កម្លាំងសមត្ថកិច្ចចុះបង្រ្កាបទីតាំងឆបោកតាមអនឡាញនៅស្រុកម៉ាឡៃ ឃាត់ខ្លួនមនុស្សរាប់រយនាក់
ខេត្តបន្ទាយមានជ័យ ៖ កម្លាំងសមត្ថកិច្ចជំនាញបានចុះប្រតិបត្តិការបង្រ្កាបទីតាំងប្រព្រឹត្តបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) មួយកន្លែង ស្ថិតនៅភូមិអូរអំពិល ឃុំទួលពង្រ ស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ នៅព្រឹកថ្ងៃទី១២ ខែមីនា ឆ្នាំ២០២៦។
ប្រតិបត្តិការនេះ អនុវត្តតាមបទបញ្ជាដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ ដោយមានការដឹកនាំផ្ទាល់ពី ឯកឧត្តម ឧត្តមសេនីយ៍ឯក ជីវ ផល្លី និង ឯកឧត្តម ឧត្តមសេនីយ៍ឯក មួង សុធា អគ្គស្នងការរងនគរបាលជាតិ។ ក្នុងប្រតិបត្តិការនេះ ក៏មានការសហការជាមួយ ឯកឧត្តម ប្រាក់ ប៉ូលី អភិបាលរងខេត្តបន្ទាយមានជ័យ និងមានការសម្របសម្រួលនីតិវិធីដោយលោកព្រះរាជអាជ្ញារង និងអយ្យការអមសាលាដំបូងខេត្តបន្ទាយមានជ័យផងដែរ។
យោងតាមប្រភពពីសមត្ថកិច្ច បានឱ្យដឹងថា ទីតាំងដែលត្រូវបានបង្រ្កាបខាងលើ មានឈ្មោះថា «ឆាយណា បឹងបេង» ដែលស្ថិតនៅក្នុងភូមិអូរអំពិល ឃុំទួលពង្រ ស្រុកម៉ាឡៃ។ ក្នុងប្រតិបត្តិការនេះ សមត្ថកិច្ចបានរកឃើញភស្តុតាងពាក់ព័ន្ធនឹងសកម្មភាពឆបោកតាមប្រព័ន្ធអនឡាញ និងឃាត់ខ្លួនមនុស្សជាច្រើននាក់ ក្នុងនោះក៏មានជនបរទេសមួយចំនួនផងដែរ។
បច្ចុប្បន្ន សមត្ថកិច្ចជំនាញកំពុងបន្តធ្វើការស្រាវជ្រាវ ប្រមូលភស្តុតាង និងអនុវត្តតាមនីតិវិធីច្បាប់ជាបន្តទៀត ដើម្បីចាត់ការទៅលើអ្នកពាក់ព័ន្ធទាំងអស់៕
ប្រភពព័ត៌មាន៖ ប្រជាពលរដ្ឋ និងសមត្ថកិច្ចពាក់ព័ន្ធ។









