នគរបាលក្រុងប៉ោយប៉ែត បង្ក្រាបបទល្មើសគ្រឿងញៀន ៣ករណី ឃាត់ខ្លួនជនសង្ស័យប្រុសស្រីសរុប ២៩នាក់

 នគរបាលក្រុងប៉ោយប៉ែត បង្ក្រាបបទល្មើសគ្រឿងញៀន ៣ករណី ឃាត់ខ្លួនជនសង្ស័យប្រុសស្រីសរុប ២៩នាក់


ខេត្តបន្ទាយមានជ័យ ៖ កម្លាំងជំនាញប្រឆាំងបទល្មើសគ្រឿងញៀន នៃអធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែត សហការជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលសង្កាត់ផ្សារកណ្ដាល បានបន្តប្រតិបត្តិការបង្ក្រាបបទល្មើសពាក់ព័ន្ធនឹងគ្រឿងញៀន និងការលក់-ប្រើប្រាស់ទឹកកាធម ចំនួន ៣ករណីផ្សេងគ្នា ដោយឃាត់ខ្លួនជនសង្ស័យប្រុសស្រីសរុបចំនួន ២៩នាក់។

ប្រតិបត្តិការនេះធ្វើឡើងតាមការណែនាំ និងបទបញ្ជារបស់លោកឧត្តមសេនីយ៍ត្រី សឿម សារិទ្ធ ស្នងការនគរបាលខេត្តបន្ទាយមានជ័យ និងតាមបទបញ្ជារបស់លោកវរសេនីយ៍ទោ ព្រហ្ម ពិសិដ្ឋ អធិការនគរបាលក្រុងប៉ោយប៉ែត ដោយមានលោកវរសេនីយ៍ទោ កែវ ដូល អធិការរង ទទួលផែនការងារប្រឆាំងបទល្មើសគ្រឿងញៀន ដឹកនាំកម្លាំងជំនាញចុះស្រាវជ្រាវ និងបង្ក្រាប។

តាមការបញ្ជាក់របស់លោកវរសេនីយ៍ទោ កែវ ដូល ករណីទី១ បានកើតឡើងនៅថ្ងៃទី៨ ខែកញ្ញា ឆ្នាំ២០២៦ វេលាម៉ោង ២៣៖០០នាទី នៅចំណុចមណ្ឌល៥ ភូមិប្រជាធម្មលិច សង្កាត់ផ្សារកណ្ដាល ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។
ក្នុងប្រតិបត្តិការនោះ កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលសង្កាត់ផ្សារកណ្ដាល បានបង្ក្រាបករណីប្រើប្រាស់សារធាតុញៀនដោយខុសច្បាប់ និងឃាត់ខ្លួនជនសង្ស័យចំនួន ១១នាក់ ក្នុងនោះមានស្ត្រីម្នាក់ ព្រមទាំងដកហូតបំពង់កែវសម្រាប់ប្រើប្រាស់គ្រឿងញៀនចំនួន ១។

ជនសង្ស័យទាំង ១១នាក់ រួមមាន៖
១. ឈ្មោះ នឿន ចាន់ដា ភេទប្រុស អាយុ២៨ឆ្នាំ។
២. ឈ្មោះ សុខ រដ្ឋា ភេទប្រុស អាយុ៣២ឆ្នាំ។
៣. ឈ្មោះ ឌី សំណាង ភេទប្រុស អាយុ៣២ឆ្នាំ។
៤. ឈ្មោះ សៀង សុខទី ភេទប្រុស អាយុ២៨ឆ្នាំ។
៥. ឈ្មោះ ចាន់ សិទ្ធិ ភេទប្រុស អាយុ៣៤ឆ្នាំ។
៦. ឈ្មោះ ចេម ចេម ភេទប្រុស អាយុ២៤ឆ្នាំ។
៧. ឈ្មោះ ទុត ទី ភេទប្រុស អាយុ៣១ឆ្នាំ។
៨. ឈ្មោះ រៃ សារួម ភេទប្រុស អាយុ១៧ឆ្នាំ។
៩. ឈ្មោះ ជួប ណារិទ្ធ ភេទប្រុស អាយុ២៨ឆ្នាំ។
១០. ឈ្មោះ ពៅ វីន ភេទប្រុស អាយុ១៦ឆ្នាំ។
១១. ឈ្មោះ ជា សៀង ភេទស្រី អាយុ១៨ឆ្នាំ។
បន្ទាប់ពីនាំខ្លួនមកសាកសួរ ជនសង្ស័យខាងលើបានឆ្លើយសារភាពថា ពួកគេបានប្រើប្រាស់សារធាតុញៀនដោយខុសច្បាប់។

ករណីទី២ កាលពីថ្ងៃទី៨ ខែកញ្ញា ឆ្នាំ២០២៦ វេលាម៉ោង២០៖០០នាទី កម្លាំងផ្នែកប្រឆាំងបទល្មើសគ្រឿងញៀន នៃអធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែត បានទទួលព័ត៌មានពីប្រជាពលរដ្ឋថា មានសកម្មភាពជួញដូរសារធាតុញៀនដោយខុសច្បាប់ នៅចំណុចមណ្ឌល៥ ស្ថិតក្នុងភូមិប្រជាធម្មលិច សង្កាត់ផ្សារកណ្ដាល។

ក្រោយទទួលព័ត៌មាន កម្លាំងជំនាញបានចុះប្រតិបត្តិការភ្លាមៗ និងឃាត់ខ្លួនជនសង្ស័យចំនួន ៣នាក់ រួមមាន៖
១. ឈ្មោះ ម៉ន ភារុណ ភេទប្រុស អាយុ៣២ឆ្នាំ ជនជាតិខ្មែរ។
២. ឈ្មោះ ផៃ ផល្លី ភេទប្រុស អាយុ២១ឆ្នាំ ជនជាតិខ្មែរ។
៣. ឈ្មោះ ចាន់ វ៉ាន់ទី ភេទប្រុស អាយុ៤២ឆ្នាំ ជនជាតិខ្មែរ។

ក្នុងប្រតិបត្តិការនេះ កម្លាំងសមត្ថកិច្ចបានដកហូតម្សៅក្រាមពណ៌សថ្លា សង្ស័យជាសារធាតុញៀនចំនួន ១កូនថង់តូច។ ក្រោយមក ជនសង្ស័យត្រូវបាននាំទៅកាន់អធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែត ដើម្បីសាកសួរ និងធ្វើតេស្តទឹកនោមរកសារធាតុញៀន ដោយលទ្ធផលបង្ហាញថា វិជ្ជមាន (+)។

ករណីទី៣ កម្លាំងជំនាញបានបន្តប្រតិបត្តិការបង្ក្រាបទីតាំងលក់ទឹកកាធមមួយកន្លែង ក្នុងភូមិសាស្ត្រសង្កាត់ផ្សារកណ្ដាល ក្រុងប៉ោយប៉ែត ពាក់ព័ន្ធនឹងសកម្មភាពលក់ ទិញ និងប្រើប្រាស់ទឹកកាធម ដោយបានឃាត់ខ្លួនមនុស្សប្រុសស្រីចំនួន ១៥នាក់។

សរុបការបង្ក្រាបទាំង ៣ករណី កម្លាំងសមត្ថកិច្ចបានឃាត់ខ្លួនជនសង្ស័យប្រុសស្រីចំនួន ២៩នាក់ និងដកហូតវត្ថុតាងមួយចំនួនពាក់ព័ន្ធនឹងបទល្មើស។

បច្ចុប្បន្ន ជនសង្ស័យទាំង ២៩នាក់ រួមជាមួយវត្ថុតាង ត្រូវបានកម្លាំងជំនាញប្រឆាំងបទល្មើសគ្រឿងញៀន នៃអធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែត កសាងសំណុំរឿង និងបញ្ជូនទៅស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ ដើម្បីអនុវត្តបន្តតាមនីតិវិធីច្បាប់។

សមត្ថកិច្ចបានបញ្ជាក់ថា ការចុះបង្ក្រាបនេះ គឺជាផ្នែកមួយនៃការអនុវត្តវិធានការប្រយុទ្ធប្រឆាំងបទល្មើសគ្រឿងញៀន និងរក្សាសន្តិសុខ សណ្ដាប់ធ្នាប់សាធារណៈក្នុងមូលដ្ឋាន៕