អាជ្ញាធរខណ្ឌដូនពេញ បន្តរៀបចំសណ្តាប់ធ្នាប់សាធារណៈ ដើម្បីលើកកម្ពស់សោភណភាព និងសម្រួលការធ្វើដំណើររបស់ប្រជាពលរដ្ឋ

 អាជ្ញាធរខណ្ឌដូនពេញ បន្តរៀបចំសណ្តាប់ធ្នាប់សាធារណៈ ដើម្បីលើកកម្ពស់សោភណភាព និងសម្រួលការធ្វើដំណើររបស់ប្រជាពលរដ្ឋ


ភ្នំពេញ៖
តាមការចង្អុលបង្ហាញរបស់លោក ជា ខេមា អភិបាល នៃគណៈអភិបាលខណ្ឌដូនពេញ នៅព្រឹកថ្ងៃពុធ ៧រោច ខែទុតិយាសាឍ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី០៥ ខែសីហា ឆ្នាំ២០២៦ កម្លាំងសណ្តាប់ធ្នាប់ខណ្ឌដូនពេញ បានបន្តចុះអនុវត្តការរៀបចំសណ្តាប់ធ្នាប់ របៀបរៀបរយសាធារណៈ អនាម័យ និងបរិស្ថាន នៅតាមមូលដ្ឋានទូទាំងខណ្ឌដូនពេញ រាជធានីភ្នំពេញ។

ប្រតិបត្តិការនេះ ផ្តោតសំខាន់លើការណែនាំ និងហាមឃាត់ការយកចិញ្ចើមផ្លូវសាធារណៈធ្វើជាកន្លែងប្រកបអាជីវកម្ម ដោយតម្រូវឱ្យរក្សាទុកយ៉ាងហោចណាស់ ១/៣ នៃចិញ្ចើមផ្លូវ សម្រាប់សម្រួលដល់ការធ្វើដំណើររបស់អ្នកថ្មើរជើង និងបង្កើនសុវត្ថិភាព សណ្តាប់ធ្នាប់ ព្រមទាំងលើកកម្ពស់សោភណភាពក្នុងមូលដ្ឋានឱ្យកាន់តែល្អប្រសើរ។

រដ្ឋបាលខណ្ឌដូនពេញបានឱ្យដឹងថា ការរៀបចំសណ្តាប់ធ្នាប់នេះ ក៏ជាការគាំទ្រដល់ការរៀបចំវិថីថ្មើរជើងនាចុងសប្តាហ៍ ដែលកំពុងទទួលបានការគាំទ្រ និងការចូលរួមពីប្រជាពលរដ្ឋ និងភ្ញៀវទេសចរកាន់តែច្រើនពីមួយសប្តាហ៍ទៅមួយសប្តាហ៍។

ជាមួយគ្នានេះ អាជ្ញាធរខណ្ឌដូនពេញ សូមអំពាវនាវដល់ប្រជាពលរដ្ឋ អាជីវករ និងអ្នកប្រកបអាជីវកម្មទាំងអស់ មេត្តាចូលរួមសហការ អនុវត្តតាមការណែនាំរបស់អាជ្ញាធរ ដើម្បីរួមគ្នាថែរក្សាសណ្តាប់ធ្នាប់ អនាម័យ បរិស្ថាន និងសោភណភាពរាជធានីភ្នំពេញឱ្យកាន់តែស្អាត និងមានរបៀបរៀបរយ៕