រដ្ឋបាលខេត្តស្ទឹងត្រែង ប្រារព្ធព្រះរាជពិធីថ្វាយមហាព្រះរាជកុសល និងគោរពព្រះវិញ្ញាណក្ខន្ធ «ព្រះបរមរតនកោដ្ឋ» គម្រប់ខួប១៤ឆ្នាំ នៃការយាងសោយព្រះទីវង្គត

 

រដ្ឋបាលខេត្តស្ទឹងត្រែង ប្រារព្ធព្រះរាជពិធីថ្វាយមហាព្រះរាជកុសល និងគោរពព្រះវិញ្ញាណក្ខន្ធ «ព្រះបរមរតនកោដ្ឋ» គម្រប់ខួប១៤ឆ្នាំ នៃការយាងសោយព្រះទីវង្គត
ខេត្តស្ទឹងត្រែង៖ រដ្ឋបាលខេត្តស្ទឹងត្រែង បានប្រារព្ធព្រះរាជពិធីថ្វាយមហាព្រះរាជកុសល និងគោរពព្រះវិញ្ញាណក្ខន្ធ «ព្រះបរមរតនកោដ្ឋ» នៃកម្ពុជា ក្នុងឱកាសគម្រប់ខួប១៤ឆ្នាំ នៃការយាងសោយព្រះទីវង្គតរបស់ព្រះករុណា ព្រះបាទសម្តេចព្រះ នរោត្តម សីហនុ ព្រះមហាវីរក្សត្រ ព្រះបរមរតនកោដ្ឋ នាថ្ងៃទី១៥ ខែតុលា ឆ្នាំ២០១២ ដល់ថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២៦។

ព្រះរាជពិធីនេះបានប្រារព្ធឡើងនៅថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២៦ នៅបរិវេណព្រះមណ្ឌលព្រះរាជសកម្មភាព ស្ថិតក្នុងស្រុកបុរីអូរស្វាយសែនជ័យ ខេត្តស្ទឹងត្រែង ក្រោមអធិបតីភាពឯកឧត្តម សរ សុពុត្រា អភិបាលខេត្តស្ទឹងត្រែង ដោយមានការចូលរួមពីថ្នាក់ដឹកនាំ មន្ត្រីរាជការ ព្រះសង្ឃ និងប្រជាពលរដ្ឋក្នុងមូលដ្ឋាន ដើម្បីសម្តែងនូវកតញ្ញូតាធម៌ និងការដឹងគុណដ៏ជ្រាលជ្រៅចំពោះព្រះរាជបូជនីយកិច្ច និងព្រះរាជស្នាព្រះហស្តដ៏ឧត្តុង្គឧត្តមរបស់ព្រះអង្គ។ក្នុងឱកាសនោះ ឯកឧត្តម សរ សុពុត្រា បានមានប្រសាសន៍ថា កូនចៅ ចៅទួតខ្មែរគ្រប់រូប មិនអាចបំភ្លេចព្រះរាជស្នាព្រះហស្តរបស់ព្រះបរមរតនកោដ្ឋបានឡើយ។ ថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ ព្រះសង្ឃ និងប្រជាពលរដ្ឋទូទាំងប្រទេស នៅតែចងចាំជានិច្ចនូវព្រះរាជគុណូបការៈដ៏ថ្លៃថ្លារបស់ព្រះអង្គ និងគោរពដឹងគុណចំពោះព្រះរាជបូជនីយកិច្ចក្នុងការបម្រើជាតិ សាសនា និងប្រជារាស្ត្រខ្មែរ។

ឯកឧត្តមអភិបាលខេត្តបានបន្តថា ទឹកដីស្រុកបុរីអូរស្វាយសែនជ័យ ខេត្តស្ទឹងត្រែង គឺជាទីតាំងប្រវត្តិសាស្ត្រមួយដែលព្រះបរមរតនកោដ្ឋ ព្រះមហាវីរក្សត្រ ព្រះបរមរតនកោដ្ឋ ព្រះរាជបិតាឯករាជ្យជាតិ បូរណភាពទឹកដី និងឯកភាពជាតិខ្មែរ បានយកព្រះទ័យទុកដាក់ក្នុងការកសាងសមិទ្ធផលនានា រួមមានស្តូបព្រះឆាយាល័ក្ខណ៍ និងបង្គោលប្រវត្តិសាស្ត្រនៃការអភិវឌ្ឍតាមផែនការប្រាំឆ្នាំ។ សមិទ្ធផលទាំងនេះបានបន្សល់ទុកជាមរតកប្រវត្តិសាស្ត្រដ៏មានតម្លៃសម្រាប់កូនចៅជំនាន់ក្រោយ ហើយត្រូវបានរាជរដ្ឋាភិបាលបន្តយកចិត្តទុកដាក់ថែរក្សារហូតមកដល់បច្ចុប្បន្ន។

ជាមួយគ្នានេះ លោក ផាន់ យុត អភិបាលស្រុកបុរីអូរស្វាយសែនជ័យ បានបញ្ជាក់ថា ប្រជាពលរដ្ឋក្នុងមូលដ្ឋាននៅតែបន្តចូលរួមអភិរក្ស និងថែរក្សាសមិទ្ធផលព្រះរាជស្នាព្រះហស្ត ព្រមទាំងទីតាំងប្រវត្តិសាស្ត្រដែលបានកកើតឡើងនៅតំបន់និគមជនអូរស្វាយ ដើម្បីរក្សាទុកជាមរតកសម្រាប់កូនចៅជំនាន់ក្រោយ។

លោកអភិបាលស្រុកបានបន្ថែមថា នៅក្នុងមូលដ្ឋាននេះ នៅមានចាស់ព្រឹទ្ធាចារ្យមួយចំនួនដែលធ្លាប់បានឆ្លងកាត់ព្រឹត្តិការណ៍ក្នុងសម័យនោះ និងអាចចែករំលែករឿងរ៉ាវប្រវត្តិសាស្ត្រដល់កូនចៅជំនាន់ក្រោយបាន។ ការចងក្រង និងបន្តផ្សព្វផ្សាយរឿងរ៉ាវទាំងនេះ គឺជាការរួមចំណែកដ៏សំខាន់ក្នុងការថែរក្សាការចងចាំអំពីប្រវត្តិសាស្ត្ររបស់សហគមន៍។

សូមជម្រាបថា តំបន់និគមជនអូរស្វាយត្រូវបានបង្កើតឡើងនៅឆ្នាំ១៩៦២ ដោយមានប្រជាពលរដ្ឋចំនួន៦៨គ្រួសារបានមកតាំងទីលំនៅនៅទីនោះ។ បច្ចុប្បន្ន ទីតាំងដែលបន្សល់ទុកនូវព្រះរាជស្នាព្រះហស្ត និងស្នាដៃប្រវត្តិសាស្ត្ររបស់ព្រះបរមរតនកោដ្ឋ ត្រូវបានយកចិត្តទុកដាក់រៀបចំ និងថែរក្សាឱ្យបានល្អ ដើម្បីរក្សាតម្លៃប្រវត្តិសាស្ត្រ និងជំរុញការទាក់ទាញភ្ញៀវទេសចរឱ្យមកទស្សនាតំបន់នេះកាន់តែច្រើនថែមទៀត។

ព្រះរាជពិធីនេះ គឺជាការរំលឹកដល់ព្រះរាជគុណូបការៈ និងព្រះរាជស្នាព្រះហស្តដ៏ថ្លៃថ្លារបស់ព្រះបរមរតនកោដ្ឋ ព្រមទាំងជាការជំរុញឱ្យកូនចៅខ្មែរគ្រប់ជំនាន់បន្តស្រឡាញ់ ថែរក្សា និងអភិរក្សមរតកប្រវត្តិសាស្ត្រជាតិឱ្យបានគង់វង្ស។

ដោយ៖ កុល សារ័ត្ន សហការីរស្មីញូស៍ប្រចាំខេត្តស្ទឹងត្រែង