ល្បែងស៊ីសងអនឡាញក្នុងខណ្ឌដូនពេញ រីកដុះដាលដូចផ្សិត សង្ស័យមានការបណ្ដែតបណ្ដោយពីអាជ្ញាធរមូលដ្ឋាន
ល្បែងស៊ីសងអនឡាញក្នុងខណ្ឌដូនពេញ រីកដុះដាលដូចផ្សិត សង្ស័យមានការបណ្ដែតបណ្ដោយពីអាជ្ញាធរមូលដ្ឋាន ភ្នំពេញ៖ ទីតាំងល្បែងស៊ីសងតាមអនឡាញជាច្រើនកន្លែងនៅក្នុងខណ្ឌដូនពេញ កំពុងដំណើរការយ៉ាងរលូន និងបើកលេងជាប្រចាំ ដោយមិនឃើញមានការរំខាន ឬចាត់វិធានការណ៍ណាមួយពីសមត្ថកិច្ច និងអាជ្ញាធរមូលដ្ឋានឡើយ ដែលធ្វើឲ្យមហាជនដាក់ការសង្ស័យពីការបណ្ដែតបណ្ដោយឱ្យបទល្មើសបន្តកើតមាន។ ជាក់ស្តែង ទីតាំងល្បែងស៊ីសងអនឡាញមួយកន្លែង ស្ថិតនៅផ្លូវលេខ ១៥ កែងផ្លូវលេខ ១១៨ សង្កាត់ផ្សារចាស់ ខណ្ឌដូនពេញ ត្រូវបានរាយការណ៍ថា បើកដំណើរការជាធម្មតា ២៤ម៉ោង ដោយមានការរៀបចំការពារយ៉ាងតឹងរឹង និងប្រើវិធីសាស្ត្របំភ័ន្តភ្នែកមហាជន ដោយធ្វើជាបិទទ្វារ ប៉ុន្តែនៅពេលមានភ្ញៀវ ឬ “ម៉ូយ” មកដល់ គេនឹងបើកទ្វារឱ្យចូលលេងយ៉ាងស្ងាត់ស្ងៀម។ ប្រភពពីប្រជាពលរដ្ឋនៅតំបន់នោះបានឲ្យដឹងថា ទីតាំងល្បែងស៊ីសងអនឡាញទាំងនេះ មានអ្នកមើលការខុសត្រូវ និងអ្នកយាមកាម ចាំមើលផ្លូវជាប្រចាំ ដើម្បីប្រយ័ត្នចំពោះអ្នកសង្ស័យថាលួចថតរូប ឬស៊ើបអង្កេត។ ក្នុងករណីមានការសង្ស័យណាមួយ គេបានប្រើសម្ដីកាចៗ និងអាកប្បកិរិយាមិនសមរម្យ បង្កឲ្យមានការភ័យខ្លាចដល់មហាជន។ ការបើកដំណើរការល្បែងស៊ីសងអនឡាញដោយគ្មានការរំខានបែបនេះ បានធ្វើឲ្យប្រជាពលរដ្ឋសង្ស័យថា ទីតាំងខាងលើអាចមានខ្នងបង្អែក ឬអំណាចមិនធម្មតា ទើបអាចបន្តសកម្មភាពខុសច្បាប់បានយ៉ាងអនាធិបតេយ្យ នៅកណ្ដាលរាជធានីភ្នំពេញ។ ពាក់ព័ន្ធនឹងករណីខាងលើនេះ អង្គភាពសារព័ត៌មានយើងខ្ញុំ មិនទាន់អាចទំនាក់ទំនងសុំការបំភ្លឺពីអាជ្ញាធរ និងសមត្ថកិច្ចពាក់ព័ន្ធបាននៅឡើយទេ។ ទោះជាយ៉ាងណាក៏ដោយ អង្គភាពសារព័ត៌មានយើងខ្ញុំ នៅតែរង់ចាំការឆ្លើយបញ្ជាក់បំភ្លឺពីគ្រប់ភាគីពាក់ព័ន្ធ ដើម្បីផ្សព្វផ្សាយជូនសាធារណជនឱ្យបានជ្រាប…
