កម្លាំងអាវុធហត្ថរាជធានីភ្នំពេញ ចូលរួមការពារសន្តិសុខ និងជួយរៀបចំជញ្ជូនសម្ភារៈជូនជនភៀសសឹក និងកងទ័ពនៅជួរមុខ
រាជធានីភ្នំពេញ៖ នារសៀលថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២៥ កម្លាំងអាវុធហត្ថរាជធានីភ្នំពេញ បានចូលរួមបំពេញភារកិច្ចការពារសន្តិសុខ សុវត្ថិភាព និងរក្សាសណ្តាប់ធ្នាប់សាធារណៈ ព្រមទាំងជួយរៀបចំលើកដាក់ និងជញ្ជូនស្បៀងអាហារ និងសម្ភារៈចាំបាច់ផ្សេងៗ នៅទីតាំងកន្លែងទទួលជំនួយ របស់លោក អ៊ុក វណ្ណដេ និងក្រុមការងារ ដើម្បីបន្តផ្តល់ជូនបងប្អូនជនភៀសសឹក និងបងប្អូនកងទ័ពដែលកំពុងបំពេញភារកិច្ចការពារជាតិ នៅតាមបណ្តោយជួរមុខ។
សកម្មភាពខាងលើនេះ ត្រូវបានអនុវត្តឡើងនៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រ ស្ថិតក្នុងរាជធានីភ្នំពេញ ដោយមានការសហការយ៉ាងជិតស្និទ្ធរវាងកម្លាំងសមត្ថកិច្ច និងក្រុមការងារសប្បុរសជន ក្នុងគោលបំណងធានាឲ្យដំណើរការប្រមូល និងបញ្ជូនជំនួយ ប្រព្រឹត្តទៅដោយរលូន មានសុវត្ថិភាព និងប្រកបដោយវិន័យ។
ការចូលរួមយ៉ាងសកម្មរបស់កម្លាំងអាវុធហត្ថរាជធានីភ្នំពេញ បានបង្ហាញពីស្មារតីទទួលខុសត្រូវខ្ពស់ និងការយកចិត្តទុកដាក់ចំពោះសុខុមាលភាពរបស់ប្រជាពលរដ្ឋ ក៏ដូចជាការគាំទ្រដ៏មុតមាំដល់បងប្អូនកងទ័ព និងជនភៀសសឹក ដែលកំពុងជួបការលំបាកនៅក្នុងស្ថានភាពបច្ចុប្បន្ន៕



