ក្រសួងមហាផ្ទៃព្យាយាមចាត់វិធានច្បាប់លើករណីពាក់ព័ន្ធនឹងការនាំចូលផលិតផល និងនាំមនុស្សឆ្លងដែនខុសច្បាប់
ភ្នំពេញ៖ លោកបណ្ឌិត ទូច សុឃៈ អ្នកនាំពាក្យរងក្រសួងមហាផ្ទៃ បានបញ្ជាក់នៅព្រឹកថ្ងៃនេះថា ក្រសួងមហាផ្ទៃនឹងចេញសេចក្តីសម្រេចផ្អាកការងារជាបណ្ដោះអា0សន្នចំពោះលោកវរសេនីយ៍ទោ ពៅ វុទ្ធី ហៅ ធីស្នា មេបញ្ជាការរងវរសេនាតូច ៨៩១ ដែលត្រូវបានសង្ស័យពាក់ព័ន្ធនឹងការលួចនាំផលិតផលថៃចូលក្នុងប្រទេសដោយខុសច្បាប់តាមតំបន់ក្រុងប៉ោយប៉ែត។ ការផ្អាកការងារនេះមានគោលបំណងបើកផ្លូវឱ្យតុលាការបន្តធ្វើនិតិវិធីតាមផ្លូវច្បាប់។
សម្រាប់ករណីទី២ ដែលពាក់ព័ន្ធនឹងកូនប្រុសរបស់លោក ពៅ វុទ្ធី គឺវរសេនីយ៍ត្រី ពៅ រតនា មេប៉ុស្តិ៍ការពារព្រំដែនគោកស្ពានម៉ាឡៃ ដែលត្រូវបានសង្ស័យពាក់ព័ន្ធនឹងការនាំមនុស្សឆ្លងដែនទៅធ្វើការនៅប្រទេសថៃដោយខុសច្បាប់ ក្រុមការងារកំពុងស្រាវជ្រាវស៊ើបបន្ថែម ដើម្បីអនុវត្តចំណាត់ការបន្តតាមច្បាប់។
ក្រសួងមហាផ្ទៃបានឲ្យដឹងថា ការចាត់វិធាននេះគឺជាការបង្ហាញពីការតស៊ូប្រឆាំងនឹងអំពើពុករលួយ និងអំពើខុសច្បាប់ ដោយគ្មានការអនុញ្ញាតឱ្យនរណាម្នាក់ឈរលើច្បាប់៕

