ឯកឧត្តមបណ្ឌិត ហ៊ីង ស៊ីដេត ដឹកនាំក្រុមការងារចូលរួមចាប់មគ្គផលក្នុងអង្គកឋិនទានសាមគ្គី នៅវត្តអរុណវត្តី សង្កាត់ត្រពាំងក្រសាំង

 ឯកឧត្តមបណ្ឌិត ហ៊ីង ស៊ីដេត ដឹកនាំក្រុមការងារចូលរួមចាប់មគ្គផលក្នុងអង្គកឋិនទានសាមគ្គី នៅវត្តអរុណវត្តី សង្កាត់ត្រពាំងក្រសាំង

រាជធានីភ្នំពេញ ៖ នាព្រឹកថ្ងៃសៅរ៍ ៥កើត ខែកត្តិក ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២៦ ឯកឧត្តមបណ្ឌិត ហ៊ីង ស៊ីដេត អនុប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជាចុះមូលដ្ឋានខណ្ឌពោធិ៍សែនជ័យ និងជាប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជាចុះមូលដ្ឋានសង្កាត់ត្រពាំងក្រសាំង ខណ្ឌពោធិ៍សែនជ័យ បានអញ្ជើញដឹកនាំក្រុមការងារ និងសហការី ចូលរួមចាប់មគ្គផលក្នុងអង្គកឋិនទានសាមគ្គី ដើម្បីដង្ហែទៅវេរប្រគេនព្រះសង្ឃដែលគង់ចាំព្រះវស្សាអស់ត្រីមាសនៅវត្តអរុណវត្តី ស្ថិតក្នុងភូមិត្រពាំងអណ្ដូង សង្កាត់ត្រពាំងក្រសាំង ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។


ពិធីនេះមានការអញ្ជើញចូលរួមពីលោក លោកស្រី ជាប្រធាន អនុប្រធាន សមាជិក សមាជិកាគណបក្សប្រជាជនកម្ពុជាសង្កាត់ តំណាងសាខាបក្សភូមិ ក្រុមការងារចុះមូលដ្ឋានតាមភូមិ និងសហគមន៍ ព្រមទាំងពុទ្ធបរិស័ទចំណុះជើងវត្តជិតឆ្ងាយយ៉ាងច្រើនកុះករ។ ក្នុងឱកាសនោះ ក៏មានការចូលរួមបច្ច័យពីលោក គុយ ចាន់ថន ក្រុមការងារសង្កាត់ត្រពាំងក្រសាំង តំណាងឱ្យលោក គល់ យី ប្រធានសាខាបក្សត្រពាំងសាំង ផងដែរ។

គួរបញ្ជាក់ថា អង្គកឋិនទានសាមគ្គីនេះ ត្រូវបានរៀបចំឡើងដោយមានការឯកភាពមូលមតិគ្នាពីអាចារ្យ គណៈកម្មការ និងពុទ្ធបរិស័ទចំណុះជើងវត្តអរុណវត្តី ក្នុងគោលបំណងប្រមូលបច្ច័យ និងទេយ្យទាន ដង្ហែទៅវេរប្រគេនព្រះសង្ឃដែលបានគង់ចាំព្រះវស្សាអស់រយៈពេលបីខែ តាមពុទ្ធប្បញ្ញត្តិ និងប្រពៃណីព្រះពុទ្ធសាសនា ព្រមទាំងជាការចូលរួមទ្រទ្រង់ព្រះពុទ្ធសាសនា និងជួយសម្រួលដល់ព្រះសង្ឃក្នុងការបំពេញកិច្ចកឋិន។

តាមកម្មវិធីដែលបានគ្រោងទុក ពិធីបុណ្យបានចាប់ផ្តើមនៅរសៀលថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២៦ វេលាម៉ោង ២:០០ នាទី ដោយមានការជួបជុំពុទ្ធបរិស័ទនៅឧបដ្ឋានសាលាវត្ត ដើម្បីធ្វើបទនមស្ការព្រះរតនត្រ័យ សមាទានសីល ចម្រើនព្រះបរិត្ត និងនិមន្តព្រះធម្មកថិកាចារ្យសម្តែងព្រះធម៌ទេសនា។

លុះព្រឹកថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២៦ វេលាម៉ោង ៦:០០ នាទីព្រឹក មានពិធីប្រគេនយាគូដល់ព្រះសង្ឃ បន្ទាប់មកនៅម៉ោង ៨:១៥ នាទី ពិធីតម្កល់ត្រៃនៅឧបដ្ឋានសាលា និងនៅម៉ោង ១០:០០ នាទីព្រឹក មានពិធីវេរភត្តាហារប្រគេនព្រះសង្ឃ។ រហូតដល់ម៉ោង ១១:០០ នាទីថ្ងៃត្រង់ មានពិធីដង្ហែអង្គកឋិនទានប្រទក្សិណព្រះវិហារចំនួន៣ជុំ រួចវេរប្រគេនព្រះសង្ឃ ដើម្បីបញ្ចប់កម្មវិធីបុណ្យតាមប្រពៃណីព្រះពុទ្ធសាសនា។

ជារួម អង្គកឋិនទានសាមគ្គីនៅវត្តអរុណវត្តីនេះ បានប្រព្រឹត្តទៅក្នុងបរិយាកាសប្រកបដោយសាមគ្គីភាព ជំនឿសទ្ធាជ្រះថ្លា និងភាពសប្បាយរីករាយ ដោយមានការចូលរួមយ៉ាងកុះករពីសំណាក់ប្រជាពុទ្ធបរិស័ទ ដែលបានបង្ហាញពីស្មារតីសាមគ្គីភាព និងការរួមចំណែកថែរក្សា លើកស្ទួយវិស័យព្រះពុទ្ធសាសនាឱ្យបន្តរីកចម្រើន៕