ខេត្តស្ទឹងត្រែង រៀបចំព្រឹត្តិការណ៍ “រាត្រីវប្បធម៌ ស្ទឹងត្រែង បេះដូងនៃវប្បធម៌” អបអរសាទរខួប ៧ មករា
ខេត្តស្ទឹងត្រែង៖ រដ្ឋបាលខេត្តស្ទឹងត្រែង នឹងរៀបចំព្រឹត្តិការណ៍ “រាត្រីវប្បធម៌ ស្ទឹងត្រែង បេះដូងនៃវប្បធម៌” នៅវេលាម៉ោង ៥:០០ ល្ងាច ថ្ងៃអាទិត្យ ទី៤ ខែមករា ឆ្នាំ២០២៦ ខាងមុខនេះ នៅវេទិកានាគជ័យ នៃទីលានតេជោ-ធិបតី ខាងមុខសាលាខេត្តស្ទឹងត្រែង ដើម្បីអបអរសាទរខួបលើកទី៤៧ នៃទិវាជ័យជម្នះ ៧ មករា និងខួបរំដោះខេត្តស្ទឹងត្រែង (៤ មករា ១៩៧៩ – ៤ មករា ២០២៦) ដែលជាព្រឹត្តិការណ៍ដ៏មានអត្ថន័យសំខាន់ក្នុងប្រវត្តិសាស្ត្រជាតិ។
ព្រឹត្តិការណ៍វប្បធម៌ដ៏អស្ចារ្យ និងមិនធ្លាប់មានពីមុនមកនេះ ត្រូវបានផ្តួចផ្តើមឡើងដោយ លោក សរ សុពុត្រា អភិបាលនៃគណៈអភិបាលខេត្តស្ទឹងត្រែង ក្នុងស្មារតីរំលឹកដឹងគុណ និងលើកស្ទួយតម្លៃវប្បធម៌ជាតិ ព្រមទាំងរំលឹកដល់ការលះបង់ដ៏ឧត្តុង្គឧត្តមរបស់ថ្នាក់ដឹកនាំ យុទ្ធជន និងយុទ្ធនារី ដែលបានប្រយុទ្ធរំដោះជាតិ និងប្រជាជនកម្ពុជា ពីរបបប្រល័យពូជសាសន៍ ប៉ុល ពត ដ៏សាហាវយង់ឃ្នង។
យោងតាមលិខិតរដ្ឋបាលខេត្តស្ទឹងត្រែង បានឲ្យដឹងថា ក្នុងកម្មវិធី “រាត្រីវប្បធម៌” នេះ ប្រជាពលរដ្ឋ ពុកម៉ែ បងប្អូន និងយុវជន នឹងមានឱកាសទស្សនាទស្សនីយភាពសិល្បៈវប្បធម៌ជាតិដ៏សម្បូរបែប រួមមាន របាំបុរាណខ្មែរ ល្ខោនខោល ដែលជាសម្បត្តិបេតិកភណ្ឌអរូបីនៃមនុស្សជាតិ ការប្រគំឧបករណ៍ភ្លេងបុរាណខ្មែរ បង្ហាញពីមរតកតន្ត្រីដ៏ចំណាស់ និងការច្រៀងចម្រៀងកងទ័ព ដើម្បីរំលឹក និងគោរពដឹងគុណចំពោះវីរភាពយុទ្ធជនជួរមុខ។
លោក សរ សុពុត្រា អភិបាលខេត្តស្ទឹងត្រែង បានមានប្រសាសន៍ថា ការរៀបចំព្រឹត្តិការណ៍ “រាត្រីវប្បធម៌” នេះ មានគោលបំណងធានាថា គុណតម្លៃ និងគុណបំណាច់ដ៏ឧត្តុង្គឧត្តមរបស់វីរជន ដែលបានលះបង់សាច់ស្រស់ ឈាមស្រស់ ក្នុងបុព្វហេតុរំដោះជាតិ មាតុភូមិកម្ពុជា នឹងមិនរលាយសាបសូន្យឡើយ។ លោកបានរំលឹកថា ខេត្តស្ទឹងត្រែង ត្រូវបានរំដោះនៅថ្ងៃទី៤ ខែមករា ឆ្នាំ១៩៧៩ ខណៈដែលទូទាំងប្រទេស ត្រូវបានរំដោះនៅថ្ងៃទី៧ ខែមករា ឆ្នាំ១៩៧៩។
ជាមួយគ្នានេះ លោកអភិបាលខេត្ត បានអំពាវនាវដល់ពុកម៉ែ បងប្អូន ប្រជាពលរដ្ឋ និងយុវជនទាំងអស់ អញ្ជើញមកចូលរួមទស្សនា និងគាំទ្រព្រឹត្តិការណ៍វប្បធម៌ដ៏អស្ចារ្យនេះ ឲ្យបានគ្រប់ៗគ្នា ដើម្បីរួមចំណែកក្នុងការរក្សា លើកស្ទួយ និងផ្សព្វផ្សាយអរិយធម៌ ប្រពៃណី និងវប្បធម៌ជាតិខ្មែរ ឲ្យបានគង់វង្សតទៅ៕



