តាមការភ្ញាក់ផ្អើលរបស់ប្រជាពលរដ្ឋ និងប្រភពដែលរាយការណ៌ មកកាន់សារព័ត៌មាន បានឲ្យដឹងថា បច្ចុប្បន្នមាន ទីលានល្បែងស៊ីសង ទូបាញ់ត្រី រីករាលដាលយ៉ាងពេញបន្ទុក តាមខុនដូ សណ្ឋាគារ ផ្ទះសំណាក់ ម៉ាត ហាងម៉ាស្សា និងស្ប៉ា ជាច្រើនកន្លែងនៅក្នុងក្រុងព្រះសីហនុ ដែលសង្ស័យថា មិនមានច្បាប់អនុញ្ញាត និងកើតឡើងក្រោមភ្នែក មន្ត្រីមានសមត្ថកិច្ច ប៉ុន្តែហាក់ដូចជាមិនដឹង មិនលឺ និងមិនចាត់វិធានការបង្ក្រាបឡើយ
ក្រុងព្រះសីហនុ ៖ ប្រភពមួយបានបញ្ជាក់ថា តំបន់ល្បែងទូបាញ់ត្រីនីមួយៗ មានប្រជាពលរដ្ឋចូលលេងយ៉ាងច្រើន ជាពិសេសជនជាតិខ្មែរ។ ក្នុងនោះ
ទីតាំងទី១ ស្ថិតនៅក្រោយសាលារៀនកម្មករ ជិតសណ្ឋាគារទាន់សម័យ យីហោ ហ័រ យូ ជាវ ឌាន និង ទីវួយ ម៉ាស្សា & ស្ប៉ា នៅក្នុងសង្កាត់លេខ ៤ ក្រុងព្រះសីហនុ
ទីតាំងទី២ ស្ថិតនៅយីហោ គុជ អាសុី ខាងក្រោយ ទាអំពង ក្នុងសង្កាត់លេខ ៣ ក្រុងព្រះសីហនុ
ប្រជាពលរដ្ឋមួយចំនួនបានលើកឡើងដោយព្រួយបារម្ភថា ការបន្តអនុញ្ញាតឲ្យមានល្បែងស៊ីសងតួបាញ់ត្រី និងល្បែងស៊ីសងគ្រប់ប្រភេទ នៅភូមិភាគក្រុងព្រះសីហនុ នឹងប៉ះពាល់ដល់ សុខសុវត្តិភាពយប់ថ្ងៃ និងសម្តែងអសន្តិសុខសង្គម ដោយអាចនាំឲ្យកើតមានអំពើចោរលួច ប្លន់ ចាប់ជំរិត និងអំពើហឹង្សាគ្រួសារ លើសលប់ពីបញ្ហាបាក់ខាតទ្រព្យសម្បត្តិ និងជម្លោះគ្រួសារ ផ្សេងៗទៀត។
ចំពោះបញ្ហានេះ ប្រជាពលរដ្ឋបានរំលឹកថា កាលពីមុនថ្មីៗនេះ សម្តេច អគ្គមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានដាក់បទបញ្ជារយៈពេលខ្លាំង ដល់មន្ត្រីមានសមត្ថកិច្ចគ្រប់លំដាប់ថ្នាក់ ឲ្យចាត់វិធានការបង្ក្រាបអោយអស់ស្រុងរាល់ល្បែងស៊ីសង ដែលកើតមានក្នុងមូលដ្ឋានរបស់ខ្លួន ហើយបើមានល្បែងស៊ីសងកើតមានក្នុងតំបន់ណា មន្ត្រីមូលដ្ឋាននោះត្រូវជាអ្នកទទួលខុសត្រូវផ្ទាល់។
ប៉ុន្តែផ្ទុយទៅវិញ ក្នុងក្រុងព្រះសីហនុ មន្ត្រីមានសមត្ថកិច្ចមូលដ្ឋាន ត្រូវបានប្រជាពលរដ្ឋចោទសួរថា មិនបានគោរព និងអនុវត្តន៍តាមបទបញ្ជារដ៏ខ្ពង់ខ្ពស់ របស់សម្តេចមហាបវរធិបតីឡើយ ព្រោះនៅតែឃើញមានទីតាំងល្បែងស៊ីសងតួបាញ់ត្រី និងល្បែងស៊ីសងផ្សេងៗ រីកដុះដាលយ៉ាងពេញបន្ទុក នៅក្នុងដែនសមត្ថកិច្ចដែលខ្លួនគ្រប់គ្រង ដោយមិនឃើញមានវិធានការបង្ក្រាបយ៉ាងតឹងរឹងជាក់ស្តែង។
ក្នុងបរិបទនោះ ប្រជាពលរដ្ឋក្នុងក្រុងព្រះសីហនុ សូមស្នងការនគរបាលខេត្តព្រះសីហនុ លោក ស រដ្ឋា មេត្តាដាក់កម្លាំងចុះពិនិត្យ ត្រួតពិនិត្យ និងទប់ស្កាត់បង្ក្រាបតំបន់ល្បែងស៊ីសងទាំងអស់ឲ្យបានតឹងរឹង ដើម្បី៖
ចូលរួមគោរព និងអនុវត្តគោលនយោបាយ «ភូមិ ឃុំ មានសុវត្តិភាព ៧ ចំណុច» របស់រាជរដ្ឋាភិបាល
គោរពតាមបទបញ្ជារដ៏ខ្ពង់ខ្ពស់បំផុតរបស់សម្តេច មហាបវរធិបតី ហ៊ុន ម៉ាណែត
និងជួយថែរក្សាសុខសន្តិភាព សុវត្ថិភាពជូនប្រជាពលរដ្ឋ ឲ្យរស់នៅក្នុងបរិយាកាសប្រកបដោយច្បាប់ និងសណ្តាប់ធ្នាប់ល្អប្រសើរ៕





