ទេសរដ្ឋមន្ត្រី ព្រុំ សុខា បង្ហាញគោលបំណងសំខាន់នៃសៀវភៅ «រដ្ឋមន្ត្រីកូវីដ» ក្នុងពិធីសម្ពោធផ្លូវការ
ភ្នំពេញ ៖ នៅព្រឹកថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២៦ នៅវិទ្យាស្ថានជាតិពហុបច្ចេកទេសកម្ពុជា ឯកឧត្តម ទេសរដ្ឋមន្ត្រី ព្រុំ សុខា អតីតរដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ និងជាអ្នកនិពន្ធ បានបង្ហាញអំពីគោលបំណងសំខាន់នៃការនិពន្ធ និងបោះពុម្ភផ្សាយសៀវភៅ «រដ្ឋមន្ត្រីកូវីដ» ដែលជាស្នាដៃដំបូងរបស់លោក បន្ទាប់ពីបានចំណាយពេលប្រមាណ៣ឆ្នាំក្នុងការចងក្រង។
ឯកឧត្តមបានបញ្ជាក់ថា សៀវភៅនេះមានខ្លឹមសាររៀបរាប់ពីបទពិសោធន៍ជាក់ស្តែងក្នុងការបំពេញភារកិច្ចជាមន្ត្រីសាធារណៈអស់រយៈពេល៤៧ឆ្នាំ រួមទាំងអំឡុងពេលបម្រើការងារជារដ្ឋមន្ត្រីក្នុងស្ថានភាពវិបត្តិជំងឺកូវីដ-១៩ ចន្លោះឆ្នាំ២០២០ ដល់ឆ្នាំ២០២៣។ សៀវភៅនេះក៏បង្ហាញពីទិដ្ឋភាពសង្គម នយោបាយ និងសេដ្ឋកិច្ចរបស់កម្ពុជា ពាក់ព័ន្ធនឹងមរតកប្រវត្តិសាស្ត្រពីសង្គ្រាម និងបញ្ហាប្រឈមសម័យថ្មីផងដែរ។
បន្ថែមពីនេះ ឯកឧត្តម ព្រុំ សុខា បានលើកឡើងថា ជំងឺកូវីដ-១៩ គឺជាករណីសិក្សាសំខាន់សម្រាប់ពិភពលោក និងជាវិញ្ញាសាសាកល្បងលើអភិបាលកិច្ច និងភាពធន់របស់សង្គម។ ក្នុងនោះ កម្ពុជាអាចគ្រប់គ្រងវិបត្តិនេះបានដោយជោគជ័យក្រោមការដឹកនាំរបស់អតីតនាយករដ្ឋមន្ត្រី សម្តេចតេជោ ហ៊ុន សែន ដែលបានដឹកនាំប្រទេសឆ្លងកាត់ស្ថានការណ៍លំបាក និងការពារជីវិតប្រជាជន។
ឯកឧត្តមបានបន្តថា សៀវភៅ «រដ្ឋមន្ត្រីកូវីដ» មានបំណងរំលឹកឡើងវិញអំពីស្មារតីសាមគ្គីជាតិ និងការតស៊ូរួមគ្នារបស់ប្រជាជនកម្ពុជា ក្នុងការប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩ ដែលជាមេរៀនសំខាន់សម្រាប់ជំនាន់បច្ចុប្បន្ន និងអនាគត។
ជាមួយគ្នានេះ ឯកឧត្តមក៏បានបញ្ជាក់ពីសារៈសំខាន់នៃការរួមចំណែករបស់អ្នកនិពន្ធ និងបញ្ញាវន្តក្នុងការលើកកម្ពស់ស្មារតីស្នេហាជាតិ និងការពារសន្តិភាព តាមរយៈ «អាវុធប៉ាកកា» ដើម្បីបំផុសមនសិការ និងសាមគ្គីភាពក្នុងសង្គម។
ឯកឧត្តម ព្រុំ សុខា បានអះអាងថា ប្រជាជនកម្ពុជាដែលធ្លាប់ឆ្លងកាត់សង្គ្រាម មានការស្អប់ខ្ពើមសង្គ្រាម និងស្រឡាញ់សន្តិភាពយ៉ាងជ្រាលជ្រៅ ដូច្នេះការថែរក្សាសន្តិភាពគឺជាកាតព្វកិច្ចរួមរបស់គ្រប់គ្នា។ លោកក៏បានប្តេជ្ញាបន្តបង្កើតស្នាដៃអក្សរសិល្ប៍ ដើម្បីរួមចំណែកអភិរក្ស និងអភិវឌ្ឍវប្បធម៌ជាតិ និងជំរុញសន្តិភាពក្នុងសង្គម។
ចុងក្រោយ ឯកឧត្តមបានបង្ហាញពីបំណងចង់ផ្សព្វផ្សាយសៀវភៅនេះឱ្យបានទូលំទូលាយ តាមរយៈមធ្យោបាយផ្សេងៗ រួមទាំងការផ្សាយតាមបណ្តាញសង្គម និងវេទិកាឌីជីថល ដើម្បីឱ្យសាធារណជនអាចចូលរួមសិក្សា និងទទួលយកមេរៀនពីបទពិសោធន៍ដ៏មានតម្លៃនេះ៕









