សមត្ថកិច្ចចុះបង្រ្កាបបទល្មើសធនធានធម្មជាតិ ដកហូតឈើខ្លុំ ២២ដុំ នៅក្រុងសែនមនោរម្យ
ខេត្តមណ្ឌលគិរី៖ នៅព្រឹកថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២៦ លេខាធិការដ្ឋាននៃគណៈបញ្ជាការឯកភាពក្រុងសែនមនោរម្យ សហការជាមួយស្នាក់ការបរិស្ថានភូមិឡៅកា បានចុះប្រតិបត្តិការបង្រ្កាបបទល្មើសធនធានធម្មជាតិ ដោយដកហូតឈើខ្លុំចំនួន ២២ដុំ ដែលក្រុមឈ្មួញបានទុកចោល បម្រុងដឹកជញ្ជូនយកទៅលក់នៅប្រទេសវៀតណាម។
ប្រតិបត្តិការនេះបានធ្វើឡើងនៅចំណុចក្នុងភូមិឡៅកា សង្កាត់សុខដុម ក្រុងសែនមនោរម្យ ខេត្តមណ្ឌលគិរី។ តាមការបញ្ជាក់ពីសមត្ថកិច្ច ឈើដែលបានដកហូត ត្រូវបានឈ្មួញលួចលាក់ទុកក្នុងតំបន់ព្រៃ ដើម្បីរង់ចាំឱកាសដឹកជញ្ជូនចេញទៅក្រៅប្រទេស ប៉ុន្តែត្រូវបានកម្លាំងសមត្ថកិច្ចរកឃើញ និងដកហូតទាន់ពេលវេលា។
បច្ចុប្បន្ន វត្ថុតាងឈើខ្លុំទាំង ២២ដុំ ត្រូវបានយកទៅរក្សាទុកនៅស្នាក់ការបរិស្ថាន ដើម្បីចាត់ការបន្តតាមនីតិវិធីច្បាប់ ខណៈសមត្ថកិច្ចកំពុងស្រាវជ្រាវស្វែងរកជនពាក់ព័ន្ធ ដើម្បីយកមកផ្តន្ទាទោសតាមច្បាប់។
ប្រតិបត្តិការនេះធ្វើឡើងក្នុងគោលបំណងទប់ស្កាត់ និងបង្រ្កាបបទល្មើសព្រៃឈើ ព្រមទាំងការពារធនធានធម្មជាតិឱ្យបានមានប្រសិទ្ធភាព។




