វេទិកានិពន្ធនាយកសារព័ត៌មានកម្ពុជា លើកទី២២ អនុម័តសេចក្តីថ្លែងការណ៍រួម ស្តីពីតួនាទីអ្នកសារព័ត៌មាននៅពេលមានជម្លោះព្រំដែន
ភ្នំពេញ៖ វេទិកានិពន្ធនាយកសារព័ត៌មានកម្ពុជា (វ.ន.ស.ក) បានរៀបចំវេទិកាលើកទី២២ នៅថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២៥ រៀបចំឡើងនៅរាជបណ្ឌិត្យសភាកម្ពុជា ក្រោមប្រធានបទ «តួនាទីអ្នកសារព័ត៌មាននៅពេលមានជម្លោះព្រំដែន» ដោយមានការចូលរួមពីម្ចាស់ស្ថាប័នសារព័ត៌មាន និពន្ធនាយក និពន្ធនាយករង និងតំណាងស្ថាប័នសារព័ត៌មានជាច្រើនរូប។
វេទិកានេះ ចាត់ទុកបញ្ហាជម្លោះព្រំដែនជាមូលបទដ៏សំខាន់មួយសម្រាប់វិស័យសារព័ត៌មាននៅកម្ពុជា ដែលទាមទារឱ្យអ្នកដឹកនាំស្ថាប័នសារព័ត៌មាន និងអ្នកសារព័ត៌មានត្រូវដកស្រង់បទពិសោធន៍ បង្កើនចំណេះដឹង និងត្រៀមខ្លួនឆ្លើយតបចំពោះបញ្ហាប្រឈមនានាដែលអាចកើតមានឡើងនាពេលអនាគត។
ការលើកយកប្រធានបទនេះមកពិភាក្សា មិនត្រឹមតែឆ្លុះបញ្ចាំងពីបច្ចុប្បន្នភាពនៃបញ្ហាជម្លោះព្រំដែនប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងមានគោលបំណងបណ្តុះស្មារតីអ្នកសារព័ត៌មានឱ្យយកចិត្តទុកដាក់លើការទទួលខុសត្រូវវិជ្ជាជីវៈ ជាពិសេសការផ្ទៀងផ្ទាត់ប្រភពព័ត៌មាន ការប្រើប្រាស់ពាក្យពេចន៍យ៉ាងប្រុងប្រយ័ត្ន និងការផ្សព្វផ្សាយព័ត៌មានឱ្យបានត្រឹមត្រូវ សមតុល្យ និងទទួលខុសត្រូវចំពោះសង្គមជាតិ និងសហគមន៍អន្តរជាតិ។
ក្នុងឱកាសនេះ ម្ចាស់ស្ថាប័នសារព័ត៌មាន និពន្ធនាយក និពន្ធនាយករង និងតំណាងស្ថាប័នសារព័ត៌មាន បានចូលរួមពិភាក្សាផ្លាស់ប្ដូរយោបល់យ៉ាងសកម្ម និងស្ថាបនាក្នុងបរិយាកាសវិជ្ជាជីវៈខ្ពស់ ហើយបានឯកភាពអនុម័តចេញនូវ សេចក្តីថ្លែងការណ៍រួម ដើម្បីជាគោលដៅណែនាំដល់ការបំពេញតួនាទីអ្នកសារព័ត៌មាន នៅពេលរាយការណ៍ព័ត៌មានពាក់ព័ន្ធនឹងជម្លោះព្រំដែន ឱ្យស្របតាមសីលធម៌វិជ្ជាជីវៈ និងច្បាប់ជាធរមាន៕




