អភិបាលខេត្តស្ទឹងត្រែងណែនាំឱ្យពង្រឹងជំនាញឆ្មបបុរាណជាជនជាតិដើមភាគតិច

 អភិបាលខេត្តស្ទឹងត្រែងណែនាំឱ្យពង្រឹងជំនាញឆ្មបបុរាណជាជនជាតិដើមភាគតិច


 ខេត្តស្ទឹងត្រែង- អភិបាលខេត្តស្ទឹងត្រែងឱ្យមន្ទីរសុខាភិបាល ចាត់តាំងក្រុមគ្រូពេទ្យជំនាញ ចុះទៅបណ្ដុះបណ្ដាលបន្តដល់  ឆ្មបបុរាណជាជនជាតិដើមភាគតិច  ឬឆ្មបនៅតាមមូលដ្ឋានដើម្បីទទួលបានការបណ្ដុះបណ្ដាល  និងមានជំនាញទទួលបានការបញ្ជាក់​ត្រឹមត្រូវ  ពីមន្ទីរសុខាភិបាល ។
       

ក្នុងពិធី​អបអរសាទរទិវាជនជាតិដើមភាគតិចពិភពលោកលើកទី៣២ និងលើកទី២២ នៅកម្ពុជា ក្រោមប្រធានបទ "ការលើកតម្កើងតួនាទីឆ្មបជាជនជាតិដើមភាគតិច ដើម្បីការពារជីវិត និងសុខុមាលភាព ​ធ្វើឡើងនៅខេត្តស្ទឹងត្រែងថ្ងៃទី១០សីហា២០២៦ ​ ឯកឧត្តមសរសុពុត្រាអភិបាលខេត្តមានប្រសាន៍បន្តថា៖ មន្ត្រីសុខាភិបាលត្រូវយកចិត្តទុកដាក់​បណ្ដុះបណ្ដាលបន្ត​ជូន​​ម៉ែៗដែលជាឆ្មប របស់ជនជាតិដើមភាគតិចបន្ថែម  ដើម្បីដើរឱ្យទាន់បច្ចេកវិទ្យា។
 

    
ឯកឧត្តមមានប្រសាសន៍បន្តថា ថ្វីត្បិតតែពួកគាត់ជាឆ្មបបុរាណ តែយើងមិនបោះបង់ចោលគាត់ទេ ​ព្រោះការឆ្លងទន្លេរបស់ស្តី្រ​​ (សម្រាលកូន) ​​គឺពិបាកណាស់។​ (សំឡេង)អញ្ចឹងត្រូវឱ្យម៉ែៗយល់ អំពីលក្ខណៈសង្គ្រោះ  ហើយ​មិនមែន រំលាយចោល​ឆ្មបបុរាណទេ​  ក៏ប៉ុន្តែយកឆ្មបបុរាណ មកបណ្ដុះបណ្ដាល  ដើម្បីឲ្យទាន់សភាពការណ៍  ហើយយើងរួមគ្នា​ ជួយសង្គ្រោះជីវិតរបស់ ស្ត្រីដែលឆ្លងទន្លេ   លើគ្រប់រូបភាពទាំង ឆ្មប  នៅក្នុងមណ្ឌលសុខភាព និងមន្ទីពេទ្យបង្អែក ទាំងឆ្មបបុរាណនៅតាមមូលដ្ឋាន  ។
      

លោកហឿនសុខ ប្រជាពលរដ្ឋជនជាតិកាវែតរស់នៅភូមិទាក់ទាម ឃុំសន្តិភាពស្រុកសៀមប៉ាងខេត្តស្ទឹងត្រែង  តំណាងឱ្យបងប្អូនជនជាតិមកពីខេត្តចំនួន១៥​ បានគាំទ្រការគិតគូរបស់អភិបាលខេត្ត  ព្រោះចំណុចនេះបងប្អូនជនជាតិក៍បានលើកជាសំណូមពរជូនថ្នាក់ដឹកនាំដែរ។
       

លោកបន្តថា៖បងប្អូនជនជាតិបច្ចុប្បន្នរក្សាបាននូវប្រពៃណី ភាសារ តែសម្លៀកបំពាក់និងរបស់របរប្រើប្រាសផ្សេងៗបានដើរទៅតាមសម័យអភិវឌ្ឍហើយ  ដូចនេះបានរាជរដ្ឋាភិបាល​យកចិត្តទុកដាក់ ផ្នែកសុខភាពទៀត  ធ្វើការរស់នៅកាន់តែមានភាពកក់ក្តៅ  កសាងជីវភាពបានរីកចម្រើន ឡើង។
      

សូមបញ្ជាក់ថា
ទិវាជនជាតិដើមភាគតិចពិភពលោកលើកទី៣២ និងលើកទី២២នៅកម្ពុជានេះត្រូវបានរាជរដ្ឋាភិបាលសម្រេចឱ្យក្រសួងអភិវឌ្ឍន៍ជនបទ​ធ្វើឡើងនៅខេត្តស្ទឹងត្រែងដែលមានបងប្អូនជនជាតិមកពី​​ខេត្តចំនួន១៥ ចូលរួម  និងបានដាក់តាំងស្តង់ម្ហូបអាហារ សម្ភារៈប្រើប្រាស់ សម្លៀកបំពាក់  និងបានសម្តែងរបាំប្រពៃណីជូនអង្គពិធីផងដែរ៕
                                 
                                អត្ថបទ÷កុល សាររ័ត្ន ស្ទឹងត្រែងថ្ងៃទី១០ សីហា ២០២៦