ខេត្តស្ទឹងត្រែងទទួលបានភ្ញៀវទេសចរជិត ២ម៉ឺននាក់ ក្នុងឱកាសបុណ្យភ្ជុំបិណ្ឌរយៈពេល ៣ថ្ងៃ កើនឡើង ៥% ធៀបនឹងឆ្នាំ២០២៥
ខេត្តស្ទឹងត្រែង ៖ ខេត្តស្ទឹងត្រែងទទួលបានភ្ញៀវទេសចរជាតិ និងអន្តរជាតិ ព្រមទាំងប្រជាពលរដ្ឋសរុបចំនួន ១៩,៧៥៧នាក់ ក្នុងឱកាសពិធីបុណ្យភ្ជុំបិណ្ឌរយៈពេល ៣ថ្ងៃ ចាប់ពីថ្ងៃទី១០ ដល់ថ្ងៃទី១២ ខែតុលា ឆ្នាំ២០២៦ ដោយមានការកើនឡើង ៥% បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ២០២៥។
យោងតាមការបញ្ជាក់របស់លោក អ៊ន់ ប៉ោសឿន ប្រធានមន្ទីរទេសចរណ៍ខេត្តស្ទឹងត្រែង ភ្ញៀវដែលបានធ្វើដំណើរមកកម្សាន្តក្នុងខេត្តនាឱកាសនេះ រួមមាន ភ្ញៀវទេសចរជាតិចំនួន ១៩,៦៨៩នាក់ និងភ្ញៀវទេសចរអន្តរជាតិចំនួន ៦៨នាក់។ ភ្ញៀវទាំងនេះបានធ្វើដំណើរទៅកម្សាន្តតាមគោលដៅទេសចរណ៍ និងរមណីយដ្ឋាននានា ព្រមទាំងចូលរួមក្នុងពិធីបុណ្យប្រពៃណីសាសនាតាមវត្តអារាមនានាទូទាំងខេត្ត។
បើតាមទិន្នន័យប្រៀបធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ២០២៥ ចំនួនភ្ញៀវដែលមកកម្សាន្តក្នុងខេត្តស្ទឹងត្រែងបានកើនឡើងចំនួន ៩៨៧នាក់ ស្មើនឹង ៥%។ ក្នុងនោះ ភ្ញៀវទេសចរជាតិបានកើនឡើងចំនួន ៩៨៤នាក់ ខណៈភ្ញៀវទេសចរអន្តរជាតិបានកើនឡើងចំនួន ៣នាក់។កំណើនភ្ញៀវទេសចរក្នុងឱកាសបុណ្យភ្ជុំបិណ្ឌនេះ បានបង្ហាញពីសកម្មភាពធ្វើដំណើរកម្សាន្តរបស់ប្រជាពលរដ្ឋ និងការចូលរួមក្នុងពិធីបុណ្យប្រពៃណីជាតិ ដែលជាឱកាសដ៏សំខាន់មួយសម្រាប់ប្រជាពលរដ្ឋខ្មែរក្នុងការជួបជុំក្រុមគ្រួសារ ធ្វើបុណ្យតាមជំនឿសាសនា និងសម្រាកលំហែកាយជាមួយក្រុមគ្រួសារ។
ទន្ទឹមនឹងនេះ ការធ្វើដំណើរកម្សាន្តរបស់ភ្ញៀវទេសចរក៏បានរួមចំណែកជំរុញសកម្មភាពសេដ្ឋកិច្ចក្នុងមូលដ្ឋាន តាមរយៈការប្រើប្រាស់សេវាកម្មដឹកជញ្ជូន ការស្នាក់នៅ ម្ហូបអាហារ និងអាជីវកម្មពាក់ព័ន្ធនឹងវិស័យទេសចរណ៍ផ្សេងៗទៀត។ខេត្តស្ទឹងត្រែងមានសក្តានុពលទេសចរណ៍ធម្មជាតិ និងវប្បធម៌ ដែលអាចទាក់ទាញភ្ញៀវទេសចរជាតិ និងអន្តរជាតិឱ្យមកទស្សនា ស្វែងយល់ពីសម្រស់ធម្មជាតិ និងសម្រាកលំហែកាយ។ កំណើនភ្ញៀវទេសចរក្នុងឱកាសបុណ្យភ្ជុំបិណ្ឌនេះ គឺជាសញ្ញាមួយនៃភាពសកម្មក្នុងការធ្វើដំណើរកម្សាន្ត និងជាកត្តាដែលអាចរួមចំណែកដល់ការបន្តអភិវឌ្ឍវិស័យទេសចរណ៍ ព្រមទាំងបង្កើនឱកាសរកប្រាក់ចំណូលជូនប្រជាពលរដ្ឋក្នុងសហគមន៍មូលដ្ឋាន។
ដោយ៖ កុល សារត្ន័ សហការីរស្មីញូស៍ ប្រចាំខេត្តស្ទឹងត្រែង












