រដ្ឋបាលរាជធានីភ្នំពេញ រៀបចំវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សារាជធានីភ្នំពេញ អាណត្តិទី៤ ឆ្នាំ២០២៦ នៅខណ្ឌដូនពេញ
រាជធានីភ្នំពេញ៖ នាព្រឹកថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២៦ រដ្ឋបាលរាជធានីភ្នំពេញ បានរៀបចំវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សារាជធានីភ្នំពេញ អាណត្តិទី៤ ឆ្នាំ២០២៦ នៅខណ្ឌដូនពេញ ក្រោមអធិបតីភាពឯកឧត្តម ជួប ខុន តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម ម៉ប់ សារិន ប្រធានក្រុមប្រឹក្សារាជធានីភ្នំពេញ ឯកឧត្តម គឹម សេតារា រដ្ឋលេខាធិការនៃទីស្តីការគណៈរដ្ឋមន្ត្រី និងជាអនុប្រធានក្រុមការងារថ្នាក់ជាតិចុះមូលដ្ឋានខណ្ឌដូនពេញ តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តមសន្តិបណ្ឌិត ឆៃ ស៊ីណារិទ្ធ ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេស និងជាប្រធានក្រុមការងារថ្នាក់ជាតិចុះមូលដ្ឋានខណ្ឌដូនពេញ ព្រមទាំងឯកឧត្តម សុខ ពេញវុធ អភិបាលរងនៃគណៈអភិបាលរាជធានីភ្នំពេញ តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម ឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ។ វេទិកានេះប្រព្រឹត្តទៅនៅវិទ្យាស្ថានជាតិអប់រំ។
វេទិកានេះមានការអញ្ជើញចូលរួមពីឯកឧត្តម លោកជំទាវ សមាជិកក្រុមប្រឹក្សារាជធានីភ្នំពេញ លោក លោកស្រី ជាប្រធាន និងអនុប្រធានមន្ទីរ-អង្គភាពនានាជុំវិញរាជធានី សមាជិកក្រុមប្រឹក្សាខណ្ឌ គណៈអភិបាលខណ្ឌ គណៈនាយករដ្ឋបាលខណ្ឌ កងកម្លាំងប្រដាប់អាវុធទាំងបីប្រភេទ ប្រធាន និងអនុប្រធានការិយាល័យទាំង១១ ចៅសង្កាត់ទាំង១១ នាយនគរបាលប៉ុស្តិ៍ទាំង១១ ប្រធានទីរួមផ្សារទាំង៣ ព្រមទាំងប្រជាពលរដ្ឋយ៉ាងច្រើនកុះករ។
វេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់នេះ មានគោលបំណងផ្តល់ឱកាសដល់ប្រជាពលរដ្ឋ និងអ្នកពាក់ព័ន្ធទាំងអស់ បានស្វែងយល់អំពីស្ថានភាពទូទៅនៃការអភិវឌ្ឍនៅរាជធានីភ្នំពេញ ខណ្ឌ និងសង្កាត់ ព្រមទាំងបញ្ហាប្រឈមនានាដែលបានកើតឡើងក្នុងមូលដ្ឋានកន្លងមក។
ជាមួយគ្នានេះ វេទិកាក៏ជាយន្តការដ៏សំខាន់មួយសម្រាប់ប្រជាពលរដ្ឋក្នុងការបញ្ចេញមតិ លើកឡើងពីក្តីកង្វល់ សំណូមពរ និងតម្រូវការជាក់ស្តែងនៅក្នុងមូលដ្ឋានរបស់ខ្លួន ដើម្បីឱ្យអាជ្ញាធរ និងមន្ទីរ-អង្គភាពពាក់ព័ន្ធបានទទួលព័ត៌មានដោយផ្ទាល់ ពិនិត្យពិចារណា និងចាត់វិធានការដោះស្រាយឱ្យបានសមស្រប និងទាន់ពេលវេលា។
ការរៀបចំវេទិកានេះបានបង្ហាញពីសារៈសំខាន់នៃការចូលរួមរបស់ប្រជាពលរដ្ឋក្នុងដំណើរការអភិវឌ្ឍមូលដ្ឋាន និងការលើកកម្ពស់ការទំនាក់ទំនងរវាងអាជ្ញាធរមូលដ្ឋាន និងប្រជាពលរដ្ឋ ដើម្បីឆ្លើយតបឱ្យកាន់តែមានប្រសិទ្ធភាពចំពោះតម្រូវការជាក់ស្តែង សំដៅរួមចំណែកធ្វើឱ្យការគ្រប់គ្រង និងការអភិវឌ្ឍនៅមូលដ្ឋានកាន់តែប្រសើរឡើង។
























