លោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង អមដំណើរ ឯកឧត្តម ឃួង ស្រេង ចុះពិនិត្យទីតាំងទទួលអំណោយសប្បុរសធម៌ Eat More បឹងកក់ និងពង្រឹងសន្តិសុខសុវត្ថិភាពជូនក្រុមស្ម័គ្រចិត្ត
ភ្នំពេញ៖ នារសៀលថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០២៥ លោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរង កងរាជអាវុធហត្ថលើផ្ទៃប្រទេស និងជាមេបញ្ជាការ កងរាជអាវុធហត្ថរាជធានីភ្នំពេញ បានអញ្ជើញអមដំណើរ ឯកឧត្តម ឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ ចុះពិនិត្យទីតាំងទទួលអំណោយសប្បុរសធម៌ Eat More ស្ថិតនៅតំបន់បឹងកក់ រាជធានីភ្នំពេញ។
ក្នុងឱកាសនោះ ថ្នាក់ដឹកនាំបានពិនិត្យមើលដំណើរការរៀបចំ វេចខ្ចប់សម្ភារ និងស្បៀងអាហារ ដែលបានទទួលពីសប្បុរសជន និងក្រុមស្ម័គ្រចិត្ត ដើម្បីត្រៀមដឹកជូនបងប្អូនវីរកងទ័ពកម្ពុជា ដែលកំពុងបំពេញភារកិច្ចការពារជាតិ នៅជួរមុខ និងបងប្អូនប្រជាពលរដ្ឋជនភៀសសឹក។
ជាមួយគ្នានេះ លោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង បានសម្រេចបង្កើតគណៈបញ្ជាការស្រាល ដើម្បីពង្រឹងការការពារសន្តិសុខ សុវត្ថិភាព និងសណ្តាប់ធ្នាប់ នៅទីតាំងទទួលអំណោយ ពិសេសនៅកន្លែងទុកម៉ូតូ និងយានយន្ត ដើម្បីធានាឲ្យក្រុមស្ម័គ្រចិត្ត និងអ្នកពាក់ព័ន្ធអាចបំពេញការងារបានដោយមានសុវត្ថិភាព និងទំនុកចិត្ត។
ការចុះពិនិត្យ និងដាក់ចេញវិធានការខាងលើនេះ បង្ហាញពីការយកចិត្តទុកដាក់ខ្ពស់របស់ថ្នាក់ដឹកនាំរាជធានីភ្នំពេញ និងកងរាជអាវុធហត្ថ ក្នុងការគាំទ្រ និងសម្របសម្រួលសកម្មភាពមនុស្សធម៌ សម្រាប់ជួយបងប្អូនកងទ័ព និងប្រជាពលរដ្ឋដែលកំពុងជួបការលំបាក ដោយធានាបាននូវសន្តិសុខ សុវត្ថិភាព និងសេចក្តីសុខសាន្តជូនសង្គមជាតិ៕




