អគ្គស្ថានីយវិទ្យុនិងទូរទស្សន៍មជ្ឈិមចិននិងអង្គការសហប្រជាជាតិចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នាស្តីពីកិច្ចសហប្រតិបតិ្តការ

 អគ្គស្ថានីយវិទ្យុនិងទូរទស្សន៍មជ្ឈិមចិននិងអង្គការសហប្រជាជាតិចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នាស្តីពីកិច្ចសហប្រតិបតិ្តការ

កាលពីថ្ងៃទី១២ ខែវិច្ឆិកា តាមម៉ោងទីក្រុងញូវយ៉ក អនុស្សរណៈនៃការយោគយល់គ្នាស្តីពីកិច្ចសហប្រតិបតិ្តការរវាងអគ្គស្ថានីយវិទ្យុនិងទូរទស្សន៍មជ្ឈិមចិននិងអង្គការសហប្រជាជាតិ បានចូលជាធរមានជាផ្លូវការ។ លោក Shen Haixiong អនុរដ្ឋមន្ត្រីក្រសួងឃោសនាការនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិននិងជាអគ្គនាយកនៃអគ្គស្ថានីយវិទ្យុនិងទូរទស្សន៍មជ្ឈិមចិននិងលោកស្រីMelissa Fleming អគ្គលេខាធិការរងនៃអង្គការសហប្រជាជាតិទទួលបន្ទុកកិច្ចការផ្សព្វផ្សាយសកល  បានតំណាងឱ្យភាគីទាំងពីរ ចុះហត្ថលេខាលើអនុស្សរណៈនៅទីក្រុងប៉េកាំង និងទីក្រុងញូវយ៉កដោយឡែកពីគ្នា។  ការចុះហត្ថលេខានេះបានបង្ហាញពីវឌ្ឍនភាពដ៏សំខាន់ និងជារបត់ថ្មីមួយក្នុងការជំរុញកិច្ចសហប្រតិបត្តិការជាប្រព័ន្ធរវាងប្រព័ន្ធផ្សព្វផ្សាយចម្បងរបស់ចិន និងអង្គការសហប្រជាជាតិ។

យោងតាមអនុស្សរណៈនេះ  អគ្គស្ថានីយ៍វិទ្យុនិងទូរទស្សន៍មជ្ឈិមចិននឹងធ្វើកិច្ចសហប្រតិបត្តិការជាក់ស្តែងក្នុងវិស័យជាច្រើនជាមួយអង្គការសហប្រជាជាតិ ដោយផ្តោតសំខាន់ទៅលើការផ្សព្វផ្សាយអន្តរជាតិ ការផ្លាស់ប្តូរទស្សនកិច្ចរវាងថ្នាក់ដឹកនាំជាន់ខ្ពស់ ការចេញផ្សាយព័ត៌មានជាសាធារណៈ និងការពង្រីកធនធានប្រព័ន្ធផ្សព្វផ្សាយនៅទូទាំងពិភពលោកជាដើម ។ នេះក៏ជាឯកសារកិច្ចសហប្រតិបត្តិការជាយុទ្ធសាស្ត្រដ៏ទូលំទូលាយដំបូងគេ ដែលអគ្គស្ថានីយ៍វិទ្យុនិងទូរទស្សន៍មជ្ឈិមចិន បានចុះហត្ថលេខាជាមួយអង្គការសហប្រជាជាតិ។
សូមបញ្ជាក់ថា ឆ្នាំនេះ គឺជាខួបទី៥៥នៃការដែលសាធារណរដ្ឋប្រជាមានិតចិនរៀបចំអាសនៈស្របច្បាប់ឡើងវិញក្នុងអង្គការសហប្រជាជាតិផងដែរ ។ ភាគីទាំងពីរនឹងចាត់ទុកការចុះហត្ថលេខាលើអនុស្សរណៈលើកនេះ ជាចំណុចចាប់ផ្តើមថ្មី ដើម្បីជំរុញឱ្យកិច្ចសហប្រតិបត្តិការរវាងចិននិងអង្គការសហប្រជាជាតិមានភាពកាន់តែទូលំទូលាយ និងរួមចំណែកដល់ការជំរុញការកសាងប្រព័ន្ធអភិបាលកិច្ចសកលដែលមានភាពកាន់តែយុត្តិធម៌ និងសមហេតុផល៕