ទំនិញ​ពី​គ្រប់​ប្រទេស​នាំចូល​ទីផ្សារ​អាមេរិក​នឹង​ត្រូវ​ជាប់​ពន្ធ​​ក្នុងអត្រា ១៥%
សារព័ត៌មាន​ រស្មី ញូស៍ (www.mrrnews.com.kh) មានអាសយដ្ឋានទីស្នាក់ការស្ថិតនៅតាមបណ្តោយផ្លូវបេតុង ផ្ទះលេខ៥ ក្នុងភូមិត្រពាំងក្រសាំង សង្កាត់ត្រពាំងក្រសាំង ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។ ទំនាក់ទំនងតាមរយៈលេខ 012 278 222 / 097 723 2222 / 086 976 222 សូមអរគុណ...!
អង្គភាពសារព័ត៌មាន​ រស្មី ញូស៍ (www.mrrnews.com.kh) ដំណើរការតាមលិខិតអនុញ្ញាតិលេខៈ ៧៥១៥ ន.ទ.ក ចុះថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២៥ របស់និយ័តករទូរគមនាគមន៏កម្ពុជា និង ប្រកាសលេខ ១៣៣ ព.ម ប្រក ចុះថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២១ របស់ក្រសួងព័ត៌មាន ។​ សូមអរគុណ...!

ទំនិញ​ពី​គ្រប់​ប្រទេស​នាំចូល​ទីផ្សារ​អាមេរិក​នឹង​ត្រូវ​ជាប់​ពន្ធ​​ក្នុងអត្រា ១៥%

 ពន្ធគយបដិការ(Reciprocal Tariffs) ​ដែល​រដ្ឋាភិបាល​​សហរដ្ឋ​អាមេរិកបាន​កំណត់យក​ក្នុង​អត្រា ១៩% សម្រាប់​ទំនិញ​នាំ​ចូល​ពី​​ប្រទេស​កម្ពុជា​នឹង​ត្រូវលុបចោលដោយស្វ័យប្រវត្តិ បន្ទាប់ពីតុលាការកំពូលសហរដ្ឋអាមេរិក​សម្រេចកាលពីពេលថ្មីៗ។ នេះ​បើ​តាម​លោក ស៊ុន ចាន់ថុល អនុប្រធានទី១ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា(CDC)។

ថ្លែង​ប្រាប់​អ្នក​ព័ត៌មាន​ក្នុង​កិច្ចប្រជុំកំពូលធុរកិច្ចអាស៊ាន-កម្ពុជា ឆ្នាំ២០២៦ កាល​ពី​ថ្ងៃទី៤ ខែមីនា ឆ្នាំ២០២៦ លោក ចាន់ថុល ឱ្យ​ដឹង​ថា ពន្ធ​បដិការ​ដែល​រដ្ឋាភិបាល​​អាមេរិក​​ប្រកាស​យក​ពីប្រទេស​នានា​លើ​ពិភពលោក​​កាល​ពី​ដើម​ខែមេសា និង​​​ចូល​ជា​ធរមាន​ចាប់​ពី​ថ្ងៃ​ទី​១ ខែ​សីហា ឆ្នាំ២០២៥ នៅ​ពេល​នេះ​ ត្រូវ​បាន​​​តុលាការកំពូលអាមេរិក​​ប្រកាសថាខុស​ច្បាប់​អំណាចសេដ្ឋកិច្ចបន្ទាន់អន្តរជាតិ​(IEEPA)។ លោក​បន្ត​ថា បន្ទាប់ពីការ​សម្រេច​របស់​តុលាការកំពូល ​ពន្ធបដិការដែល​រដ្ឋាភិបាល​អាមេរិក​កំណត់​យក​ពី​កម្ពុជា​ ក្នុង​អត្រា​ ១៩% នឹង​ត្រូវបានលុបចោលដោយស្វ័យប្រវត្តិ។

លោក​​ថ្លែង​ថា៖​«​កាលពីថ្ងៃទី ២០ ខែ​កុម្ភៈ តុលាការកំពូលអាមេរិក​បាន​ប្រកាសថា ​ពន្ធ​​បដិការរបស់លោកប្រធានាធិបតី ដូណាល់ ត្រាំ ​គឺខុស​ច្បាប់​អំណាចសេដ្ឋកិច្ចបន្ទាន់អន្តរជាតិ​​(IEEPA) ​និង​ត្រូវដកចេញ»។​

លោក​លើក​ឡើង​ទៀត​ថា ទោះយ៉ាង​ណា​​ក្រោមមាត្រា ១២២ នៃច្បាប់ពាណិជ្ជកម្ម ឆ្នាំ១៩៧៤ គឺ​រដ្ឋាភិបាល​​អាមេរិក​នៅ​តែ​អាច​អនុវត្តការ​យក​ពន្ធបន្ថែមថ្មីក្នុងអត្រា ១៥% បូកបន្ថែមលើអត្រាពន្ធមូលដ្ឋាន MFN សម្រាប់​រាល់គ្រប់​​ទំនិញនាំ​ចូល​ពី​បរទេស​ទាំង​អស់​ក្នុងរយៈពេល ១៥០ថ្ងៃ។

យ៉ាងណាមិញ ក្រោយ ១៥០ថ្ងៃ ​ប្រទេស​នីមួយៗ​រួម​ទាំង​កម្ពុជា​គឺ​ត្រូវ​រង់ចាំ​ការសម្រេចបន្ថែមពី​សំណាក់​រដ្ឋាភិបាល​អាមេរិក។​

លោក​និយាយ​ថា​៖​«ក្រោយពី​ ១៥០ ថ្ងៃ ​ខ្ញុំ​និយាយ​ភាសាសាមញ្ញថា​​ក្នុង​ថង់​យាមរបស់គាត់​ដកមួយប៉ិប​ មាត្រា​លេខ ៣០១ ​អាចយកមកប្រើដាក់ពន្ធលើប្រទេសណាក៏បានដែរ ​ដក​ពីថង់យាមមួយទៀត ​មាត្រា ២៣២ ​ដកមួយទៀត ៣៣៨ ​អ៊ីចឹង​​យើង​មិនដឹងថា​តើ ​គាត់ប្រើ​មាត្រា​មួយណា ​ដើម្បីយកពន្ធបន្ថែម ​ពេល ១៥០ ថ្ងៃ ​ចប់សព្វគ្រប់​»។​

ប្រធានាធិបតី​អាមេរិក លោក ដូណាល់ ត្រាំ កាល​ពី​ថ្ងៃ​ទី​២ ខែ​មេសា ឆ្នាំ​២០២៥ បាន​ប្រកាស​យក​ពន្ធបដិការ​សម្រាប់​ទំនិញ​នាំ​ចូល​ពីគ្រប់​ប្រទេស ក្នុង​នោះ​​ប្រទេស​កម្ពុជា​ ត្រូវ​បាន​កំណត់​ក្នុង​អត្រា ៤៩​%។ ទោះ​យ៉ាង​ណា បន្ទាប់​ពី​កិច្ច​ខិតខំ​របស់រដ្ឋាភិបាល​ក្នុង​ការ​​ចរចា​ជា​បន្ត​បន្ទាប់ គឺ​អត្រា​ពន្ធ​នេះ​ត្រូវ​បាន​ទម្លាក់​មក​នៅ​ត្រឹម ៣៦% និង​ចុង​ក្រោយ​មក​នៅ​ត្រឹម ១៩% ដែល​បាន​ចូល​ជា​​ធរមាន​ កាល​ពី​ថ្ងៃ​ទី​១ ខែ​សីហា ឆ្នាំ​២០២៥។

ទិន្នន័យ​អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា(GDCE) បង្ហាញថា ​ក្នុង​​ឆ្នាំ​២០២៥ ការ​ធ្វើ​ពាណិជ្ជកម្ម​រវាងកម្ពុជា-​អាមេរិក មាន​ទឹក​ប្រាក់សរុប​ ​១៣,១៥ ពាន់​លាន​ដុល្លារ កើន ២៩,២% បើ​ធៀប​នឹង​ឆ្នាំ​២០២៤ ក្នុង​នោះ​កម្ពុជា​នាំចេញ ១២,៧៣​ ពាន់​លាន​ដុល្លារ កើន ២៨,៥​% និង​នាំ​ចូល​មក​វិញ ៤១៧,០៧ លាន​ដុល្លារ កើន ៥៧,៨​%។ អាមេរិក​ គឺ​ជា​ដៃគូ​ពាណិជ្ជកម្ម​ធំជាង​គេ​ទី​២ របស់​កម្ពុជា បន្ទាប់​ពី​ប្រទេស​ចិន​។ បច្ចុប្បន្ន​ទំនិញ​ដែល​កម្ពុជា​នាំ​ទៅ​ទីផ្សារ​អាមេរិកភាគ​ច្រើន​ជា​ផលិត​ផល​​​សម្លៀកបំពាក់ ស្បែកជើង កាបូបធ្វើ​ដំណើរ កង់ និង​សម្បក​កង់រថយន្ត៕​

Post a Comment (0)
Previous Post Next Post