🇰🇭🤝🇹🇭 កម្ពុជា និងថៃ ចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាពជាផ្លូវការ នៅប្រទេសម៉ាឡេស៊ី
កូឡាឡាំពួ, ថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៥ — ពិធីចុះហត្ថលេខាលើ កិច្ចព្រមព្រៀងសន្តិភាពរវាងព្រះរាជាណាចក្រកម្ពុជា និងព្រះរាជាណាចក្រថៃ ត្រូវបានប្រតិបត្តិឡើងយ៉ាងមានពិធីការ នៅទីក្រុងកូឡាឡាំពួ ប្រទេសម៉ាឡេស៊ី វេលាម៉ោង ១២និង២នាទី ថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៥។
ពិធីដ៏សិរីមង្គលនេះ ដឹកនាំដោយ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និង ឯកឧត្តម អនុធីន ចាន់វីរៈគុល (H.E. Anutin Charnvirakul) នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រថៃ។
ការចុះហត្ថលេខាដ៏ប្រវត្តិសាស្ត្រនេះ បានធ្វើឡើងក្រោមវត្តមានជាសាក្សីដ៏ខ្ពង់ខ្ពស់របស់
ឯកឧត្តម អាន់វ៉ា អ៊ីប្រាហ៊ីម (Anwar Ibrahim) នាយករដ្ឋមន្ត្រីប្រទេសម៉ាឡេស៊ី និង
ឯកឧត្តម ដូណាល់ ត្រាំ (Donald Trump) ប្រធានាធិបតីសហរដ្ឋអាមេរិក។
ក្រសួងការបរទេសនៃព្រះរាជាណាចក្រកម្ពុជាបានប្រកាសថា ថ្ងៃនេះត្រូវបានចាត់ទុកជា “ទិវានក្ខត្តឬក្ស” ដោយសារតែជាគ្រឹះសំខាន់មួយនៃការលើកកម្ពស់សន្តិភាព ស្ថិរភាព និងកិច្ចសហប្រតិបត្តិការជិតស្និទ្ធជាងមុនរវាងប្រទេសជិតខាងទាំងពីរ។
កិច្ចព្រមព្រៀងនេះគឺជាចំណុចចាប់ផ្ដើមថ្មីមួយ សម្រាប់ការរីកចម្រើនសេដ្ឋកិច្ច ការទេសចរណ៍ និងសន្តិភាពក្នុងតំបន់អាស៊ាន ទាំងក្នុងវិស័យទ្វេភាគី និងពហុភាគី៕




