រដ្ឋបាលខេត្តស្ទឹងត្រែង ប្រារព្ធព្រះរាជពិធីថ្វាយមហាព្រះរាជកុសល និងគោរពព្រះវិញ្ញាណក្ខន្ធ «ព្រះបរមរតនកោដ្ឋ» គម្រប់ខួប១៤ឆ្នាំ នៃការយាងសោយព្រះទីវង្គត

 

រដ្ឋបាលខេត្តស្ទឹងត្រែង ប្រារព្ធព្រះរាជពិធីថ្វាយមហាព្រះរាជកុសល និងគោរពព្រះវិញ្ញាណក្ខន្ធ «ព្រះបរមរតនកោដ្ឋ» គម្រប់ខួប១៤ឆ្នាំ នៃការយាងសោយព្រះទីវង្គត
ខេត្តស្ទឹងត្រែង៖ រដ្ឋបាលខេត្តស្ទឹងត្រែង បានប្រារព្ធព្រះរាជពិធីថ្វាយមហាព្រះរាជកុសល និងគោរពព្រះវិញ្ញាណក្ខន្ធ «ព្រះបរមរតនកោដ្ឋ» នៃកម្ពុជា ក្នុងឱកាសគម្រប់ខួប១៤ឆ្នាំ នៃការយាងសោយព្រះទីវង្គតរបស់ព្រះករុណា ព្រះបាទសម្តេចព្រះ នរោត្តម សីហនុ ព្រះមហាវីរក្សត្រ ព្រះបរមរតនកោដ្ឋ នាថ្ងៃទី១៥ ខែតុលា ឆ្នាំ២០១២ ដល់ថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២៦។

ព្រះរាជពិធីនេះបានប្រារព្ធឡើងនៅថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២៦ នៅបរិវេណព្រះមណ្ឌលព្រះរាជសកម្មភាព ស្ថិតក្នុងស្រុកបុរីអូរស្វាយសែនជ័យ ខេត្តស្ទឹងត្រែង ក្រោមអធិបតីភាពឯកឧត្តម សរ សុពុត្រា អភិបាលខេត្តស្ទឹងត្រែង ដោយមានការចូលរួមពីថ្នាក់ដឹកនាំ មន្ត្រីរាជការ ព្រះសង្ឃ និងប្រជាពលរដ្ឋក្នុងមូលដ្ឋាន ដើម្បីសម្តែងនូវកតញ្ញូតាធម៌ និងការដឹងគុណដ៏ជ្រាលជ្រៅចំពោះព្រះរាជបូជនីយកិច្ច និងព្រះរាជស្នាព្រះហស្តដ៏ឧត្តុង្គឧត្តមរបស់ព្រះអង្គ។ក្នុងឱកាសនោះ ឯកឧត្តម សរ សុពុត្រា បានមានប្រសាសន៍ថា កូនចៅ ចៅទួតខ្មែរគ្រប់រូប មិនអាចបំភ្លេចព្រះរាជស្នាព្រះហស្តរបស់ព្រះបរមរតនកោដ្ឋបានឡើយ។ ថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ ព្រះសង្ឃ និងប្រជាពលរដ្ឋទូទាំងប្រទេស នៅតែចងចាំជានិច្ចនូវព្រះរាជគុណូបការៈដ៏ថ្លៃថ្លារបស់ព្រះអង្គ និងគោរពដឹងគុណចំពោះព្រះរាជបូជនីយកិច្ចក្នុងការបម្រើជាតិ សាសនា និងប្រជារាស្ត្រខ្មែរ។

ឯកឧត្តមអភិបាលខេត្តបានបន្តថា ទឹកដីស្រុកបុរីអូរស្វាយសែនជ័យ ខេត្តស្ទឹងត្រែង គឺជាទីតាំងប្រវត្តិសាស្ត្រមួយដែលព្រះបរមរតនកោដ្ឋ ព្រះមហាវីរក្សត្រ ព្រះបរមរតនកោដ្ឋ ព្រះរាជបិតាឯករាជ្យជាតិ បូរណភាពទឹកដី និងឯកភាពជាតិខ្មែរ បានយកព្រះទ័យទុកដាក់ក្នុងការកសាងសមិទ្ធផលនានា រួមមានស្តូបព្រះឆាយាល័ក្ខណ៍ និងបង្គោលប្រវត្តិសាស្ត្រនៃការអភិវឌ្ឍតាមផែនការប្រាំឆ្នាំ។ សមិទ្ធផលទាំងនេះបានបន្សល់ទុកជាមរតកប្រវត្តិសាស្ត្រដ៏មានតម្លៃសម្រាប់កូនចៅជំនាន់ក្រោយ ហើយត្រូវបានរាជរដ្ឋាភិបាលបន្តយកចិត្តទុកដាក់ថែរក្សារហូតមកដល់បច្ចុប្បន្ន។

ជាមួយគ្នានេះ លោក ផាន់ យុត អភិបាលស្រុកបុរីអូរស្វាយសែនជ័យ បានបញ្ជាក់ថា ប្រជាពលរដ្ឋក្នុងមូលដ្ឋាននៅតែបន្តចូលរួមអភិរក្ស និងថែរក្សាសមិទ្ធផលព្រះរាជស្នាព្រះហស្ត ព្រមទាំងទីតាំងប្រវត្តិសាស្ត្រដែលបានកកើតឡើងនៅតំបន់និគមជនអូរស្វាយ ដើម្បីរក្សាទុកជាមរតកសម្រាប់កូនចៅជំនាន់ក្រោយ។

លោកអភិបាលស្រុកបានបន្ថែមថា នៅក្នុងមូលដ្ឋាននេះ នៅមានចាស់ព្រឹទ្ធាចារ្យមួយចំនួនដែលធ្លាប់បានឆ្លងកាត់ព្រឹត្តិការណ៍ក្នុងសម័យនោះ និងអាចចែករំលែករឿងរ៉ាវប្រវត្តិសាស្ត្រដល់កូនចៅជំនាន់ក្រោយបាន។ ការចងក្រង និងបន្តផ្សព្វផ្សាយរឿងរ៉ាវទាំងនេះ គឺជាការរួមចំណែកដ៏សំខាន់ក្នុងការថែរក្សាការចងចាំអំពីប្រវត្តិសាស្ត្ររបស់សហគមន៍។

សូមជម្រាបថា តំបន់និគមជនអូរស្វាយត្រូវបានបង្កើតឡើងនៅឆ្នាំ១៩៦២ ដោយមានប្រជាពលរដ្ឋចំនួន៦៨គ្រួសារបានមកតាំងទីលំនៅនៅទីនោះ។ បច្ចុប្បន្ន ទីតាំងដែលបន្សល់ទុកនូវព្រះរាជស្នាព្រះហស្ត និងស្នាដៃប្រវត្តិសាស្ត្ររបស់ព្រះបរមរតនកោដ្ឋ ត្រូវបានយកចិត្តទុកដាក់រៀបចំ និងថែរក្សាឱ្យបានល្អ ដើម្បីរក្សាតម្លៃប្រវត្តិសាស្ត្រ និងជំរុញការទាក់ទាញភ្ញៀវទេសចរឱ្យមកទស្សនាតំបន់នេះកាន់តែច្រើនថែមទៀត។

ព្រះរាជពិធីនេះ គឺជាការរំលឹកដល់ព្រះរាជគុណូបការៈ និងព្រះរាជស្នាព្រះហស្តដ៏ថ្លៃថ្លារបស់ព្រះបរមរតនកោដ្ឋ ព្រមទាំងជាការជំរុញឱ្យកូនចៅខ្មែរគ្រប់ជំនាន់បន្តស្រឡាញ់ ថែរក្សា និងអភិរក្សមរតកប្រវត្តិសាស្ត្រជាតិឱ្យបានគង់វង្ស។

ដោយ៖ កុល សារ័ត្ន សហការីរស្មីញូស៍ប្រចាំខេត្តស្ទឹងត្រែង












ឡើងអត្ថបទនៅ | 10/15/2026 06:27:00 PM | ប្រភេទ:

រដ្ឋបាលរាជធានីភ្នំពេញ រៀបចំវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សារាជធានីភ្នំពេញ អាណត្តិទី៤ ឆ្នាំ២០២៦ នៅខណ្ឌដូនពេញ

 

រដ្ឋបាលរាជធានីភ្នំពេញ រៀបចំវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សារាជធានីភ្នំពេញ អាណត្តិទី៤ ឆ្នាំ២០២៦ នៅខណ្ឌដូនពេញ

រាជធានីភ្នំពេញ៖ នាព្រឹកថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២៦ រដ្ឋបាលរាជធានីភ្នំពេញ បានរៀបចំវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សារាជធានីភ្នំពេញ អាណត្តិទី៤ ឆ្នាំ២០២៦ នៅខណ្ឌដូនពេញ ក្រោមអធិបតីភាពឯកឧត្តម ជួប ខុន តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម ម៉ប់ សារិន ប្រធានក្រុមប្រឹក្សារាជធានីភ្នំពេញ ឯកឧត្តម គឹម សេតារា រដ្ឋលេខាធិការនៃទីស្តីការគណៈរដ្ឋមន្ត្រី និងជាអនុប្រធានក្រុមការងារថ្នាក់ជាតិចុះមូលដ្ឋានខណ្ឌដូនពេញ តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តមសន្តិបណ្ឌិត ឆៃ ស៊ីណារិទ្ធ ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេស និងជាប្រធានក្រុមការងារថ្នាក់ជាតិចុះមូលដ្ឋានខណ្ឌដូនពេញ ព្រមទាំងឯកឧត្តម សុខ ពេញវុធ អភិបាលរងនៃគណៈអភិបាលរាជធានីភ្នំពេញ តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម ឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ។ វេទិកានេះប្រព្រឹត្តទៅនៅវិទ្យាស្ថានជាតិអប់រំ។

វេទិកានេះមានការអញ្ជើញចូលរួមពីឯកឧត្តម លោកជំទាវ សមាជិកក្រុមប្រឹក្សារាជធានីភ្នំពេញ លោក លោកស្រី ជាប្រធាន និងអនុប្រធានមន្ទីរ-អង្គភាពនានាជុំវិញរាជធានី សមាជិកក្រុមប្រឹក្សាខណ្ឌ គណៈអភិបាលខណ្ឌ គណៈនាយករដ្ឋបាលខណ្ឌ កងកម្លាំងប្រដាប់អាវុធទាំងបីប្រភេទ ប្រធាន និងអនុប្រធានការិយាល័យទាំង១១ ចៅសង្កាត់ទាំង១១ នាយនគរបាលប៉ុស្តិ៍ទាំង១១ ប្រធានទីរួមផ្សារទាំង៣ ព្រមទាំងប្រជាពលរដ្ឋយ៉ាងច្រើនកុះករ។


វេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់នេះ មានគោលបំណងផ្តល់ឱកាសដល់ប្រជាពលរដ្ឋ និងអ្នកពាក់ព័ន្ធទាំងអស់ បានស្វែងយល់អំពីស្ថានភាពទូទៅនៃការអភិវឌ្ឍនៅរាជធានីភ្នំពេញ ខណ្ឌ និងសង្កាត់ ព្រមទាំងបញ្ហាប្រឈមនានាដែលបានកើតឡើងក្នុងមូលដ្ឋានកន្លងមក។

ជាមួយគ្នានេះ វេទិកាក៏ជាយន្តការដ៏សំខាន់មួយសម្រាប់ប្រជាពលរដ្ឋក្នុងការបញ្ចេញមតិ លើកឡើងពីក្តីកង្វល់ សំណូមពរ និងតម្រូវការជាក់ស្តែងនៅក្នុងមូលដ្ឋានរបស់ខ្លួន ដើម្បីឱ្យអាជ្ញាធរ និងមន្ទីរ-អង្គភាពពាក់ព័ន្ធបានទទួលព័ត៌មានដោយផ្ទាល់ ពិនិត្យពិចារណា និងចាត់វិធានការដោះស្រាយឱ្យបានសមស្រប និងទាន់ពេលវេលា។


ការរៀបចំវេទិកានេះបានបង្ហាញពីសារៈសំខាន់នៃការចូលរួមរបស់ប្រជាពលរដ្ឋក្នុងដំណើរការអភិវឌ្ឍមូលដ្ឋាន និងការលើកកម្ពស់ការទំនាក់ទំនងរវាងអាជ្ញាធរមូលដ្ឋាន និងប្រជាពលរដ្ឋ ដើម្បីឆ្លើយតបឱ្យកាន់តែមានប្រសិទ្ធភាពចំពោះតម្រូវការជាក់ស្តែង សំដៅរួមចំណែកធ្វើឱ្យការគ្រប់គ្រង និងការអភិវឌ្ឍនៅមូលដ្ឋានកាន់តែប្រសើរឡើង។






















ឡើងអត្ថបទនៅ | 10/14/2026 11:52:00 AM | ប្រភេទ:

លោក ស្រ៊ន សំប្ញទ្ធី អភិបាលរងខេត្ត ​ស្ទឹងត្រែង ​ចាត់ទុក ​​ដំណើរមកលេងស្រុកកំណើតរបស់ប្រជាពលរដ្ឋ​​មានសុខសុវត្ថភាពល្អ

 លោក ស្រ៊ន សំប្ញទ្ធី អភិបាលរងខេត្ត ​ស្ទឹងត្រែង ​ចាត់ទុក

​​ដំណើរមកលេងស្រុកកំណើតរបស់ប្រជាពលរដ្ឋ​​មានសុខសុវត្ថភាពល្អ


      
 លោក ស្រ៊ន សំប្ញទ្ធីអភិបាលរងខេត្តស្ទឹងត្រែងចាត់ទុកដំណើរ មកលេងស្រុកកំណើតរបស់កម្មករ កម្មការនី និងប្រជាពលរដ្ឋនៅខេត្តស្ទឹងត្រែង ជាង​១.២០០នាក់ ប្រកបដោយសុខសុវត្ថិភាពដែលនេះជាជោគជ័យរបស់រាជរដ្ឋាភិបាល​ ​ បានជួយប្រជាពលរដ្ឋយើងដោយមិនចំណាយថវិកាទៅមក ។    
      ​ក្នុងឱកាសពិនិត្យនិងជូនដំណើរកម្មករនិងប្រជាពលរដ្ឋតាមរថយន្តក្រុង​ចេញពីក្រុងស្ទឹងត្រែងថ្ងៃទី ១៣ តុលា​ ឆ្នាំ ២០២៤ លោក ស្រ៊ន សំប្ញទ្ធី តំណាង ឯកឧត្តម សរ សុពុត្រា អភិបាលខេត្តស្ទឹងត្រែងមានប្រសាសន៍ថា៖ នេះជាការយកចិត្តទុកដាក់  យ៉ាងអស់ពីចិត្តពីថ្លើម  ចំពោះបងប្អូនកម្មករ និងប្រជាពលរដ្ឋយើង ​ទៅធ្វើការងារ ​បានប្រាក់ចំណូលសម្រាប់ដោះស្រាយជីវភាព ។


   លោកមានប្រសាសន៍ទៀតថា ទោះបីថា​ពួកគាត់ បម្រើការងារនៅក្នុងរោងចក្រ  ​នៅតាមផ្ទះឬនៅ ក្រុមហ៊ុនឯកជនក្តី បងប្អូនកម្មករយើងរីករាយសប្បាយចិត្ត   បានមកលេងស្រុកកំណើតនៅក្នុងឱកាសមានបុណ្យទាន  ដោយមិនចំណាយថវិកាក្នុងការធ្វើដំណើរ​ ។
            លោកសូមឱ្យដំណើរវិវត្តន៍ទៅបំពេញការងារវិញឱ្យមានសុខសុវត្ថិភាព និងទទួលបានភាពរីកចម្រើនគ្រប់យ៉ាង ជាពិសេសបងប្អូនយើងត្រូវខិតខំបំពេញការងារ រួមសាមគ្គីគ្នាស្រឡាញ់ជាតិមាតុភូមិ  និងនាំគ្នាបន្តថែរក្សាសុខសន្តិភាព   ដើម្បីធ្វើឱ្យប្រទេសជាតិយើងកាន់តែមានការអភិវឌ្ឍ​   និងមានការងារធ្វើសម្រាប់អនាគតកូនចៅយើងជំនាន់ក្រោយ។
  លោកស្រី ​សុ ជាតា  ​ប្រជាពលរស់នៅភូមិហាងខូសួន សង្កាត់សាមគ្គីក្រុងស្ទឹង​ត្រែង បានបញ្ជាក់ថា ៖ក្នុងសកម្មភាពនេះ អភិបាលខេត្តស្ទឹងត្រែង និង ថ្នាក់ដឹកនាំពាក់ព័ន្ធ  ​បាន ​ ​យកចិត្តទុកដាក់ ​  ជូនដំណើរកម្មករទាំងពីមក​ដល់និងត្រឡប់ទៅវិញ ​ បានមកពិនិត្យមើល​កម្មករឡើងរថយន្តជាការបង្កើនភាពស្និតស្នាលជាទីបំផុត។


      លោកស្រីបន្តថា ៖នេះជា​​ការយកចិត្តទុកដាក់​ដល់បងប្អូន​​កម្មករ ក្នុងឱកាស​​ថ្ងៃបុណ្យទាន នៅថ្ងៃឈប់សម្រាក​ ​និងបានមកលេងផ្ទះ​ជួបជុំបងប្អូនឪពុកម្ដាយដោយមិនត្រូវចំណាយថវិកា​ធ្វើដំណើរ​ជិះរថយន្តឈ្នួលទេ ។
    លោកម៉ែលសារឹទ្ធ ប្រធានការិយាល័យបច្ចេកទេសដឹកជញ្ជូនស្វយ័តសាលាក្រុងពីភ្នំពេញ​បានបញ្ជាក់ថា៖ ខេត្តស្ធឹងត្រែងមានរថយន្តចំនួន ២៩ គ្រឿង បានផ្ទុកម្មករ កម្មការិនីនិងប្រជាពលរដ្ឋ ពេញៗ ​មកខេត្តស្ទឹងត្រែងនៅថ្ងៃទី០៩តុលា  ហើយនៅថ្ងៃ១៣តុលានេះបានវិលត្រឡប់ទៅវិញ  ។
       លោកបន្តថា៖ ក្រុមបច្ចេកទេសនិងអ្នកបើកបររថយន្តដឹកជញ្ជូន ​កម្មករ ទៅមក  គោរព​ច្បាប់បើកបរ​ត្រឹមត្រូវដើម្បី​ជូនកម្មករកម្មការិនី  យើងដែល មានវត្តមាននៅលើរថយន្តទាំងអស់គ្នា​ មានសុវត្ថិភាពទាំងទៅទាំងមក​ ។
​       សូមបញ្ជាក់ថា ៖​ខេត្តស្ទឹងត្រែងមានកម្មករ និងប្រជាពលរដ្ឋជាង១.២០០ នាក់ បានធ្វើដំណើរតាមរថយន្តក្រុងចំនួន២៩គ្រឿង ​ថ្ងៃទី ០៩តុលាមកដល់ខេត្តស្ទឹងត្រែង ហើយថ្ងៃទី១៣តុលា​ធ្វើដំណើរវិលទៅបំពេញកិច្ចការងារវិញប្រកបដោយសុវត្ថិភាពដែលមានវត្តមានអភិបាលខេត្តទទួលស្វាគមន៍ទាំងទៅទាំងមក  ៕
ដោយ÷កុល សារត្ន័ សហការី រស្មីញូស៍ប្រចាំស្ទឹងត្រែង ។


ឡើងអត្ថបទនៅ | 10/14/2026 11:30:00 AM | ប្រភេទ:

ស្ថានទូតចិនតាមរយៈឯកឧត្តម ឡាវ វ៉ាន់ គាំទ្រការកែលម្អសោភណភាពសាលាបឋមសិក្សា ហ៊ុន សែន ព្រៃទទឹង

 ស្ថានទូតចិនតាមរយៈឯកឧត្តម ឡាវ វ៉ាន់ គាំទ្រការកែលម្អសោភណភាពសាលាបឋមសិក្សា ហ៊ុន សែន ព្រៃទទឹង


ខេត្តកណ្ដាល៖ ព្រឹកថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២៦ លោកបណ្ឌិត ជា មុនីឫទ្ធិ ប្រធានសមាគមអ្នកស្រាវជ្រាវវឌ្ឍនភាពកម្ពុជា-ចិន និងជាស្ថាបនិកគម្រោង «បណ្ណាល័យមេគង្គ-ឡានឆាង» នៅកម្ពុជា បានចុះពិនិត្យវឌ្ឍនភាពនៃការកែលម្អសោភណភាពអគារសិក្សា នៅក្នុងបរិវេណសាលាបឋមសិក្សា ហ៊ុន សែន ព្រៃទទឹង ស្ថិតក្នុងឃុំខ្ពប ស្រុកស្អាង ខេត្តកណ្ដាល និងការកែលម្អសោភណភាពនៅប៉ុស្តិ៍នគរបាលឃុំខ្ពប ដោយការកែលម្អទាំងពីរទីតាំងនេះទទួលបានជំនួយពីស្ថានទូតចិនប្រចាំកម្ពុជា តាមរយៈឯកឧត្តម ឡាវ វ៉ាន់ ប្រធានក្រុមការងាររាជរដ្ឋាភិបាលកម្ពុជាចុះមូលដ្ឋានឃុំខ្ពប។



ក្នុងឱកាសនោះ លោក ស៊ុំ លេខ មេឃុំ ខ្ពប បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះឯកឧត្តម ឡាវ វ៉ាន់ និងស្ថានទូតចិនប្រចាំកម្ពុជា ដែលបានយកចិត្តទុកដាក់ និងផ្តល់ការគាំទ្រដល់ការកែលម្អសោភណភាពអគារសិក្សាដោយការប្រក់ដំបូលទាំងស្រុងឡេីងវិញ ការបំពាក់ក្តារខៀនកញ្ចក់គ្រប់ថ្នាក់ ដើម្បីជួយបង្កើនភាពស្រស់ស្អាត និងលើកកម្ពស់បរិយាកាសសិក្សានៅក្នុងសាលា។



លោកមេឃុំបានបញ្ជាក់ថា ការគាំទ្រនេះមានសារៈសំខាន់ចំពោះសាលារៀន គ្រូបង្រៀន និងសិស្សានុសិស្ស ព្រោះបរិស្ថានសិក្សាដែលមានសោភណភាព និងមានភាពទាក់ទាញ អាចជួយបង្កើនការចាប់អារម្មណ៍របស់សិស្សចំពោះការសិក្សា ព្រមទាំងលើកទឹកចិត្តឱ្យពួកគេមករៀន និងខិតខំសិក្សារៀនសូត្របានកាន់តែប្រសើរ។ លោកក៏បានថ្លែងនូវការកោតសរសើរនិងវាយតម្លៃខ្ពស់ចំពោះការចូលរួមចំណែករបស់ស្ថានទូតចិន និង ឯកឧត្តម ឡាវ វ៉ាន់ ដែលជានិច្ចកាលតែងបានជួយអភិវឌ្ឍវិស័យអប់រំនៅមូលដ្ឋានឃុំខ្ពប ហេីយតំណាងអ្នកទទួលផល លោកមេឃុំបានប្តេជ្ញាចិត្តថែរក្សាសមិទ្ធផលទាំងនេះឱ្យបានគង់វង្ស ដើម្បីផ្តល់ផលប្រយោជន៍យូរអង្វែងដល់សិស្សានុសិស្សជំនាន់ក្រោយ។ លោកមេឃុំបន្ថែមថា តាមរយៈការរួមបញ្ចូលគ្នារវាងការកែលម្អហេដ្ឋារចនាសម្ព័ន្ធសាលារៀន និងការលើកកម្ពស់វប្បធម៌អំណាន សាលាបឋមសិក្សា ហ៊ុន សែន ព្រៃទទឹង បាននិងកំពុងក្លាយជាឧទាហរណ៍មួយនៃការចូលរួមចំណែករបស់ស្ថានទូតចិនប្រចាំកម្ពុជា ឯកឧត្តម ឡាវ វ៉ាន់ រួមជាមួយ ដៃគូពាក់ព័ន្ធក្នុងការគាំទ្រការអប់រំជាមូលដ្ឋាន ហេីយកិច្ចសហការនេះក៏បានបង្ហាញពីសារៈសំខាន់នៃមិត្តភាពកម្ពុជា-ចិន ក្នុងការជំរុញការផ្លាស់ប្តូរវប្បធម៌ ការចែករំលែកចំណេះដឹង និងការរួមចំណែកអភិវឌ្ឍសង្គម តាមរយៈវិស័យអប់រំ។



ការចុះពិនិត្យរបស់លោកបណ្ឌិត ជា មុនីឫទ្ធិ មានគោលបំណងតាមដានវឌ្ឍនភាពនៃការកែលម្អបរិស្ថានសិក្សា និងសោភណភាពអគារសិក្សា ព្រមទាំងបង្ហាញពីការយកចិត្តទុកដាក់លើការអភិវឌ្ឍសាលារៀន និងការលើកកម្ពស់គុណភាពអប់រំសម្រាប់កុមារនៅតាមមូលដ្ឋាន ព្រមទាំង ជាការបន្តយកចិត្តទុកដាក់ខ្ពស់លើការកែលម្អសោភណភាពសាលារៀន ការផ្តល់ធនធានសិក្សា និងការបង្កើតបរិយាកាសអប់រំប្រកបដោយគុណភាព ដែលលោកបណ្ឌិតយល់ថាជាការវិនិយោគដ៏មានតម្លៃសម្រាប់កុមាររស់នៅក្នុងឃុំខ្ពប ដែលជាចំណែកមួយនៃធនធានមនុស្សដ៏សំខាន់ក្នុងការចូលរួមអភិវឌ្ឍប្រទេសកម្ពុជានាពេលអនាគត។



គួររំលឹកថា កាលពីខែធ្នូ ឆ្នាំ២០២៤ ឯកឧត្តម ឡាវ វ៉ាន់ និងលោក Wu Chuanbing ទីប្រឹក្សាស្ថានទូតចិនប្រចាំកម្ពុជា បានអញ្ជើញចូលរួមដាក់ឱ្យដំណើរការជាផ្លូវការនូវ «បណ្ណាល័យមេគង្គ-ឡានឆាង» ទី២ នៅក្នុងសាលាបឋមសិក្សា ហ៊ុន សែន ព្រៃទទឹង ដែលជាអំណោយរបស់មជ្ឈមណ្ឌលប្រទេសចិនសម្រាប់ការបោះពុម្ពផ្សាយអន្តរជាតិ (China International Publishing Center—CIPC)។ ការបង្កើតបណ្ណាល័យនេះបានរួមចំណែកលើកកម្ពស់វប្បធម៌អំណាន ការផ្សព្វផ្សាយចំណេះដឹង និងការផ្តល់ឱកាសឱ្យសិស្សានុសិស្សទទួលបានធនធានសិក្សាបន្ថែម ដើម្បីពង្រីកចំណេះដឹង និងបណ្តុះទម្លាប់អានសៀវភៅតាំងពីវ័យកុមារ៕






ឡើងអត្ថបទនៅ | 10/13/2026 01:05:00 PM | ប្រភេទ: