ប្រធានមន្ទីរពេទ្យបង្អែកខេត្តស្ទឹងត្រែង បំភ្លឺករណីអ្នកជំងឺម្នាក់ស្លាប់ ក្រោយមានការលើកឡើងពីក្រុមគ្រួសារជុំវិញការថែទាំ
ខេត្តស្ទឹងត្រែង ៖ ករណីអ្នកជំងឺជាបុរសម្នាក់មករកពេទ្យឲ្យជួយបែជាត្រូវបានស្លាប់ក្នុងអំឡុងពេលសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្តស្ទឹងត្រែង និងបានបង្កឱ្យមានការព្រួយបារម្ភ និងការលើកឡើងផ្សេងៗពីសំណាក់ក្រុមគ្រួសារអ្នកស្លាប់ ពាក់ព័ន្ធនឹងការយកចិត្តទុកដាក់ និងការផ្តល់សេវាព្យាបាលមិនបានល្អ។ ជុំវិញករណីនេះ ប្រធានមន្ទីរពេទ្យបានចេញមកបំភ្លឺ អំ
ពីស្ថានភាពជំងឺ សកម្មភាពព្យាបាល និងបញ្ហាប្រឈមដែលបានកើតឡើងក្នុងអំឡុងពេលអ្នកជំងឺសម្រាកព្យា
បាល។
យោងតាមការរៀបរាប់របស់ស្ត្រីឈ្មោះ ទិន សួន អាយុ ៤២ ឆ្នាំ ដែលត្រូវជាប្អូនស្រីបង្កើតរបស់អ្នកស្លាប់ឈ្មោះ ទិន ឡៃ អាយុ ៤៦ ឆ្នាំ អ្នកជំងឺមានស្រុកកំណើតនៅក្រុងក្រចេះ ខេត្តក្រចេះ និងបានមកស្នាក់នៅបណ្តោះអាសន្ននៅភូមិភ្នំធាតុ សង្កាត់ស្ទឹងត្រែង ក្រុងស្ទឹងត្រែង ដើម្បីប្រកបរបរលក់ដូរ។
ក្រុមគ្រួសារបានឱ្យដឹងថា មុនពេលចូលសម្រាក ព្យាបាល អ្នកជំងឺមានអាការៈក្តៅខ្លួន ក្អក និងឈឺទ្រូង។ ដំបូងឡើយ អ្នកជំងឺមិនចង់ទៅមន្ទីរពេទ្យទេ ប៉ុន្តែដោយសារស្ថានភាពមិនធូរស្រាល និងមានការអង្វរករពីក្រុមគ្រួសារ ទើបសម្រេចបញ្ជូនទៅមន្ទីរពេទ្យបង្អែកខេត្តស្ទឹងត្រែង។ តាមការលើកឡើងរបស់សាច់ញាតិ ពួកគាត់មានការព្រួយបារម្ភចំពោះស្ថានភាពអ្នកជំងឺក្នុងអំឡុងពេលសម្រាកព្យាបាល ដោយអះអាងថា អ្នកជំងឺមានអាការៈក្តៅខ្លួន និងចុះខ្សោយជាបន្តបន្ទាប់ រហូតដល់មានការប្រកាច់ និងក្អួតស្លេះ។ សាច់ញាតិបានអះអាងថា ពួកគាត់បានព្យាយាមហៅបុគ្គលិកពេទ្យឱ្យមកពិនិត្យជាច្រើនលើក ប៉ុន្តែយល់ថា ការឆ្លើយតបមិនបានឆាប់រហ័សតាមការរំពឹងទុករបស់ពួកគាត់ឡើយ។
ក្រុមគ្រួសារក៏បានលើកឡើងពីការមិនពេញចិត្ត ចំពោះពាក្យសម្តី និងអាកប្បកិរិយារបស់បុគ្គលិកមួយចំនួន ដែលពួកគាត់យល់ថា មិនសូវសមស្របក្នុងស្ថានភាពដែលអ្នកជំងឺកំពុងមានអាការៈធ្ងន់ធ្ងរ។ ក្រោយមក អ្នកជំងឺបានស្លាប់ បើទោះបីជាមានការចាត់វិធានការជួយសង្គ្រោះនៅពេលចុងក្រោយក៏
ដោយ។
ជុំវិញករណីនេះ លោក ហឿ ស៊ីធីល ប្រធានមន្ទីរពេទ្យបង្អែកខេត្តស្ទឹងត្រែង បានបំភ្លឺនៅព្រឹកថ្ងៃទី១០ ខែតុលា ឆ្នាំ២០២៦ ថា អ្នកជំងឺបានចូលសម្រាកព្យាបាលនៅមន្ទីរពេទ្យកាលកាលពីម្សិលមិញ (ថ្ងៃទី ៩ តុលា) ដោយមានបញ្ហាសុខភាពធ្ងន់ធ្ងរពាក់ព័ន្ធនឹងថ្លើម និងសួត តាមការពិនិត្យ និងរោគវិនិច្ឆ័យដែលមានក្នុងឯកសារពេទ្យ។
លោកប្រធានមន្ទីរពេទ្យបានបញ្ជាក់ថា អ្នកជំងឺមានប្រវត្តិប្រើប្រាស់គ្រឿងស្រវឹងរយៈពេលយូរ ហើយមានអាការៈប្រែប្រួលស្មារតី និងអាកប្បកិរិយាមិនប្រក្រតី ដូចជាវង្វេងវង្វាន់ ដើរនៅពេលយប់ និងដកខ្សែសេរ៉ូមចេញជាញឹកញាប់ ដែលបង្កការលំបាកមួយចំនួនក្នុងការថែទាំ និងផ្តល់ការព្យាបាល។ ក្រុមគ្រូពេទ្យបានព្យាយាមជួយសង្គ្រោះ និងបញ្ជូនអ្នកជំងឺទៅបន្ទប់សង្គ្រោះបន្ទាន់ ប៉ុន្តែមិនអាចជួយសង្គ្រោះជីវិតបានឡើយ។
ពាក់ព័ន្ធនឹងការមើលថែអ្នកជំងឺ លោកប្រធានមន្ទីរពេទ្យបានឱ្យដឹងថា ក្នុងអំឡុងពេលសម្រាកព្យាបាល មានប្រពន្ធ និងម្តាយបង្កើតរបស់អ្នកជំងឺជាអ្នកមើលថែផ្ទាល់ ហើយក្រុមគ្រូពេទ្យបានពន្យល់អំពីស្ថានភាពជំងឺជូនពួកគាត់។ លោកក៏បានលើកឡើងថា ការថែទាំអ្នកជំងឺដែលមានអាការៈវង្វេងវង្វាន់ និងមិនសហការក្នុងការព្យាបាល អាចបង្កជាបញ្ហាប្រឈមដល់បុគ្គលិកសុខាភិបាល។
ចំពោះការខ្វែងគំនិតគ្នារវាងសាច់ញាតិ និងបុគ្គលិកពេទ្យ លោកបាទទួលស្គាល់ថា អាចមានការមិនសប្បាយចិត្តចំពោះពាក្យសម្តីក្នុងអំឡុងពេលបំពេញការងារ ប៉ុន្តែលោកបានបញ្ជាក់ថា ក្រុមគ្រូពេទ្យបានព្យាយាមផ្តល់ការថែទាំ និងជួយសង្គ្រោះតាមស្ថានភាពជំងឺរបស់អ្នកជំងឺ។ក្រោយមានការសម្របសម្រួល ភាគីគ្រួសារបានយល់ព្រមឱ្យមន្ទីរពេទ្យប្រើប្រាស់រថយន្តសង្គ្រោះបន្ទាន់ដឹកជញ្ជូនសពទៅកាន់ស្រុកកំណើតនៅខេត្តក្រចេះ៕



