ភ្នំពេញ ៖ អធិការដ្ឋាននគរបាលខណ្ឌចំការមន បានរៀបចំវេទិកាផ្សព្វផ្សាយអប់រំ ស្តីពី “ភូមិ-សង្កាត់មានសុវត្ថិភាព” ដល់សិស្សានុសិស្ស និងអាណាព្យាបាល ដើម្បីបង្កើនការយល់ដឹងអំពីគ្រោះថ្នាក់នៃគ្រឿងញៀន បារីអេឡិចត្រូនិច និងការគោរពច្បាប់ចរាចរណ៍ផ្លូវគោក។
សកម្មភាពនេះ បានធ្វើឡើងក្រោមការអនុវត្តតាមអនុសាសន៍ដឹកនាំដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ និងដោយមានការអនុញ្ញាតពីលោក វរសេនីយ៍ទោ ហួរ ម៉េងហួន អធិការនគរបាលខណ្ឌចំការមន។
នៅថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២៦ វេលាម៉ោង ០៩:០០នាទី លោកអនុសេនីយ៍ឯក ផាន់ ភាន់ នាយប៉ុស្តិ៍នគរបាលរដ្ឋបាលទួលទំពូងទី២ បានដឹកនាំកម្លាំងប៉ុស្តិ៍ សហការជាមួយគណបញ្ជាការឯកភាពសង្កាត់ទួលទំពូងទី២ និងគណៈគ្រប់គ្រងសាលា ចុះរៀបចំវេទិកាផ្សព្វផ្សាយអប់រំ ដោយលើកយកផ្ទាំងផ្សព្វផ្សាយធំៗ មកបង្ហាញ និងពន្យល់ដល់សិស្សានុសិស្សអំពីបញ្ហាការសេពគ្រឿងញៀន ការប្រើប្រាស់ និងការជក់បារីអេឡិចត្រូនិចលាយទឹកថ្នាំ (CBD) បញ្ហាក្មេងទំនើង ព្រមទាំងការគោរពច្បាប់ចរាចរណ៍ផ្លូវគោក។
កម្មវិធីនេះបានប្រារព្ធធ្វើឡើងនៅសាលាបឋមសិក្សា ឧញ៉ា មហាភក្ដី ហ៊ុន នាង ស្ថិតនៅភូមិ៤ សង្កាត់ទួលទំពូងទី២ ខណ្ឌចំការមន រាជធានីភ្នំពេញ ដោយមានសិស្សានុសិស្សចូលរួមសរុបចំនួន ១៤២នាក់ ក្នុងនោះស្រី ៩៧នាក់។
តាមរយៈវេទិកាអប់រំនេះ សមត្ថកិច្ចសង្ឃឹមថា នឹងជួយបង្កើនការយល់ដឹងដល់សិស្សានុសិស្ស និងអាណាព្យាបាល អំពីហានិភ័យនៃគ្រឿងញៀន និងអំពើអសកម្មផ្សេងៗ ព្រមទាំងជំរុញឲ្យយុវជនគោរពច្បាប់ និងចូលរួមថែរក្សាសន្តិសុខ សុវត្ថិភាពក្នុងសហគមន៍៕









