លោក Li Qiang នាយករដ្ឋមន្ត្រីចិនអញ្ជើញចូលរួមពិធីបើកពិព័រណ៍នាំចេញនាំចូលចិនលើកទី ១៤០ និងថ្លែងសុន្ទរកថាគន្លឹះ

 លោក Li Qiang នាយករដ្ឋមន្ត្រីចិនអញ្ជើញចូលរួមពិធីបើកពិព័រណ៍នាំចេញនាំចូលចិនលើកទី ១៤០ និងថ្លែងសុន្ទរកថាគន្លឹះ

នៅរសៀលថ្ងៃទី ១៤ ខែតុលា លោក Li Qiang នាយករដ្ឋមន្ត្រីចិនបានអញ្ជើញចូលរួមពិធីបើកពិព័រណ៍នាំចេញនាំចូលចិនលើកទី ១៤០ និងថ្លែងសុន្ទរកថាគន្លឹះនៅក្រុងក្វាងចូវ ខេត្តក្វាងតុង ប្រទេសចិន។

លោក Li Qiang បានលើកឡើងថា ពិព័រណ៍នាំចេញនាំចូលចិនបានឆ្លងកាត់ការសាកល្បងនៃការប្រែប្រួលនៃស្ថានការណ៍អន្តរជាតិ តែបាន​បញ្ចេញនូវភាពរស់រវើកថ្មីជាបន្តបន្ទាប់ ដែលបានបង្ហាញពីខ្លឹមសារដ៏សាមញ្ញ ប៉ុន្តែស៊ីជម្រៅ ពោលគឺ ទី១ ការតភ្ជាប់ទីផ្សារមិនមែនជាឧបករណ៍សម្រាប់ការប្រកួតប្រជែងទេ ប៉ុន្តែជាវិធានការដ៏មានប្រសិទ្ធភាពដើម្បីបង្កើតកំណើន ។ ទី ២  ពាណិជ្ជកម្មអន្តរជាតិមិនមែនគ្រាន់តែជាតួលេខប៉ុណ្ណោះទេ ប៉ុន្តែជាជម្រើសដោយម្ចាស់ការដើម្បីបង្កើនសុខុមាលភាព។ ទី ៣ ការផ្តល់ផលប្រយោជន៍ទៅវិញទៅមក និងឈ្នះ-ឈ្នះ មិនមែនជាការធ្វើសម្បទានដោយឯកតោភាគីទេ ប៉ុន្តែជាការផ្តល់ផលប្រយោជន៍ទៅវិញទៅមក។ ប្រទេសចិន​ជាមិត្តល្អដែលគួរឱ្យទុកចិត្តបាន និងអាចពឹងផ្អែកបានរបស់ប្រទេសកំពុងអភិវឌ្ឍន៍ជានិច្ច ចិនមានឆន្ទៈក្នុងការពួតដៃគ្នាជាមួយប្រទេសកំពុងអភិវឌ្ឍន៍ដើម្បីដើរលើផ្លូវ​ឆ្ពោះទៅរកការធ្វើទំនើបកម្ម។
លោក Li Qiang បានគូសបញ្ជាក់ថា ប្រទេសចិននឹងបន្តជំរុញការអភិវឌ្ឍប្រកបដោយគុណភាពខ្ពស់ និងពង្រីកការបើកចំហកម្រិតខ្ពស់ ព្រមទាំងបំពេញបន្ថែមកម្លាំងចលករសម្រាប់ជំរុញសេដ្ឋកិច្ចពិភពលោកតាមរយៈប្រតិបត្តិការយ៉ាងសកម្មនិងជាក់ស្តែង៕

ឡើងអត្ថបទនៅ | 10/16/2026 07:31:00 AM | ប្រភេទ:

#CCFR Comment#បទវិភាគ៖ទិន្នន័យពាណិជ្ជកម្មអន្តរជាតិលើសពីការប៉ាន់ប្រមាណទុកជាមុន ធ្វើដំណើរជាមួយប្រទេសចិនគឺធ្វើដំណើរជាមួយកាលានុវត្តភាព

 #CCFR Comment#បទវិភាគ៖ទិន្នន័យពាណិជ្ជកម្មអន្តរជាតិលើសពីការប៉ាន់ប្រមាណទុកជាមុន ធ្វើដំណើរជាមួយប្រទេសចិនគឺធ្វើដំណើរជាមួយកាលានុវត្តភាព

“លើសពីការប៉ាន់ប្រមាណទុកជាមុន” “ទប់ទល់នឹងកម្លាំងសម្ពាធ ” “រក្សាបាននូវភាពខ្លាំងក្លា” ។ល។ នៅថ្ងៃទី ១៤ ខែតុលា រដ្ឋាភិបាលចិនបានប្រកាសទិន្នន័យនៃពាណិជ្ជកម្មនាំចេញនាំចូល ពីត្រីមាសទី១ ដល់ទី៣ ក្នុងឆ្នាំនេះ  ប្រព័ន្ធសារព័ត៌មានអន្តរជាតិ ដូចជាទីភ្នាក់ងារសារព័ត៌មានរ៉យទ័រជាដើម បាននាំគ្នាវាយតម្លៃដូចការលើកឡើងខាងលើ ។ ទិន្នន័យបានបង្ហាញថា ក្នុងបីត្រីមាសដើមឆ្នាំនេះ ពាណិជ្ជកម្មនាំចេញនាំចូលទំនិញរបស់ចិនមានទំហំ ៣៩,៩៤ ទ្រីលានយាន់បា្រក់ចិន  បានកើនឡើង ១៨,៨% បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន ក្នុងនោះ ពាណិជ្ជកម្មនាំចេញបានកើនឡើង១៦,៤ភាគរយ ពាណិជ្ជកម្មនាំចូលបានកើនឡើង២២,៣ភាគរយ ។ នៅខែកញ្ញា ពាណិជ្ជកម្មនាំចេញនាំចូលទំនិញមានទំហំ ៥,១៦ ទ្រីលានយាន់បា្រក់ចិន បានបំបែកចំនួន៥ទ្រីលានយាន់ប្រាក់ចិនជាលើកដំបូង ដែលបានកើនឡើង២៧,៥ភាគរយ បើប្រៀបធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន ។ បើនិយាយពីបរិបទទូទៅ បរិមាណ និងគុណភាពនៃពាណិជ្ជកម្មនាំចេញនាំចូលបានលើកកម្ពស់ស្របពេលជាមួយគ្នា ដែលបានរក្សាបាននូវនិន្នាការកើនឡើងដ៏ល្អប្រសើរ ។
        ក្នុងនាមជាប្រទេសធំជាងគេលើវិស័យឧស្សាហកម្មកម្មន្តសាល និងទីផ្សារប្រើប្រាស់ធំទីពីរនៅលើពិភពលោក ពាណិជ្ជកម្មអន្តរជាតិរបស់ចិន ពាក់ព័ន្ធដល់ស្ថិរភាពនៃខ្សែសង្វាក់ឧស្សាហកម្ម និងខ្សែសង្វាក់ផ្គត់ផ្គង់សកល និងការអភិវឌ្ឍរបស់សហគ្រាសនៃបណ្តាប្រទេសនានា ។ ក្នុងឆ្នាំដែលប្រទេសចិនចាប់ផ្តើមអនុវត្តផែនការអភិវឌ្ឍន៍ជាតិ៥ឆ្នាំទី១៥ ពាណិជ្ជកម្មនាំចេញនាំចូលរបស់ចិនក្នុងបីត្រីមាសដើមឆ្នាំនេះ សម្រេចបាននូវ “ភាពលឿន ភាពថ្មី មានគុណភាពនិងល្អប្រសើរ ” តើនេះអាចនាំមកនូវអ្វីដល់ពិភពលោក ?
        បើនិយាយពីការនាំចេញអាចឃើញថា ដោយសារប្រទេសចិនមានប្រព័ន្ធឧស្សាហកម្មពេញលេញ និងបានខិតខំប្រឹងប្រែងធ្វើឱ្យឧស្សហកម្មកម្មន្តសាលជឿនលឿនមានភាពកាន់តែខ្លាំងឡើងៗ ដូច្នេះ ប្រទេសចិនអាចឆ្លើយតបនឹងតម្រូវការលើវិស័យផលិតកម្ម និងការប្រើប្រាស់នៅលើពិភពលោកដោយចំគោលដៅ ឆាប់រហ័ស និងមានប្រសិទ្ធភាព ព្រមទាំងអាចផ្តល់ការផ្គត់ផ្គង់ប្រកបដោយគុណភាព និងស្ថិរភាព ។ ទាំងនាវា មនុស្សយន្តឧស្សាហកម្ម ម៉ូឌុលទូរគមនាគមន៍អុបទិកល្បឿនលឿន និងរ៉ាក់ម៉ាស៊ីនមេកុំព្យូធីង AI  ប្រទេសចិនបានបន្តដើរតួនាទីជា “យុថ្កា”សម្រាប់ស្ថិរភាពខ្សែសង្វាក់ឧស្សាហកម្ម និងខ្សែសង្វាក់ផ្គត់ផ្គង់សកល ដោយបង្កើនលើកកម្ពស់សមត្ថភាពអភិវឌ្ឍន៍ឧស្សាហកម្មរបស់ប្រទេសពាក់ព័ន្ធនានា ។
        ក្នុងនាមជា“អ្នកលក់កំពូលផុតលេខ”និង“អ្នកទិញកំពូលផុតលេខ” ប្រទេសចិនបាននាំមកនូវ “ផលប្រយោជន៍ដល់អ្នកជិតខាង” និង “វិបុលភាពដល់អ្នកជិតខាង”កាន់តែច្រើន ។ បច្ចុប្បន្ននេះ ប្រទេសចិនបានក្លាយជាទីផ្សារនាំចូលធំទីពីរនៅលើពិភពលោកក្នុងរយៈពេល ១៧ឆ្នាំជាប់ៗគ្នា ។ ផែនការអភិវឌ្ឍ៥ឆ្នាំ ទី១៥ បានលើកឡើងយ៉ាងច្បាស់ថា នឹងជំរុញឱ្យការនាំចេញនិងការនាំចូលទទួលបានការអភិវឌ្ឍប្រកបដោយតុល្យភាព ។ ក្នុងបីត្រីមាសដើមឆ្នាំនេះ តាមរយៈឧស្សាហកម្មកម្មន្តសាលដ៏ជឿនលឿនទទួលបានការរីកចម្រើនជាបន្តបន្ទាប់ ការនាំចូលគ្រឿងបន្លាស់ផ្ទុករបស់ចិនបានកើនឡើង១,៥ដង  ការនាំចូលសៀគ្វីរួមបញ្ចូលគ្នាបានកើនឡើង៥៦,៦ភាគរយ  ការនាំចូលគ្រឿងបន្លាស់យន្តហោះបានកើនឡើង១៧,៦ភាគរយ ។
        ទន្ទឹមនឹងនេះ យោងតាមការប្រើប្រាស់របស់ប្រជាជនចិនបានលើកកម្ពស់ថ្នាក់ ទើបក្នុងបីត្រីមាសដើមឆ្នាំនេះ ការនាំចូលផ្លែធូរេនស្រស់ពីប្រទេសម៉ាឡេស៊ីបានកើនឡើង ៣,៣ ដង ការនាំចូលត្រីសាម៉ុងពីកោះហ្វារ៉ូបានកើនឡើង ៤១,៤ភាគរយ ។ល។  “ទំនិញល្អនៅទូទាំងពិភពលោក” កាន់តែច្រើនឡើងៗបាននាំចូលដល់ប្រទេសចិន មិនត្រឹមតែបានបំពេញតម្រូវការផ្នែកផលិតកម្ម និងជីវភាពរស់នៅរបស់ប្រទេសចិនប៉ុណ្ណោះទេ ថែមទាំងក៏បាននាំមកនូវការបញ្ជាទិញ និងឱកាសអភិវឌ្ឍន៍កាន់ច្រើនដល់សហគ្រាសនៃបណ្តាប្រទេសនានាទៀតផងដែរ ។
         ពាណិជ្ជកម្មអន្តរជាតិ ជាបង្អួចដ៏សំខាន់មួយសម្រាប់ពិនិត្យអង្កេតភាពរស់រវើកនៃសេដ្ឋកិច្ចចិន ។ ការដែលកម្លាំងចលករ និងភាពរស់រវើកនៃការអភិវឌ្ឍពាណិជ្ជកម្មអន្តរជាតិក្នុងបីត្រីមាសដើមឆ្នាំនេះ មានភាពកាន់តែខ្លាំងឡើងៗ បានបង្ហាញថា និន្នាការជាទូទៅនៃសេដ្ឋកិច្ចចិនដែលមានភាពល្អប្រសើរក្នុងរយៈពេលយូរមិនអាចកែប្រែទេ  ប្រទេសចិនមានជំនឿចិត្ត និងមានសមត្ថភាពក្នុងការសម្រេចបាននូវគោលដៅនៃការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គមក្នុងពេញមួយឆ្នាំ ។
ពិព័រណ៍នាំចេញនាំចូលចិនលើកទី១៤០បានប្រារព្ធធ្វើឡើងនៅថ្ងៃទី ១៤ ខែតុលា  ។ នៅខែវិច្ឆកា ពិព័រណ៍នាំចូលចិនអន្តរជាតិលើទី៩ និងសនិ្នសីទក្រៅផ្លូវការលើកទី៣៣  នៃថ្នាក់ដឹកនាំអង្គការសហប្រតិបតិ្តការសេដ្ឋកិច្ចអាស៊ី-ប៉ាស៊ីហ្វិកក៏នឹងរៀបចំឡើងជាបន្តបន្ទាប់ ។ ទ្វារបើកទូលាយរបស់ចិននឹងបើកចំហកាន់តែធំឡើងៗ  ពិភពលោកអាចមើលឃើញកាន់តែច្បាស់ថា ធ្វើដំណើរជាមួយប្រទេសចិនគឺធ្វើដំណើរជាមួយកាលានុវត្តភាព ៕

ឡើងអត្ថបទនៅ | 10/16/2026 07:26:00 AM | ប្រភេទ:

ទស្សនាវដ្តី Qiushi ចុះផ្សាយអត្ថបទសំខាន់របស់លោក Xi Jinping អគ្គលេខាធិការមជ្ឈិមបក្សកុម្មុយនីស្តចិនដែលមានចំណងជើងថា«ជំរុញអភិបាលកិច្ចបក្សដោយតឹងរ៉ឹងគ្រប់ជ្រុងជ្រោយតាមរយៈស្តង់ដារកាន់តែខ្ពស់ និងវិធានការកាន់តែជាក់ស្តែង»

 ទស្សនាវដ្តី Qiushi ចុះផ្សាយអត្ថបទសំខាន់របស់លោក Xi Jinping  អគ្គលេខាធិការមជ្ឈិមបក្សកុម្មុយនីស្តចិនដែលមានចំណងជើងថា«ជំរុញអភិបាលកិច្ចបក្សដោយតឹងរ៉ឹងគ្រប់ជ្រុងជ្រោយតាមរយៈស្តង់ដារកាន់តែខ្ពស់ និងវិធានការកាន់តែជាក់ស្តែង»

ទស្សនាវដ្តី Qiushi ដែលចេញនៅថ្ងៃទី ១៦ ខែតុលា នឹងចុះផ្សាយអត្ថបទសំខាន់របស់លោក Xi Jinping អគ្គលេខាធិការនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិន ប្រធានរដ្ឋចិន និងជាប្រធានគណៈកម្មាធិការយោធាមជ្ឈិមចិនដែលមានចំណងជើងថា«ជំរុញអភិបាលកិច្ចបក្សដោយតឹងរ៉ឹងគ្រប់ជ្រុងជ្រោយតាមរយៈស្តង់ដារកាន់តែខ្ពស់ និងវិធានការកាន់តែជាក់ស្តែង»។
អត្ថបទនេះបានលើកឡើងថា ក្នុងអំឡុងពេលអនុវត្ត«ផែនការប្រាំឆ្នាំទី១៥» គឺជារយៈពេលដ៏សំខាន់សម្រាប់កសាងមូលដ្ឋានគ្រឹះដ៏រឹងមាំ និងធ្វើកិច្ចខិតខំប្រឹងពេញទំហឹង ដើម្បីសម្រេចបានជាមូលដ្ឋាននូវការធ្វើទំនើបកម្មសង្គមនិយម ។ដើម្បីប្រែក្លាយផែនការមេដែលដាក់ចេញដោយកិច្ចប្រជុំពេញអង្គលើកទី៤ នៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិនអាណត្តិទី២០ ឱ្យទៅជាការពិត ចាំបាច់ត្រូវប្រកាន់ខ្ជាប់និងពង្រឹងការដឹកនាំដោយគ្រប់ជ្រុងជ្រោយរបស់បក្ស និងជំរុញអភិបាលកិច្ចបក្សដោយតឹងរ៉ឹងគ្រប់ជ្រុងជ្រោយឥតឈប់ឈរ ។
អត្ថបទសង្កត់ធ្ងន់ថា ត្រូវអនុវត្តការសម្រេចចិត្តនិងការរៀបចំចាត់ចែងសំខាន់ៗរបស់គណៈកម្មាធិការមជ្ឈិមបក្សឲ្យបានមុតមាំ និងខ្លាំងក្លាជាងមុន ដែលជាតម្រូវការជាមូលដ្ឋានសម្រាប់គាំពារកិត្យានុភាពនិងការដឹកនាំដោយឯកភាពរបស់មជ្ឈិមបក្ស  ចាំបាច់ត្រូវដាក់អំណាចក្រោមការគ្រប់គ្រងដោយច្បាប់តាមបែបវិទ្យាសាស្ត្រ និងមានប្រសិទ្ធភាព ដែលជាភារកិច្ចសំខាន់មួយនៃអភិបាលកិច្ចបក្សដោយតឹងរ៉ឹងគ្រប់ជ្រុងជ្រោយនៅក្នុងយុគសម័យថ្មី។ ចាំបាច់ត្រូវជំរុញការតស៊ូប្រឆាំងនឹងអំពើពុករលួយឲ្យកាន់តែមុតមាំ និងកែលម្អយន្តការការងារប្រឆាំងអំពើពុករលួយបន្ថែមទៀត៕

ឡើងអត្ថបទនៅ | 10/16/2026 07:15:00 AM | ប្រភេទ:

លោក Xi Jinping ប្រធានរដ្ឋចិនជួបពិភាក្សាជាមួយលោក Faure Essozimna Gnassingbéប្រធានក្រុមប្រឹក្សារដ្ឋមន្រ្តីនៃតូហ្គោ

 លោក Xi Jinping ប្រធានរដ្ឋចិនជួបពិភាក្សាជាមួយលោក Faure Essozimna Gnassingbéប្រធានក្រុមប្រឹក្សារដ្ឋមន្រ្តីនៃតូហ្គោ

នៅថ្ងៃទី១៣ ខែតុលា លោក Xi Jinping ប្រធានរដ្ឋចិនបានជួបពិភាក្សាជាមួយលោក Faure Essozimna Gnassingbéប្រធានក្រុមប្រឹក្សារដ្ឋមន្រ្តីនៃតូហ្គោ។ មេដឹកនាំទាំងពីររូបបានប្រកាសដំឡើងទំនាក់ទំនងទ្វេភាគី​ទៅជាសហគមន៍ជោគវាសនារួមចិន-តូហ្គោក្នុងយុគសម័យថ្មី។

លោក Xi Jinping បានលើកឡើងថា មិត្តភាពប្រពៃណីរវាងចិន និងតូហ្គោ ដែលត្រូវបានបង្កើតឡើងដោយមេដឹកនាំជំនាន់ចាស់នៃប្រទេសទាំងពីរ មានមូលដ្ឋានគ្រឹះដ៏រឹងមាំ និងមានភាព​ស៊ីជម្រៅ។ គោលគំនិតនៃកិច្ចសហប្រតិបត្តិការមិត្តភាពរវាងចិន និងតូហ្គោ មានភាពស៊ីសង្វាក់គ្នា និងមានវិសាលភាពទូលំទូលាយ។
លោក Xi Jinping បានលើកឡើងគោលការណ៍ចំនួនបួនសម្រាប់ការចូលរួមប្រកបដោយលក្ខណៈស្ថាបនារបស់គ្រប់ភាគីទាំងអស់ក្នុងការដោះស្រាយបញ្ហាក្តៅគគុកនៅអាហ្វ្រិក ពោលគឺ៖ ទី ១ ប្រកាន់ខ្ជាប់ការ​ដឹកនាំដោយអាហ្វ្រិក។ ប្រជាជនអាហ្វ្រិកគឺជាម្ចាស់ពិតប្រាកដនៃទ្វីបអាហ្វ្រិក ហើយគួរតែដើរតួនាទីយ៉ាងសំខាន់ក្នុងកិច្ចការតំបន់។ ទី ២ គាំពារ យុត្តិធម៌ និងសច្ចធម៌។ ទី ៣ ជំរុញឱ្យសម្រេចបាននូវបទឈប់បាញ់និងសន្តិភាព។ ទី ៤ អនុវត្តវិធីសាស្រ្តគ្រប់ជ្រុងជ្រោយ ដោយផ្តោតលើសន្តិសុខនាពេលបច្ចុប្បន្ន និងការអភិវឌ្ឍរយៈពេលវែង។


ជាការឆ្លើយតប លោក Faure បានថ្លែងថា  ភាគីតូហ្គោមានឆន្ទៈក្នុងការធ្វើការជាមួយប្រទេសចិន ដើម្បីបង្កើនទំនុកចិត្តគ្នា ពង្រឹងការសន្ទនា និងការប្រាស្រ័យទាក់ទង និងធ្វើឱ្យកិច្ចសហប្រតិបត្តិការដែលផ្តល់ផលប្រយោជន៍ទៅវិញទៅមកមានភាពកាន់តែស្អិតល្មួតនិងយូរអង្វែង ក្នុងន័យរួមគ្នាកសាងសហគមន៍ជោគវាសនារួមតូហ្គោ-ចិនក្នុងយុគសម័យថ្មី
និងផ្តល់ផលប្រយោជន៍កាន់តែច្រើនដល់ប្រជាជននៃប្រទេសទាំងពីរ។ ភាគីតូហ្គោឯកភាពទាំងស្រុងចំពោះគោលការណ៍សំខាន់ៗដែល​លើកឡើងដោយលោកប្រធានរដ្ឋចិន Xi Jinping សម្រាប់ការចូលរួមប្រកបដោយលក្ខណៈស្ថាបនារបស់គ្រប់ភាគីទាំងអស់ក្នុងការដោះស្រាយបញ្ហាក្តៅគគុកនៅអាហ្វ្រិក៕
ឡើងអត្ថបទនៅ | 10/15/2026 09:16:00 AM | ប្រភេទ:

លោក Xi Jinping ប្រធានរដ្ឋចិនជួបពិភាក្សាជាមួយលោក Duma Boko ប្រធានាធិបតីបុតស្វាណា

 លោក Xi Jinping ប្រធានរដ្ឋចិនជួបពិភាក្សាជាមួយលោក Duma Boko ប្រធានាធិបតីបុតស្វាណា

ថ្ងៃទី ១៣ ខែតុលា លោក Xi Jinping ប្រធានរដ្ឋចិនបានជួបពិភាក្សាជាមួយលោក Duma Boko ប្រធានាធិបតីបុតស្វាណា ដែលកំពុងបំពេញទស្សនកិច្ចផ្លូវរដ្ឋនៅប្រទេសចិននៅទីក្រុងប៉េកាំង។ ប្រមុខរដ្ឋនៃប្រទេសទាំងពីរបានប្រកាសពីការដំឡើងទំនាក់ទំនងទ្វេភាគីទៅជាទំនាក់ទំនងភាពជាដៃគូសហប្រតិបត្តិការជាយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ។
លោក Xi Jinping បានលើកឡើងថា ប្រទេសចិន និងបុតស្វាណា គួរតែចងចាំពីផ្លូវអតីតកាលដែលបានគាំទ្រគ្នា និងជួយយកអាសាគ្នាទៅវិញទៅមក ហើយបន្តដំណើរទៅមុខលើផ្លូវឆ្ពោះទៅរកអនាគតកាលដ៏ភ្លឺស្វាងសម្រាប់ការអភិវឌ្ឍទំនាក់ទំនងចិន-បុតស្វាណាក្នុងយុគសម័យថ្មី ដើម្បីរួមចំណែកដល់ការអភិវឌ្ឍ និងវឌ្ឍនភាពរបស់សកលលោក។
លោក Xi Jinping បានលើកឡើងសំណើចំនួនបួនសម្រាប់ជំរុញកិច្ចសហប្រតិបត្តិការរ៉ែរវាងចិននិងបុតស្វាណា និងចិន-អាហ្វ្រិក ពោលគឺ៖ ទី ១ ប្រកាន់ខ្ជាប់នូវគោលការណ៍ស្តីពីធនធានអាហ្វ្រិកគឺជាកម្មសិទ្ធិរបស់អាហ្វ្រិកជាបុរេលក្ខខណ្ឌសម្រាប់កិច្ចសហប្រតិបត្តិការ។ ទី២ ប្រកាន់ខ្ជាប់នូវគោលគំនិតសហប្រតិបត្តិការដែលគិតពិចារណាទាំងសច្ចភាព និងផលប្រយោជន៍ និងផ្តល់ផលប្រយោជន៍ទៅវិញទៅមក។ ទី ៣ ប្រកាន់ខ្ជាប់នូវទិសដៅសម្រាប់កិច្ចសហប្រតិបត្តិការ ដែលមានការអភិវឌ្ឍប្រកបដោយគុណភាពខ្ពស់។ ទី ៤ ប្រកាន់ខ្ជាប់នូវបរិយាកាសសហប្រតិបត្តិការដ៏យុត្តិធម៌ និងបើកចំហ។
ជាការឆ្លើយតប លោក Duma Boko បានថ្លែងថា ក្រោមការដឹកនាំដ៏មុតមាំរបស់លោកប្រធានរដ្ឋចិន Xi Jinping ប្រទេសចិនសម្រេចបាននូវសមិទ្ធផលអភិវឌ្ឍន៍គួរឱ្យកត់សម្គាល់។
ភាគីបុតស្វាណាយកចិត្តទុកដាក់ខ្ពស់ចំពោះទំនាក់ទំនងជាមួយប្រទេសចិន ហើយនឹងប្រកាន់ខ្ជាប់យ៉ាងមុតមាំនូវគោលការណ៍ចិនមួយ។ បុតស្វាណាមានឆន្ទៈធ្វើកិច្ចសម្របសម្រួល និងសហការជាមួយប្រទេសចិនយ៉ាងជិតស្និទ្ធ ប្រកាន់ខ្ជាប់នូវពហុភាគីនិយម ពង្រឹងសាមគ្គីភាពក្នុងចំណោមប្រទេសកំពុងអភិវឌ្ឍន៍ និងធ្វើឱ្យប្រព័ន្ធអភិបាលកិច្ចសកល​កាន់តែមានបរិយាបន្ន និងមានភាពជាតំណាង៕
ឡើងអត្ថបទនៅ | 10/15/2026 09:12:00 AM | ប្រភេទ:

លោក Xi Jinping ប្រធានរដ្ឋចិនផ្ញើលិខិតអបអរសាទរចំពោះការបើកពិព័រណ៍នាំចេញនាំចូល​ចិនលើកទី ១៤០

 លោក Xi Jinping ប្រធានរដ្ឋចិនផ្ញើលិខិតអបអរសាទរចំពោះការបើកពិព័រណ៍នាំចេញនាំចូល​ចិនលើកទី ១៤០


នៅថ្ងៃទី ១៤ ខែតុលា លោក Xi Jinping ប្រធានរដ្ឋចិនបានផ្ញើលិខិតអបអរសាទរចំពោះការបើកពិព័រណ៍នាំចេញនាំចូលចិនលើកទី ១៤០។
លោក Xi Jinping បានលើកឡើងថា ក្នុងរយៈពេល ៧០ ឆ្នាំកន្លងមកនេះ ពិព័រណ៍នាំចេញនាំចូលចិនបានដើរតួនាទីយ៉ាងសំខាន់ក្នុងការជំរុញពាណិជ្ជកម្មរវាងចិន និងបរទេស ហើយបានក្លាយជាវេទិកាដ៏មានប្រសិទ្ធភាពសម្រាប់ប្រទេសចិនធ្វើការពង្រីកការបើកចំហកម្រិតខ្ពស់ និងជំរុញការកសាងសេដ្ឋកិច្ចពិភពលោកបែបបើកចំហ។ ក្នុងបរិបទថ្មី ប្រទេសចិនមានឆន្ទៈក្នុងការចូលរួមជាមួយប្រទេសទាំងអស់នៅលើពិភពលោក ដើម្បីរួមគ្នាគាំពារប្រព័ន្ធពាណិជ្ជកម្មពហុភាគី ធានាស្ថិរភាព និងភាពរលូននៃខ្សែសង្វាក់ឧស្សាហកម្ម និងខ្សែសង្វាក់ផ្គត់ផ្គង់សកល ពង្រីកលំហសម្រាប់កិច្ចសហប្រតិបត្តិការផ្នែកសេដ្ឋកិច្ច និងពាណិជ្ជកម្មអន្តរជាតិដែលផ្តល់ផលប្រយោជន៍ទៅវិញទៅមក ជំរុញការធ្វើសកលភាវូបនីយកម្មសេដ្ឋកិច្ចដែលផ្តល់ផលប្រយោជន៍ជាទូទៅនិងមានភាពបរិយាបន្ន ដើម្បីបំពេញបន្ថែមកម្លាំងចលករថ្មីជាបន្តបន្ទាប់សម្រាប់ការអភិវឌ្ឍ និងវិបុលភាពពិភពលោក។
សូមបញ្ជាក់ថា ពិព័រណ៍នាំចេញនាំចូលចិនលើកទី ១៤០ បានបើកធ្វើនៅថ្ងៃដដែលនៅទីក្រុងក្វាងចូវ ខេត្តក្វាងទុង ប្រទេសចិន ដែល​សហការរៀបចំដោយក្រសួងពាណិជ្ជកម្មចិន និងរដ្ឋបាលប្រជាជនខេត្តក្វាងទុង៕
ឡើងអត្ថបទនៅ | 10/15/2026 09:07:00 AM | ប្រភេទ:

ខួប៩០ ឆ្នាំ៖ ស្មារតីមហាដំណើរបំភ្លឺមាគ៌ាទំនើបកម្មតាមបែបផែនចិនក្នុងយុគសម័យថ្មី

 ខួប៩០ ឆ្នាំ៖ ស្មារតីមហាដំណើរបំភ្លឺមាគ៌ាទំនើបកម្មតាមបែបផែនចិនក្នុងយុគសម័យថ្មី

កាលពីជាង៩០ ឆ្នាំមុន កងទ័ពក្រហម(កងកម្លាំងប្រជាជនដែលដឹកនាំដោយបក្សកុម្មុយនីស្តចិន) បានធ្វើបដិវត្តន៍ដោយធ្វើដំណើរឆ្លងកាត់១៤ ខេត្ត កាត់ទឹកឆ្លងភ្នំ កាត់ព្រៃកាត់វាលរហោឋាន រហូតចម្ងាយប្រហែលជាង១ ម៉ឺនគីឡូម៉ែត្រទើបទទួលបានជោគជ័យនៅទីបំផុត ដែលត្រូវគេចាត់ទុកថាជាអច្ឆរិយដ៏អស្ចារ្យមួយក្នុងប្រវត្តិសាស្ត្រនៃមនុស្សជាតិ ហើយត្រូវបានហៅថា«មហាដំណើរ»ឬ«មហាដំណើរថ្មើរជើង»(The Long March)។
ឆ្នាំនេះជាខួបលើកទី៩០ នៃថ្ងៃជ័យជម្នះរបស់មហាដំណើរនៃកងទ័ពក្រហមចិន។ មហាដំណើរជារបត់ដ៏អស្ចារ្យមួយដែលបុព្វហេតុបដិវត្តន៍របស់បក្សកុម្មុយនីស្តចិននិងប្រទេសចិនផ្លាស់ប្តូរពីភាពបរាជ័យទៅរកភាពជោគជ័យ និងក្លាយជានិមិត្តរូបនៃស្មារតីតស៊ូព្យាយាម និងខិតខំពុះពារឧបសគ្គដោយឥតរួញរារបស់ប្រជាជាតិចិន។ លោក ស៊ី ជីនភីង ប្រធានរដ្ឋចិនបានថ្លែងថា «មនុស្សមួយជំនាន់មានផ្លូវមហាដំណើររបស់មនុស្សមួយជំនាន់» ដែលជាការឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្តរបស់បក្សកុម្មុយនីស្តចិនក្នុងការប្រកាន់ខ្ជាប់និងផ្សព្វផ្សាយស្មារតីមហាដំណើរពីមួយជំនាន់ទៅមួយជំនាន់។
តាំងពីដើមមក គោលនយោបាយជាអាទិភាពរបស់បក្សកុម្មុយនីស្តចិនដែល«តម្កល់ទុកប្រជាជនជាចម្បង»,«ផ្តោតសំខាន់លើផលប្រយោជន៍មូលដ្ឋានរបស់ប្រជាជនលើសពីអ្វីៗគ្រប់យ៉ាង» គឺមិនដែលប្រែប្រួលឡើយ ហើយទស្សនៈកាន់អំណាចបែបនេះក៏បានក្លាយជា«លេខសម្ងាត់»ដែលនាំឱ្យអភិបាលកិច្ចជាតិរបស់បក្សកុម្មុយនីស្តចិនទទួលបានភាពជោគជ័យដ៏ត្រចះត្រចង់ផងដែរ។
ពិតណាស់ បច្ចុប្បន្ននេះ ពាក្យថា«មហាដំណើរ»មិនមែនសំដៅតែលើការធ្វើដំណើរដោយថ្មើរជើងជាងមួយម៉ឺនគីឡូម៉ែត្ររបស់អតីតកងទ័ពបក្សកុម្មុយនីស្តចិនទៀតទេ តែវាបានក្លាយជាស្មារតីមួយបែបដែលដក់ជាប់នៅក្នុងហ្សែនរបស់បក្សកុម្មុយនីស្តចិន និងបានជំរុញឱ្យប្រជាជនចិនដើរឆ្ពោះទៅមុខតាមផ្លូវអភិវឌ្ឍន៍របស់ខ្លួនដែលទទួលបានការទទួលស្គាល់និងការកោតសរសើរជាទូទៅពីសំណាក់សហគមន៍អន្តរជាតិ។  
ប្រទេសចិនបានក្លាយជាអង្គភាពសេដ្ឋកិច្ចធំទី២ លើពិភពលោក និងបានរួមចំណែកចំពោះអត្រាកំណើននៃសេដ្ឋកិច្ចពិភពលោកក្នុងចន្លោះ៣០% ជាច្រើនឆ្នាំជាប់ៗគ្នា វាមិនមែនជារឿងចៃដន្យនោះទេ តែជាលទ្ធផលដែលកើតចេញពីការប្រកាន់ខ្ជាប់នូវការអនុវត្តគោលនយោបាយកំណែទម្រង់និងបើកចំហដោយមិនងាករេ ពោលគឺមិនត្រឹមតែមានផែនការជាតិ សម្រាប់ការអភិវឌ្ឍនៃប្រទេសខ្លួនប៉ុណ្ណោះទេ ប៉ុន្តែក៏បានបើកចំហសម្រាប់ការធ្វើការជាមួយបណ្តាប្រទេសនានាដើម្បីសម្រេចគោលដៅឈ្នះ-ឈ្នះផងដែរ ដែលនេះជាស្មារតីប្រកាន់ខ្ជាប់ដល់ទីបំផុតនៃមហាដំណើររបស់កងទ័ពបដិវត្តន៍បក្សកុម្មុយនីស្តចិន។
ប្រទេសចិនបានលុបបំបាត់ភាពក្រីក្រនៅទូទាំងប្រទេសដែលជារឿងអច្ឆរិយមួយក្នុងប្រវត្តិសាស្ត្ររបស់មនុស្សជាតិ។ លោក ស៊ី ជីនភីង បានគូសបញ្ជាក់ជាច្រើនលើកថា «ក្នុងដំណើរការកសាងសង្គមដែលប្រជាជនមានជីវភាពធូរធារបង្គួរដោយគ្រប់ជ្រុងជ្រោយ នឹងមិនបោះបង់ចោលជនជាតិណាមួយឡើយ» ដែលស្របទៅនឹងស្មារតីមហាដំណើរ ពោលគឺទោះមានការលំបាកយ៉ាងណាក៏ដោយ ក៏មិនបោះបង់ចោលយុទ្ធមិត្តណាម្នាក់ឡើយ ហើយត្រូវរួមចិត្តរួមកម្លាំងទាំងកងទ័ពនិងប្រជាជន ដើម្បីទទួលបានជ័យជម្នះនៅទីបំផុត។
ប្រទេសចិនសម្រេចបាននូវការបញ្ជូនអវកាសយានិកទៅកាន់ទីអវកាស ការកសាងស្ថានីយអវកាស ការរុករកនៅភពព្រះចន្ទនិងភពអង្គារជាដើមដែលបានបង្កើតកំណត់ត្រាថ្មីៗជាច្រើន ហើយក៏បានចុះរុករកនៅបាតសមុទ្រក្នុងជម្រៅ១០៩០៩ ម៉ែត្រ ដែលជាការមុជចូលបានជម្រៅជ្រៅទី២ លើពិភពលោក។ ការសិក្សាស្រាវជ្រាវខាងវិទ្យាសាស្ត្រទាំងលំហអវកាសនិងបាតសមុទ្ររបស់ប្រទេសចិនបាននាំមកនូវរបកគំហើញថ្មីៗជាច្រើនសម្រាប់ពិភពលោក ដែលនេះក៏ជាស្មារតីមហាដំណើរដែលធ្វើការរុករកឥតឈប់ឈរ។
ស្មារតីមហាដំណើរដែលប្រកបដោយភាពឯករាជ្យម្ចាស់ការក៏ត្រូវបានឆ្លុះបញ្ចាំងក្នុងការអភិវឌ្ឍនៃវិស័យផ្សេងៗរបស់ចិនផងដែរ ជាពិសេសគឺនវានុវត្តន៍ផ្នែកបច្ចេកវិទ្យានិងវិទ្យាសាស្ត្រ។ របកគំហើញថ្មីៗដោយឯករាជ្យម្ចាស់ការរបស់ចិនក្នុងយុគសម័យឌីជីថលនិងបញ្ញាសិប្បនិម្មិត បានក្លាយជាផលិតផលវៃឆ្លាតដែលរួមចំណែកដល់ការលើកកម្ពស់ទាំងគុណភាព និងកម្រិតនៃជីវភាពរស់នៅរបស់ប្រជាជន ក៏ដូចជាការធ្វើភាពវៃឆ្លាតភាវូបនីយកម្មក្នុងវិស័យផ្សេងៗ ដូចជាធុរកិច្ចឆ្លងដែន សុខាភិបាល ឧស្សាហកម្មនិងកសិកម្មជាដើម។ ការអភិវឌ្ឍនៃ«ឧស្សាហកម្មនាពេលអនាគត»របស់ចិនបាននិងកំពុងកែប្រែទម្លាប់រស់នៅរបស់មនុស្សយើងនិងរួមចំណែកសំខាន់ចំពោះការធ្វើទំនើបកម្មរបស់ប្រទេសនានា។
បច្ចុប្បន្ន ប្រទេសចិនបានឈានចូលដំណាក់កាលធ្វើទំនើបកម្មតាមបែបផែនចិន និងឆ្ពោះទៅរកគោលដៅស្តារភាពរុងរឿងដ៏អស្ចារ្យរបស់ប្រជាជាតិចិនឡើងវិញដែលជាមហាដំណើរ​ថ្មី។ ឯគោលដៅចុងក្រោយនៃការធ្វើទំនើបកម្មតាមបែបផែនចិនមិនមែនការធ្វើឱ្យមនុស្សមួយចំនួនមានបាននោះទេ តែគឺធ្វើឱ្យប្រជាជាតិចិនទាំងមូលមានវិបុលភាពរួម ដូច្នេះវាមិនមែនជារឿងដែលសម្រេចបានដោយងាយៗនោះទេ។ គេអាចនិយាយបានថា មហាដំណើរនៃការធ្វើទំនើបកម្មនេះវាមិនខុសពីមហាដំណើរជំនាន់មុននោះទេ ពោលគឺតម្រូវឱ្យប្រកាន់ខ្ជាប់ជំនឿចិត្តដែលរឹងមាំមិនអាចបំបែកបាន និងស្មារតីក្លាហានមោះមុតដែលហ៊ានតស៊ូពុះពារឧបសគ្គដោយឥតងាករេ។ យ៉ាងណាមិញ ស្មារតីនៃមហាដំណើរជំនាន់មុនដែលបានបន្តវេនមកគ្រប់ជំនាន់ វាប្រាកដជានឹងជំរុញឱ្យប្រជាជនចិនទទួលបានជ័យជម្នះក្នុងមហាដំណើរថ្មីជាមិនខាន៕
អត្ថបទដោយ៖ លោក តាំង ស៊ីឡេង, បុគ្គលិកនៃវិទ្យុមិត្តភាពកម្ពុជា-ចិន
ឡើងអត្ថបទនៅ | 10/14/2026 11:53:00 PM | ប្រភេទ:

សាលាបឋមសិក្សាចំនួន៥ ទទួលបានការកែលម្អបរិស្ថានសិក្សា និងបណ្ណាល័យពីមិត្តចិនតាមរយៈសមាគមអ្នកស្រាវជ្រាវវឌ្ឍនភាពកម្ពុជា-ចិន ដើម្បីលើកកម្ពស់វប្បធម៌អាន និងអភិវឌ្ឍមូលធនមនុស្ស

 សាលាបឋមសិក្សាចំនួន៥ ទទួលបានការកែលម្អបរិស្ថានសិក្សា និងបណ្ណាល័យពីមិត្តចិនតាមរយៈសមាគមអ្នកស្រាវជ្រាវវឌ្ឍនភាពកម្ពុជា-ចិន ដើម្បីលើកកម្ពស់វប្បធម៌អាន និងអភិវឌ្ឍមូលធនមនុស្ស


ភ្នំពេញ៖ លោកបណ្ឌិត ជា មុនីឫទ្ធិ ប្រធានសមាគមអ្នកស្រាវជ្រាវវឌ្ឍនភាពកម្ពុជា-ចិន និងជាស្ថាបនិកគម្រោង «បណ្ណាល័យមេគង្គ-ឡានឆាង» នៅកម្ពុជា បានលើកឡើងថា ការកែលម្អបរិស្ថានសិក្សា និងការបង្កើតបណ្ណាល័យនៅតាមសាលារៀន គឺជាមូលដ្ឋានគ្រឹះយ៉ាងសំខាន់ក្នុងការជំរុញវប្បធម៌អំណាន និងការកសាងមូលធនមនុស្សសម្រាប់អភិវឌ្ឍប្រទេសជាតិ។
លោកបណ្ឌិតបានគូសបញ្ជាក់ថា ដោយមិនរាប់បញ្ចូលនូវជំនួយដ៏ច្រើនសន្ធឹកសន្ធាប់របស់ស្ថានទូតចិនប្រចាំកម្ពុជា តាមរយៈក្រសួងអប់រំ យុវជន និងកីឡា និងស្ថាប័នផ្សេងៗទៀតនោះទេ តាមរយៈសមាគមអ្នកស្រាវជ្រាវវឌ្ឍនភាពកម្ពុជា-ចិន មានសាលាបឋមសិក្សាចំនួន ៥ បាននិងកំពុងក្លាយជាសក្ខីភាពនៃកិច្ចសហប្រតិបត្តិការកម្ពុជា-ចិន ក្នុងការទទួលបានការគាំទ្រលើការកែលម្អបរិស្ថានសិក្សា និងបរិក្ខារអប់រំ។
សាលាបឋមសិក្សាទាំង ៥ នោះរួមមាន៖ ១. សាលាបឋមសិក្សាប្រសូត (ស្រុកបាធាយ ខេត្តកំពង់ចាម)
២. សាលាបឋមសិក្សាតានី (ក្រុងរុនតាឯក ខេត្តសៀមរាប) ៣. សាលាបឋមសិក្សាគីរីបរវង្ស (ខេត្តពោធិ៍សាត់) ៤. សាលាបឋមសិក្សាមិត្តភាពកម្ពុជា-ចិន ឃ្មួញ (រាជធានីភ្នំពេញ) និង៥. សាលាបឋមសិក្សា ហ៊ុន សែន ព្រៃទទឹង (ខេត្តកណ្ដាល)។


លោកបណ្ឌិត ជា មុនីឫទ្ធិ បានបន្ថែមថា សាលាបឋមសិក្សាទាំង ៥ នេះ មានទីតាំង «បណ្ណាល័យមេគង្គ-ឡានឆាង» ឬ «បណ្ណាល័យមិត្តភាពកម្ពុជា-ចិន» ដែលបាននិងកំពុងដើរតួនាទីយ៉ាងសកម្មក្នុងការលើកកម្ពស់វប្បធម៌អំណាន និងបង្កើនឱកាសទទួលបានចំណេះដឹងទូលំទូលាយសម្រាប់សិស្សានុសិស្ស។
លោកបណ្ឌិតបានសង្កត់ធ្ងន់ថា៖ «បរិយាកាសសិក្សាស្អាត និងមានបណ្ណាល័យដែលគួរឱ្យទាក់ទាញ គឺជាកម្លាំងចលករដ៏សំខាន់ក្នុងការជួយជំរុញឱ្យសិស្សស្រឡាញ់ការអាន មានចំណង់ចំណូលចិត្តរៀនសូត្រ និងបង្កើនចំណេះដឹង ដែលជាមូលដ្ឋានគ្រឹះដ៏សំខាន់ក្នុងការរួមចំណែកលើកកម្ពស់គុណភាពអប់រំ និងកសាងមូលធនមនុស្សសម្រាប់កិច្ចកសាងទំនើបកម្មសង្គមរបស់កម្ពុជា»៕



ឡើងអត្ថបទនៅ | 10/14/2026 09:15:00 AM | ប្រភេទ:

លោក Xi Jinping ចូលរួមកិច្ចប្រជុំថ្នាក់ជាតិស្តីពីសុខាភិបាលចិននិងថ្លែងសុន្ទរកថាគន្លឹះ

 លោក Xi Jinping ចូលរួមកិច្ចប្រជុំថ្នាក់ជាតិស្តីពីសុខាភិបាលចិននិងថ្លែងសុន្ទរកថាគន្លឹះ


កិច្ចប្រជុំថ្នាក់ជាតិស្តីពីសុខាភិបាលចិនបានប្រារព្ធឡើងនៅទីក្រុងប៉េកាំងចាប់ពីថ្ងៃទី ១២ ដល់ថ្ងៃទី ១៣ ខែតុលា។
លោក Xi Jinping អគ្គលេខាធិការនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិន ប្រធានរដ្ឋចិន និងជាប្រធានគណៈកម្មាធិការយោធាមជ្ឈិមចិន បានអញ្ជើញចូលរួមព្រមទាំងថ្លែងសុន្ទរកថាគន្លឹះ។ លោកបានសង្កត់ធ្ងន់ថា ក្នុងអំឡុងអនុវត្តផែនការប្រាំឆ្នាំទី ១៥ គឺជារយៈពេលដ៏សំខាន់មួយសម្រាប់សម្រេចគោលដៅនៃការកសាងប្រទេសចិនដែលមានសុខភាពល្អនៅឆ្នាំ ២០៣៥ យើងត្រូវដើរតាមមាគ៌ានៃការអភិវឌ្ឍវិស័យសុខាភិបាលដែលមានលក្ខណៈពិសេសចិនដោយឥតងាករេ អនុវត្តគោលការណ៍ណែនាំស្តីពីការងារសុខាភិបាលក្នុងយុគសម័យថ្មី ពង្រីកឧត្តមភាព ពង្រឹងមូលដ្ឋានគ្រឹះ កែលម្អចំណុចខ្វះខាត ដើម្បីជំរុញបុព្វហេតុសុខាភិបាលឱ្យទទួលបានការអភិវឌ្ឍប្រកបដោយគុណភាពខ្ពស់ លើកកម្ពស់កម្រិតសុខភាពរបស់ប្រជាជនជាបន្តបន្ទាប់ និងធានាឱ្យទទួលបានការវិវឌ្ឍរីកចម្រើនសំខាន់ក្នុងការកសាងប្រទេសចិនដែលមានសុខភាពល្អ។

ឡើងអត្ថបទនៅ | 10/14/2026 09:11:00 AM | ប្រភេទ:

បទវិភាគ៖​ប្រសិនបើកម្លាំងស្តាំនិយមជប៉ុន​ប៉ុនប៉ងបដិសោធ​សង្គ្រាម​ឈ្លាន​ពាន​របស់ខ្លួន ​នោះមុខជានឹងត្រូវជំនុំជម្រះក្តីក្នុងតុលាការប្រវត្តិសាស្ត្រ​ម្តង​ទៀត​ជាក់​ជា​មិនខាន

 បទវិភាគ៖​ប្រសិនបើកម្លាំងស្តាំនិយមជប៉ុន​ប៉ុនប៉ងបដិសោធ​សង្គ្រាម​ឈ្លាន​ពាន​របស់ខ្លួន ​នោះមុខជានឹងត្រូវជំនុំជម្រះក្តីក្នុងតុលាការប្រវត្តិសាស្ត្រ​ម្តង​ទៀត​ជាក់​ជា​មិនខាន


    ទាក់ទងនឹងបញ្ហាប្រវត្តិសាស្ត្រ ​មនុស្សមួយចំនួននៅប្រទេសជប៉ុន​កំពុងលេង​កលល្បិច​ថ្មី​ដ៏គ្រោះថ្នាក់​ផងដែរ ​។
    យោងតាមការទម្លាយរបស់ប្រព័ន្ធផ្សព្វផ្សាយជប៉ុនបានឱ្យដឹងថា ​កម្លាំងស្តាំនិយមជប៉ុន​បានបន្ត​ផ្តល់​នូវអត្ថបទ​​និង​ឯកសារ​ប្រវត្តិសាស្ត្រ​នៃសង្គ្រាមលោកលើកទីពីរ​ដែល​បាន​បំភាន់​ខ្លឹម​សារ​ដល់​ម៉ូដែលបញ្ញាសិប្បនិម្មិតធំសំខាន់ៗអន្តរជាតិ ​ឧទាហរណ៍ដូចជា ​ពួកគេ​បាន​ហៅ​ឧប្បត្តិហេតុ​ថ្ងៃ​ទី ​៧ ​ខែកក្កដាថាជា"ការប៉ះទង្គិចយោធា​រវាងជប៉ុននិងចិន" ​ដោយ​បាន​និយាយយ៉ាងសាមញ្ញថា ​ហេតុការណ៍សម្លាប់រង្គាលនៅក្រុងណានជីង​គ្រាន់តែ​ជា​"ករណី​ដួលរលំណានជីង"​និងបំភាន់​កង​ពល​លេខ ​៧៣១ ​ជប៉ុនថា​ជា"អង្គភាពប្រតិបត្តិ​សិក្សា​ស្រាវជ្រាវ​វិស័យសុខាភិបាល"​ជាដើម ​។ ​ពីការបំភាន់​ខ្លឹមសារ​សៀវភៅសិក្សា​ប្រវត្តិ​សាស្ត្រ​ដល់​ការប្រឌិត​វីដេអូ ​AI​ ក្លែងក្លាយ​និងការ"បំពុល"ទិន្នន័យធំ ​កម្លាំងស្តាំនិយមជប៉ុន​បាន​ប្រើ​ប្រាស់​កលល្បិចសម្រាប់​ដុសលាង​ប្រវត្តិសាស្ត្រ​ឈ្លានពានរបស់ខ្លួន​ដោយ​បាន​ប្រើ​ប្រាស់​ទម្រង់ថ្មីជាបន្តបន្ទាប់ ​ដែល​បង្កប់​នូវគោលបំណងទុច្ចរិត​ដ៏​ស្មោកគ្រោកជាច្រើន ​ទង្វើ​ទាំ​ង​នេះ​សហគមន៍អន្តរជាតិគួ​រក្សា​ការប្រុងប្រយ័ត្នខ្ពស់ ​។


    ឆ្នាំនេះគឺជាខួបទី ​៨០ ​នៃការបើកសវនាការអង្គជំនុំជម្រះនៅក្រុងតូក្យូ ​។ អង្គ​សវនាការ​ជំនុំ​ជម្រះ​ក្រុង​តូក្យូ​បានកាត់ក្តីដោយផ្អែកលើភស្តុតាងជាក់ស្តែងដ៏ច្រើនលើសលប់​និង​គោល​ការណ៍​ច្បាប់​ដ៏រឹងមាំ​ថា ​យោធានិយមជប៉ុនបានបំផុសសង្គ្រាមឈ្លានពាន​និងរំលោភ​បំពាន​យ៉ាងធ្ងន់ធ្ងរ​លើច្បាប់​អន្តរជាតិ ​ការ​កាត់​ក្តី​នេះបានគាំពារសមិទ្ធផលនៃជ័យជម្នះក្នុង​សង្គ្រាម​ពិភពលោក​ប្រឆាំង​នឹង​ហ្វាស៊ីស ​យុត្តិធម៌និងសច្ចភាពអន្តរជាតិ ​។ ​ប៉ុន្តែ ​ដោយ​សារ​កត្តា​ប្រវត្តិសាស្រ្ត ​យោធា​និយមជប៉ុន​មិនត្រូវបានជំនុំជម្រះបានទាំងស្រុងទេ ​។ ​កម្លាំងស្តាំ​និយម​ជប៉ុន​បានអនុវត្ត​បំភាន់​ប្រវត្តិសាស្ត្រ​ជាយូរណាស់មកហើយ ​ដែល​បដិសេធ​យ៉ាង​ឥត​កេរ្តិ៍​ខ្មាស​ចំពោះ​ការ​កាត់​ក្តី​ជា​ប្រវត្តិសាស្រ្ត​នៃការបើកសវនាការអង្គជំនុំជម្រះនៅក្រុងតូក្យូ ​ដើម្បី​ប៉ុនប៉ងគេច​វេសពី​កំហុស​នៃ​ប្រវត្តិសាស្ត្រឈ្លានពានរបស់ខ្លួន ​។
    យោងតាមទិន្នន័យថវិកាសាធារណៈ​របស់​ក្រសួងការបរទេសជប៉ុន​ឱ្យដឹងថា ​ចាប់​តាំង​ពី​ឆ្នាំ ​២០១៥ ​កន្លងមក ​ជប៉ុនបានទម្លាក់ថវិកា​សរុប​ជាង ​៥៦ ​ពាន់លានយ៉េនជប៉ុន​ក្រោម​លេស​"ការផ្សព្វផ្សាយព័ត៌មាន​យុទ្ធសាស្ត្រ​នៅបរទេស​"ដើម្បី​លាបពណ៌លើប្រទេស​ចិន​តាម​រយៈ​ការ​ញាក់ខ្សែមតិសាធារណៈ។ ​អ្នកវិភាគបានសម្គាល់ឃើញថា ​"សង្គ្រាម​យល់​ដឹង​"ចំពោះ​ប្រទេសចិន​របស់​ជប៉ុន​បានបង្កើតទៅជាប្រព័ន្ធមួយជាបន្តបន្ទាប់​ក្នុង​គោល​បំណង​មិន​ទទួល​ស្គាល់​លទ្ធផលនៃការជំនុំជម្រះក្រុងតូក្យូ​ និង​គាបសង្កត់លើលំហ​សម្រាប់​ផ្សព្វ​ផ្សាយ​ប្រវត្តិសាស្ត្រពិត ​។ ​នេះគឺជាបញ្ហាប្រឈមដ៏ធ្ងន់ធ្ងរ​ចំពោះ​សច្ចធម៌​អន្តរជាតិនិង​គុណធម៌​របស់​មនុស្សជាតិ ​។
    ប៉ុន្មានឆ្នាំចុងក្រោយនេះ ​ស្របពេលដែលឯកសារមួយចំនួន​ដូចជា​វីដេអូពិតនៃការ​សម្លាប់​រង្គាលដ៏សាហាវព្រៃផ្សៃ​នៅក្រុងណានជីង​និងកំណត់ត្រានៃការពិសោធន៍​របស់​កងទ័ព ​៧៣១លើមនុស្សរស់​ជាដើមត្រូវបានចេញផ្សាយជាសាធារណៈ ​ពាក្យភូតភរ​របស់​កម្លាំង​ស្តាំនិយមជប៉ុន​ត្រូវ​បាន​លាតត្រ​ដាងជាបន្តបន្ទាប់ ​។ ​បញ្ញវន្តជប៉ុនបង្ហាញថា ​ស្តង់​ដារ​ពីរ​របស់​រដ្ឋាភិបាលជប៉ុន​ក្នុង​ការយល់ដឹងពីប្រវត្តិសាស្ត្រមិនអាចទទួល​បាន​ទំនុក​ចិត្ត​ពី​ជន​រង​គ្រោះក្នុង​សង្រ្គាមបានទេ ​។
    បើមើលពីទង្វើរបស់រដ្ឋាភិបាលជប៉ុននាពេលបច្ចុប្បន្នអាចឃើញថា ​"សង្គ្រាមការយល់​ដឹង"​ក៏​មាន​គោល​បំណង​កាន់​តែ​ស៊ី​ជម្រៅដែរ ​ពោលគឺ ​ដើរ​ស្របតាមជាមួយ​"ការ​ធ្វើ​យោ​ធូប​នីយ​កម្ម​ឡើង​វិញ"​ដើម្បី​បំភាន់ដល់មតិសាធារណៈសម្រាប់​ស្វែងរក​អ្វីដែលហៅថា ​"ប្រក្រតី​ភាព​របស់​ប្រទេស​ជាតិ" ​។
    ការផ្លាស់ប្តូរពីឬសគល់ទាំងនេះបានបង្ហាញយ៉ាងច្បាស់ថា ​ជប៉ុនបាននិងកំពុងក្បត់​យ៉ាង​ជ្រះ​ស្រឡះ​នឹង​ប្រព័ន្ធសន្តិភាព​ដែលបង្កើតឡើងបន្ទាប់ពីសង្គ្រាមលោកលើកទីពីរ ​។ ​ពី​ការ​បដិសោធ​ប្រវត្តិសាស្ត្រឈ្លានពានក្នុងសង្គ្រាមលោកលើកទីពីរ​និង​លទ្ធផលនៃ​ការ​ជំនុំ​ជម្រះ​ក្រុង​តូក្យូ​ដល់ការបន្ថែមថវិកាយោធាយ៉ាងច្រើនសន្ធឹកសន្ធាប់​និងបន្ធូរការរឹតត្បិតចំពោះការ​នាំ​ចេញ​អាវុធប្រល័យលោក ​ពីការជំរុញការធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញសន្តិភាព​ដល់ការ​ជំរុញ​ការធ្វើវិសោធនកម្ម"ឯកសារការពារសន្តិសុខចំនួនបី" និងមានចេតនាធ្វើវិសោធនកម្ម​"គោល​ការណ៍ចំនួនបីស្តីពីការគ្មាននុយក្លេអ៊ែរ"​អាចឃើញថា ​ជប៉ុនបាននិងកំពុងពន្លឿន​ការ​ធ្វើ​ឱ្យ​យោធានិយមងើបឡើងវិញ ​។
ឡើងអត្ថបទនៅ | 10/14/2026 09:09:00 AM | ប្រភេទ:

វេទិកាប៉េកាំងស្តីពីការឆ្លើយតបបន្ទាន់ចំពោះពាក្យបណ្តឹងសាធារណៈឆ្នាំ២០២៦​បានបើកធ្វើ

 វេទិកាប៉េកាំងស្តីពីការឆ្លើយតបបន្ទាន់ចំពោះពាក្យបណ្តឹងសាធារណៈឆ្នាំ២០២៦​បានបើកធ្វើ


កាលពីថ្ងៃទី១២ ​ខែតុលា វេទិកាប៉េកាំងស្តីពីការឆ្លើយតបបន្ទាន់ចំពោះពាក្យបណ្តឹងសាធារណៈឆ្នាំ២០២៦​ ដែលសហការរៀបចំដោយ បណ្ឌិតសភាវិទ្យាសាស្ត្រសង្គមចិន អគ្គស្ថានីយវិទ្យុនិងទូរទស្សន៍មជ្ឈិមចិន(CMG) និងរដ្ឋភិបាលក្រុងប៉េកាំងបានបើកធ្វើនៅក្រុងប៉េកាំង។  លោក Yin Li សមាជិកការិយាល័យនយោបាយនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិន និងជាលេខាធិការគណៈកម្មការបក្សកុម្មុយនីស្តចិនក្រុងប៉េកាំងបានចូលរួមវេទិកា ព្រមទាំងថ្លែងសុន្ទរកថា។  លោក Shen Haixiong អនុរដ្ឋមន្ត្រីក្រសួងឃោសនាការនៃគណៈកម្មាការមជ្ឈិមបក្សកុម្មុយនីស្តចិន និងជាអគ្គនាយកនៃអគ្គស្ថានីយវិទ្យុនិងទូរទស្សន៍មជ្ឈិមចិន(CMG) ក៏បានថ្លែងសុន្ទរកថាក្នុងសកម្មភាពនេះផងដែរ។


លោក Yin Li បានថ្លែងថា​ តាំងពីឆ្នាំ ២០១៩ មក ទីក្រុងប៉េកាំងបានធ្វើការច្នៃប្រឌិតថ្មីនូវ ការឆ្លើយតបបន្ទាន់ចំពោះពាក្យបណ្តឹងសាធារណៈ ដោយដោះស្រាយសំណើរបស់សាធារណជន ២៤ ម៉ោង លើ២៥ម៉ោង តាមរយៈខ្សែទូរស័ព្ទបន្ទាន់លេខ ១២៣៤៥ និងវេទិកាអនឡាញ គិតរហូតមកដល់ពេលនេះបានដោះស្រាយសំណើផ្សេងៗប្រមាណ ២០០លានករណី។
លោក Shen Haixiong បានថ្លែងថា ក្នុងប៉ុន្មានឆ្នាំចុងក្រោយនេះ ក្រុងប៉េកាំងបានអនុវត្តយ៉ាងស៊ីជម្រៅនូវគំនិតសំខាន់ៗរបស់លោក Xi Jinping អគ្គលេខាធិការមជ្ឈិមបក្សកុម្មុយនីស្តចិនស្តីពីទីក្រុងរបស់ប្រជាជនត្រូវបម្រើដល់ប្រជាជន តាមរយៈការច្នៃប្រឌិតថ្មីខាងឌីជីថលនិងបញ្ញាសិប្បនិមិ្មត កំណត់ដោយចំគោលដៅ ផ្តល់សញ្ញាព្រមានមុនអំពីតម្រូវការសំខាន់បំផុត​និងបញ្ហារួមរបស់ប្រជាជន ដើម្បីធ្វើឱ្យប្រជាជនទទួលបានការឆ្លើយតបយ៉ាងឆាប់រហ័ស និងទទួលបានការដោះស្រាយយ៉ាងសមរម្យ៕

ឡើងអត្ថបទនៅ | 10/13/2026 01:00:00 PM | ប្រភេទ:

បទវិភាគ៖ ការវិវឌ្ឍរីក​ចម្រើន​ប្រកបដោយស្ថិរភាពដែល​ជាកម្លាំង​ចល​ករ​សម្រាប់​កំណើន​សេដ្ឋកិច្ច​ចិន​បាន​និង​កំពុង​ប្រមូល​ផ្តុំ​ជា​បន្ត​បន្ទាប់

 បទវិភាគ៖ ការវិវឌ្ឍរីក​ចម្រើន​ប្រកបដោយស្ថិរភាពដែល​ជាកម្លាំង​ចល​ករ​សម្រាប់​កំណើន​សេដ្ឋកិច្ច​ចិន​បាន​និង​កំពុង​ប្រមូល​ផ្តុំ​ជា​បន្ត​បន្ទាប់


  “នៅត្រីមាស​ទីបី ទិន្នន័យលើ​វិស័យ​ជា​ច្រើន​ ដូច​ជាការ​ប្រើប្រាស់ ពាណិជ្ជកម្ម​អន្តរ​ជា​តិ​និង​ការ​បណ្តាក់​ទុន​ជា​ដើម​បានកើន​ឡើង​ប្រកបដោយស្ថិរភាព​ សេដ្ឋកិច្ច​ចិន​ឆ្ពោះ​ទៅ​មុខ​ក្រោម​សម្ពាធ ដោយមាន​ការ​វិវឌ្ឍ​រីក​ចម្រើន​ឆ្ពោះ​ទៅ​រក​ភាព​ល្អ​ប្រសើរ​​ប្រកបដោយស្ថិរភាព ហើយ​កម្លាំង​ចលករត្រូវ​បាន​ប្រមូល​ផ្តុំ​ជា​បន្ត​បន្ទាប់ ។ ​​” នាពេល​ថ្មីៗ​កន្លង​ទៅនេះ អ្នក​សារ​ព័ត៌​មាន​បាន​ទទួលព័ត៌មាន​ពី​មជ្ឈ​មណ្ឌល​ព័ត៌មានជាតិ​​នៃ​គណៈកម្មាធិការជាតិ​អភិវឌ្ឍន៍​និង​កំណែទម្រង់ចិន​ថា ទិន្នន័យក្នុងវិស័យនានាក្នុងត្រីមាសទី៣ បានឆ្លុះបញ្ចាំង​ពីនិន្នាការ​ល្អ​ប្រសើរ​នៃសេដ្ឋកិច្ចចិន។


        យោងតាមទិន្នន័យ​ធំ​នៃ​ការ​ប្រើប្រាស់នៅ​ហ្នឹង​កន្លែង​បាន​បង្ហាញឲ្យឃើញថា នៅត្រី មា​ស​ទីបី ទំហំទឹកប្រាក់នៃ​ការ​ប្រើប្រាស់​គ្រប់​ប្រភេទ​របស់ប្រទេស​ចិន​បាន​កើន​ឡើង​២,៦​ភាគ​រយ​ បើប្រៀបធៀបនឹង​រយៈពេល​ដូច​គ្នា​កាលពីឆ្នាំ​មុន​ ល្បឿន​នៃអត្រាកំណើន​ត្រូវបាន​លើក​កម្ពស់​០,៧ភាគរយ ​បើ​ប្រៀបធៀប​នឹង​ត្រីមាស​ទីពីរ​ឆ្នាំ​នេះ ។ នៅ​ខែ​កញ្ញា ទម្ងន់​ផ្ទុក​ទំនិញ​របស់​នាវា​ដែល​ចាកចេញ និង​មកដល់​កំពង់ផែសំខាន់ៗ​បាន​កើន​ឡើង​៥៣,២​ភាគ​រយ​ និង​៤,៥ភាគរយ​ដោយ​ឡែក​ពីគ្នា បើប្រៀបធៀបនឹង​រយៈពេល​ដូច​គ្នា​កាលពីឆ្នាំ​មុន ។ ប្រ​ឈម​មុខ​នឹង​បរិបទ​​អន្តរជាតិ​ដែលមាន​ភាពកាន់តែស្មុគស្មាញនិង​តឹង​រ៉ឹង​ ពាណិជ្ជកម្ម​អន្តរ​ជាតិ​របស់​ចិន​បាន​រក្សា​និន្នាការ​ល្អប្រសើរជាបន្តបន្ទាប់ ដែល​បានបង្ហាញឱ្យ​ឃើញនូវ​ភាព​ធន់​និង​កម្លាំង​រស់​រវើក​យ៉ាង​ខ្លាំង​ក្លា ។
        ចំណែក​ឯ​វិស័យ​វិនិយោគ នៅត្រីមាស​ទីបី ចំនួនទឹកប្រាក់ដែលបានដេញថ្លៃក្នុង​គម្រោ​ង​ពាក់ព័ន្ធ​នឹង​ហេដ្ឋារចនាសម្ព័ន្ធរូបវន្តប្រភេទ​ថ្មី​ ដូចជា ​កុំព្យូធីង ទិន្នន័យ ​និង​បណ្តាញ​អ៊ីនធឺ​ណែ​ត​ជាដើម​ បានកើន​ឡើង​៣៤,២ភាគរយ​បើប្រៀបធៀបនឹង​រយៈពេល​ដូច​គ្នា​កាលពីឆ្នាំ​មុន នៅខែ​កញ្ញា​ បាន​កើន​ឡើង​៥០,៤ភាគរយ​បើប្រៀបធៀបនឹង​រយៈពេល​ដូច​គ្នា​កាលពីឆ្នាំ​មុន ។ នៅត្រីមាស​ទីបី ចំនួន​វិនិយោគទុនក្នុងវិស័យទំនើបៗ ដូចជា​ បញ្ញា​សិប្បនិម្មិត​ និង​មនុ​ស្ស​យន្តរូបរាងមនុស្សជាដើ​ម​ បាន​កើន​ឡើង​១៨៤,១ភាគរយ​​បើប្រៀបធៀបនឹង​រយៈ​ពេល​ដូច​គ្នា​កាលពីឆ្នាំ​មុន ហើយ​នៅខែ​កញ្ញា​ បាន​កើន​ឡើង​១៩៨,៧ភាគរយ​​បើ​ប្រៀប​ធៀប​នឹង​រយៈពេល​ដូច​គ្នា​នៃឆ្នាំ​មុន ។
        នា​ពេល​ថ្មីៗ​កន្លង​ទៅនេះ វេទិកាស្តី​ពី​កិច្ច​សន្ទនាជាយុទ្ធសាស្ត្រមីងដេ (ឆ្នាំ​២០២៦)​បា​ន​ប្រារព្ធធ្វើឡើង​នៅ​ក្រុង​ប៉េកាំង​ ក្រោម​ប្រធាន​បទ “ភាពធន់​និង​កម្លាំង​រស់រវើក​៖ ការ​អភិវឌ្ឍ​របស់​ចិន​បាន​នាំ​មកនូវ​កាលានុវត្តភាពថ្មី​ដល់​ពិភពលោក ”។ អតីត​អ្នក​នយោបាយសំខាន់ៗ​ អ្នក​ជំនាញនិងបញ្ញវន្តនៃ​បណ្តាប្រទេសនានា​ សរុប​ចំនួនជាង​​២០រូប​ បាន​ធ្វើ​កិច្ច​ពិភាក្សា​ជា​យុទ្ធ​សាស្ត្រក្រោម​ប្រធាន​បទ​ដូច​ជា​ ការ​អភិវឌ្ឍ​ប្រក​បដោយ​គុណភាពខ្ពស់​របស់ចិន​និង​កំណើ​ន​សេដ្ឋកិច្ច​សកល​ ការ​ធ្វើ​ឱ្យ​ប្រសើរ​ឡើង​នៃ​អភិបាលកិច្ច​សេដ្ឋកិច្ច​សកល​និង​ស្ថិរភាព​នៃ​ខ្សែសង្វាក់ឧស្សាហកម្មនិងខ្សែសង្វាក់ផ្គត់ផ្គង់ បញ្ញា​សិប្បនិម្មិត​ផ្តល់​កម្លាំង​ចលករ​ដល់​នវា​នុវត្ត​ន៍ផ្នែកឧស្សាហកម្មជា​ដើម​ ដើម្បី​រួម​ចំណែក​ជាតម្រិះប្រាជ្ញាដល់​ការ​ងើបឡើង​វិញ​និង​ការ​អភិវឌ្ឍ​ប្រកបដោយ​​និរន្តរភាពរបស់​សេដ្ឋកិច្ច​សកល​  ។
        លោក Mulatu Teshome អតីត​ប្រធានាធិបតី​នៃ​ប្រទេស​អេត្យូពីបាន​ថ្លែង​ថា ក្នុង​បរិបទ​ដែ​ល​សេដ្ឋកិច្ច​សកល​បាន​និង​កំពុង​ស្វែង​រកច្រកចេញ ការ​អភិវឌ្ឍ​ប្រកប​ដោយ​គុណ​ភាព​ខ្ពស់​របស់​ចិន​បាន​ក្លាយ​ជា​យុថ្កាលំនឹង​ស្ថិរភាពនិងជាក្បាល​​ម៉ាស៊ីន​សម្រាប់​​ជំរុញ​កំណើន​សេដ្ឋ​កិច្ច​សកល​ ។ សេដ្ឋកិច្ចចិន​បាន​បង្ហាញឱ្យ​ឃើញនូវ​ភាពធន់​ ហើយ​ឧស្សាហកម្ម​កម្មន្ត​សាល​ទំនើប ​និង​សេវាកម្ម​ទំនើប​ត្រូវ​អាប់ដេត​ជាបន្កត​បន្ទាប់ ដែល​បាន​នាំ​មក​នូវ​កា​លា​នុវត្ត​ភាព​កិច្ចសហប្រតិបតិ្តការយ៉ាង​ច្រើន​ដល់​ដៃគូ​នៅលើ​ពិភពលោក​ទាំង​មូល​ ។
        ចាប់ពីចូល​ឆ្នាំ​២០២៦មក​ ការ​ដំណើរ​ការ​នៃ​សេដ្ឋកិច្ច​ចិន​បាន​រក្សា​ស្ថិរភាពជា​ទូទៅ​ នៅ​ត្រី​មាស​ទីមួយ​ ផលិតផលក្នុងស្រុកសរុបបាន​កើន​ឡើង​ ៥ភាគរយ​​​បើប្រៀបធៀបនឹង​រយៈ​ពេល​ដូច​គ្នា​កាលពីឆ្នាំ​មុន នៅត្រីមាស​ទីពីរ​បាន​កើន​ឡើង​ ៤,៣ភាគរយ​​​ ហើយ​ល្បឿន​នៃ​អត្រា​កំណើន​នៅឆមាស​ទីមួយ​ឆ្នាំ​នេះគឺ​៤,៧ភាគរយ ។ គ្រឹះ​ស្ថាន​​​ជា​ច្រើនបាន​ព្យាករ​ណ៍​ថា​ នៅត្រីមាស​ទីបួន​ ផលិតផលក្នុងស្រុកសរុបនឹង​​កើន​ឡើងពី​៤,​៥ភាគរយ​​ដល់​៤,៨​ភាគ​រយ​បើប្រៀបធៀបនឹង​រយៈពេល​ដូច​គ្នា​កាលពីឆ្នាំ​មុន ហើយ​ល្បឿននៃ​អត្រា​កំណើន​ក្នុង​ពេញ​មួយ​ឆ្នាំ​ មាន​ប្រហែល​ពី​៤,៦ភាគរយ​ ដល់ ​៤,៧ភាគរយ​ ។
ក្រឡេកមើល​ទៅត្រីមាស​ទីបួន តាមរយៈការ​ពង្រីក​តួនាទី​សម្រប​សម្រួល​ភាព​ផ្ទុយ​ពី​វដ្ត​គោល​នយោបាយ​ម៉ាក្រូជាបន្តបន្ទាប់ ប្រសិទ្ធភាព​នៃការដាក់ចេញ​គោលនយោបាយ​សម្រា​ប់​អូសទាញសេដ្ឋកិច្ច​កាន់តែមានភាពលេចធ្លោ ភាពរស់​រវើក​ក្នុង​ទីផ្សារ កម្លាំង​ចលករ​នៃ​តម្រូវ​ការ​ក្នុង​ស្រុក​  និង​កម្លាំង​ចលករ​នៃ​ឧស្សាហកម្ម​បាន​និង​កំពុង​ងើបឡើង​វិញ​ជា​លំដាប់​ សេដ្ឋកិច្ច​ចិន​ក្នុង​ត្រីមាស​ទីបួន​នឹង​ងើបឡើងវិញប្រ​កប​​ដោយមានស្ថិរភាព ។ អត្រា​កំណើន​សេដ្ឋកិច្ចនឹង​បង្ហាញពីការកើនឡើងយ៉ាង​ច្បាស់លាស់ បើប្រៀបធៀបនឹង​ពាក់​កណ្តាល​ឆ្នាំ ល្បឿននៃអត្រា​កំណើន​សេដ្ឋកិច្ច​ពេញមួយឆ្នាំ​ប្រហែល​នឹង​លើស​ពី៤,៦​ភាគ​រយ​ ត្រូវ​បានរំពឹង​ទុក​ថា នឹង​សម្រេច​បាន​នូវ​គោលដៅ​កំណើន​សេដ្ឋកិច្ច​ពេញមួយឆ្នាំ​ដោយ​រលូន ៕
ឡើងអត្ថបទនៅ | 10/13/2026 12:56:00 PM | ប្រភេទ:

លោកស្រីPeng Liyuanថ្លែងសុន្ទរកថាតាមប្រព័ន្ធវីដេអូក្នុងពិធីប្រគល់រង្វាន់ផ្នែកអប់រំស្ត្រីនិងកុមារីនៃអង្គការយូណេស្គូឆ្នាំ២០២៦

 លោកស្រីPeng Liyuanថ្លែងសុន្ទរកថាតាមប្រព័ន្ធវីដេអូក្នុងពិធីប្រគល់រង្វាន់ផ្នែកអប់រំស្ត្រីនិងកុមារីនៃអង្គការយូណេស្គូឆ្នាំ២០២៦


ថ្ងៃទី៩ ខែតុលា តាមម៉ោងក្នុងតំបន់ ពិធីប្រគល់រង្វាន់ផ្នែកអប់រំស្ត្រីនិងកុមារីនៃអង្គការយូណេស្គូឆ្នាំ២០២៦បានបើកធ្វើនៅក្រុងប៉ារីសប្រទេសបារាំង។លោកស្រីPeng Liyuanភរិយារបស់លោកXi Jinpingប្រធានរដ្ឋចិននិងជាបេសកជនពិសេសរបស់អង្គការយូណេស្គូទទួលបន្ទុកជំរុញការអប់រំស្ត្រីនិងកុមារីបានថ្លែងសុន្ទរកថាតាមប្រព័ន្ធវីដេអូក្នុងពិធីនេះ។
លោកស្រីPeng Liyuanបានលើកឡើងថា ជានិច្ចកាល ប្រទេសចិនតែងតែយកចិត្តទុកដាក់ខ្ពស់ចំពោះការអប់រំស្ត្រីនិងកុមារី និងធ្វើកិច្ចសហប្រតិបត្តិការជាក់ស្តែងយ៉ាងសកម្មជាមួយអង្គការយូណេស្គូនិងភាគីពាក់ព័ន្ធ ដែលបានផ្តល់ផលប្រយោជន៍ជាច្រើនដល់ស្ត្រីគ្រប់រូបនៃប្រទេសនានា។ក្នុងនាមជាបេសកជនពិសេសរបស់អង្គការយូណេស្គូទទួលបន្ទុកជំរុញការអប់រំរបស់កុមារីនិងស្ត្រី លោកស្រីPeng Liyuanបានអំពាវនាវឱ្យសហគមន៍អន្តរជាតិចាប់ដៃគ្នាដើម្បីបង្កើនការបណ្តុះបណ្តាលនិងការអប់រំវិជ្ជាជីវៈចំពោះស្ត្រី អភិវឌ្ឍយ៉ាងខ្លាំងក្លានូវការអប់រំឌីជីថលនិងបញ្ញាសិប្បនិម្មិតចំពោះស្ត្រី ដើម្បីឱ្យស្ត្រីគ្រប់រូបក្លាយជាអ្នកប្រើប្រាស់និងទទួលបានផលប្រយោជន៍ពីបច្ចេកវិទ្យាឌីជីថលនិងបញ្ញាសិប្បនិម្មិតក្នុងន័យជួយពួកគេឱ្យកសាងជីវិតដ៏អស្ចារ្យ៕
ឡើងអត្ថបទនៅ | 10/13/2026 05:38:00 AM | ប្រភេទ:

ការប្រគុំតន្រ្តីនៃត្រើយទាំងសងខាងនៃច្រកសមុទ្រតៃវ៉ាន់ក្រោមប្រធានបទ"ច្រៀងនិងរីករាយជាមួយគ្នា"ឆ្នាំ២០២៦ ដែលរៀបចំដោយអគ្គស្ថានីយវិទ្យុនិងទូរទស្សន៍មជ្ឈិមចិនបានប្រព្រឹត្តទៅនៅក្រុងប៉េកាំង

 ការប្រគុំតន្រ្តីនៃត្រើយទាំងសងខាងនៃច្រកសមុទ្រតៃវ៉ាន់ក្រោមប្រធានបទ"ច្រៀងនិងរីករាយជាមួយគ្នា"ឆ្នាំ២០២៦ ដែលរៀបចំដោយអគ្គស្ថានីយវិទ្យុនិងទូរទស្សន៍មជ្ឈិមចិនបានប្រព្រឹត្តទៅនៅក្រុងប៉េកាំង


ក្នុងរដូវស្លឹកឈើជ្រុះនេះ ការប្រគុំតន្រ្តីនៃត្រើយទាំងសងខាងនៃច្រកសមុទ្រតៃវ៉ាន់ក្រោមប្រធានបទ"ច្រៀងនិងរីករាយជាមួយគ្នា"ឆ្នាំ២០២៦ ដែលរៀបចំដោយអគ្គស្ថានីយវិទ្យុនិងទូរទស្សន៍មជ្ឈិមចិនបានប្រព្រឹត្តទៅនៅក្បែរបឹងYanxiនៅក្រុងប៉េកាំង ជនរួមជាតិនៃត្រើយទាំងសងខាងនៃច្រកសមុទ្រតៃវ៉ាន់ជាង៤០០រូបបានចូលរួមរីករាយជាមួយគ្នា។
ការប្រគុំតន្រ្តីលើកនេះបានចាត់ទុកថ្ងៃបុណ្យសែនព្រះខែជាតំណភ្ជាប់ខាងមនោសញ្ចេតនា មិនត្រឹមតែមានបទចម្រៀងល្បីៗនិយមដែលជាការចងចាំរបស់ជនរួមជាតិនៅត្រើយទាំងសងខាងប៉ុណ្ណោះទេ ប៉ុន្តែក៏ជាការបង្ហាញពីវប្បធម៌ជួបជុំគ្នាដែលមានប្រវត្តិសាស្រ្តពាន់ឆ្នាំរបស់ប្រជាជនចិនផងដែរ ដែលធ្វើឱ្យជនរួមជាតិចិនតភ្ជាប់មនោសញ្ចេតនាដ៏ជ្រាលជ្រៅតាមរយៈចង្វាក់តន្រ្តីនិងការពិពណ៌នាពីរឿងរ៉ាវ៕

ឡើងអត្ថបទនៅ | 10/13/2026 05:32:00 AM | ប្រភេទ:

៥៦ជនជាតិ គ្រួសារតែមួយ៖ រួមគ្នាពង្រឹងកម្លាំងជាតិ ដើម្បីជំរុញទំនើបកម្មសង្គមនិយមតាមបែបផែនចិន

 ៥៦ជនជាតិ គ្រួសារតែមួយ៖ រួមគ្នាពង្រឹងកម្លាំងជាតិ ដើម្បីជំរុញទំនើបកម្មសង្គមនិយមតាមបែបផែនចិន


ជាប្រវត្តិសាស្ត្រ ប្រទេសចិនមានអរិយធម៌ជាង៥០០០ឆ្នាំ ដែលបុព្វបុរសជនជាតិចិនបានបន្សល់ទុកនូវមរតកដ៏សម្បូរបែបក្នុងវិស័យទស្សនវិជ្ជា វិទ្យាសាស្ត្រ បច្ចេកវិទ្យា អក្សរសាស្ត្រ សិល្បៈ និងអភិបាលកិច្ចសង្គម។ លោកបណ្ឌិត ជា មុនីឫទ្ធិ ប្រធានសមាគមអ្នកស្រាវជ្រាវវឌ្ឍនភាពកម្ពុជា-ចិន យល់ថា មរតកទាំងនេះមិនត្រឹមតែជាមោទកភាពរបស់ប្រជាជនចិនប៉ុណ្ណោះទេ ថែមទាំងជាការទំនួលខុសត្រូវរបស់ប្រជាជនចិនតជំនាន់ ក្នុងការថែរក្សា បន្តវេន និងអភិវឌ្ឍឱ្យស្របតាមសម័យកាលថ្មីផងដែរ។ ប្រវត្តិសាស្ត្រជាង៥០០០ឆ្នាំ គឺជាមូលដ្ឋាននៃអត្តសញ្ញាណ និងមោទកភាពរបស់ប្រជាជនចិន ហេីយការបន្តភាពរុងរឿងរបស់អរិយធម៌ចិនមិនអាចពឹងផ្អែកតែលើសមិទ្ធផលរបស់បុព្វបុរសនោះទេ ពោលប្រជាជនចិនជំនាន់បន្តបន្ទាប់ត្រូវមានសមត្ថភាពក្នុងការសិក្សាស្រាវជ្រាវ ច្នៃប្រឌិត និងបង្កើតសមិទ្ធផលថ្មីៗ ដោយភ្ជាប់ប្រាជ្ញាបុរាណជាមួយវិទ្យាសាស្ត្រទំនើប និងអត្តសញ្ញាណជាតិជាមួយការបើកចំហចំពោះពិភពលោក។

ជាគតិបណ្ឌិត លោក Xi Jinping ប្រធានរដ្ឋចិន បានសង្កត់ធ្ងន់ជាបន្តបន្ទាប់លើការកសាងសហគមន៍ប្រជាជាតិចិន ដោយពង្រឹងសាមគ្គីភាពរវាងជនជាតិទាំង៥៦ និងជំរុញឱ្យប្រជាជនគ្រប់ជនជាតិរួមគ្នាខិតខំប្រឹងប្រែង ដើម្បីសម្រេចបាននូវការអភិវឌ្ឍ និងការស្តារភាពរុងរឿងរបស់ប្រជាជាតិចិនឡើងវិញ។ ទស្សនៈនេះបង្ហាញថា សាមគ្គីភាពជាតិគឺជាមូលដ្ឋានគ្រឹះដ៏សំខាន់សម្រាប់ការប្រមូលផ្តុំកម្លាំងប្រជាជន និងជំរុញទំនើបកម្មសង្គមនិយមតាមបែបផែនចិន។ 

ជាប្រាជ្ញាចិន គោលគំនិត «៥៦ជនជាតិ គ្រួសារតែមួយ» បង្ហាញពីសារៈសំខាន់នៃសាមគ្គីភាពក្នុងភាពចម្រុះ។ ទោះបីជាជនជាតិនីមួយៗមានភាសា ប្រពៃណី និងអត្តសញ្ញាណវប្បធម៌ខុសៗគ្នាក៏ដោយ ក៏ប្រជាជាតិចិនទាំង៥៦ជនជាតិអាចរួមរស់ និងចូលរួមកសាងប្រទេសជាតិដោយមានគោលដៅរួម។ ភាពចម្រុះនេះអាចក្លាយជាធនធានដ៏មានតម្លៃសម្រាប់ការច្នៃប្រឌិត ការផ្លាស់ប្តូរចំណេះដឹង និងការអភិវឌ្ឍសង្គម។ ក្នុងន័យនេះ សាមគ្គីភាពជាតិដែលមាននិរន្តរភាព ត្រូវភ្ជាប់ជាមួយការលើកកម្ពស់ជីវភាពប្រជាជនចិន ការអភិវឌ្ឍប្រកបដោយតុល្យភាព និងការថែរក្សាយ៉ាងខ្ជាប់ខ្ជួននូវភាពចម្រុះនៃវប្បធម៌ទាំង៥៦ជនជាតិ ។ ការធានាឱកាសអប់រំ ការបណ្តុះបណ្តាលវិជ្ជាជីវៈ ការកែលម្អសេវាសាធារណៈ និងការលើកទឹកចិត្តឱ្យប្រជាជនចិន ជាពិសេស ស្រ្តីបានចូលរួមកាន់តែសកម្មក្នុងចរន្តនៃការអភិវឌ្ឍ គឺជាកត្តាគន្លឹះសំខាន់ដែលបាននិងកំពុងបម្លែងសាមគ្គីភាពទៅជាកម្លាំងជាក់ស្តែងមហាសាលក្នុងការអភិវឌ្ឍជាតិ។

ជាទស្សនវិជ្ជា ការជំរុញទំនើបកម្មសង្គមនិយមតាមបែបផែនចិន ពិតណាស់ត្រូវការការប្រមូលផ្តុំកម្លាំងរបស់ប្រជាជនទាំងមូល ព្រមទាំងការអភិវឌ្ឍធនធានមនុស្សក្នុងគ្រប់វិស័យ ចាប់ពីវិទ្យាសាស្ត្រ បច្ចេកវិទ្យា កសិកម្ម និងឧស្សាហកម្ម រហូតដល់ការអប់រំ វប្បធម៌ និងអភិបាលកិច្ច។ លោកបណ្ឌិត ជា មុនីឫទ្ធិ បានបកស្រាយពីកម្លាំងប្រមូលផ្តុំនេះបានកំណត់ច្បាស់នៅក្នុងអភិបាលកិច្ចប្រទេសចិន ដូចមានរៀបរាប់នៅក្នុងសៀវភៅ«ប្រជាធិបតេយ្យតាមបែបផែនចិន» ដែលបានបោះពុម្ពក្នុងឆ្នាំ២០២២ ។

ជារួម «៥៦ជនជាតិ គ្រួសារតែមួយ» គឺជាគំនិតស្តីពីការប្រែក្លាយសាមគ្គីភាពទៅជាកម្លាំងអភិវឌ្ឍន៍ជាតិ។ ការថែរក្សាមរតកអរិយធម៌ជាង៥០០០ឆ្នាំ គឺជាកាតព្វកិច្ចរបស់មនុស្សជំនាន់ក្រោយ ដែលត្រូវមានទាំងចំណេះដឹង សមត្ថភាព គុណធម៌ និងឫទ្ធានុភាពក្នុងគ្រប់វិស័យ ដើម្បីបន្តបង្កើតសមិទ្ធផលថ្មីៗ។ អតីតកាលជាឫសគល់ បច្ចុប្បន្នជាការទទួលខុសត្រូវ ហើយអនាគតជាបេសកកម្មរួមរបស់ប្រជាជនចិនទាំង៥៦ជនជាតិ ក្នុងការរួមគ្នាសម្រេចឱ្យបានការស្តារភាពអស្ចារ្យឡេីងវិញរបស់ប្រជាជាតិចិន ការជំរុញល្បឿននៃទំនើបកម្មសង្គមនិយមតាមបែបផែនចិន និង ការរួមចំណែកដល់ការរីកចម្រើនរបស់មនុស្សជាតិ។ «កិច្ចកសាងសហគមន៍ជោគវាសនារួមនៃមនុស្សជាតិ» «គំនិតផ្ដួចផ្ដើម ខ្សែក្រវ៉ាត់និងផ្លូវ » «គំនិតផ្ដួចផ្ដើមសកលទាំង៤» សុទ្ធសឹងជាសក្ខីភាពបញ្ជាក់ពីវឌ្ឍនភាពរបស់ប្រទេសចិន គឺជាកាលានុវត្តភាពរបស់ពិភពលោក៕


ឡើងអត្ថបទនៅ | 10/13/2026 05:29:00 AM | ប្រភេទ:

ឧទ្យានជាតិខ្លាឃ្មុំផេនដា ៖ ជម្រករបស់ខ្លាឃ្មុំផេនដានិងជាខែលការពារជីវៈចម្រុះ

 ឧទ្យានជាតិខ្លាឃ្មុំផេនដា ៖  ជម្រករបស់ខ្លាឃ្មុំផេនដានិងជាខែលការពារជីវៈចម្រុះ


«ត្រូវពន្លឿនការកសាងប្រព័ន្ធតំបន់ការពារធម្មជាតិដែលមានឧទ្យានជាតិជាស្នូល ហើយធ្វើឱ្យមានសុក្រឹតភាពនូវយន្តការត្រួតពិនិត្យនិងគ្រប់គ្រងតំបន់ការពារធម្មជាតិ និងខ្សែបន្ទាត់ក្រហមនៃការអភិរក្សប្រព័ន្ធអេកូឡូស៊ី។» «ការពារប្រព័ន្ធអេកូឡូស៊ីធម្មជាតិ ការពារធនធានធម្មជាតិ និងជីវៈចម្រុះ។»  លោកXi Jinping ប្រធានរដ្ឋចិនបានផ្តល់អនុសាសន៍ណែនាំសំខាន់ដើម្បីកំណត់ទិសដៅនៃការកសាងឧទ្យានជាតិ។
នៅខែតុលា ឆ្នាំ២០២១ ប្រទេសចិនបានបង្កើតឧទ្យានជាតិខ្លាឃ្មុំផេនដាជាផ្លូវការ ។ ឧទ្យាននេះបានលាតសន្ធឹងតាមខេត្តស៊ីឈួន (Sichuan) ស្រានស៊ី (Shaanxi) និងកានស៊ូ (Gansu) ជាមួយនឹងទំហំផ្ទៃដីសរុបចំនួន ២២,០០០ គីឡូម៉ែត្រការ៉េ។ ឧទ្យាននេះជាទីជម្រកធម្មជាតិដ៏សំខាន់សម្រាប់ខ្លាឃ្មុំផេនដាព្រៃនិងជាតំបន់សំខាន់នៃជីវៈចម្រុះនៅសកលលោក។


ឆ្នាំ២០២៦ គឺជាខួបលើកទី៥ នៃការបង្កើតឧទ្យានជាតិខ្លាឃ្មុំផេនដា។ បច្ចុប្បន្ន ខ្លាឃ្មុំផេនដាព្រៃចំនួនជិត ១៤០០ ក្បាលកំពុងរស់នៅក្នុងឧទ្យាននេះ ដែលលើសពី ៧០% នៃចំនួនសរុបរបស់ខ្លាឃ្មុំផេនដាព្រៃនៅក្នុងប្រទេសចិន។
ខ្លាឃ្មុំផេនដាគឺជាប្រភេទសត្វដ៏សំខាន់បំផុតមួយសម្រាប់ការអភិរក្សជីវៈចម្រុះ។ ទីជម្រករបស់ខ្លាឃ្មុំផេនដាក៏ជាជម្រករបស់រុក្ខជាតិ និងសត្វព្រៃរាប់ពាន់ប្រភេទផ្សេងទៀត ដូចជាសត្វស្វាច្រមុះខ្លី Sichuan (Sichuan snub-nosed monkey) សត្វខ្លារខិនព្រិល (snow leopard) ដើមផ្កាព្រាប (dove tree) និងដើម Chinese yew ជាដើម។
ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ តំបន់នានានៃប្រទេសចិនបានចាត់វិធានការចម្រុះដើម្បីពង្រឹងការអភិរក្សជម្រកសត្វព្រៃ និងការស្តារនិងជួសជុលឡើងវិញតាមបែបវិទ្យាសាស្ត្រ ព្រមទាំងផ្តោតលើការកសាងច្រករបៀងអេកូឡូស៊ីផងដែរ។ កិច្ចខិតខំប្រឹងប្រែងទាំងនេះបានតភ្ជាប់ "កោះអេកូឡូស៊ីឯកោ"នានាជាមួយគ្នា ដែលជួយបំបែកការដាក់ហ្វូងសត្វខ្លាឃ្មុំផេនដាឱ្យដាច់ដោយឡែកពីគ្នា និងជំរុញការផ្លាស់ប្តូរហ្សែន។


លើសពីនេះ នៅក្នុងភូមិ Baoxing ខេត្ត Sichuan ដែលជាកន្លែងដែលរកឃើញសត្វខ្លាឃ្មុំផេនដាដំបូងបង្អស់លើពិភពលោក មានអ្នកភូមិជាច្រើនបានបើកផ្ទះសំណាក់ដើម្បីបំពេញតម្រូវការទីផ្សារទេសចរណ៍ខណៈពេលដែលទេសចរកាន់តែច្រើនឡើងៗពេញនិយមចំពោះដំណើរទស្សនកិច្ចសិក្សា ដំណើរទេសចរណ៍នៅកន្លែងត្រជាក់ស្រួលក្នុងរដូវក្តៅ និងការលេងកីឡាព្រិលទឹកកកនៅរដូវរងា ដែលបានជួយបង្កើនប្រាក់ចំណូលរបស់អ្នកភូមិ។
សាលតាំងពិព័រណ៍នៅមជ្ឈមណ្ឌលសេវាកម្មនៃឧទ្យានជាតិខ្លាឃ្មុំផេនដាដែលសិ្ថតនៅទីក្រុង Ya'an ខេត្ត Sichuan បានតាំងបង្ហាញនូវស្នាដៃសិប្បកម្មជាច្រើនរបស់អ្នកភូមិក្រោមប្រធានបទពាក់ព័ន្ធនឹងខ្លាឃ្មុំផេនដា។ ក្រៅពីនេះ មជ្ឈមណ្ឌលនេះក៏តែងតែរៀបចំសិក្ខាសាលាដើម្បីចែករំលែកចំណេះដឹងផ្នែកអេកូឡូស៊ី ហើយអ្នកភូមិជាច្រើនក៏បានទទួលការបណ្តុះបណ្តាលនិងក្លាយជាអ្នកផ្តល់សេវាពន្យល់ណែនាំផ្នែកអេកូឡូស៊ីផងដែរ។


តាមស្ថិតិបានបង្ហាញថា ឧទ្យានជាតិជំហានដំបូងចំនួន ៥ បានប្រមូលអ្នកភូមិក្នុងតំបន់ជិត ៥ ម៉ឺននាក់ឱ្យធ្វើជាអ្នកអភិរក្សបរិស្ថានអេកូឡូស៊ីនៅកន្លែងដែលខ្លួនរស់នៅ និងទទួលបានប្រាក់ចំណូលប្រចាំឆ្នាំចន្លោះពី ១ ម៉ឺនទៅ  ២ ម៉ឺនយាន់ប្រាក់ចិន។ តំបន់ទាំងនេះបានអភិវឌ្ឍឧស្សាហកម្មដែលមិនប៉ះពាល់ដល់អេកូឡូស៊ីយ៉ាងសកម្មខណៈពេលកសាងឧទ្យានជាតិ ហើយផលិតផលពិសេសៗដូចជា «ទឹកឃ្មុំផេនដា»  កំពុងទទួលបានការពេញនិយមយ៉ាងខ្លាំងពីសំណាក់អ្នកប្រើប្រាស់។
ចាប់ពីការផ្តោតលើតំបន់មួយ ដល់ការកសាងប្រព័ន្ធឧទ្យានជាតិដ៏ធំបំផុតរបស់ពិភពលោក ប្រទេសចិនកំពុងដើរលើផ្លូវកសាងឧទ្យានជាតិដែលមានលក្ខណៈពិសេសចិន៕

ឡើងអត្ថបទនៅ | 10/13/2026 05:25:00 AM | ប្រភេទ:

ភាពយន្តឯកសាររឿង "សំឡេងរបស់អ្នក វគ្គទី ២ " ត្រូវបានចាក់បញ្ចាំងនៅទីក្រុងប៉េកាំង

 ភាពយន្តឯកសាររឿង "សំឡេងរបស់អ្នក វគ្គទី ២ " ត្រូវបានចាក់បញ្ចាំងនៅទីក្រុងប៉េកាំង


ថ្ងៃទី១១ ខែតុលា ក្នុងនាមជាសកម្មភាពបន្ទាប់បន្សំមួយនៃវេទិកាប៉េកាំងស្តីពីការឆ្លើយតបបន្ទាន់ចំពោះពាក្យបណ្តឹងសាធារណៈឆ្នាំ២០២៦ ភាពយន្តឯកសាររឿង "សំឡេងរបស់អ្នក វគ្គទី ២ " ត្រូវបានចាក់បញ្ចាំងនៅទីក្រុងប៉េកាំង។
កាលពីពីរឆ្នាំមុន ភាពយន្តឯកសាររឿង "សំឡេងរបស់អ្នក" ដែលផលិតដោយអគ្គស្ថានីយវិទ្យុនិងទូរទស្សន៍មជ្ឈិមចិន បានពិពណ៌នាពីសាច់រឿងនៃការហៅទូរស័ព្ទរបស់អ្នកក្រុងតាមរយៈខ្សែទូរស័ព្ទទាក់ទងបន្ទាន់លេខ "12345" របស់ទីក្រុងប៉េកាំង ដើម្បីបង្ហាញដោយពេញលេញអំពីការអនុវត្តប្រកបដោយភាពច្នៃប្រឌិតរបស់ទីក្រុងប៉េកាំងក្នុងការពង្រឹងកំណែទម្រង់ចំពោះការឆ្លើយតបបន្ទាន់ចំពោះពាក្យបណ្តឹងសាធារណៈ។ ភាពយន្តរឿង"សំឡេងរបស់អ្នក វគ្គទី ២ " ដែលជាភាគបន្ត បានថតអស់រយៈពេលជិតមួយឆ្នាំ និងយកបទសម្ភាសន៍ជាមួយមនុស្សជិត ១០០ នាក់មកពីគ្រប់មជ្ឈដ្ឋាន ដើម្បីបង្ហាញពីដំណើរការនៃការកែទម្រង់ និងការច្នៃប្រឌិតថ្មីចំពោះទីក្រុង តាមចក្ខុវិស័យអន្តរជាតិ និងតាមទម្រង់ដើម៕
ឡើងអត្ថបទនៅ | 10/13/2026 05:20:00 AM | ប្រភេទ:

ការស្ទង់មតិរបស់បណ្តាញ​ CGTN ៖ សេចក្តី​ថ្លៃថ្នូរ​នៃកិច្ចសន្ទនាជាក់ស្តែងក្នុងការ​​​​ប្រឈមមុខនឹង​គាំ​ពារនិយម

 ការស្ទង់មតិរបស់បណ្តាញ​ CGTN ៖ សេចក្តី​ថ្លៃថ្នូរ​នៃកិច្ចសន្ទនាជាក់ស្តែងក្នុងការ​​​​ប្រឈមមុខនឹង​គាំ​ពារនិយម


ថ្មីៗនេះ ប្រទេសចិន និងសហភាពអឺរ៉ុបបានរៀបចំកិច្ចប្រជុំជា​ប្រចាំ​លើកទីពីរ​នៃយន្តការពិគ្រោះពិភាក្សា​​ផ្នែកពាណិជ្ជកម្ម និងការវិនិយោគរវាង​ភាគីទាំងពីរ​​ ដោយបានធ្វើការពិភាក្សាប្រកបដោយលក្ខណៈជាក់ស្តែង និងទទួលបាន​ផ្លៃផ្កា​ជាច្រើន​ ព្រម​ទាំង​បានឈាន​ដល់​គំនិត​ឯកភាពរួម​​។ ភាគីទាំងពីរបានរំលឹក​ឡើងវិញថា​ ក្នុ​ងនាមជាដៃគូពាណិជ្ជកម្មដ៏សំខាន់ ភាគី​ចិននិង​សហភាព​អឺរ៉ុប​នឹង​ដោះស្រាយ​ការ​ខ្វែង​គំនិត​គ្នា​ដោយ​សមរម្យ​​ក្រោម​ក្របខ័ណ្ឌនៃច្បាប់​របស់អង្គការពាណិជ្ជកម្មពិភពលោក​​ ព្រម​ទាំង​​ធ្វើ​កិច្ច​ខិត​ខំប្រឹង​ប្រែង​ដើម្បី​​បន្ត​រក្សាស្ថិរភាព និងធ្វើ​ឱ្យ​កាន់តែ​មាន​តុល្យភាពនូវ​ទំនាក់ទំនងសេដ្ឋកិច្ច និងពាណិជ្ជកម្មទ្វេភាគី។
ការស្ទង់មតិរបស់​បណ្តាញ​ទូរទស្សន៍​CGTN នៃ​អគ្គ​ស្ថានីយ​វិទ្យុ​និ​ងទូរទស្ស​ន៍​មជ្ឈិម​ចិន​ចំពោះ​អ្នក​ប្រើ​អ៊ីធើណែតទូទាំង​ពិភពលោក​បានបង្ហាញថា អ្នក​ផ្តល់​បទ​សម្ភាសន៍​ចំនួន​ ៨២,៨% ​បាន​សម្គាល់​ឃើញ​ថា គាំ​ពារនិយមមិនអាចដោះស្រាយបញ្ហាប្រឈមនៃការកែសម្រួលរចនាសម្ព័ន្ធឧស្សាហកម្មដែលប្រទេសនានានៅអឺរ៉ុបកំពុងជួបប្រទះនោះទេ ប៉ុន្តែផ្ទុយទៅវិញ វាអាចនឹងនាំឱ្យបរិយាកាសពាណិជ្ជកម្មអន្តរជាតិកាន់​តែ​អាប់អួរ​ទៅ​​ៗ​៕
ឡើងអត្ថបទនៅ | 10/13/2026 05:18:00 AM | ប្រភេទ:

បទវិភាគ​៖ទំនាក់ទំនង​សេដ្ឋកិច្ចនិង​ពាណិជ្ជកម្ម​ចិន-អឺរ៉ុបដែល​មាន​ស្ថិរ​ភាព​​​និង​ភាពរឹងមាំនឹង​​បំពេញបន្ថែម​ថាមពល​វិជ្ជមានសម្រាប់​​កំណើនសេដ្ឋកិច្ច​សកល​

 បទវិភាគ​៖ទំនាក់ទំនង​សេដ្ឋកិច្ចនិង​ពាណិជ្ជកម្ម​ចិន-អឺរ៉ុបដែល​មាន​ស្ថិរ​ភាព​​​និង​ភាពរឹងមាំនឹង​​បំពេញបន្ថែម​ថាមពល​វិជ្ជមានសម្រាប់​​កំណើនសេដ្ឋកិច្ច​សកល​


ពីថ្ងៃទី៨ដល់ថ្ងៃ​ទី៩ខែតុលា កិច្ចប្រជុំជាប្រចាំ​លើកទី២នៃ​យន្តការពិគ្រោះ​ពិភាក្សា​អំពី​ពា​ណិ​ជ្ជកម្មនិង​វិនិយោគចិន-អឺរ៉ុប​បានប្រារព្ធធ្វើ​នៅ​ក្រុងប៉េកាំង ។ ភាគីទាំងពីរបានធ្វើ​ការ​ពិ​គ្រោះ​​​ពិភា​ក្សា​ប្រកបដោយ​ភាពជាក់ស្តែង​និង​លទ្ធផលជាផ្លែផ្កា ព្រមទាំង​បានបង្កើត​បញ្ជី​គំនិត​ឯកភាពរួម​លើលទ្ធផល​ចំនួន ១៦ ដែលគ្របដណ្តប់​វិស័យធំចំនួនបួន ​។ ភាគីទាំងពីរ​ក៏​បា​ន​ឯកភាពគ្នាថា នឹងបើកធ្វើ​កិច្ចប្រជុំជាប្រចាំ​លើកទី៣នៃយន្តការនេះ​នៅខែមីនាឆ្នាំ​២០​២៧ ​។ នេះបាន​បង្ហាញយ៉ាង​ពេញលេញថា ​ចិននិងអឺរ៉ុបមានឆន្ទៈនិងមានប្រាជ្ញា​ក្នុង​ការ​គ្រប់​គ្រងនិង​ដោះស្រាយឱ្យ​បាន​សមរម្យ​នូវ​ការ​ខ្វែងគំនិត​តាមរយៈ​កិច្ចសន្ទនានិង​ការចរចា ដោយ​ចៀសវាងប្រកបដោយ​ប្រសិទ្ធភាពកុំឱ្យ​ជម្លោះ​ឡើងកម្តៅ។


ចិននិងសហភាពអឺរ៉ុប​គឺជាដៃគូ​យុទ្ធសាស្ត្រ​គ្រប់ជ្រុងជ្រោយ ហើយ​​បរិយាកាស​ចម្បងគឺ​កិច្ច​សហប្រតិបត្តិការ ។ ​ប៉ុន្តែប៉ុន្មានឆ្នាំ​ចុងក្រោយនេះ ​លទ្ធិគាំពារនិយម​នៅផ្ទៃ​ក្នុងសហភាព​អឺរ៉ុប​កំពុង​ងើបឡើងវិញ ​ហើយអ្នកនយោបាយ​មួយចំនួនបាន​ឃោសនា​បំប៉ោង​ពី​ពាក្យ​សម្តី​ខុស​ឆ្គង​ដូចជា “អតិរេក​ផលិតកម្មរបស់​ចិន​” និង “អតុល្យភាព​ខាង​សេដ្ឋកិច្ចនិង​ពាណិជ្ជកម្ម​ចិន-អឺរ៉ុប”​ដែលបាន​បង្កើតឧបសគ្គដល់​កិច្ចសហប្រតិបត្តិការ​សេដ្ឋកិច្ចនិងពាណិជ្ជកម្ម​​ជា​ប្រ​ក្រ​តី​រវាងចិន​និងអឺរ៉ុប ។ ​នៅខែមិថុនា​ឆ្នាំនេះ ចិននិងអឺរ៉ុបបាន​បើកធ្វើ​កិច្ចប្រជុំលើកដំបូងនៃ​យន្ត​ការ​ពិគ្រោះពិភាក្សា​អំពី​ពាណិជ្ជកម្មនិង​វិនិយោគចិន-អឺរ៉ុប​នៅ​ក្រុងព្រុចសែល ហេតុ​អ្វី​បាន​ជា​ភាគី​ទាំងពីរឯកភាពគ្នាបង្កើត​យន្តការនេះ គឺដើម្បី​ពង្រឹង​កិច្ចសន្ទនា​ខាងគោល​ន​យោ​បាយ​ពាណិជ្ជកម្មនិង​វិនិយោគ​​ថ្នាក់រដ្ឋមន្ត្រី ក្នុង​ន័យ​​លំនឹង​ទំនាក់ទំនងទ្វេភាគី​និង​ធ្វើ​ឱ្យ​វា​កាន់តែមានតុល្យភាព ។ ​យន្តការនេះ​មានផ្នែកធំៗចំនួនបួន គឺ តុល្យភាពពាណិជ្ជកម្ម​និង
វិនិ​យោគ ការគ្រប់គ្រង​ការនាំចេញ កម្មសិទ្ធិបញ្ញានិងកំណែទម្រង់​អង្គការ​ពាណិជ្ជកម្ម​ពិភព​លោ​ក ដែលគ្របដណ្តប់​លើកង្វល់ស្នូលរបស់​ភាគីទាំងពីរ ។

នៅក្នុងកិច្ចប្រជុំ​ជាប្រចាំលើកនេះ ភាគីទាំងពីរ​បានរំលឹកឡើងវិញនូវ​​ទម្រង់ថ្មី​ជាដៃគូ​ពា​ណិ​ជ្ជកម្មគន្លឹះ​ដែលមានស្ថិរភាព​និងមានតុល្យភាព​រវាងចិននិងអឺរ៉ុប ​ព្រមទាំងបាន​បញ្ជាក់​ថា​ នឹងដោះស្រាយ​ការខ្វែងគំនិត​ផ្នែកសេដ្ឋកិច្ច​និងពាណិជ្ជកម្មព្រមទាំងកង្វល់រៀងៗខ្លួន​ដោ​យមាន​តុល្យភាពក្នុងក្របខ័ណ្ឌ​​ច្បាប់​កំណត់នៃអង្គការពាណិជ្ជកម្ម​ពិភពលោក និង​ពិភា​ក្សា​ពី​ការធ្វើឱ្យ​ស៊ីជម្រៅនូវ​កិច្ចសហប្រតិបត្តិការ​​ដែលផ្តល់​ផលប្រយោជន៍​ដល់គ្នា​ទៅ​វិញ​ទៅ​មក​​ ដើម្បីជំរុញ​​​ពាណិជ្ជកម្មចិន-អឺរ៉ុបឱ្យ​អភិវឌ្ឍន៍​ប្រកបដោយ​​តុល្យភាព​​និងឆ្ពោះទៅ​មុខ ​។​ ភាគីទាំងពីរ​បាន​ឈានដល់​​គំនិត​ឯកភាពរួម​លើលទ្ធផល​ចំនួន ១៦ ដែលគ្របដណ្តប់​លើ​ចំណុច​លំបាក​មួយចំនួន​​ក្នុងទំនាក់ទំនង​សេដ្ឋកិច្ចនិង​ពាណិជ្ជកម្ម​ចិន-អឺរ៉ុប និង​ឆ្លើយតប​ទៅ​នឹង​ការរំពឹងទុករបស់​មជ្ឈដ្ឋាន​ឧស្សាហកម្ម​និងទីផ្សារ ។

តើបញ្ជី​គំនិតឯកភាពគ្នា​លើលទ្ធផល​នេះមានចំណុច​លេចធ្លោ​សំខាន់ៗអ្វីខ្លះ? លោក Xia Chuanxin ​សមាជិក​ស្រាវជ្រាវ​រងនៃវិទ្យាស្ថាន​ស្រាវជ្រាវអឺរ៉ុប​នៃបណ្ឌិត្យសភា​ស្រាវជ្រាវ​សេដ្ឋ​កិច្ចនិង​ពាណិជ្ជកម្មអន្តរជាតិ​នៃក្រសួងពាណិជ្ជកម្មចិន​បានថ្លែងថា ចំណុច​លេច​ធ្លោ​ធំ​បំផុត​គឺ ភាគីទាំងពីរ​បានដាក់បញ្ចូល​បញ្ហារថយន្តដែល​ទទួលបាន​ការយកចិត្តទុកដាក់ខ្ពស់​ពី​មជ្ឈដ្ឋាន​ខាងក្រៅ​ចូលទៅក្នុងការចរចាផ្លូវ​ការបន្តទៀត ។ ​ឧស្សាហកម្ម​រថយន្តគឺ​ជាវិស័យ​អាទិ​ភាព​បំផុតមួយនៃ​កិច្ចសហប្រតិបត្តិការ​សេដ្ឋកិច្ចនិង​ពាណិជ្ជកម្ម​ចិន-អឺរ៉ុប ហើយ​ភាគី​ទាំង​ពីរ​បាន​ឈានដល់​ការយោគយល់គ្នាស្តីពី​ពាណិជ្ជកម្ម​រថយន្ត​ថាមពលចម្រុះ​តាម​របៀ​ប​ដែល​សមស្របនឹង​​ច្បាប់កំណត់នៃ​អង្គការពាណិជ្ជកម្ម​ពិភពលោក ហើយនឹងបន្ត​នីតិវិធី​ពាក់​ព័ន្ធ​នឹងការសន្យាតម្លៃ​របស់សហគ្រាស​និងការត្រួតពិនិត្យ​ឡើងវិញនៃ​ករណីប្រឆាំង​ឧបត្ថម្ភ​ក​ធន​នៃរថយន្តអគ្គិសនី ដោយ​ហេតុនេះបាន​ចៀសវាង​កុំឱយស្ថានភាពឡើង​កម្តៅ និង​ការ​ពារ​យ៉ាងខ្លាំង​នូវផលប្រយោជន៍​នាំចេញជាក់ស្តែង​របស់សហគ្រាសចិន ។

នៅក្នុងកិច្ចប្រជុំ​ជាប្រចាំលើកនេះ ​ភាគីទាំងពីរចិន​និងអឺរ៉ុបសុទ្ធតែ​យល់ឃើញថា ​ទំនាក់​ទំ​នង​សេដ្ឋកិច្ច​និងពាណិជ្ជកម្ម​ចិន-អឺរ៉ុបដែល​មានស្ថិរភាពនិ​ង​ភាពរឹង​មាំ​វា​មិនត្រឹមតែមាន​អំ​ណោយ​ដល់​សហគ្រាស​និងប្រជាជន​ចិននិងអឺរ៉ុប​ប៉ុណ្ណោះទេ ប៉ុន្តែ​ថែមទាំង​នឹង​បំពេញ​បន្ថែ​ម​ភាពប្រាកដប្រជា​និងថាមពល​វិជ្ជមាន​ដល់កំណើនសេដ្ឋកិច្ចសកល​និងស្ថិរភាព​នៃ​ខ្សែ​សង្វាក់​ឧស្សាហកម្ម​​និង​ខ្សែ​សង្វាក់ផ្គត់ផ្គង់ផងដែរ ។
នៅក្នុងពិភពលោក​បច្ចុប្បន្ន របបការពារនិយម​មិនអាច​ទទួលបាន​ការ​គាំទ្រជា​ដាច់​ខាត​ ការ​បើកទូលាយ​និងកិច្ចសហប្រតិបត្តិការ​ទើបជានិន្នាការទូទៅ​ ។ សង្ឃឹមថា ​ភាគីអឺរ៉ុបនឹង​ដើរ​ស្របតាម​ទិសដៅជាមួយ​នឹងភាគីចិន ដើម្បីរួមគ្នា​ជំរុញឱ្យ​លទ្ធផលនិង​គំនិត​ឯកភាពរួម​ដែល​ឈានដល់ក្នុង​កិច្ចប្រជុំជាប្រចាំ​លើកទី២​ត្រូវ​បានអនុវត្តជាក់ស្តែង និងរួមគ្នា​ចែក​រំលែ​ក​“​កាលានុវត្តភាព​ចិន២.០” ដើម្បីឱ្យ​ភាគលាភនៃ​កិច្ចសហប្រតិបត្តិការ​ចិន-អឺរ៉ុបផ្តល់​ផល​ប្រ​យោ​ជន៍​ដល់ភាគីទាំងពីរ​និងពិភពលោក ៕
ឡើងអត្ថបទនៅ | 10/13/2026 05:14:00 AM | ប្រភេទ:

សុខុមាលភាពប្រជាជនចិនឆ្លុះបញ្ចាំងតាមរយៈទស្សនវិជ្ជាចិន

 សុខុមាលភាពប្រជាជនចិនឆ្លុះបញ្ចាំងតាមរយៈទស្សនវិជ្ជាចិន


លោកបណ្ឌិត ជា មុនីឫទ្ធិ ប្រធានសមាគមអ្នកស្រាវជ្រាវវឌ្ឍនភាពកម្ពុជា-ចិន យល់ថា សម្រាប់ប្រទេសចិន សុខុមាលភាពសង្គម និងវិបុលភាពរួម គឺជាគោលដៅសំខាន់នៃការអភិវឌ្ឍដែលផ្ដោតលើការកែលម្អជីវភាពប្រជាជន ការបង្កើនឱកាសអភិវឌ្ឍ និងការចែករំលែកផលប្រយោជន៍ពីកំណើនសេដ្ឋកិច្ច។ គោលដៅនេះអាចត្រូវបានពិចារណាតាមរយៈទស្សនវិជ្ជាចិនបុរាណ ជាពិសេសគំនិតមនុស្សធម៌របស់ខុងជឺ (កាលពីជាង២៥០០ឆ្នាំ មុន) និង គំនិតសុខដុមរមនាជាមួយធម្មជាតិរបស់ឡៅជឺ  (កាលពីជាង២៥០០ឆ្នាំ មុន) ព្រមទាំងបទពិសោធន៍អភិបាលកិច្ចរបស់បក្សកម្មុយនិស្តចិន លេីការដឹកនាំសាធារណរដ្ឋប្រជាមានិតចិន (៧៧ឆ្នាំកន្លងមកនេះ)។
តាមរយៈសៀវភៅ «មិនទុកនរណាម្នាក់ចោល ៖ រឿងរ៉ាវនៃការកាត់បន្ថយភាពក្រីក្ររបស់ប្រទេសចិន» លោកបណ្ឌិត ជា មុនីឫទ្ធិ ចែករំលែក ថា៖


ទី១៖ ទស្សនវិជ្ជាខុងជឺ និងការយកប្រជាជនជាស្នូលអាទិភាពនៃការអភិវឌ្ឍ។ ខុងជឺបានលើកតម្កើងគុណធម៌ មនុស្សធម៌ និងការទទួលខុសត្រូវរបស់អ្នកដឹកនាំ។ គំនិតនេះអាចឆ្លុះបញ្ចាំងតាមរយៈការផ្ដល់អាទិភាពដល់ការអប់រំ សុខាភិបាល ការងារ និងសន្តិសុខសង្គម។ ក្នុងបទពិសោធន៍ចិន ការលុបបំបាត់ភាពក្រីក្រខ្លាំងនៅតំបន់ជនបទតាមស្តង់ដារជាតិដែលចិនបានកំណត់នៅចុងឆ្នាំ២០២០ គឺជាទឡ្ហីករណ៍បែបគរុសភាមួយនៃការប្រើប្រាស់គោលនយោបាយ និងធនធានដើម្បីកែលម្អជីវភាពប្រជាជន។ ទោះជាយ៉ាងណា ការរក្សាសមិទ្ធផល និងការទប់ស្កាត់មិនឱ្យធ្លាក់មកទទួលភាពក្រីក្រឡើងវិញ នៅតែត្រូវការកិច្ចខិតខំប្រឹងប្រែងជាបន្តបន្ទាប់។
ទី២៖ ទស្សនវិជ្ជាឡៅជឺ និងការអភិវឌ្ឍប្រកបដោយតុល្យភាព។ ឡៅជឺបានសង្កត់ធ្ងន់លើការសម្របសម្រួលតាមធម្មជាតិ ភាពសាមញ្ញ និងការចេះស្កប់ស្កល់។ គំនិតទាំងនេះរំលឹកថា វិបុលភាពមិនគួរវាស់វែងត្រឹមតែទ្រព្យសម្បត្តិ ឬកំណើនសេដ្ឋកិច្ចប៉ុណ្ណោះទេ ប៉ុន្តែត្រូវគិតគូរពីសុខភាព បរិស្ថាន និងគុណភាពជីវិតផងដែរ។ ជាក់ស្តែង ក្នុងអំឡុងថ្ងៃឈប់សម្រាកសប្តាហ៍មាសរបស់ប្រទេសចិនក្នុងឆ្នាំ២០២៦ លំហូរអ្នកដំណើរទូទាំងប្រទេសមានចំនួនសរុប២.១៤២ពាន់លាននាក់ ហើយការប្រើប្រាស់ផលិតផលបៃតង និងឆ្លាតវៃក៏កំពុងកើនឡើង។ ទិន្នន័យទាំងនេះបង្ហាញពីភាពរស់រវើកនៃទីផ្សារទេសចរណ៍ និងការប្រើប្រាស់ ដែលអាចបង្កើតឱកាសសេដ្ឋកិច្ច ប៉ុន្តែក៏ត្រូវការការគ្រប់គ្រងប្រកបដោយចីរភាព ដើម្បីធានាតុល្យភាពរវាងសេដ្ឋកិច្ច សង្គម និងបរិស្ថាន។


ទី៣៖ គុណតម្លៃនៃអភិបាលកិច្ចរបស់បក្សកម្មុយនិស្តចិនដែលបង្កេីនល្បឿនដល់ការធ្វេីទំនេីបកម្មសង្គមនិយមតាមបែបផែនចិន។ បទពិសោធន៍ចិនបង្ហាញពីសារៈសំខាន់នៃការរៀបចំផែនការរយៈពេលវែង ការសម្របសម្រួលធនធាន និងការជំរុញគោលនយោបាយនៅមូលដ្ឋាន។ ជាក់ស្តែង ក្នុងអំឡុងថ្ងៃទី១ ដល់ថ្ងៃទី៦ ខែតុលា ឆ្នាំ២០២៦ គោលនយោបាយយករបស់ចាស់ប្ដូរយកការបញ្ចុះតម្លៃសម្រាប់ទិញរបស់ថ្មី បានជំរុញប្រាក់ចំណូលពីការលក់ចំនួន ៣៣,៤៨ ពាន់លានយាន់ប្រាក់ចិន។ ជាមួយគ្នានេះ ការលក់មនុស្សយន្តឆ្លាតវៃនៅលើវេទិកាសំខាន់ៗបានកើនឡើង ១.៣ដង បើប្រៀបធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ សូចនាករទាំងនេះបង្ហាញពីការភ្ជាប់គោលនយោបាយជំរុញការប្រើប្រាស់ជាមួយការអភិវឌ្ឍបច្ចេកវិទ្យា និងការបង្កើតតម្រូវការថ្មីក្នុងសេដ្ឋកិច្ច។

ជាប្រត្យក្សភាព ទស្សនវិជ្ជាខុងជឺផ្ដល់មូលដ្ឋានគំនិតអំពីគុណធម៌ និងការទទួលខុសត្រូវចំពោះប្រជាជន ខណៈទស្សនវិជ្ជាឡៅជឺរំលឹកពីសារៈសំខាន់នៃតុល្យភាព និងចីរភាព។ នៅពេលយកគំនិតទាំងនេះមកពិចារណាជាមួយបទពិសោធន៍អភិបាលកិច្ចរបស់បក្សកម្មុយនិស្តចិន (ឆ្នាំ​២០២៦ជាខួប១០៥ឆ្នាំ​នៃការបង្កេីតបក្ស)​ យើងអាចឃើញពីសារៈសំខាន់នៃការភ្ជាប់ការរីកចម្រើនសេដ្ឋកិច្ចទៅនឹងសុខុមាលភាពប្រជាជនចិន៕
ឡើងអត្ថបទនៅ | 10/12/2026 11:22:00 PM | ប្រភេទ: