សង្កាត់ត្រពាំងក្រសាំង ដឹកជញ្ជូនសម្ភារៈគ្រឿងបរិភោគពីសប្បុរសជន បន្តជូនសាលាខណ្ឌពោធិ៍សែនជ័យ ដើម្បីចែកជូនជនភៀសសឹក និងវីរៈកងទ័ព
ភ្នំពេញ៖ នៅថ្ងៃអាទិត្យ ទី១៤ ខែធ្នូ ឆ្នាំ២០២៥ ថ្នាក់ដឹកនាំសង្កាត់ត្រពាំងក្រសាំង សហការជាមួយថ្នាក់ដឹកនាំភូមិ បានរៀបចំដឹកជញ្ជូនសម្ភារៈគ្រឿងបរិភោគ និងសម្ភារៈចាំបាច់មួយចំនួន ដែលទទួលបានការចូលរួមបរិច្ចាគពីសប្បុរសជន តាមរយៈសាលាសង្កាត់ត្រពាំងក្រសាំង ដើម្បីបន្តជូនទៅសាលាខណ្ឌពោធិ៍សែនជ័យ។
សម្ភារៈទាំងនេះ នឹងត្រូវយកទៅចែកជូនដល់បងប្អូនប្រជាពលរដ្ឋខ្មែរ ដែលកំពុងភៀសសឹក និងបងប្អូនវីរៈកងទ័ព ដែលកំពុងបំពេញភារកិច្ចការពារប្រទេសជាតិ ស្របតាមគោលការណ៍សាមគ្គីភាព និងមនុស្សធម៌ “ខ្មែរជួយខ្មែរ” ក្នុងគ្រាលំបាក។
ថ្នាក់ដឹកនាំសង្កាត់ និងភូមិ បានបង្ហាញការកោតសរសើរ និងអរគុណយ៉ាងជ្រាលជ្រៅ ចំពោះទឹកចិត្តសប្បុរសធម៌របស់សប្បុរសជនគ្រប់រូប ដែលបានចូលរួមចែករំលែក បង្ហាញពីស្មារតីសាមគ្គីភាព ស្រឡាញ់ជាតិ ស្រឡាញ់ប្រជាជន និងការចូលរួមទ្រទ្រង់សង្គមជាតិ ក្នុងស្ថានការណ៍ដ៏លំបាកនេះ។
ក្នុងឱកាសដ៏មានអត្ថន័យនេះ ថ្នាក់ដឹកនាំសង្កាត់ត្រពាំងក្រសាំង សូមជូនពរ និងប្រសិទ្ធពរ ដល់សប្បុរសជនទាំងអស់ សូមឱ្យមានសុខភាពល្អ កម្លាំងកាយចិត្តមាំមួន និងទទួលបានជោគជ័យគ្រប់ភារកិច្ចការងារ ព្រមទាំងសូមអរគុណយ៉ាងអនេក ចំពោះការចូលរួមចែករំលែក និងគាំទ្រសកម្មភាពមនុស្សធម៌ជាបន្តបន្ទាប់៕

