ពិធីបញ្ចុះបឋមសិលាបើកការដ្ឋានសាងសង់អគារសិក្សា ៣ជាន់ ១៥បន្ទប់ នៅសាលាបឋមសិក្សាព្រៃស
ភ្នំពេញ៖ ពិធីបញ្ចុះបឋមសិលា បើកការដ្ឋានសាងសង់អគារសិក្សា ១ខ្នង កម្ពស់ ៣ជាន់ មានចំនួន ១៥បន្ទប់ ដែលជាអំណោយដ៏ថ្លៃថ្លារបស់ លោកអ្នកឧកញ៉ា លាង ឃុន ត្រូវបានរៀបចំធ្វើឡើងនៅសាលាបឋមសិក្សាព្រៃស ស្ថិតក្នុងសង្កាត់ព្រៃស ខណ្ឌដង្កោ រាជធានីភ្នំពេញ ក្រោមអធិបតីភាព ឯកឧត្តម ឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ។
ពិធីនេះបានប្រព្រឹត្តទៅនាព្រឹកថ្ងៃសៅរ៍ ១១រោច ខែផល្គុន ឆ្នាំម្សាញ់ សប្ដស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២៦ ដោយមានការចូលរួមពីថ្នាក់ដឹកនាំ អាជ្ញាធរមូលដ្ឋាន លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស និងប្រជាពលរដ្ឋជាច្រើនរូប។
អគារសិក្សាថ្មីនេះ ត្រូវបានសាងសង់ឡើងក្នុងគោលបំណងជួយលើកកម្ពស់វិស័យអប់រំ បង្កើនបរិយាកាសសិក្សាឱ្យកាន់តែប្រសើរ និងបំពេញតម្រូវការបន្ទប់សិក្សាសម្រាប់សិស្សានុសិស្សក្នុងមូលដ្ឋាន ដែលកំពុងកើនឡើងជាបន្តបន្ទាប់។
ថ្នាក់ដឹកនាំ និងប្រជាពលរដ្ឋបានសម្តែងនូវការកោតសរសើរ និងអរគុណយ៉ាងជ្រាលជ្រៅចំពោះលោកអ្នកឧកញ៉ា លាង ឃុន ដែលបានចូលរួមចំណែកយ៉ាងសំខាន់ក្នុងការគាំទ្រដល់វិស័យអប់រំ និងការអភិវឌ្ឍសង្គម តាមរយៈការឧបត្ថម្ភសាងសង់អគារសិក្សានេះ។
អគារសិក្សាថ្មីនេះ ត្រូវបានរំពឹងថា នឹងក្លាយជាបរិយាកាសសិក្សាដ៏ល្អប្រសើរសម្រាប់សិស្សានុសិស្ស និងរួមចំណែកក្នុងការបណ្តុះបណ្តាលធនធានមនុស្សសម្រាប់អនាគតប្រទេសជាតិ៕

















