ឯកឧត្តម ទេព អស្នារិទ្ធ ៖ ការផ្សាយរូបភាពឃោរឃៅនៅលើបណ្តាញសង្គម ជាការរំលោភលើក្រមសីលធម៌ សិទ្ធិឯកជន និងសេចក្តីថ្លៃថ្នូររបស់មនុស្សជាតិយ៉ាងធ្ងន់ធ្ងរ
សារព័ត៌មាន​ រស្មី ញូស៍ (www.mrrnews.com.kh) មានអាសយដ្ឋានទីស្នាក់ការស្ថិតនៅតាមបណ្តោយផ្លូវបេតុង ផ្ទះលេខ៥ ក្នុងភូមិត្រពាំងក្រសាំង សង្កាត់ត្រពាំងក្រសាំង ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។ ទំនាក់ទំនងតាមរយៈលេខ 012 278 222 / 097 723 2222 / 086 976 222 សូមអរគុណ...!
អង្គភាពសារព័ត៌មាន​ រស្មី ញូស៍ (www.mrrnews.com.kh) ដំណើរការតាមលិខិតអនុញ្ញាតិលេខៈ ៧៥១៥ ន.ទ.ក ចុះថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២៥ របស់និយ័តករទូរគមនាគមន៏កម្ពុជា និង ប្រកាសលេខ ១៣៣ ព.ម ប្រក ចុះថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២១ របស់ក្រសួងព័ត៌មាន ។​ សូមអរគុណ...!

ឯកឧត្តម ទេព អស្នារិទ្ធ ៖ ការផ្សាយរូបភាពឃោរឃៅនៅលើបណ្តាញសង្គម ជាការរំលោភលើក្រមសីលធម៌ សិទ្ធិឯកជន និងសេចក្តីថ្លៃថ្នូររបស់មនុស្សជាតិយ៉ាងធ្ងន់ធ្ងរ

 ឯកឧត្តម ទេព អស្នារិទ្ធ ៖ ការផ្សាយរូបភាពឃោរឃៅនៅលើបណ្តាញសង្គម ជាការរំលោភលើក្រមសីលធម៌ សិទ្ធិឯកជន និងសេចក្តីថ្លៃថ្នូររបស់មនុស្សជាតិយ៉ាងធ្ងន់ធ្ងរ


====
ភ្នំពេញ៖ អ្នកនាំពាក្យបានបន្តថា ក្រសួងបានតាមដានយ៉ាងយកចិត្តទុកដាក់ចំពោះការផ្សាយ ចែករំលែកវីដេអូ ឬរូបភាពនៃករណីឃាតកម្ម និងគ្រោះថ្នាក់ចរាចរណ៍ ដែលបង្ហាញរូបភាពតក់ស្លុត ដូចជាមានឈាម របួស ឬការស្លាប់ជាដើម ឬហិង្សានៅលើបណ្តាញសង្គម ដូចជា Facebook និង TikTok ជាដើម រួមទាំងមានប្រភពមកពីអ្នកសារព័ត៌មានមួយចំនួនផងដែរ។ ការផ្សាយ និងចែករំលែកទាំងនេះ វាបានប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់អារម្មណ៍ជងរងគ្រោះ និងគ្រួសាររបស់ពួកគេ។
នេះបើតាមការបញ្ជាក់ពី ឯកឧត្តម ទេព អស្នារិទ្ធ អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងព័ត៌មាន នៅថ្ងៃទី ១៨ ខែមីនា ឆ្នាំ២០២៦នេះ។
ឯកឧត្តមបន្តថា ការបង្ហាញរូបភាពឃោរឃៅទាំងនេះបង្កជាភាពភ័យខ្លាច ការតក់ស្លុត និងប៉ះពាល់ដល់អារម្មណ៍កុមារ និងពលរដ្ឋទូទៅ។ ទន្ទឹមនេះការផ្សាយ ឬចែករំលែករូបភាពសពពីការបាញ់សម្លាប់  ឬការស្លាប់ និងរងរបួសមានឈាមពីគ្រោះថ្នាក់ចរាចរ ដោយគ្មានការបិទបាំង ឬព្រិលលើរូបភាពជាទង្វើប្រាសចាកក្រមសីលធម៌ រំលោភសិទ្ធិឯកជន និងសេចក្តីថ្លៃថ្នូររបស់មនុស្ស និងប៉ះពាល់ខ្លាំងដល់សីលធម៌ និងសណ្តាប់ធ្នាប់សង្គម។ ការផ្សាយដោយគិតតែប្រជែងគ្នាដើម្បីយកView ឬ Like ដោយមិនគិតពីផលវិបាកសង្គម អាចគ្រាន់តែជាការធ្វើអាជីវកម្មលើភាពរងគ្រោះ ឬភាពទន់ខ្សោយរបស់អ្នកដទៃ គឺជាទង្វើដែលសង្គមមិនផ្តល់តម្លៃ និងប៉ះពាល់ដល់គុណតម្លៃនៃអាជីពព័ត៌មាន។
ក្រសួងព័ត៌មានសូមរំលឹកដល់អ្នកសារព័ត៌មាន និងអ្នកប្រើប្រាស់បណ្តាញសង្គមទាំងអស់ អំពីការអនុវត្ត ធម្មនុញ្ញវិជ្ជាជីវៈសារព័ត៌មាន ពិសេសត្រង់ចំណុចទី ១៣ នៃធម្មនុញ្ញនេះ ដែលបានហាមប្រាមការផ្សព្វផ្សាយរូបភាព ឬខ្លឹមសារដែលបង្ហាញពីភាពឃោរឃៅ អំពើហិង្សា គ្រោះថ្នាក់ចរាចរដែលគួរឱ្យរន្ធត់តក់ស្លុត ឬបង្កឱ្យកើតបញ្ហាសតិអារម្មណ៍ដល់សាធារណជន ដែលជាការចុះផ្សាយព័ត៌មានប៉ះពាល់ដល់សណ្តាប់ធ្នាប់សាធារណៈ ហើយដែលរូបភាពបែបនេះវាប៉ះពាល់ដល់សេចក្តីថ្លៃថ្នូររបស់ជនរងគ្រោះ និងក្រុមគ្រួសារពួកគេ បង្កផលវិបាកក្នុងរយៈពេលខ្លី និងវែង។ ការអនុវត្តចំណុចក្រមសីលធម៌នេះ គឺជាការធានាសិទ្ធិសេរីភាពក្នុងការផ្សាយដោយការទទួលខុសត្រូវ។
ចំពោះករណីនៅខេត្តត្បូងឃ្មុំ ក៏ដូចជាករណីដទៃទៀត ដែលបានកើតឡើងនាពេលថ្មីៗនេះ ក្រសួងព័ត៌មានបានមានចំណាត់ការភ្លាម និងជាបន្តបន្ទាប់៖
ចំពោះអ្នកកាសែត ដែលបានផ្សាយ ក្រសួងអញ្ជើញពួកគាត់ ដើម្បីមកទទួលការណែនាំ តម្រង់ទិសលើការអនុវត្តក្រមសីលធម៌វិជ្ជាជីវៈសារព័ត៌មាន។ ក្រសួងក៏បានធ្វើការណែនាំដល់អ្នកបង្កើតមាតិកាលើបណ្តាញសង្គមមួយចំនួនដែរ ដែលទាំងអ្នកសារព័ត៌មាន និងអ្នកបង្កើតមាតិកាបានយល់ព្រមទទួលកំហុស និងបានដកមាតិកាដែលមានបញ្ហាទាំងនោះចេញវិញ មិនឱ្យមាននៅលើបណ្តាញសង្គមទេ។
ក្រសួងនឹងបន្តការអប់រំ តម្រង់ទិសលើការអនុវត្តដោយក្រមសីលធម៌ឱ្យស្របតាមធម្មនុញ្ញវិជ្ជាជីវៈសារព័ត៌មាន។ សូមអំពាវនាវ ដាស់តឿនដល់អ្នកសារព័ត៌មាន និង អ្នកកាន់ផេកនៃបណ្តាញសង្គមនានា ត្រូវមានម្ចាស់ការ និងការទទួលខុសត្រូវលើការផ្សាយ និងខ្លឹមសារនៃមាតិកា មុននឹងសម្រេចចិត្តផ្សាយ/ចុច Post។
ចំពោះអង្គភាពសារព័ត៌មានណាដែលនៅតែបន្តបំពានក្រមសីលធម៌ដដែលៗ ផ្សាយផ្ទុយការហាមប្រាម ដូចក្នុងស្មារតីធម្មនុញ្ញវិជ្ជាជីវៈសារព័ត៌មាន ក្រសួងនឹងចាត់វិធានការរដ្ឋបាល រាប់ចាប់ពីការស្ដីបន្ទោស ការធ្វើកិច្ចសន្យា រហូតដល់ការដកហូតអាជ្ញាបណ្ណផ្សព្វផ្សាយក្នុងករណីធ្ងន់ធ្ងរ។
ក្រសួងសហការជាមួយក្រសួង ស្ថាប័នពាក់ព័ន្ធដើម្បីតាមដាន និងរាយការណ៍(Report) ទៅក្រុមហ៊ុនបណ្តាញសង្គម ដើម្បីចាត់វិធានការលុបវីដេអូដែលរំលោភលើគោលការណ៍សហគមន៍ (Community Standard)នៃការប្រើប្រាស់បណ្តាញសង្គម និងច្បាប់របស់កម្ពុជា។
សូមអំពាវនាវដល់សាធារណជន ឱ្យចូលរួមនិយាយថាទេចំពោះព័ត៌មានអវិជ្ជមាន និងភាពហិង្សា និងកុំគាំទ្រការផ្សាយដែលប្រាសចាកសីលធម៌សង្គម ដោយប្រសិនបើឃើញការផ្សាយដែលមិនសមរម្យដូចមានរៀបរាប់ខាងលើ សូមកុំ Share បន្ត ហើយជួយ Report ទៅក្រុមហ៊ុនបណ្តាញសង្គមទាំងអស់គ្នា ដើម្បីសម្អាតភាពអវិជ្ជមាន មិនល្អពីក្នុងបរិយាកាសឌីជីថល។ សូមចូលរួមលើកកម្ពស់តម្លៃសេចក្តីថ្លៃថ្នូររបស់សង្គមជាតិយើង។ ការរួមគ្នាមិនចែកចាយរូបភាពអមនុស្សធម៌ គឺជាការផ្តល់កិត្តិយសដល់សាកសព ដល់អ្នករងរបួសធ្ងន់ធ្ងរត្រូវការការជួយសង្គ្រោះ ត្រូវចូលរួមបង្ហាញសេចក្តីអាណិតអាសូរដល់ក្រុមគ្រួសារជនរងគ្រោះ និងជាការការពារសុខភាពផ្លូវចិត្តរបស់កុមារ ក៏ដូចជាពលរដ្ឋទាំងអស់។
ក្នុងនាមក្រសួងព័ត៌មាន ខ្ញុំសូមលើកទឹកចិត្តឱ្យសាធារណជនងាកមកគាំទ្រ និងផ្តល់តម្លៃដល់ការផ្សាយព័ត៌មានដែលប្រកបដោយក្រមសីលធម៌ វិជ្ជាជីវៈ និងការទទួលខុសត្រូវខ្ពស់ ដើម្បីរួមគ្នាបង្កើតបរិយាកាសឌីជីថលមួយដែលមានសុវត្ថិភាព ផ្តល់ចំណេះដឹងដោយភាពជឿជាក់ និងថែរក្សាសីលធម៌រស់នៅក្នុងសង្គម៕
Post a Comment (0)
Previous Post Next Post