រដ្ឋបាលក្រុងស្ទឹងត្រែងរៀបចំសណ្តាប់ធ្នាប់ដើម្បីទីក្រុងស្អាត
ខេត្តស្ទឹងត្រែង- រដ្ឋបាលក្រុងស្ទឹងត្រែង ចុះរៀបចំ សណ្ដាប់ធ្នាប់សាធារណៈ ដើម្បីធ្វើឱ្យទីក្រុងមានសោភណភាពស្អាត និងទាក់ទាញភ្ញៀវទេសចរ មកខេត្តស្ទឹងត្រែងឱ្យបានច្រើននៅចុងឆ្នាំនេះ និងស្របពេលដែលរដូវបុណ្យភ្ជុំជិតចូលមកដល់ផង ។
ក្នុងសកម្មភាពចុះរៀបចំសណ្តាប់ធ្នាប់ នៅសងខាងផ្លូវលេខ២ ខ្សែទី២៩និងផ្លូវជាតិលេខ ៧ ជុំវិញគល់ស្ពានមិត្តភាពកម្ពុជាចិន សេកុង ជួរមាត់ទន្លេ ក្នុងភូមិស្រែពោធិ សង្កាត់ស្រះឬស្សី ក្រុង ខេត្តស្ទឹងត្រែង នៅថ្ងៃទី២២កញ្ញាឆ្នាំ២០២៦ លោកម៉ម ដារ៉ា អភិបាលរងក្រុងបញ្ចាក់ថា៖កិច្ចការងារខាងលើនេះ រដ្ឋបាលក្រុងបានចេញសេចក្តីជូនដំណឹងទៅបងប្អូនប្រជាពលរដ្ឋប្រកបរបរអាជីវកម្មលក់ដូរគ្រប់ប្រភេទ ដែលកំពុងលក់ដូរនិងសាងសង់សំណង់ សំយ៉ាប់ផ្ទះ បង្កផលប៉ះពាល់ដល់ទីសាធារណៈរួចមកហើយ ។
លោកបន្តថា៖ ការលក់ដូរនិងសំណង់គ្នានរបៀបនេះ ត្រូវធ្វើការរុះរើចេញព្រោះវាបង្កឲ្យមានផលប៉ះពាល់ ព្រមទាំងមានការបង្ហូរ ទឹកកខ្វក់ធ្វើឲ្យមានការហូរច្រោះ មកលើផ្លូវសាធារណៈនិងបង្កឲ្យមានក្លិនស្អុយ ប៉ះពាល់ដល់អនាម័យបរិស្ថានផងដែរ។
លោកបានណែនាំថា រដ្ឋបាលក្រុងស្ទឹងត្រែងទុករយៈពេលឱ្យ១០ថ្ងៃចាប់ពីថ្ងៃជូនដំណឹងលើកចុងក្រោយនេះ ក្នុងករណីមិនគោរពអនុវត្តតាមការណែនាំ អាជ្ញាធរក្រុងនិងសហការជាមួយអង្គភាពពាក់ព័ន្ធ និងកម្លាំងមានសមត្ថកិច្ចចាត់វិធានការរដ្ឋបាល និងមិនទទួលខុសត្រូវរាល់ការខូចខាតបាត់បង់សម្ភារៈ ឬទ្រព្យសម្បត្តិអ្វីឡើយ។
លោកស្រីសុខ.វល័ក្ខ អ្នកលក់ដូរសម្លៀកបំពាក់នៅជិតស្ពានសេកុងបានបញ្ជាក់ថា៖កិច្ចការងារនេះលោកស្រីចូលរួមជាមួយអាជ្ញាធរ ព្រោះក្នុងរយៈពេលជាង២ឆ្នាំមកនេះអភិបាលខេត្តនិងថ្នាក់ដឹកនាំពាក់ព័ន្ធ រៀបចំអភិវឌ្ឍខេត្តបានច្រើន ជាសមិទ្ធផលបានទាក់ទាញភ្ញៀវទេសចរ ដូចជានៅជិតស្អានសេកុង មានរូបបដិមាលោកតាស៊ិនស៊ីសាមុត។
លោកស្រីគាំទ្រកម្លាំងសមត្ថកិច្ចបានមកជូនដំណឹងនេះ ហើយឱ្យបងប្អូនអាជីវករទាំងអស់និងផ្លាស់ប្តូរទៅលក់នៅទីតាំងផ្សេងពីទីនេះ ដើម្បីកុំឱ្យពួកបាត់បង់ប្រាក់ចំណូល ហើយក្នុងក្រុងក៍មានសណ្តាប់ធ្នាប់ល្អ ក្នុងឱកាសបុណ្យភ្ជំបិណ្ឌ ជិតចូលមកដល់។
សូមបញ្ចាក់ថា៖ទីតាំងជិតស្ពានមេកុងនេះអភិបាលខេត្តនិងស្ថាបនាផ្លូវអែបខាងលិចស្ពានមួយខ្សែទៀត ដើម្បីងាយស្រួលប្រជាពលរដ្ឋនិងភ្ញៀវទេសចរឆ្លងកាត់ និងបានផ្តល់សោភណភាពស្អាត នៅតំបន់ជួរមាត់ទន្លេផង ៕
ដោយ កុល សារត្ន័ សហការី រស្មីញូស៍ប្រចាំ ខេត្ត ស្ទឹងត្រែងថ្ងៃទី ២២ កញ្ញា ឆ្នាំ២០២៦ ។














