យុវជនខ្មែរទាំងពីរភេទ បង្ហាញឆន្ទៈស្ម័គ្រចិត្តចូលបំពេញកាតព្វកិច្ចយោធា ឆ្នាំ២០២៦


ភ្នំពេញ៖
នៅថ្ងៃទី០១ ខែតុលា ឆ្នាំ២០២៦ ដែលជាថ្ងៃដំបូងនៃការចាប់ផ្តើមអនុវត្តការងារទទួលពាក្យសុំចូលបំពេញកាតព្វកិច្ចយោធា សម្រាប់ឆ្នាំ២០២៦ មានប្រជាពលរដ្ឋខ្មែរទាំងពីរភេទ ដែលមានអាយុចាប់ពី១៨ឆ្នាំ ដល់២៥ឆ្នាំ បានបង្ហាញឆន្ទៈស្ម័គ្រចិត្ត ដោយអញ្ជើញមកបំពេញពាក្យសុំចូលបំពេញកាតព្វកិច្ចយោធា នៅតាមបណ្តាទីតាំងទទួលពាក្យក្នុងមូលដ្ឋានកងរាជអាវុធហត្ថខណ្ឌទាំង១៤ ក្នុងរាជធានីភ្នំពេញ។

ការទទួលពាក្យ និងការដាក់ពាក្យសុំចូលបំពេញកាតព្វកិច្ចយោធា បានប្រព្រឹត្តទៅដោយរលូន មានសណ្តាប់ធ្នាប់ និងប្រកបដោយស្មារតីម្ចាស់ការ ព្រមទាំងការទទួលខុសត្រូវខ្ពស់ពីសំណាក់យុវជនដែលបានចូលរួម។

ការស្ម័គ្រចិត្តរបស់យុវជនទាំងពីរភេទក្នុងការចូលបំពេញកាតព្វកិច្ចយោធា បានបង្ហាញពីការយល់ដឹង និងស្មារតីទទួលខុសត្រូវចំពោះកាតព្វកិច្ចរបស់ខ្លួន ក្នុងនាមជាពលរដ្ឋខ្មែរ ព្រមទាំងបង្ហាញពីឆន្ទៈក្នុងការចូលរួមបម្រើជាតិ និងសង្គម តាមរយៈការបំពេញកាតព្វកិច្ចយោធា។

ជាមួយគ្នានេះ ការចូលរួមរបស់យុវជនទាំងនេះ ក៏ជាការបង្ហាញពីស្មារតីស្រឡាញ់ជាតិ ការចូលរួមចំណែកក្នុងការអនុវត្តកាតព្វកិច្ចរបស់ពលរដ្ឋ និងការត្រៀមខ្លួនចូលរួមបម្រើប្រទេសជាតិ ស្របតាមច្បាប់ និងបទប្បញ្ញត្តិជាធរមាន។

ការចាប់ផ្តើមទទួលពាក្យនៅថ្ងៃទី០១ ខែតុលា ឆ្នាំ២០២៦ បានប្រព្រឹត្តទៅដោយមានការសម្របសម្រួល និងរៀបចំទីតាំងយ៉ាងមានរបៀបរៀបរយ ដើម្បីបង្កលក្ខណៈងាយស្រួលដល់ប្រជាពលរដ្ឋ និងយុវជនដែលមានបំណងស្ម័គ្រចិត្តចូលបំពេញកាតព្វកិច្ចយោធា។