លោកឧត្តមសេនីយ៍ត្រី សឿម សារិទ្ធ ចាត់តំណាងជួបសំណេះសំណាលជាមួយប្រតិភូ UNODC និងចុះសិក្សាស្រាវជ្រាវអំពីនីតិវិធីត្រួតពិនិត្យគ្រឿងញៀននៅខេត្តបន្ទាយមានជ័យ

 លោកឧត្តមសេនីយ៍ត្រី សឿម សារិទ្ធ ចាត់តំណាងជួបសំណេះសំណាលជាមួយប្រតិភូ UNODC និងចុះសិក្សាស្រាវជ្រាវអំពីនីតិវិធីត្រួតពិនិត្យគ្រឿងញៀននៅខេត្តបន្ទាយមានជ័យ


បន្ទាយមានជ័យ៖ ដោយអនុវត្តតាមអនុសាសន៍ណែនាំដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ នៅព្រឹកថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២៦ លោកឧត្តមសេនីយ៍ត្រី សឿម សារិទ្ធ ស្នងការនគរបាលខេត្តបន្ទាយមានជ័យ បានចាត់តំណាងលោកឧត្តមសេនីយ៍ត្រី ធិន សិនដេត ស្នងការរង ទទួលផែនការងារនគរបាលប្រឆាំងគ្រឿងញៀន ដឹកនាំមន្ត្រីជំនាញពាក់ព័ន្ធ លោកអធិការនគរបាលក្រុង-ស្រុកទាំង៩ និងមេបញ្ជាការនគរបាលការពារព្រំដែនគោកទាំង៤ ជួបសំណេះសំណាល និងសម្តែងការគួរសមជាមួយប្រតិភូអគ្គលេខាធិការដ្ឋាន អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន និងការិយាល័យអង្គការសហប្រជាជាតិទទួលបន្ទុកគ្រឿងញៀន និងឧក្រិដ្ឋកម្ម (UNODC)។

កិច្ចជួបនេះធ្វើឡើងក្នុងក្របខណ្ឌនៃការចុះសិក្សាស្រាវជ្រាវអំពី នីតិវិធីត្រួតពិនិត្យគ្រឿងញៀននៅកម្ពុជា ក្នុងភូមិសាស្ត្រខេត្តបន្ទាយមានជ័យ ដើម្បីស្វែងយល់អំពីការអនុវត្តជាក់ស្តែង ក៏ដូចជាស្វែងរកចំណុចខ្វះខាត បញ្ហាប្រឈម និងដំណោះស្រាយសមស្រប សម្រាប់ពង្រឹងប្រសិទ្ធភាពការងារបង្ការ ទប់ស្កាត់ ស្រាវជ្រាវ និងបង្ក្រាបបទល្មើសគ្រឿងញៀន។

ប្រតិភូអគ្គលេខាធិការដ្ឋាន អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ដឹកនាំដោយ លោកឧត្តមសេនីយ៍ទោ ប៉ា សោភ័ណ្ឌ អនុប្រធាននាយកដ្ឋានអនុវត្តច្បាប់ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ឧត្តមសេនីយ៍ទោ ឃន តារាសម្បត្តិ អគ្គលេខាធិការរង នៃអគ្គលេខាធិការដ្ឋាន អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន រួមជាមួយសហការី។

ដោយឡែក ប្រតិភូការិយាល័យអង្គការសហប្រជាជាតិទទួលបន្ទុកគ្រឿងញៀន និងឧក្រិដ្ឋកម្ម (UNODC) ដឹកនាំដោយ លោក Polen Khem មន្ត្រីកម្មវិធីថ្នាក់ជាតិប្រចាំប្រទេសកម្ពុជា និង លោក Patrick Michael Picciano ទីប្រឹក្សាអន្តរជាតិរបស់ UNODC រួមជាមួយសហការី។
ការចុះសិក្សាស្រាវជ្រាវនេះ មានគោលបំណងសំខាន់ៗ រួមមាន៖

១. វិភាគអំពីរចនាសម្ព័ន្ធស្ថាប័ន តួនាទី និងភារកិច្ចរបស់សមត្ថកិច្ច និងស្ថាប័នពាក់ព័ន្ធនឹងការប្រយុទ្ធប្រឆាំងគ្រឿងញៀន។
២. សិក្សាអំពីយន្តការ និងដំណើរការអនុវត្តការងាររបស់សមត្ថកិច្ចពាក់ព័ន្ធ ក្នុងការបង្ការ ទប់ស្កាត់ ស្រាវជ្រាវ និងបង្ក្រាបបទល្មើសគ្រឿងញៀន។
៣. សិក្សាអំពីការប្រមូល កត់ត្រា វិភាគ និងផ្លាស់ប្តូរព័ត៌មានពាក់ព័ន្ធនឹងបទល្មើសគ្រឿងញៀន។
៤. ផ្លាស់ប្តូរបទពិសោធន៍ និងចំណេះដឹងជាមួយអ្នកជំនាញ និងស្ថាប័នពាក់ព័ន្ធ ដើម្បីពង្រឹងសមត្ថភាពមន្ត្រីជំនាញ។
៥. ស្វែងរកចំណុចខ្វះខាត បញ្ហាប្រឈម សំណូមពរ និងដំណោះស្រាយសមស្រប ដើម្បីធ្វើឱ្យកាន់តែប្រសើរឡើងនូវនីតិវិធីត្រួតពិនិត្យ និងការអនុវត្តច្បាប់ពាក់ព័ន្ធនឹងគ្រឿងញៀន។

កិច្ចសិក្សាស្រាវជ្រាវ និងការផ្លាស់ប្តូរបទពិសោធន៍នេះ ត្រូវបានចាត់ទុកថា ជាផ្នែកមួយដ៏សំខាន់ក្នុងការរួមចំណែកពង្រឹងកិច្ចសហប្រតិបត្តិការ និងសមត្ថភាពរបស់សមត្ថកិច្ចពាក់ព័ន្ធ ក្នុងការប្រយុទ្ធប្រឆាំងបទល្មើសគ្រឿងញៀននៅកម្ពុជា ជាពិសេសក្នុងតំបន់ដែលមានភូមិសាស្ត្រជាប់ព្រំដែន ដើម្បីធានាបាននូវប្រសិទ្ធភាពនៃការបង្ការ ទប់ស្កាត់ និងអនុវត្តច្បាប់ឱ្យកាន់តែមានប្រសិទ្ធភាព៕