អាវុធហត្ថរាជធានីភ្នំពេញ ឃាត់ខ្លួនជនសង្ស័យ ០២នាក់ ពាក់ព័ន្ធករណីហិង្សាដោយចេតនា ខណៈបក្ខពួកកំពុងរត់គេចខ្លួន
ភ្នំពេញ៖ កម្លាំងកងរាជអាវុធហត្ថរាជធានីភ្នំពេញ បានឃាត់ខ្លួនជនសង្ស័យចំនួន ០២នាក់ ពាក់ព័ន្ធករណីហិង្សាដោយចេតនា បន្ទាប់ពីមានការផ្សព្វផ្សាយតាមបណ្ដាញសង្គម អំពីករណីហិង្សារវាងមនុស្ស ០២ក្រុម ប្រើដុំថ្មវាយ និងគប់គ្នាទៅវិញទៅមក។
ករណីនេះបានកើតឡើងកាលពីវេលាម៉ោង ២១៖២០នាទី ថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៦ នៅចំណុចផ្លូវលេខ ៤៩CC ភូមិដំណាក់ធំ២ សង្កាត់ស្ទឹងមានជ័យទី៣ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។
ក្រោយទទួលបានព័ត៌មាន កម្លាំងការិយាល័យជំនាញ នៃកងរាជអាវុធហត្ថរាជធានីភ្នំពេញ បានចុះសហការជាមួយកម្លាំងជំនាញមូលដ្ឋានអាវុធហត្ថខណ្ឌមានជ័យ ដើម្បីធ្វើការស្រាវជ្រាវ និងកំណត់អត្តសញ្ញាណអ្នកពាក់ព័ន្ធ។
ជាលទ្ធផល នៅវេលាម៉ោងប្រមាណ ១១៖៣៧នាទី ថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២៦ កម្លាំងជំនាញអាវុធហត្ថរាជធានីភ្នំពេញ បានឈានដល់ការឃាត់ខ្លួនជនសង្ស័យពីរភាគីចំនួន ០២នាក់ រួមមាន៖
១. ឈ្មោះ ឈិន ចាន់សុភ័ណ្ឌ ភេទប្រុស អាយុ ៤២ឆ្នាំ។
២. ឈ្មោះ ទួន ភក្ដី ភេទប្រុស អាយុ ២០ឆ្នាំ។
ជនសង្ស័យទាំង ០២នាក់ ត្រូវបានបញ្ជូនទៅការិយាល័យជំនាញ នៃកងរាជអាវុធហត្ថរាជធានីភ្នំពេញ ដើម្បីបន្តនីតិវិធី។
តាមការសាកសួររបស់សមត្ថកិច្ច ជនសង្ស័យទាំង ០២នាក់ បានសារភាពថា ពួកខ្លួនពិតជាមានការពាក់ព័ន្ធនឹងអំពើហិង្សាដូចដែលបានរៀបរាប់ខាងលើប្រាកដមែន។
បច្ចុប្បន្ន ជនសង្ស័យទាំង ០២នាក់ ត្រូវបានកម្លាំងជំនាញការិយាល័យព្រហ្មទណ្ឌ នៃកងរាជអាវុធហត្ថរាជធានីភ្នំពេញ កសាងសំណុំរឿងបញ្ជូនទៅតុលាការ ដើម្បីចាត់ការតាមនីតិវិធីច្បាប់។
ដោយឡែក ចំពោះបក្ខពួកដែលកំពុងរត់គេចខ្លួន កម្លាំងអាវុធហត្ថរាជធានីភ្នំពេញ កំពុងបន្តស្រាវជ្រាវ និងតាមចាប់ខ្លួន ដើម្បីយកមកចាត់ការតាមច្បាប់៕







