កម្លាំងអាវុធហត្ថរាជធានីភ្នំពេញ បន្តហ្វឹកហាត់កាយសម្បទាជាប្រចាំ ដើម្បីពង្រឹងសមត្ថភាពប្រតិបត្តិការ

 

កម្លាំងអាវុធហត្ថរាជធានីភ្នំពេញ បន្តហ្វឹកហាត់កាយសម្បទាជាប្រចាំ ដើម្បីពង្រឹងសមត្ថភាពប្រតិបត្តិការ


ភ្នំពេញ៖ កម្លាំងកងរាជអាវុធហត្ថរាជធានីភ្នំពេញ តែងតែយកចិត្តទុកដាក់លើការហ្វឹកហាត់កាយសម្បទា និងការធ្វើលំហាត់ប្រាណជាប្រចាំ ដោយអនុវត្តតាមវិធីសាស្ត្រចម្រុះ ដើម្បីពង្រឹងសុខភាព កម្លាំងរាងកាយ និងភាពរហ័សរហួនរបស់កងកម្លាំង។

ការហ្វឹកហាត់ជាប្រចាំនេះ ក៏មានគោលបំណងជួយគ្រប់គ្រងទម្ងន់ និងកាត់បន្ថយជាតិខ្លាញ់ក្នុងរាងកាយ ជាពិសេសតំបន់ក្បាលពោះ ព្រមទាំងជំរុញឱ្យកងកម្លាំងមានសុខភាពល្អ កាយសម្បទារឹងមាំ និងមានភាពរហ័សរហួនក្នុងការអនុវត្តភារកិច្ច។

ជាមួយគ្នានេះ ការថែរក្សាសុខភាព និងកាយសម្បទាឱ្យបានល្អ គឺជាកត្តាសំខាន់សម្រាប់កងកម្លាំងអាវុធហត្ថ ក្នុងការបំពេញភារកិច្ចប្រកបដោយប្រសិទ្ធភាព ជាពិសេសការងារបង្ការ បង្ក្រាប និងសង្គ្រោះ ព្រមទាំងការឆ្លើយតបទាន់ពេលវេលាចំពោះស្ថានការណ៍ផ្សេងៗដែលកើតមានក្នុងមូលដ្ឋាន។

ការហ្វឹកហាត់កាយសម្បទាជាប្រចាំនេះ ក៏ជាផ្នែកមួយនៃការពង្រឹងវិន័យ ស្មារតី និងសមត្ថភាពរបស់កងកម្លាំង ដើម្បីធានាថា កងរាជអាវុធហត្ថរាជធានីភ្នំពេញ មានភាពរឹងមាំ និងត្រៀមខ្លួនជានិច្ច ក្នុងការបំពេញភារកិច្ចបម្រើប្រជាពលរដ្ឋ និងរក្សាសន្តិសុខ សណ្តាប់ធ្នាប់សង្គម៕