លោកបណ្ឌិត ហោ គន្ធា ជួបសំណេះសំណាល និងពិភាក្សាបញ្ហាប្រឈមក្នុងវិស័យព័ត៌មាន ជាមួយចាងហ្វាង និងអ្នកសារព័ត៌មាន ១២៥នាក់
ភ្នំពេញ៖ លោកបណ្ឌិត ហោ គន្ធា ប្រធានសមាគមអភិវឌ្ឍន៍វិជ្ជាជីវៈអ្នកសារព័ត៌មានកម្ពុជា បានអញ្ជើញជាអធិបតីក្នុងពិធីជួបសំណេះសំណាល និងពិភាក្សាអំពីបញ្ហាប្រឈមនានាក្នុងវិស័យព័ត៌មាន ជាមួយចាងហ្វាងការផ្សាយ និងអ្នកសារព័ត៌មាន សរុបចំនួន ១២៥នាក់ មកពី ៥០អង្គភាពសារព័ត៌មាន។
ពិធីនេះបានរៀបចំឡើងនារសៀលថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០២៦ នៅសាលប្រជុំភោជនីយដ្ឋានបាយ័ន កាល់ម៉ែត រាជធានីភ្នំពេញ ដោយមានការចូលរួមពីចាងហ្វាងការផ្សាយ និងអ្នកសារព័ត៌មានជាច្រើនរូប។
ថ្លែងក្នុងពិធីសំណេះសំណាល លោកបណ្ឌិត ហោ គន្ធា បានកោតសរសើរចំពោះអ្នកសារព័ត៌មាន ដែលបានខិតខំបំពេញតួនាទី និងភារកិច្ចរបស់ខ្លួនដោយប្រកាន់ខ្ជាប់នូវក្រមសីលធម៌ និងវិជ្ជាជីវៈសារព័ត៌មាន ព្រមទាំងចូលរួមផ្សព្វផ្សាយព័ត៌មានពិត និងមានប្រភពច្បាស់លាស់ជូនប្រជាពលរដ្ឋ។
លោកបណ្ឌិតបានបញ្ជាក់ថា ការប្រកាន់ខ្ជាប់នូវក្រមសីលធម៌ និងវិជ្ជាជីវៈ គឺជាកត្តាសំខាន់ក្នុងការរក្សាសណ្ដាប់ធ្នាប់ព័ត៌មាន ភាពអព្យាក្រឹត និងទំនុកចិត្តពីសំណាក់អ្នកអាន និងអ្នកទទួលព័ត៌មាន។ ផ្ទុយទៅវិញ ប្រសិនបើអ្នកសារព័ត៌មានមិនបានយកក្រមសីលធម៌ និងវិជ្ជាជីវៈមកអនុវត្តឱ្យបានត្រឹមត្រូវ អាចប៉ះពាល់ដល់កិត្តិយសវិជ្ជាជីវៈ និងបាត់បង់ទំនុកចិត្តពីសាធារណជន ព្រមទាំងអាចប្រឈមនឹងបញ្ហាតាមផ្លូវច្បាប់ផងដែរ។
លោកបណ្ឌិត ហោ គន្ធា ក៏បានសង្កត់ធ្ងន់ថា ស្ថាប័នសារព័ត៌មាន និងអ្នករាយការណ៍ព័ត៌មាន មានតួនាទីយ៉ាងសំខាន់ក្នុងសង្គម ដោយចូលរួមផ្តល់ព័ត៌មានពិត តម្លាភាព និងមានការទទួលខុសត្រូវ ដើម្បីរួមចំណែករក្សាស្ថិរភាព សណ្ដាប់ធ្នាប់សង្គម និងជំរុញការអភិវឌ្ឍសង្គមឱ្យកាន់តែរីកចម្រើន។
ក្នុងកិច្ចពិភាក្សា អ្នកសារព័ត៌មានដែលបានចូលរួម ក៏បានលើកឡើងអំពីបញ្ហាប្រឈមមួយចំនួនដែលពួកគេបានជួបប្រទះក្នុងការបំពេញការងារកន្លងមក ក្នុងនោះមានបញ្ហាពាក់ព័ន្ធនឹងផ្លូវច្បាប់ និងបញ្ហាប្រឈមផ្សេងៗក្នុងការបំពេញតួនាទីជាអ្នកសារព័ត៌មាន។
កិច្ចពិភាក្សានេះ ក៏ជាឱកាសសម្រាប់ចាងហ្វាងការផ្សាយ និងអ្នកសារព័ត៌មានបានចែករំលែកបទពិសោធន៍ ពិភាក្សាអំពីបញ្ហាប្រឈម និងស្វែងរកមតិរួម ដើម្បីលើកកម្ពស់គុណភាពវិជ្ជាជីវៈ និងការអនុវត្តក្រមសីលធម៌សារព័ត៌មានឱ្យកាន់តែប្រសើរ។
ជាមួយគ្នានេះ សមាគមអភិវឌ្ឍន៍វិជ្ជាជីវៈអ្នកសារព័ត៌មានកម្ពុជា ក៏បានប្រគល់លិខិតសរសើរជូនដល់អ្នកសារព័ត៌មានមួយចំនួន ដែលសមាគមបានវាយតម្លៃថា បានអនុវត្តសកម្មភាពល្អក្នុងអាជីពសារព័ត៌មាន ប្រកបដោយក្រមសីលធម៌ និងវិជ្ជាជីវៈ។
កម្មវិធីនេះ ត្រូវបានចាត់ទុកថា ជាវេទិកាមួយសម្រាប់ពង្រឹងកិច្ចសហការរវាងសមាគម អង្គភាពសារព័ត៌មាន និងអ្នកសារព័ត៌មាន ព្រមទាំងរួមចំណែកលើកកម្ពស់វិជ្ជាជីវៈសារព័ត៌មាននៅកម្ពុជា ឱ្យមានការទទួលខុសត្រូវ និងទទួលបានការគាំទ្រកាន់តែប្រសើរពីសាធារណជន៕

