ក្រសួងព័ត៌មាន និងក្រសួងទេសចរណ៍ រួមគ្នាពិភាក្សាស្ថានភាពទេសចរណ៍កម្ពុជា ក្នុងបរិបទពិភពលោកប្រែប្រួលឆាប់រហ័ស
ភ្នំពេញ៖ ក្រសួងព័ត៌មាន និង ក្រសួងទេសចរណ៍ បានរួមគ្នារៀបចំពិធីផ្សព្វផ្សាយមួយក្រោមប្រធានបទ «ស្ថានភាពទេសចរណ៍កម្ពុជា នៅក្នុងបរិបទតំបន់ និងពិភពលោកដែលមានភាពមិនប្រាកដប្រជា និងប្រែប្រួលឆាប់រហ័ស» នៅរសៀលថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៦ នាសាលចតុមុខមង្គល ទីស្តីការក្រសួងព័ត៌មាន។
ពិធីនេះប្រព្រឹត្តទៅក្រោមអធិបតីភាពរបស់ នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន និង ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ ដោយមានការចូលរួមពីថ្នាក់ដឹកនាំទាំងពីរក្រសួង ប្រធានសមាគមអ្នកសារព័ត៌មាន និងតំណាងវិស័យឯកជនក្នុងវិស័យទេសចរណ៍ជាច្រើន។
ពិធីនេះមានគោលបំណងសំខាន់ក្នុងការផ្សព្វផ្សាយ និងពិភាក្សាអំពីស្ថានភាពវិស័យទេសចរណ៍កម្ពុជា ខណៈពិភពលោកកំពុងប្រឈមនឹងការប្រែប្រួលយ៉ាងឆាប់រហ័ស និងភាពមិនប្រាកដប្រជា ដោយផ្តោតលើឱកាស បញ្ហាប្រឈម និងយុទ្ធសាស្ត្រកែលម្អ ដើម្បីលើកកម្ពស់វិស័យទេសចរណ៍ឱ្យមានភាពរឹងមាំ និងអាចប្រកួតប្រជែងបាន។
ថ្លែងក្នុងឱកាសនោះ ឯកឧត្តម នេត្រ ភក្ត្រា បានលើកឡើងថា នៅសតវត្សទី២១ សង្គ្រាមមិនត្រឹមតែប្រើអាវុធទេ ប៉ុន្តែអាចប្រើព័ត៌មានជាឧបករណ៍ ហើយការប្រកួតប្រជែងរវាងប្រទេសក៏កើតមានក្នុងលំហព័ត៌មានផងដែរ។ ឯកឧត្តមបានបញ្ជាក់ថា ព័ត៌មានក្លែងក្លាយគឺជាបញ្ហាសន្តិសុខព័ត៌មាន ដែលអាចប៉ះពាល់ដល់ទំនុកចិត្តសង្គម សេដ្ឋកិច្ច និងរូបភាពជាតិ។
ឯកឧត្តមបន្ថែមថា ការប្រយុទ្ធប្រឆាំងព័ត៌មានក្លែងក្លាយ មិនមែនជាការងាររបស់ក្រសួងព័ត៌មានតែមួយទេ ប៉ុន្តែត្រូវការចូលរួមពីគ្រប់ភាគី រួមមានស្ថាប័នរដ្ឋ សារព័ត៌មាន វិស័យឯកជន អ្នកបង្កើតមាតិកា និងប្រជាពលរដ្ឋ។
ឯកឧត្តមក៏បានបញ្ជាក់ថា ព័ត៌មាន និងទេសចរណ៍ គឺជាអង្គធាតុសំខាន់ទាក់ទងគ្នាយ៉ាងជិតស្និទ្ធ ព្រោះមុនពេលទេសចរមកដល់ គេបានឃើញប្រទេសតាមរយៈព័ត៌មានរួចជាមុនហើយ។
ក្នុងនាមជាតំណាងក្រសួងទេសចរណ៍ ឯកឧត្តម ហួត ហាក់ បានបង្ហាញពីយុទ្ធសាស្ត្រសំខាន់ៗសម្រាប់ឆ្នាំ២០២៦ ដោយផ្តោតលើការទាក់ទាញទេសចរអន្តរជាតិ និងជំរុញទេសចរជាតិ ជាពិសេសក្នុង “រដូវកាលបៃតង” តាមតំបន់គោលដៅសំខាន់ៗ៤ រួមមាន តំបន់ភ្នំពេញ និងជុំវិញ តំបន់វប្បធម៌ និងប្រវត្តិសាស្ត្រ តំបន់ឆ្នេរ និងតំបន់អេកូទេសចរណ៍។
ជាមួយគ្នានេះ ក្រសួងទេសចរណ៍ក៏បានដាក់ចេញយុទ្ធនាការ “ទស្សនាកម្ពុជានៅរដូវកាលបៃតងឆ្នាំ២០២៦” ដែលមានគោលបំណងបង្កើនការទាក់ទាញភ្ញៀវទេសចរ បំផុសចលនាទេសចរជាតិ និងពង្រីកចរន្តទេសចរឱ្យមានសកម្មភាពពេញមួយឆ្នាំ ជាពិសេសក្នុងអំឡុងខែឧសភា ដល់ខែតុលា។
យុទ្ធនាការនេះមានគោលដៅផ្លាស់ប្តូរយល់ឃើញពី “រដូវកាលខ្សត់ភ្ញៀវ” ទៅជា “រដូវកាលបៃតង” ដោយលើកយកសម្រស់ធម្មជាតិ ភាពស្រស់ស្អាត និងបទពិសោធន៍ទេសចរណ៍ថ្មីៗ ដើម្បីទាក់ទាញភ្ញៀវទេសចរជាតិ និងអន្តរជាតិមកទស្សនាប្រទេសកម្ពុជាកាន់តែច្រើន៕


















