មណ្ឌលអប់រំកែប្រែទី២ និមន្តព្រះសង្ឃសូត្រមន្ត បង្សុកូល រាប់បាត្រ និងផ្តល់ឱវាទអប់រំផ្លូវចិត្ត ដល់ជនជាប់ឃុំ

 មណ្ឌលអប់រំកែប្រែទី២ និមន្តព្រះសង្ឃសូត្រមន្ត បង្សុកូល រាប់បាត្រ និងផ្តល់ឱវាទអប់រំផ្លូវចិត្ត ដល់ជនជាប់ឃុំ



ព្រៃស៖ នៅថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២៦ លោកស្រីឧត្តមអគ្គានុរក្សថ្នាក់លេខ៣ ក្លូត កណ្ណិកា ប្រធានមណ្ឌលអប់រំកែប្រែទី២ បានរៀបចំកម្មវិធីបែបសាសនា ដោយនិមន្តព្រះសង្ឃចំនួន ០២ អង្គ និងតាអាចារ្យចំនួន ០២ រូប មកសូត្រមន្ត បង្សុកូល រាប់បាត្រ និងផ្តល់ឱវាទអប់រំផ្លូវចិត្ត ដល់ជនជាប់ឃុំ ដែលកំពុងស្ថិតនៅក្នុងមណ្ឌលអប់រំកែប្រែទី២ ក្នុងឱកាសថ្ងៃសីល។

កម្មវិធីនេះត្រូវបានរៀបចំឡើងក្នុងគោលបំណងលើកកម្ពស់ផ្លូវចិត្ត និងសីលធម៌ ដល់ជនជាប់ឃុំ ដោយប្រើប្រាស់គោលការណ៍សាសនាព្រះពុទ្ធ ជាផ្លូវណែនាំឲ្យពួកគេចេះសម្របសម្រួលអារម្មណ៍ កែប្រែទំនាស់ផ្លូវចិត្ត និងជំរុញឲ្យមានការកែប្រែខ្លួនទៅរកអនាគតល្អប្រសើរ។

ក្នុងឱកាសនោះ ព្រះសង្ឃបានសូត្រមន្ត បង្សុកូល និងផ្តល់ឱវាទអប់រំផ្លូវចិត្ត ដោយណែនាំឲ្យជនជាប់ឃុំប្រកាន់ខ្ជាប់នូវសីលធម៌ ការអត់ធ្មត់ ការកែប្រែខ្លួន និងការរស់នៅដោយសុចរិត ដើម្បីអាចត្រៀមខ្លួនក្លាយជាពលរដ្ឋល្អវិញនៅពេលបានវិលត្រឡប់ទៅសង្គមក្រៅ។

សកម្មភាពបែបសាសនានេះ គឺជាផ្នែកមួយនៃការអប់រំកែប្រែ និងស្ដារស្មារតីជនជាប់ឃុំ ដើម្បីជួយឲ្យពួកគេមានទំនុកចិត្តលើខ្លួនឯង និងមានឆន្ទៈក្នុងការកែប្រែជីវិតឲ្យប្រសើរឡើងវិញ។

រូបភាព៖ មណ្ឌលអប់រំកែប្រែទី២