វិទ្យាល័យឈើទាលជ្រុំ ស្ថិតក្នុងស្រុកបាទីខេត្តតាកែវ ប្រារព្ធពិធីបើកបវេសនកាលឆ្នាំសិក្សាថ្មី រួមនឹងការអបអរសាទរដល់សិស្សនិទ្ទេសA
ខេត្តតាកែវ ៖ វិទ្យាល័យឈើទាលជ្រុំ ស្ថិតនៅឃុំក្រាំងលាវ ស្រុកបាទីខេត្តតាកែវនៅព្រឹកថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០២៥នេះ បានរៀបចំពិធីបើកបវេសនកាលឆ្នាំសិក្សាថ្មី ២០២៥-២០២៦ ដូចសាលានៅទូទាំងប្រទេស ជាមួយនឹងការអបអរសាទរដល់សិស្សានុសិស្សឆ្នើម ជាប់សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ និងសិស្សជាប់និទ្ទេស A និងសិស្សពូកែប្រចាំសាលា។
ពិធីនេះធ្វើឡើងក្រោមវត្តមានថ្នាក់ដឹកនាំអាជ្ញាធរ ស្រុកបាទី លោកមេឃុំ លោកនាយក លោកគ្រូអ្នក និងអាណាព្យាបាលសិស្សជាច្រើននាក់។
លោកប៉ាន់ ពុទ្ធារ៉ា នាយកវិទ្យាល័យឈើទាលជ្រុំ បានឱ្យដឹងថា នៅឆ្នាំសិក្សា២០២៣-២០២៤សម្រាប់វិទ្យាល័យឈើទាលជ្រុំមានសិស្សចំនួន២នាក់ទទួលនិទ្ទេសAនិងនៅឆ្នាំសិក្សា២០២៤-២០២៥ ទទួលបាននិទ្ទេសAចំនួន៤នាក់ ដែលសរុបទៅពីរឆ្នាំជាប់គ្នានេះ មានសិស្សនិទ្ទេសAចំនួន៦នាក់ហើយ។
លោកបញ្ជាក់ថា លទ្ធផលដ៏ល្អនេះ កើតចេញពីការយកចិត្តទុកដាក់ខ្ពស់របស់រាជរដ្ឋាភិបាល ដែលមានក្រសួងអប់រំយុវជន និងកីឡាជាសេនាធិការ បានដាក់ចុះនូវផែនការធ្វើកំណែទម្រង់វិស័យអប់រំជាបន្តបន្ទាប់ ធ្វើឱ្យសិស្សខំរៀនជាប្រចាំ ជាពិសេស ការខិតខំបង្រៀន និងរៀនរបស់លោកគ្រូអ្នកគ្រូ និងសិស្សានុសិស្សផ្ទាល់ខ្លួន ដោយមានអាណាព្យាបាលជាអ្នកលើកទឹកចិត្តផងដែរ។
ជាមួយគ្នានេះ ថ្នាក់ដឹកនាំ បុគ្គលិកអប់រំ នៃវិទ្យាល័យឈើទាលជ្រុំ ប្តេជ្ញាបន្តខិតខំប្រឹងប្រែងបន្ថែមទៀត ដើម្បីលើកកម្ពស់គុណភាពអប់រំ ស្របតាមគោលនយោបាយរបស់ក្រសួងអប់រំ យុវជន និងកីឡា ព្រមទាំងបង្កើតបរិយាកាសសិក្សាដ៏ល្អប្រសើរសម្រាប់សិស្សានុសិស្សទាំងអស់។
ក្នុងឱកាសនោះ លោក នេត រ៉ា អនុប្រធានរដ្ឋបាលស្រុកបាទី តំណាងដ៏ខ្ពង់ខ្ពស់របស់លោកអភិបាលស្រុកបាទី បានចូលរួមអបអរសាទរពិធីបើកបវេសនកាលឆ្នាំសិក្សាថ្មី និងអបអរសាទរចំពោះសិស្សានុសិស្សទាំងអស់ដែលបានប្រឡងជាប់សញ្ញាប័ត្រមធ្យមសិក្សាទុតិយភូមិថ្មីៗនេះ ជាពិសេសក្មួយដែលបានប្រឡងជាប់និទ្ទេសAទាំង៦នាក់ ។
សូមបញ្ជាក់ថា ដើម្បីជាការលើកទឹកចិត្ត និងជាការទទួលស្គាល់ចំពោះកិច្ចខិតខំប្រឹងប្រែងសិក្សាទាំងយប់ទាំងថ្ងៃរបស់សិស្សានុសិស្ស វិទ្យាល័យបានផ្ដល់ជូនបណ្ណសរសើរ និងប្រាក់ឧបត្ថម្ភចំនួន ១,៣០០,០០០ រៀល ក្នុងសិស្សម្នាក់ដល់សិស្សនិទ្ទេស A ទាំង៤នាក់។
ប្រាក់ឧបត្ថម្ភខាងលើនេះ គឺបានមកពីការឧបត្ថម្ភគាំទ្រដោយផ្ទាល់ពីសប្បុរសជន និងថ្នាក់ដឹកនាំក្នុងសហគមន៍រួមមានៈព្រះតេជគុណ កង ខួច ព្រះចៅអធិការវត្តឈើទាលជ្រុំ ឧបត្ថម្ភចំនួន ៤០០ ដុល្លារ, លោក ស ចន មេឃុំក្រាំងលាវ ចំនួន ៤០០,០០០ រៀល, លោក ស៊ន សារិទ្ធ នាយករងវិទ្យាល័យឈើទាលជ្រុំ ចំនួន ១,៦០០,០០០ រៀល និង លោក ម៉ឹង សម្បត្តិ គ្រូបង្រៀនវិទ្យាល័យឈើទាលជ្រុំចំនួន ១,៦០០,០០០ រៀល៕








