ក្រសួងអប់រំ អនុវត្តគម្រោង «កម្ពុជាក្នុងបេះដូងខ្ញុំ» និងកម្មវិធី «មនសិការពលរដ្ឋល្អ» នៅខេត្តស្ទឹងត្រែង

 ក្រសួងអប់រំ អនុវត្តគម្រោង «កម្ពុជាក្នុងបេះដូងខ្ញុំ» និងកម្មវិធី «មនសិការពលរដ្ឋល្អ» នៅខេត្តស្ទឹងត្រែង


ខេត្តស្ទឹងត្រែង ៖ ក្រសួងអប់រំ យុវជន និងកីឡា បានដាក់ចេញយន្តការអនុវត្តគម្រោង «កម្ពុជាក្នុងបេះដូងខ្ញុំ» នៃកម្មវិធី «មនសិការពលរដ្ឋល្អ» ក្នុងគោលបំណងចូលរួមអភិវឌ្ឍធនធានមនុស្សប្រកបដោយគុណភាព ដែលជាមូលដ្ឋានគ្រឹះសម្រាប់ការកសាងសង្គម សេដ្ឋកិច្ច និងការអភិវឌ្ឍប្រទេសប្រកបដោយចីរភាព។

ក្នុងកម្មវិធី «មនសិការពលរដ្ឋល្អ» ដែលរៀបចំឡើងនៅមន្ទីរអប់រំ យុវជន និងកីឡាខេត្តស្ទឹងត្រែង នាថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២៦ លោក ជឹម ឈឿន អនុប្រធាននាយកដ្ឋានអប់រំ យុវជន និងកុមារ បានបញ្ជាក់ថា ប្រព័ន្ធអប់រំកំពុងផ្លាស់ប្តូរពីការផ្ទេរចំណេះដឹងតាមបែបប្រពៃណី ទៅជាការអប់រំដែលផ្តោតលើការអភិវឌ្ឍសមត្ថភាព គុណតម្លៃ និងការអនុវត្តជាក់ស្តែងរបស់សិស្សានុសិស្ស និងយុវជន។

លោកបានបន្តថា គម្រោង «កម្ពុជាក្នុងបេះដូងខ្ញុំ» នៃកម្មវិធី «មនសិការពលរដ្ឋល្អ» មានគោលដៅបណ្តុះយុវជនឱ្យក្លាយជាពលរដ្ឋដែលមានវិជ្ជាសម្បទា បំណិនសម្បទា សីលធម៌សម្បទា ចរិយាសម្បទា និងកាយសម្បទា ព្រមទាំងមានសមត្ថភាពចូលរួមចំណែកក្នុងការអភិវឌ្ឍសង្គមក្នុងសតវត្សទី២១។

លោក ជឹម ឈឿន បានឱ្យដឹងបន្ថែមថា ដោយឈរលើទស្សនវិស័យនេះ ក្រសួងអប់រំ យុវជន និងកីឡា បានបង្កើត និងដាក់ឱ្យអនុវត្តកម្មវិធី «មនសិការពលរដ្ឋល្អ» តាំងពីឆ្នាំ២០២៤ មក ក្រោមកិច្ចសហការរវាងសហភាពសហព័ន្ធយុវជនកម្ពុជា និងក្រសួងអប់រំ យុវជន និងកីឡា។

កម្មវិធីនេះមានគោលបំណងបណ្តុះស្មារតីយុវជនគ្រប់ស្រទាប់ ឱ្យក្លាយជាពលរដ្ឋល្អ ដែលមានមនសិកា គុណធម៌ សីលធម៌ ស្មារតីស្នេហាជាតិ ការទទួលខុសត្រូវ និងស្មារតីស្ម័គ្រចិត្ត ព្រមទាំងចូលរួមយ៉ាងសកម្មក្នុងការអភិវឌ្ឍគ្រួសារ សហគមន៍ សាលារៀន និងប្រទេសជាតិ។

ជាមួយគ្នានេះ យុវតី សុខ សុចិន្តា សិស្សវិទ្យាល័យ ហ៊ុន សែន ស្រែពោធិ៍ តំណាងឱ្យក្រុមក្លឹបទាំង៦ បានលើកឡើងថា គម្រោង «កម្ពុជាក្នុងបេះដូងខ្ញុំ» ពិតជាមានលក្ខណៈពិសេស ដែលបានជំរុញឱ្យយុវជនមានមនសិការពលរដ្ឋល្អ និងក្លាយជាមូលធនមនុស្សប្រកបដោយនវានុវត្តន៍។

យុវតីរូបនេះបានបន្តថា ក្រុមក្លឹបចំនួន៦ នៅតាមវិទ្យាល័យនានាក្នុងខេត្តស្ទឹងត្រែង បានរៀបចំខ្សែវីដេអូបង្ហាញពីសកម្មភាពរបស់ខ្លួនទៅតាមប្រធានបទនីមួយៗ ដោយផ្តោតលើការអប់រំ ការសិក្សារៀនសូត្រ បរិស្ថាន និងសុខភាពសហគមន៍។

ប្រធានបទដែលបានលើកយកមកបង្ហាញ រួមមាន «រទេះអំណាន-ពន្លកសតវត្សថ្មី» ពាក់ព័ន្ធនឹងការសិក្សារៀនសូត្រ, «ទីណាមានខ្ញុំ ទីនោះគ្មានអ្នក» និង «វាលបៃតងនៃក្តីសង្ឃឹម» ពាក់ព័ន្ធនឹងការចូលរួមថែរក្សាបរិស្ថាន, «មិនធ្លាក់លើដី បុរីមានសោភណភាព» និងប្រធានបទ «បង្កើតថ្មីឡើង ដើម្បីសុខភាពសហគមន៍» ដែលផ្តោតលើវិស័យសុខាភិបាល និងការចូលរួមរបស់យុវជនក្នុងសហគមន៍។

សូមបញ្ជាក់ថា យន្តការអនុវត្តគម្រោង «កម្ពុជាក្នុងបេះដូងខ្ញុំ» នៃកម្មវិធី «មនសិការពលរដ្ឋល្អ» ឆ្នាំ២០២៦ ត្រូវបានអនុវត្តនៅរាជធានី-ខេត្តគោលដៅចំនួន១២ រួមមាន រាជធានីភ្នំពេញ ខេត្តកណ្តាល កំពង់ចាម កំពង់ធំ ស្វាយរៀង តាកែវ កំពង់ស្ពឺ ព្រះសីហនុ ស្ទឹងត្រែង បាត់ដំបង ប៉ៃលិន និងខេត្តសៀមរាប។

តាមរយៈយន្តការនេះ គណៈកម្មាធិការបានធ្វើការវាយតម្លៃ និងជ្រើសរើសស្នាដៃរបស់ក្រុមក្លឹប ដើម្បីយកទៅប្រកួតប្រជែងដណ្តើមជ័យលាភីនៅវគ្គផ្តាច់ព្រ័ត្រថ្នាក់ជាតិ៕