ខេត្តមណ្ឌលគិរី៖ លោក អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថាន បានចេញលិខិតព្រមានជាផ្លូវការមួយ កាលពីថ្ងៃទី០៩ ខែមីនា ឆ្នាំ២០២៦ ទៅកាន់លោក ឌិន ប៊ុនធឿន អនុប្រធានមន្ទីរបរិស្ថានខេត្តមណ្ឌលគិរី ពាក់ព័ន្ធនឹងការអនុវត្តតួនាទីភារកិច្ចដែលមានភាពខ្វះការទទួលខុសត្រូវ និងមានកំហុសក្នុងវិជ្ជាជីវៈ។
យោងតាមលិខិតព្រមាន បានបញ្ជាក់ថា លោក ឌិន ប៊ុនធឿន ត្រូវបញ្ឈប់អំពើណាមួយដែលប៉ះពាល់ដល់កិត្តិយស និងសេចក្តីថ្លៃថ្នូររបស់មន្ត្រីរាជការ ដែលកើតឡើងពីការធ្វេសប្រហែស ការខ្ជីខ្ជា និងការបំពានច្បាប់ក្នុងការបំពេញការងារ។ ក្រសួងក៏បានអំពាវនាវឲ្យមានការកែតម្រូវចំពោះកំហុសឆ្គង ដើម្បីធានាបាននូវប្រសិទ្ធភាពការងារ និងគោរពតាមច្បាប់ជាធរមាន។
ប្រភពពីមន្ត្រីអធិការក្រសួងបរិស្ថាន បានឲ្យដឹងថា ការព្រមាននេះពាក់ព័ន្ធនឹងករណីអាជីវកម្មរ៉ែមាសនៅតំបន់ភ្នំរហាវ ស្ថិតក្នុងភូមិស្រែខ្ទុង ឃុំស្រែឈូក ស្រុកកែវសីមា ក្នុងដែនជម្រកសត្វព្រៃភ្នំព្រិច។ ប្រភពដដែលបានបញ្ជាក់ថា មានការសម្របសម្រួលពីមន្ត្រីមួយចំនួន ក្នុងនោះរួមមានលោក ឌិន ប៊ុនធឿន និងលោក ឌិន ប៊ុនថាច ដែលត្រូវជាប្អូនប្រុសបង្កើត ក្នុងការអនុញ្ញាតឲ្យមានសកម្មភាពរ៉ែ ដោយមានការបង់ប្រាក់ប្រចាំខែប្រហែល ២លានរៀលក្នុងមួយម៉ាស៊ីន ខណៈមានម៉ាស៊ីនជាង ២០គ្រឿងកំពុងដំណើរការ។
ករណីនេះត្រូវបានមន្ត្រីឧទ្យានុរក្សប្រទះឃើញកាលពីថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២៥ ហើយបានរាយការណ៍ទៅថ្នាក់ដឹកនាំ ប៉ុន្តែមិនមានការចាត់វិធានការណាមួយតាមសំណើនោះទេ។ ក្រៅពីនេះ ក៏មានការចោទប្រកាន់ថា មានការដោះលែងគ្រឿងចក្រដែលពាក់ព័ន្ធនឹងការឈូសឆាយដីនៅតំបន់នោះផងដែរ។
ចំណែក លោក ឌិន ប៊ុនធឿន មិនបានបញ្ជាក់បំភ្លឺ នៅឡើយ អង្គភាពសារព័ត៌មានយើង មិនអាចទំនាក់ទំនង បានទេ តែទោះជាយ៉ាងណា អង្គភាពយើងខ្ញុំរងការបកស្រាយ ពីលោក ឌិន ប៊ុនធឿន ពាក់ព័ន្ធករណីខាងលើនេះ ។
បន្ថែមពីនេះ មានការរាយការណ៍ថា មន្ទីរបរិស្ថានខេត្តមណ្ឌលគិរី កំពុងប្រឈមនឹងបញ្ហាគ្រួសារនិយម ដោយមានសាច់ញាតិមួយចំនួនកាន់តួនាទីសំខាន់ៗក្នុងស្ថាប័ន ដែលបង្កការព្រួយបារម្ភអំពីភាពថ្លៃថ្នូរ និងប្រសិទ្ធភាពការងារ។
បច្ចុប្បន្ន ករណីខាងលើកំពុងស្ថិតក្រោមការតាមដាន និងអាចមានវិធានការតាមផ្លូវច្បាប់បន្ថែម ប្រសិនបើរកឃើញការប្រព្រឹត្តខុសបន្ថែមទៀត៕










