អាវុធហត្ថរាជធានីភ្នំពេញ បង្ក្រាបក្រុមក្មេងទំនើងបង្ហោះម៉ូតូលើផ្លូវសាធារណៈ ឃាត់ខ្លួន ០៥នាក់ និងដកហូតម៉ូតូ ០៣គ្រឿង
រាជធានីភ្នំពេញ ៖ កម្លាំងអាវុធហត្ថរាជធានីភ្នំពេញ ប្រចាំមូលដ្ឋានខណ្ឌជ្រោយចង្វារ បានចុះប្រតិបត្តិការបង្ក្រាបក្រុមក្មេងទំនើងដែលធ្វើសកម្មភាពបង្ហោះម៉ូតូតាមដងផ្លូវសាធារណៈ ដោយឃាត់ខ្លួនបានចំនួន ០៥នាក់ និងដកហូតម៉ូតូ ០៣គ្រឿង យកទៅរក្សាទុកជាបណ្តោះអាសន្ន។
ប្រតិបត្តិការនេះធ្វើឡើងនៅវេលាម៉ោង ២២:៤០នាទី ថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២៦ នៅចំណុចតាមបណ្ដោយផ្លូវស៊ូកាណូ ស្ថិតក្នុងភូមិព្រែករាំង សង្កាត់ព្រែកតាសេក ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ បន្ទាប់ពីសមត្ថកិច្ចបានតាមដាន និងទប់ស្កាត់សកម្មភាពបង្ហោះម៉ូតូ ដែលបង្កហានិភ័យដល់សុវត្ថិភាពសាធារណៈ និងបង្កភាពអនាធិបតេយ្យក្នុងសង្គម។
បន្ទាប់ពីឃាត់ខ្លួន ក្រុមក្មេងទំនើងទាំង ០៥នាក់ ត្រូវបាននាំយកមកធ្វើការអប់រំ និងធ្វើកិច្ចសន្យាបញ្ឈប់រាល់សកម្មភាពទំនើង ដែលអាចប៉ះពាល់ដល់ការសិក្សា កិត្តិយសគ្រួសារ បំផ្លាញទ្រព្យសម្បត្តិ និងបង្កភាពភ័យខ្លាចដល់ប្រជាពលរដ្ឋនៅជុំវិញ។
ជាមួយគ្នានេះ សមត្ថកិច្ចក៏បានដកហូតម៉ូតូចំនួន ០៣គ្រឿង យកទៅរក្សាទុករយៈពេល ០៣ខែ នៅមូលដ្ឋានអាវុធហត្ថខណ្ឌជ្រោយចង្វារ ដោយអនុវត្តតាមបទបញ្ជាយ៉ាងម៉ឺងម៉ាត់របស់ Hun Manet នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ដែលបានដាក់ចេញវិធានការតឹងរឹងចំពោះក្រុមក្មេងទំនើង ជាពិសេសសកម្មភាពបង្ហោះម៉ូតូលើផ្លូវសាធារណៈ។
តាមការណែនាំរបស់ប្រមុខរាជរដ្ឋាភិបាល ករណីប្រព្រឹត្តលើកទី១ ត្រូវឃាត់ម៉ូតូរក្សាទុករយៈពេល ០៣ខែ ខណៈការប្រព្រឹត្តលើកទី២ និងមិនរាងចាល នឹងត្រូវរក្សាទុករហូតដល់ ០៦ខែ ព្រមទាំងអនុវត្តវិធានការច្បាប់ និងរដ្ឋបាលឱ្យបានតឹងរឹងបំផុត ដើម្បីធានាសន្តិសុខ សណ្តាប់ធ្នាប់ និងសុវត្ថិភាពសង្គម៕





