មន្ត្រីក្រសួងធនធានទឹក ចុះពិនិត្យសំណង់ការពារច្រាំងទន្លេសាបនៅព្រែកតាគង់ ខណៈមិនទាន់មានការអនុញ្ញាតបច្ចេកទេស
រាជធានីភ្នំពេញ៖ នៅរសៀលថ្ងៃចន្ទ ៦រោច ខែផល្គុន ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី៩ ខែមីនា ឆ្នាំ២០២៦ ឯកឧត្តម ឈា ប៊ុនរិទ្ធ រដ្ឋលេខាធិការប្រចាំការ និងជាអនុប្រធានអចិន្ត្រៃយ៍នៃគណៈកម្មាធិការជាតិគ្រប់គ្រងអាងទន្លេ តំណាងឯកឧត្តម ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម បានដឹកនាំក្រុមការងារបច្ចេកទេសក្រសួង ចុះពិនិត្យទីតាំងសាងសង់សំណង់ការពារច្រាំងទន្លេសាប ស្ថិតនៅភូមិព្រែកតាគង់ សង្កាត់ព្រែកតាសេក ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ។
បេសកកម្មចុះពិនិត្យនេះ មានការចូលរួមសហការពីរដ្ឋបាលខណ្ឌជ្រោយចង្វារ មន្ទីរធនធានទឹក និងឧតុនិយមរាជធានីភ្នំពេញ អាជ្ញាធរមូលដ្ឋាន ព្រមទាំងភាគីម្ចាស់សំណង់ ដើម្បីបញ្ជ្រាបការយល់ដឹង និងរំលឹកដល់ភាគីពាក់ព័ន្ធទាំងអស់ អំពីបទប្បញ្ញត្តិច្បាប់ និងបទដ្ឋានបច្ចេកទេសពាក់ព័ន្ធនឹងការគ្រប់គ្រងធនធានទឹក និងអាងទន្លេ។
ឯកឧត្តម ឈា ប៊ុនរិទ្ធ បានបញ្ជាក់ថា សំណង់ការពារច្រាំងទន្លេនេះ ជាការវិនិយោគដោយវិស័យឯកជន ក្នុងគោលបំណងការពារការបាក់ច្រាំង ដែលមានប្រវែងសរុបប្រមាណ ២២០ម៉ែត្រ។ បច្ចុប្បន្នការសាងសង់សម្រេចបានប្រមាណ ៨ភាគរយ ហើយសំណង់នេះធ្លាប់ទទួលបានការឯកភាពជាគោលការណ៍ពីរដ្ឋបាលរាជធានីភ្នំពេញ កាលពីថ្ងៃទី៣ ខែធ្នូ ឆ្នាំ២០២៥ ប៉ុន្តែពុំទាន់មានការអនុញ្ញាតផ្នែកបច្ចេកទេសពីក្រសួងធនធានទឹក និងឧតុនិយមនៅឡើយទេ។
ក្នុងឱកាសនោះ ឯកឧត្តមបានសង្កត់ធ្ងន់ថា តាមមាត្រា១២ នៃច្បាប់ស្តីពីការគ្រប់គ្រងធនធានទឹកក្នុងព្រះរាជាណាចក្រកម្ពុជា បានចែងថា រាល់ការសាងសង់ស្ពានតូចធំ កាត់ទន្លេ ស្ទឹង កំពង់ផែ ឬសំណង់អគារតូចធំលើច្រាំង និងឆ្នេរ ត្រូវតែមានការឯកភាពផ្នែកបច្ចេកទេសជលសាស្ត្រជាមុនពីក្រសួងធនធានទឹក និងឧតុនិយម។
ជាមួយគ្នានេះ មាត្រា៨ នៃអនុក្រឹត្យស្តីពីការគ្រប់គ្រងអាងទន្លេ ក៏បានកំណត់អំពីនិយាមដីចំណីទន្លេផងដែរ ខណៈសម្រាប់ភូមិសាស្ត្រនៅរាជធានីភ្នំពេញ ការកំណត់ដីចំណីទន្លេត្រូវអនុវត្តតាមបទដ្ឋានដោយឡែក។
ក្រុមការងារក្រសួងក៏បានស្នើឱ្យរដ្ឋបាលខណ្ឌជ្រោយចង្វារ ផ្តល់ផែនទីចុះបញ្ជីដីធ្លីជាប្រព័ន្ធនៅតំបន់នោះ ដើម្បីធ្វើការផ្ទៀងផ្ទាត់ទីតាំងសាងសង់ឱ្យស្របតាមប្លង់កំណត់។ ទន្ទឹមនឹងនេះ ក៏បានណែនាំដល់ម្ចាស់សំណង់ឱ្យរួសរាន់រៀបចំបែបបទស្នើសុំការឯកភាពផ្នែកបច្ចេកទេសជលសាស្ត្រពីក្រសួងធនធានទឹក និងឧតុនិយមឱ្យបានត្រឹមត្រូវ ស្របតាមច្បាប់ជាធរមាន មុននឹងបន្តសកម្មភាពសាងសង់បន្ថែមទៀត៕







