ឯកឧត្តម គឹម គុណវឌ្ឍ អំពាវនាវអ្នកសារព័ត៌មានកុំធ្វើជាស្ពានចម្លងព័ត៌មានក្លែងក្លាយពីសង្គមព័ត៌មានថៃ
ភ្នំពេញ៖ ឯកឧត្តម គឹម គុណវឌ្ឍ រដ្ឋលេខាធិការក្រសួងព័ត៌មាន បានអំពាវនាវយ៉ាងខ្លាំងដល់អ្នកសារព័ត៌មានកម្ពុជា ឱ្យប្រុងប្រយ័ត្ន និងកុំធ្វើជាស្ពានចម្លងព័ត៌មានក្លែងក្លាយ ដែលកំពុងត្រូវបានបំផុសយ៉ាងសកម្មនៅក្នុងសង្គមព័ត៌មានរបស់ប្រទេសថៃ ជាពិសេសនៅក្នុងបរិបទជម្លោះព្រំដែនបច្ចុប្បន្ន។
ការលើកឡើងនេះ ត្រូវបានធ្វើឡើងក្នុងឱកាសដែលឯកឧត្តម អញ្ជើញជាអធិបតី តំណាងឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន នៅក្នុងវេទិកានិពន្ធនាយកសារព័ត៌មានកម្ពុជា លើកទី២២ ក្រោមប្រធានបទ «តួនាទីអ្នកសារព័ត៌មាននៅពេលមានជម្លោះព្រំដែន» នាព្រឹកថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២៥ នៅរាជបណ្ឌិត្យសភាកម្ពុជា។
ឯកឧត្តម គឹម គុណវឌ្ឍ បានមានប្រសាសន៍ថា ក្នុងយុគសម័យឌីជីថល និងបញ្ញាសិប្បនិម្មិត (AI) បច្ចុប្បន្ន ការបង្កើតព័ត៌មានក្លែងក្លាយ កំពុងកើនឡើងយ៉ាងខ្លាំង ហើយអាចបង្កការយល់ច្រឡំដល់សាធារណជន ប្រសិនបើអ្នកសារព័ត៌មានខ្វះការពិនិត្យប្រភព និងខ្វះសីលធម៌វិជ្ជាជីវៈ។
ឯកឧត្តមបានបញ្ជាក់ថា រដ្ឋមន្ត្រីក្រសួងព័ត៌មាន មានជំនឿជឿជាក់ថា និពន្ធនាយកសារព័ត៌មានទាំងអស់ នឹងបន្តអប់រំ បណ្តុះបណ្តាល និងណែនាំដល់អ្នកសារព័ត៌មានក្នុងអង្គភាពរបស់ខ្លួន ឱ្យប្រកាន់ខ្ជាប់នូវវិជ្ជាជីវៈសារព័ត៌មាន ក្រមសីលធម៌ និងការតាមដានប្រភពព័ត៌មានដោយយកចិត្តទុកដាក់ មុនពេលផ្សព្វផ្សាយ ឬចែករំលែកទៅកាន់សាធារណជន។
ទន្ទឹមនឹងនេះ ឯកឧត្តមបានអំពាវនាវឱ្យនិពន្ធនាយក និងអ្នកសារព័ត៌មានទាំងអស់ រួមដៃគ្នាផ្តល់ព័ត៌មានពិតប្រាកដ អំពីស្ថានការណ៍ជម្លោះប្រដាប់អាវុធ និងការរំលោភលើបូរណភាពទឹកដីកម្ពុជា ដោយប្រទេសថៃ ដើម្បីឱ្យប្រជាពលរដ្ឋទទួលបានព័ត៌មានត្រឹមត្រូវ តាមរយៈសំណេរ រូបភាព និងការវិភាគដែលមានទំនួលខុសត្រូវ។
ឯកឧត្តម គឹម គុណវឌ្ឍ បានសង្កត់ធ្ងន់ថា ការផ្សព្វផ្សាយព័ត៌មាន គួរត្រូវធ្វើឡើងក្រោមការដឹកនាំ និងគោលនយោបាយរបស់រាជរដ្ឋាភិបាល ដើម្បីបង្ហាញពីសុឆន្ទៈរបស់ព្រះរាជាណាចក្រកម្ពុជា ដែលប្រកាន់យកសន្តិភាព សន្តិសហវិជ្ជមាន និងការដោះស្រាយវិវាទដោយវិធីសាស្ត្រចរចាសន្តិវិធី។
ជាមួយគ្នានេះ ឯកឧត្តមបានលើកឡើងពីសារៈសំខាន់នៃការបណ្តុះបណ្តាលអ្នកសារព័ត៌មាន ដោយអំពាវនាវឱ្យអង្គភាពព័ត៌មាន និងនិពន្ធនាយក ជំរុញឱ្យអ្នកសារព័ត៌មានវិលត្រឡប់មកសិក្សាបន្ថែម ទាំងវគ្គខ្លី វគ្គវែង និងការសិក្សាផ្លូវការ ដែលរៀបចំដោយក្រសួងព័ត៌មាន និងអង្គការវិស័យសារព័ត៌មាននានា ដើម្បីឱ្យអាចរត់ទាន់យុគសម័យឌីជីថល។
ឯកឧត្តមបានបញ្ជាក់បន្ថែមថា អ្នកសារព័ត៌មានសម័យថ្មី ត្រូវប្រែក្លាយខ្លួនជាអ្នកសារព័ត៌មានឌីជីថល ដែលយល់ដឹងអំពីបច្ចេកវិទ្យា ឌីជីថល និងបញ្ញាសិប្បនិម្មិត ដើម្បីអាចឈានដល់ទស្សនៈមហាជន ជាពិសេសយុវវ័យ ដែលមានជាង ៦០ភាគរយ នៃប្រជាជនសង្គមកម្ពុជា។
ចុងក្រោយនេះ ឯកឧត្តម គឹម គុណវឌ្ឍ បានអំពាវនាវដល់អ្នកសារព័ត៌មានទាំងអស់ ឱ្យចូលរួមប្រយុទ្ធប្រឆាំងព័ត៌មានក្លែងក្លាយ និងកុំផ្សព្វផ្សាយព័ត៌មានមិនពិតពីសង្គមព័ត៌មានថៃ ដែលអាចបង្កការយល់ច្រឡំ និងប៉ះពាល់ដល់សន្តិភាព អធិបតេយ្យភាព និងបូរណភាពទឹកដីរបស់ព្រះរាជាណាចក្រកម្ពុជា៕

