មន្ត្រីបច្ចេកទេសក្រសួងសាធារណការសិក្សាជួសជុលឡើង វិញរបាំងថ្មច្រាំងទន្លេ ដែលបាក់ស្រុត នៅខេត្តស្ទឹងត្រែង
ខេត្តស្ទឹងត្រែង-មន្ត្រីផ្នែកបច្ចេកទេសក្រសួងសាធារណការ និងដឹកជញ្ជូនសហការជាមួយ មន្ត្រីពាក់ព័ន្ធនៅខេត្តស្ទឹងត្រែង ចុះសិក្សាករណីបាក់ស្រុត របាំងថ្មច្រាំងទន្លេ នៅចំណុច កំពុងសាឡាងចាស់ ក្នុងក្រុងស្ទឹងត្រែងដើម្បីធ្វើការជួសជុលឡើងវិញ។ក្នុងឱកាសចុះត្រួតពិនិត្យជាក់ស្តែងករណីបាក់ស្រុតរបាំងថ្ម ច្រាំងទន្លេ ក្នុងក្រុងខេត្តស្ទឹងត្រែង នៅថ្ងៃទី ១៦ វិច្ឆិកាឆ្នាំ ២០២៦ លោក ហូរ រដ្ឋា ទីប្រឹក្សាបច្ចេកទេសរបស់ក្រសួងសាធារណការនិងដឹកជញ្ជូនបានបញ្ជាក់ថា ការចុះមកត្រួតពិនិត្យករណីនេះដើម្បីសិក្សានិងមើលពីហេតុផលផ្ទាល់ដែលបណ្តាលឱ្យបាក់ស្រុត ហើយបន្តធ្វើរបាយការណ៍ជូនទៅក្រសួង។
លោកបន្តថា កិច្ចការងារនេះយើងនិងសហការជាមួយក្រុមហ៊ុនដែលទទួលការ អភិវឌ្ឍ សាងសង់សំណង់បង្គន់ លើមាត់ច្រាំងនេះ ដោយសហការជាអាជ្ញាធរពាក់ព័ន្ធធ្វើការជួសជុលឡើងវិញ ទៅតាមរចនាបទចាស់ ឲ្យបានរឹងមាំ ដើម្បីលើកសោភ័ណភាពនៅចំណុចនេះវិញ ។
លោកសរ គឹមណាតប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្ត បានបញ្ជាក់ដែរថា គម្រោងនេះ ជំហានទីមួយ យើងវាយបំបែកផែនថ្មដែលបាក់បែកនេះចេញ ដើម្បីកុំឲ្យរងផលប៉ះពាល់ទៅដល់ប្រជាពលរដ្ឋចុះឡើងដោះដូរទំនិញនៅតាមផ្លូវខាងក្រោមនេះ ។
លោកបន្តថា ក្រោយពីក្រុមការងារសិក្សានិងធ្វើកំណត់ហេតុដាក់បញ្ជូនទៅក្រសួងសាធារណការ ដើម្បីឱ្យក្រុមហ៊ុនរកថវិកា មកចំណាយលើការជួសជុលឲ្យបានឆាប់ ដោយមិនត្រូវទុកឱ្យមានសភាពបែកបាក់បែបនេះទេ ។
លោកលីមីណាអភិបាលក្រុងស្ទឹងត្រែងបានបញ្ជាក់ថា ចំណុចនេះអាជ្ញាធរបានដាក់បម្រាមមិនឲ្យប្រជាពលរដ្ឋ ចូលមកក្នុងទីតាំងនេះទេ ព្រោះវាជាតំបន់គ្រោះថ្នាក់ ។
លោកបន្តថា យន្តការនេះរដ្ឋបាលក្រុង ឱ្យសមត្ថកិច្ចដាក់កម្លាំងតាមដាននៅទីនេះ ជាប្រចាំ ដើម្បីបង្ការខ្លាចមានភ្ញៀវទេសចរ មកពីចម្ងាយមិនដឹងហេតុផល មកដល់ចំណុចនេះអាចបង្កឱ្យមានគ្រោះថ្នាក់ជាចៃដន្យ។
សូមបញ្ជាក់ថា៖ប្រជាពលរដ្ឋបានដាក់កំហុសទៅលើក្រុមហ៊ុនអ្នកម៉ៅការអភិវឌ្ឍន៍តំបន់នេះ ដែលកន្លងមកបានដាក់ស៊ីទែនទឹកធំៗចំនូន២នៅចំណុចនេះ លើសពីទម្ងន់ធម្មតា ហើយធ្លាយទុយោទឹកបង្កឲ្យជ្រាបទៅក្នុងដីផង រួមផ្សំនឹងមានភ្លៀងធ្លាក់ជោគជាំមកខ្លាំង ទើបបណ្ដាលឱ្យបាក់ស្រុត ប្រវែងជាង៣០ម៉ែត្រ ទទឹងជាង១១ម៉ែត្រ និងមានកម្ពស់ជាង៦ម៉ែត្រ នៅតាមជួមាត់ទន្លេសេសាន ដែលក្រុមហ៊ុនត្រូវតែទទួលខុសត្រូវ។
ដោយ÷កុល សារត្ន័ សហការីរស្មីញូស៍ប្រចាំខេត្តស្ទឹងត្រែង។










