សមាគមមិត្តភាពកម្ពុជា-ចិន រៀបចំបាឋកថាស្តីពី “ទំនើបកម្មសង្គមនិយមតាមបែបផែនចិន ឆ្លុះបញ្ចាំងតាមរយៈមហាសន្និបាតសភាទាំងពីរ”
(ភ្នំពេញ)៖ រសៀលថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៦ ក្រោមកិច្ចសហការជាមួយស្ថានទូតចិនប្រចាំកម្ពុជា សមាគមមិត្តភាពកម្ពុជា-ចិនបានរៀបចំបាឋកថាសំខាន់មួយស្តីពី “ទំនើបកម្មសង្គមនិយមតាមបែបផែនចិន ឆ្លុះបញ្ចាំងតាមរយៈមហាសន្និបាតសភាទាំងពីរ” ដោយមានវាគ្មិនកម្ពុជាចំនួន៣រូប និងអ្នកចូលរួមប្រមាណ១៥០រូបមកពីអគ្គលេខាធិការដ្ឋានព្រឹទ្ធសភា អគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាធម្មនុញ្ញ ទីស្តីការគណៈរដ្ឋមន្ត្រី ក្រសួងការបរទេសនិងសហប្រតិបត្តិការអន្តរជាតិ គណបក្សប្រជាជនកម្ពុជា សហភាពសហព័ន្ធយុវជនកម្ពុជា សមាគមអ.ម.ត. សាកលវិទ្យាល័យទួនហ្វា។
លោកបណ្ឌិត កៅ មុយថង អ្នកស្រាវជ្រាវពីទំនាក់ទំនងកម្ពុជា-ចិន បានផ្តោតលើកិច្ចកសាងសហគមន៍ជោគវាសនារួមកម្ពុជា-ចិន ដែលបញ្ចូលការរីកចម្រើនសេដ្ឋកិច្ចជាមួយនឹងសមធម៌សង្គម ការការពារបរិស្ថាន និងការច្នៃប្រឌិតបច្ចេកវិទ្យា។
លោក ឡៅ ម៉េង សមាជិកសមាគមសម្ព័ន្ធខ្មែរ-ចិន បានរំលេចពីទំនាក់ទំនងរវាងប្រជាជននិងប្រជាជន ដោយបានគូសរំលេចពីតួនាទីរបស់វេទិកាសម្ព័ន្ធសង្គមស៊ីវិលក្នុងការអនុវត្តគម្រោងនានានៅកម្ពុជាជាមួយបណ្តាសង្គមស៊ីវិលចិន។
លោកបណ្ឌិត ជា មុនីឫទ្ធិ សមាជិកគណៈប្រតិបត្តិសមាគមមិត្តភាពកម្ពុជា-ចិន បានពន្យល់អំពីតួនាទីសំខាន់នៃមហាសន្និបាតសភាទាំងពីរ ក្នុងការបង្កើតគោលនយោបាយ និងការអនុវត្តយុទ្ធសាស្ត្រដែលនាំឲ្យប្រទេសចិនរក្សាបាននូវស្ថិរភាព និងកំណើនយ៉ាងរឹងមាំ។
ឯកឧត្តម ឯក សំអុល ប្រធាន សមាគមមិត្តភាពកម្ពុជា-ចិន បានមានប្រសាសន៍ថា បាឋកថានេះមានសារៈសំខាន់ក្នុងការចែករំលែកចំណេះដឹង និងបទពិសោធន៍អភិវឌ្ឍន៍របស់ចិន ជាពិសេសគំរូទំនើបកម្មសង្គមនិយមតាមបែបផែនចិន ដែលអាចផ្តល់ជាមេរៀនមានតម្លៃសម្រាប់ប្រទេសកំពុងអភិវឌ្ឍន៍ ដូចជាកម្ពុជា ក្នុងការកំណត់ទិសដៅអភិវឌ្ឍន៍ឲ្យសមស្របនឹងបរិបទជាតិ និងអន្តរជាតិ”។ លោកក៏បានបញ្ជាក់បន្ថែមថា កិច្ចសហការរវាងសង្គមស៊ីវិលកម្ពុជា-ចិន កំពុងមានភាពរីកចម្រើនជាបន្តបន្ទាប់ និងមានតួនាទីសំខាន់ក្នុងការពង្រឹងមិត្តភាពប្រជាជនទាំងពីរ។
ជាមួយគ្នានេះ Chen Cong ទីប្រឹក្សា ស្ថានទូតចិនប្រចាំកម្ពុជា បានមានប្រសាសន៍ថា មហាសន្និបាតសភាទាំងពីរ គឺជាវេទិកាសំខាន់បំផុតក្នុងការបង្ហាញពីទិសដៅអភិវឌ្ឍន៍របស់ចិន និងការប្តេជ្ញាចិត្តក្នុងការកសាងប្រទេសទំនើបមួយ ដែលមានគុណភាព ការច្នៃប្រឌិត និងភាពរឹងមាំ។ ចិននឹងបន្តបើកចំហ និងពង្រឹងកិច្ចសហប្រតិបត្តិការជាមួយបណ្តាប្រទេសដៃគូ រួមទាំងកម្ពុជា ដើម្បីសម្រេចបាននូវការអភិវឌ្ឍរួម និងអត្ថប្រយោជន៍រួម។
សូមបញ្ជាក់ថា បាឋកថានេះបានរួមចំណែកពង្រឹងការយល់ដឹងរវាងសង្គមស៊ីវិល កម្ពុជា-ចិន និងជំរុញការផ្លាស់ប្តូរបទពិសោធន៍ ដើម្បីគាំទ្រដល់ការកសាងសហគមន៍ជោគវាសនារួម ដែលមានអត្ថន័យយុទ្ធសាស្ត្រនៅក្នុងយុគសម័យថ្មី៕











