវ ៖ ប្រជាពលរដ្ឋដែលរស់នៅភូមិសុបិន ឃុំព្រៃអំពង ស្រុកគិរីវង់ ខេត្តតាកែវ បានស្នើសុំដល់ក្រសួងធម្មការ និងសាសនា ព្រមទាំងអាជ្ញាធរ និងមន្ត្រីសង្ឃពាក់ព័ន្ធ ចុះពិនិត្យ និងស្រាវជ្រាវករណីចោទប្រកាន់ព្រះសង្ឃព្រះនាម ផាត់ សុផានិត ដែលគង់នៅវត្តសុមនគីរីវន័ធម្មរាជស្ថាន ហៅវត្តមហាឥសី ដោយប្រជាពលរដ្ឋអះអាងថា ព្រះអង្គមានការប្រព្រឹត្តខុសពីវិន័យសង្ឃ។
តាមការលើកឡើងរបស់ប្រជាពលរដ្ឋ ពួកគាត់មានការព្រួយបារម្ភចំពោះករណីខាងលើ និងស្នើសុំឱ្យក្រសួងធម្មការ និងសាសនា ព្រមទាំងមេគណខេត្ត ចាត់វិធានការតាមនីតិវិធីវិន័យសង្ឃ ប្រសិនបើការស្រាវជ្រាវរកឃើញថា មានការប្រព្រឹត្តខុសពិតប្រាកដ ដើម្បីរក្សាសេចក្តីថ្លៃថ្នូរ និងកិត្តិយសរបស់ព្រះពុទ្ធសាសនា។
ពាក់ព័ន្ធនឹងការចោទប្រកាន់នេះ អ្នកសារព័ត៌មានរស្មីញូស៍ បានព្យាយាមទាក់ទងសុំការបំភ្លឺពីព្រះអង្គ ផាត់ សុផានិត តាមរយៈបណ្តាញសង្គមតេឡេក្រាម ដោយព្រះអង្គបានចូលមើលសារហើយ ប៉ុន្តែមិនទាន់មានការឆ្លើយតបនៅឡើយ។
ជាមួយគ្នានេះ អង្គភាពសារព័ត៌មានរស្មីញូស៍ ក៏បានទាក់ទងទៅមន្ទីរធម្មការ និងសាសនាខេត្តតាកែវ ដើម្បីសុំការបំភ្លឺផងដែរ។ មន្ត្រីពាក់ព័ន្ធបានបញ្ជាក់ថា មន្ទីរបានទទួលព័ត៌មាននេះរួចហើយ ហើយនឹងធ្វើការស្រាវជ្រាវបន្ត ព្រមទាំងសម្របសម្រួលទំនាក់ទំនងជាមួយមេគណខេត្ត និងរដ្ឋបាលសាលាខេត្ត ដើម្បីចាត់ចែងតាមនីតិវិធី។
ប្រជាពលរដ្ឋ និងពុទ្ធបរិស័ទដែលមានទំនាក់ទំនងជាមួយវត្តខាងលើ បានសម្តែងការមិនសប្បាយចិត្ត និងស្នើសុំឱ្យស្ថាប័នមានសមត្ថកិច្ចពិនិត្យករណីនេះឱ្យបានច្បាស់លាស់ ដោយពួកគាត់យល់ថា ព្រះពុទ្ធសាសនាជាសាសនារបស់រដ្ឋ និងជាមរតកវប្បធម៌ សីលធម៌ និងប្រពៃណីដ៏មានតម្លៃរបស់ប្រជាជាតិខ្មែរ ដែលគ្រប់ភាគីគួរចូលរួមថែរក្សា និងការពារ។
ជាចុងក្រោយ ប្រជាពលរដ្ឋបានសំណូមពរដល់ក្រសួងធម្មការ និងសាសនា មន្ត្រីសង្ឃ និងអាជ្ញាធរពាក់ព័ន្ធ មេត្តាចុះស្រាវជ្រាវ និងផ្ទៀងផ្ទាត់ការពិតដោយយុត្តិធម៌ និងតម្លាភាព ប្រសិនបើរកឃើញមានកំហុសពិតប្រាកដ សូមចាត់វិធានការតាមវិន័យសង្ឃ និងបទប្បញ្ញត្តិជាធរមាន ដើម្បីធានាការគោរពវិន័យព្រះសង្ឃ និងការរក្សាបាននូវជំនឿទុកចិត្តរបស់ពុទ្ធបរិស័ទចំពោះព្រះពុទ្ធសាសនា។
សូមបញ្ជាក់ថា ករណីខាងលើនេះ គឺជាការលើកឡើង និងការចោទប្រកាន់របស់ប្រជាពលរដ្ឋ ខណៈការស្រាវជ្រាវ និងការបញ្ជាក់ជាផ្លូវការពីស្ថាប័នមានសមត្ថកិច្ចនៅមិនទាន់មានលទ្ធផលនៅឡើយ៕








