ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អំពាវនាវឲ្យក្រុមយុវជនពាក់ព័ន្ធករណីគប់បំផ្លាញរថយន្ត ចូលខ្លួនដោះស្រាយបន្ទាន់
ភ្នំពេញ៖ ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ បានអំពាវនាវឲ្យក្រុមយុវជនដែលពាក់ព័ន្ធនឹងសកម្មភាពគប់ និងវាយបំផ្លាញរថយន្តមួយ ក្នុងរាត្រីថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២៦ ចូលខ្លួនមកដោះស្រាយជាបន្ទាន់ នៅអធិការដ្ឋាននគរបាលខណ្ឌដូនពេញ។
ការអំពាវនាវនេះ ត្រូវបានលើកឡើងក្នុងកិច្ចប្រជុំដឹកនាំពង្រឹងសន្តិសុខ សណ្ដាប់ធ្នាប់ និងសុវត្ថិភាពសាធារណៈ នៅរសៀលថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២៦ នៅទីបញ្ជាការស្រាលវត្តភ្នំ រាជធានីភ្នំពេញ។
លោកឧត្តមសេនីយ៍ឯក បានបញ្ជាក់ថា អ្នកដែលពាក់ព័ន្ធគួរតែចូលខ្លួនមកសារភាពដោយស្ម័គ្រចិត្ត ដើម្បីដោះស្រាយបញ្ហាឱ្យបានទាន់ពេលវេលា មុនពេលសមត្ថកិច្ចចាត់វិធានការតាមផ្លូវច្បាប់។ លោកក៏បានព្រមានថា ប្រសិនបើកម្លាំងជំនាញតាមរកឃើញ នឹងអនុវត្តនីតិវិធីច្បាប់យ៉ាងតឹងរឹង ដោយគ្មានការលើកលែងឡើយ។ ជាមួយគ្នានេះ លោកបានអំពាវនាវដល់អាណាព្យាបាល ឱ្យណែនាំកូនចៅដែលពាក់ព័ន្ធឱ្យចូលមកសារភាព។
គួររំលឹកផងដែរថា ករណីនេះបានកើតឡើងនៅវេលាម៉ោងប្រហែល ៧ និង ៣០ នាទីយប់ ថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២៦ លើកំណាត់ផ្លូវលេខ ៩០ សង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ បន្ទាប់ពីមានគ្រោះថ្នាក់ចរាចរណ៍រវាងរថយន្តម៉ាក Avatr 07 មួយគ្រឿង និងម៉ូតូមួយគ្រឿង។
តាមការបញ្ជាក់ពីម្ចាស់រថយន្ត បានឲ្យដឹងថា មុនពេលកើតហេតុ រថយន្តរបស់ខ្លួនបានបត់ចូលផ្លូវលេខ ៩០ ហើយជួបការស្ទះចរាចរណ៍ ខណៈពេលនោះ ម៉ូតូមួយគ្រឿងបានបើកប៉ះពីខាងក្រោយ។ បន្ទាប់មក ម្ចាស់រថយន្តបានចុះទៅពិនិត្យ ប៉ុន្តែមិនមានការឆ្លើយតបពីភាគីម្ចាស់ម៉ូតូ ទើបបណ្ដាលឱ្យមានការខឹងសម្បា និងបានរុញម៉ូតូឲ្យដួល មុននឹងបើករថយន្តចាកចេញពីទីតាំង។
នៅពេលនោះ ម្ចាស់ម៉ូតូបានស្រែក និងរត់ដេញតាម បង្កឱ្យប្រជាពលរដ្ឋនៅជុំវិញយល់ច្រឡំថា រថយន្តបានបុកហើយរត់គេចខ្លួន។ ដោយសារការយល់ច្រឡំនេះ ប្រជាពលរដ្ឋមួយចំនួនបានដេញតាម និងយកដុំថ្មគប់រថយន្ត បណ្តាលឲ្យខូចខាតផ្នែកខាងមុខ និងខាងក្រោយ។
ក្រោយទទួលព័ត៌មាន កម្លាំងនគរបាលខណ្ឌដូនពេញបានចុះអន្តរាគមន៍ភ្លាមៗ និងនាំយករថយន្ត និងអ្នកបើកបរទៅកាន់ប៉ុស្តិ៍នគរបាលស្រះចក ដើម្បីសួរនាំ និងបញ្ចៀសការកើតមានអំពើហិង្សាបន្ថែម។
បច្ចុប្បន្ន សមត្ថកិច្ចកំពុងបន្តស្រាវជ្រាវ ដើម្បីស្វែងរកភាគីពាក់ព័ន្ធផ្សេងទៀត មកសាកសួរ និងអនុវត្តតាមនីតិវិធីច្បាប់បន្ត៕N7











