កម្លាំងអាវុធហត្ថរាជធានីភ្នំពេញ បង្ក្រាបក្រុមក្មេងទំនើង ៥នាក់ ពាក់ព័ន្ធបង្ហោះម៉ូតូ និងកែច្នៃបំពង់ស៊ីម៉ាំងខុសលក្ខណៈបច្ចេកទេស
ភ្នំពេញ៖ កម្លាំងអាវុធហត្ថរាជធានីភ្នំពេញ តាមបណ្ដាមូលដ្ឋានខណ្ឌ បានឃាត់ខ្លួនក្មេងទំនើងចំនួន ៥នាក់ និងដកហូតមOTOចំនួន ៥គ្រឿង ក្នុងសកម្មភាពប្រតិបត្តិការបង្ក្រាបករណី បង្ហោះម៉ូតូលើផ្លូវសាធារណៈ និង កែច្នៃបំពង់ស៊ីម៉ាំងម៉ូតូខុសបច្ចេកទេស ដែលបង្កសម្លេងរំខាន និងរំខានដល់សណ្ដាប់ធ្នាប់សង្គម។
សកម្មភាពបង្ក្រាបត្រូវបានអនុវត្តជាបន្តបន្ទាប់ ដើម្បីអនុវត្តតាមបទបញ្ជារបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី ដែលបានបញ្ជាក់ឱ្យពង្រឹងវិធានការទប់ស្កាត់ក្រុមក្មេងទំនើងឲ្យបានតឹងរឹង ជាពិសេសករណីបង្ហោះម៉ូតូតាមដងផ្លូវសាធារណៈ។
ករណីទី១៖ ឃាត់ខ្លួន ៣នាក់ និងដកម៉ូតូ ៤គ្រឿង ក្នុងខណ្ឌជ្រោយចង្វារ
កាលពីវេលាម៉ោង ២២:០០នាទី ថ្ងៃទី ១ ខែធ្នូ ២០២៥, កម្លាំងកងរាជអាវុធហត្ថខណ្ឌជ្រោយចង្វារ បានឃាត់ខ្លួនក្មេងទំនើងចំនួន ៣នាក់ ព្រមទាំងដកហូតម៉ូតូ ៤គ្រឿង នៅផ្លូវអូស៊ីអាយស៊ី ភូមិដើមគរ សង្កាត់ជ្រោយចង្វារ។
ក្រុមនេះបានកែច្នៃបំពង់ស៊ីម៉ាំងខុសបច្ចេកទេស បង្កសម្លេងរំខាន និងប៉ះពាល់ដល់សន្តិសុខសាធារណៈ។
បន្ទាប់ពីបានអប់រំ—កម្លាំងជំនាញបានបញ្ជាកឱ្យម្ចាស់ម៉ូតូធ្វើកិច្ចសន្យា ឈប់កែច្នៃបំពង់ស៊ីម៉ាំង។
ម៉ូតូទាំង ៤ ត្រូវបានរក្សាទុកជាបណ្តោះអាសន្ន រង់ចាំឲ្យម្ចាស់មកដោះបំពង់កែច្នៃ និងបំពាក់បំពង់ស៊ីម៉ាំងធម្មតា មុនពេលប្រគល់ត្រឡប់វិញ។
ករណីទី២៖ ឃាត់ខ្លួន ២នាក់ និងដកម៉ូតូ ១គ្រឿង ក្នុងខណ្ឌសែនសុខ
នៅវេលាម៉ោង ១០:១០នាទី ថ្ងៃទី ២ ខែធ្នូ ២០២៥, កម្លាំងអាវុធហត្ថខណ្ឌសែនសុខ បានបង្ក្រាបក្រុមក្មេងទំនើងដែលតែងតែបង្ហោះម៉ូតូ នៅលើផ្លូវបេតុង ភូមិទ្រង់មាន់ សង្កាត់អូរបែកក្អម។
កម្លាំងបានឃាត់ខ្លួនក្មេងទំនើង ២នាក់ ភ្លាមៗ និងយកទៅអប់រំ បញ្ជាឲ្យធ្វើកិច្ចសន្យាបញ្ឈប់សកម្មភាពដែលប៉ះពាល់ដល់ការសិក្សា សុវត្ថភាព និងកិត្តិយសគ្រួសារ។
ម៉ូតូ ១គ្រឿង ត្រូវបានដកហូតរក្សាទុករយៈពេល ៣ខែ នៅទីបញ្ជាការ កងរាជអាវុធហត្ថរាជធានីភ្នំពេញ ស្របតាមបទបញ្ជារដ្ឋបាលដ៏តឹងរឹង៖
លើកទី១៖ រក្សាទុក ៣ខែ
លើកទី២ (បន្តប្រព្រឹត្ត)៖ រក្សាទុក ៦ខែ
អាជ្ញាធរ៖ បន្តអនុវត្តវិធានការតឹងរឹង
កម្លាំងអាវុធហត្ថរាជធានីភ្នំពេញ បន្តអនុវត្តន៍ប្រតិបត្តិការកម្ចាត់បញ្ហាក្មេងទំនើងយ៉ាងតឹងរឹង ដើម្បីធានាសុវត្ថិភាពសាធារណៈ ការរស់នៅរបស់ប្រជាពលរដ្ឋ និងបង្កើតបរិយាកាសសង្គមឲ្យមានរបៀបវិន័យ៕


