អគ្គីភ័យឆេះឃ្លាំងអេតចាយនៅក្រុងប៉ោយប៉ែត កម្លាំងសមត្ថកិច្ចចូលរួមពន្លត់ទាន់ពេលវេលា
បន្ទាយមានជ័យ៖ នៅវេលាម៉ោង ២៤:៣៦នាទី យប់ថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២៥ មានករណីអគ្គីភ័យឆេះឃ្លាំងអេតចាយមួយកន្លែង នៅជិតវត្តផ្សារកណ្តាល ភូមិផ្សារកណ្តាល សង្កាត់ផ្សារកណ្តាល ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។ ឃ្លាំងឆេះនោះជាប្រភេទឃ្លាំងផ្ទុកសម្ភារៈអេតចាយ ជាសម្បត្តិរបស់លោក ប៉ាល់ ចំរេីន ភេទប្រុស អាយុ៤៧ឆ្នាំ។
ក្រោយទទួលបានព័ត៌មាន កម្លាំងអធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែត បានចុះទៅកន្លែងកើតហេតុភ្លាមៗ ដើម្បីអន្តរាគមន៍ពន្លត់ភ្លើង ដោយមានការដឹកនាំផ្ទាល់ពីលោក គាត ហ៊ុល អភិបាលក្រុងប៉ោយប៉ែត និងលោកវរសេនីយ៍ទោ ព្រហ្ម ពិសិដ្ឋ អធិការនគរបាលក្រុងប៉ោយប៉ែត រួមជាមួយលោកវរសេនីយ៍ឯក ពិន សេរី ស្នងការរង។
ក្នុងកិច្ចសម្របសម្រួលនោះ មានកម្លាំងចូលរួមសរុបជាច្រើនរូប រួមទាំង៖
កម្លាំងសាលាក្រុង ១០នាក់
កម្លាំងនគរបាលក្រុងប៉ោយប៉ែត ៥០នាក់
កម្លាំងអាវុធហត្ថក្រុងប៉ោយប៉ែត ២០នាក់
ក្រុមការងារសង្កាត់ផ្សារកណ្តាល និងប្រជាការពារ
សម្រាប់ការពន្លត់ភ្លើង បានប្រើប្រាស់ឡានទឹកសរុបចំនួន ០៩ឡាន ដែលមានមកពីស្ថាប័ននានា ដូចជា៖
ស្នងការដ្ឋានខេត្ត ២ឡាន
អធិការដ្ឋានក្រុងប៉ោយប៉ែត ១ឡាន
អធិការដ្ឋានស្រុកអូរជ្រៅ ១ឡាន
សាលាក្រុងប៉ោយប៉ែត ១ឡាន
ក្រុមហ៊ុនអានកូរ ១ឡាន
កាស៊ីណូហ្គ្រេនដាយមិន ១ឡាន
កាស៊ីណូស្តាហ្គោល ១ឡាន
ក្រុមសង្គ្រោះក្រុងប៉ោយប៉ែត ១ឡាន
បន្ថែមទៀត មានគ្រឿងចក្រសំរាបកាយចំនួន ២គ្រឿងត្រូវបានប្រើប្រាស់ក្នុងការជួយបង្ការភ្លើងផងដែរ។
ឃ្លាំងដែលកើតហេតុនេះមានទំហំប្រហែល ៤០ ម៉ែត្រគុណ ៦០ ម៉ែត្រ ហើយអគ្គីភ័យបានឆេះបំផ្លាញគ្រឿងចក្រកាយដីចំនួន ២គ្រឿង ម៉ាស៊ីនគ្រីប ១គ្រឿង និងសម្ភារៈអេតចាយជាច្រើន។
ទោះបីជាហេតុនេះធ្ងន់ធ្ងរជាប៉ុនណា ក៏មិនមានអ្នករងរបួស ឬបាត់បង់ជីវិតនោះទេ។
តាមការសន្និដ្ឋានបឋម មូលហេតុនៃអគ្គីភ័យនេះ បណ្តាលមកពី ការឆ្លងចរន្តអគ្គិសនី។ ការពន្លត់ភ្លើងប្រើប្រាស់ទឹកសរុប ៦៣ឡាន ហើយភ្លើងត្រូវបានគ្រប់គ្រងឱ្យរលត់ទាំងស្រុង នៅវេលាម៉ោង ០៦:១៥នាទីព្រឹក ថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២៥។
អាជ្ញាធរមានសមត្ថកិច្ចបន្តធ្វើការស៊ើបអង្កេតបន្ថែម ដើម្បីកំណត់មូលហេតុពិតប្រាកដនៃអគ្គីភ័យនេះ៕





